អានតួអត្ថបទ
អ៊ីស្រាអែល-ប៉ាឡេស្ទីន

មហាអំណាច​ជំរុញ​ឲ្យ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ត្រឡប់​ទៅរក​តុ​ចរចា

នៅថ្ងៃ​សុក្រ ២៣ កញ្ញា ២០១១ ម្សិលមិញ​នេះ ក្រុម Quartette ទទួល​បន្ទុក​សម្របសម្រួល​កិច្ចចរចា​សន្តិភាព​ដើមបូព៌ា (សហរដ្ឋ​អាមេរិក រុស្ស៊ី សហភាព​អឺរ៉ុប និង​អ.ស.ប.) បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ ជំរុញ​ឲ្យ​ប៉ាឡេស្ទីន និង​អ៊ីស្រាអែល ចាប់ផ្តើម​ចរចា​គ្នា​ឡើងវិញ ដើម្បី​ឈានទៅរក​កិច្ចព្រមព្រៀង​ឲ្យបាន​មុន​ដំណាច់​ឆ្នាំ​២០១២។

លោក​ម៉ះមូដ អាបាស់ បង្ហាញ​​ពាក្យសុំចូលជាសមាជិក​អ.ស.ប. ក្នុងពេល​ថ្លែង​ទៅកាន់​មហាសន្និបាត
លោក​ម៉ះមូដ អាបាស់ បង្ហាញ​​ពាក្យសុំចូលជាសមាជិក​អ.ស.ប. ក្នុងពេល​ថ្លែង​ទៅកាន់​មហាសន្និបាត Reuters
ផ្សាយពាណិជ្ជកម្ម

សេចក្តីថ្លែងការណ៍​របស់​ក្រុម​ Quartette ត្រូវបាន​ធ្វើឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រោយ​ពី​ប៉ាឡេស្ទីន​បាន​ដាក់ពាក្យ​ជាផ្លូវការ​សុំចូល​ជា​សមាជិក​អ.ស.ប.។ ពាក្យសុំ​របស់​ប៉ាឡេស្ទីន ត្រូវបាន​អគ្គលេខាធិការ​អ.ស.ប. បញ្ជូន​ភ្លាមៗ​​ទៅ​កាន់​ក្រុមប្រឹក្សា​សន្តិសុខ។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍ ម្សិលមិញ​នេះ ក្រុម Quartette បានទទួល​​ដឹងឮ​ថា ពាក្យសុំ​​របស់​ប៉ាឡេស្ទីន​កំពុង​ស្ថិត​ក្នុង​ដៃ​ក្រុមប្រឹក្សា​សន្តិសុខ ប៉ុន្តែ ជំរុញ​ឲ្យ​​ប៉ាឡេស្ទីន និង​អ៊ីស្រាអែល វិលត្រឡប់​មក​រក​ការចរចា​គ្នា​វិញ ដោយមាន​កំណត់​កាលវិភាគច្បាស់លាស់។​ អ៊ីស្រាអែល និង​ប៉ាឡេស្ទីន ត្រូវ​រៀបចំ​កិច្ចប្រជុំមួយ ក្នុងរយៈពេល​យ៉ាងយូរ​មួយខែ​ទៀត ដើម្បី​កំណត់​របៀបវារៈ និង​ដំណាក់កាល​នៃ​ការចរចា ធ្វើយ៉ាងណា​ឲ្យ​ការចរចា​ សម្រេច​បាន​ជា​កិច្ចព្រមព្រៀង​ នៅមុន​ដំណាច់​ឆ្នាំ​២០១២។

ទាក់ទង​នឹង​បញ្ហា​ព្រំដែន ដែល​ជា​បញ្ហា​ចម្រូងចម្រាស ក្រុម Quartette បាន​​ប្រកាស​គាំទ្រ​ទាំងស្រុង​នូវ​ផែនការ ដែល​លោក​អូបាម៉ា បាន​ដាក់ចេញ កាលពីខែ​ឧសភា ២០១១ នោះ​គឺ​ការ​​យក​ខ្សែបន្ទាត់​ព្រំដែន មុន​សង្រ្គាម ឆ្នាំ​១៩៦៧ ធ្វើ​ជាគោល​ក្នុងការ​កំណត់​ទឹកដី​រដ្ឋ​ប៉ាឡេស្ទីន។ គួរ​រំឭកឡើងវិញ​ថា ផែនការ​របស់​លោក​អូបាម៉ា​នេះ ត្រូវបាន​អ៊ីស្រាអែល​ច្រានចោល​រួចមកហើយ។

នៅពេលនេះ ក្រុម Quartette ទំនង​ជា​ចង់ឆ្លៀត​យក​ពេល​ដែល​ប៉ាឡេស្ទីន​កំពុង​សុំចូល​ជាសមាជិក​អ.ស.ប. ដើម្បី​ដាក់សម្ពាធ​លើ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។ ស្រប​នឹងពេល​ដែល​ក្រុមប្រឹក្សា​សន្តិសុខ​​កំពុង​ពិនិត្យ​ពាក្យសុំ​របស់​ប៉ាឡេស្ទីន អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ ក៏​ត្រូវ​ចរចា​គ្នាដែរ ដើម្បី​ចុះកិច្ចព្រមព្រៀង​សន្តិភាព។ ដរាបណា​ការចរចា​​​អ៊ីស្រាអែល-ប៉ាឡេស្ទីន នៅបន្ត​ធ្វើ ក្រុមប្រឹក្សា​សន្តិសុខ ក៏​នៅមិនទាន់​បោះឆ្នោត​លើ​សមាជិកភាព​របស់​ប៉ាឡេស្ទីន​ដែរ។ ធ្វើ​ដូចនេះ ភាគី​ទាំងពីរ​ប្រាកដ​ជា​ត្រូវ​ប្រយ័ត្នប្រយែង ដើម្បី​ចៀសវាង​កុំ​ឲ្យ​គេ​ទម្លាក់​ការទទួលខុសត្រូវ​ថា​ជា​អ្នក​បង្ក​ឧបសគ្គ​រារាំង​ការ​ចរចា ហើយ​អាច​ជះឥទ្ធិពល​ដល់​ការ​បោះឆ្នោត​អនុម័ត​លើ​សមាជិកភាព​របស់​ប៉ាឡេស្ទីន។

ទោះជាយ៉ាងណា រហូតមកទល់ពេលនេះ អ៊ីស្រាអែល និង​ប៉ាឡេស្ទីន នៅមិនទាន់​ឆ្លើយតប​ជាផ្លូវការ​ទៅនឹង​សំណើ​របស់ Quartette នៅឡើយទេ។ មន្រ្តី​ជាន់ខ្ពស់​របស់​ប៉ាឡេស្ទីន​បាន​ប្រាប់​ទីភ្នាក់ងារ AFP ថា ប៉ាឡេស្ទីន​ត្រៀមខ្លួន​ជានិច្ច ក្នុង​ការចរចា ទៅតាម​សំណើ​របស់​ក្រុម Quartette ហើយ​ទាមទារ​ឲ្យ​អ៊ីស្រាអែល​បញ្ឈប់​ផែនការ​​ពង្រីក​ដែនអាណានិគម​លើ​ទឹកដី​ប៉ាឡេស្ទីន ដើម្បី​បើកកិច្ចចរចា​ឡើងវិញ។ មន្រ្តី​រដ្ឋាភិបាល​អ៊ីស្រាអែលវិញ​បាន​បង្ហើប​ឲ្យដឹង​ថា នៅពេលនេះ អ៊ីស្រាអែល​កំពុង​សិក្សា​លម្អិត​ទៅលើ​ផែនការ​របស់ Quartette៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ