អានតួអត្ថបទ
ស៊ីរី

ពិភពលោក​ប្រតិកម្ម​ចំពោះ​ការ​​វាយ​ប្រហារ​មីស៊ីល​របស់​អាមេរិកលើ​មូលដ្ឋាន​ទ័ព​អាកាស​ស៊ីរី

បន្ទាប់​ពី​​អាមេរិកបាញ់​​មីស៊ីល៥៩​គ្រាប់​ទៅ​លើ​មូលដ្ឋាន​ទ័ព​អាកាស​ស៊ីរី បណ្ដា​ប្រទេស​នានា​ជុំ​វិញ​ពិភពលោក បាន​ចេញ​មុខ​ប្រតិកម្ម​ជា​បន្ត​បន្ទាប់ មាន​ខ្លះ​ថ្កោល​ទោស និង​ខ្លះ​ទៀត​ស្វាគមន៍​គាំទ្រ​។ ជា​ការ​កត់​សម្គាល់ ការ​ថ្កោលទោស​មាន​តែ​ពី​ប្រទេស​រុស្ស៊ី ដែល​នៅ​ពី​ក្រោយ​រដ្ឋាភិបាល​ស៊ីរី និង​សម្ព័ន្ធ​មិត្ត​របស់​រុស្ស៊ី គឺ អ៊ីរ៉ង់​តែ​ប៉ុណ្ណោះ ខណៈ​ប្រទេស​ផ្សេង​ទៀត​សម្ដែង​ការ​គាំទ្រ​ចំពោះ​ទង្វើ​អាមេរិក​។

រូបភាព​បញ្ចេញ​ដោយ​យោធា​អាមេរិក​ពី​សកម្មភាព​បាញ់​បង្ហោះ​មីស៊ីល វាយ​ប្រហារ​មូលដ្ឋាន​ទ័ព​អាកាស​ស៊ីរី ថ្ងៃ​ទី​៧ មេសា ២០១៧
រូបភាព​បញ្ចេញ​ដោយ​យោធា​អាមេរិក​ពី​សកម្មភាព​បាញ់​បង្ហោះ​មីស៊ីល វាយ​ប្រហារ​មូលដ្ឋាន​ទ័ព​អាកាស​ស៊ីរី ថ្ងៃ​ទី​៧ មេសា ២០១៧ AFP/US Navy/ Ford Williams
ផ្សាយពាណិជ្ជកម្ម

ការ​វាយ​ប្រហារ​មីស៊ីល​របស់​អាមេរិក គឺជា​​ការ​ឈ្លាន​ពាន​អធិបតេយ្យ​របស់​ប្រទេស​ស៊ីរី​ រំលោភ​លើ​បទដ្ឋាន​អន្ដរជាតិ​ក្រោម​លេស​ប្រឌិត​ឡើង​មួយ​​។ នេះ​គឺ​ជា​ការ​ថ្កោលទោស​របស់​ប្រធានាធិបតី​រុស្ស៊ី លោក វ្លាឌីមៀ ពូទីន ចំពោះ​ទង្វើ​របស់​អាមេរិក បាញ់​មីស៊ីល​៥៩​គ្រាប់ តម្រង់​ទៅ​បំផ្លាញ​មូលដ្ឋាន​ទ័ព​អាកាស​របស់​ស៊ីរី​។ បន្ថែម​ពី​លើ​នេះ ដើម្បី​ចៀសវាង​កុំ​ឲ្យ​មាន​ការ​វាយ​ប្រហារ​ណា​មួយ​ថែម​ទៀត​ទៅ​លើ​មូលដ្ឋាន​ទ័ព​អាកាស​ស៊ីរី រុស្ស៊ី​បាន​ទាមទារ​ឲ្យ​មាន​ការ​កោះ​ប្រជុំ​​មួយ​នៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដើម្បី​ជជែក​ពី​បញ្ហានេះ​ជា​បន្ទាន់​។

ក្រៅ​ពី​រុស្ស៊ី សម្ព័ន្ធ​មិត្ត​ជិតស្និទ្ធ​របស់​រុស្ស៊ី គឺ​អ៊ីរ៉ង់ ក៏​បាន​ចេញមុខ​ថ្កោល​ទោស​ទង្វើ​របស់​អាមេរិក​នេះ​ដែរ​​។ សម្រាប់​អ៊ីរ៉ង់ ទង្វើ​របស់​អាមេរិក ​គឺ​ជា​សកម្មភាព​យោធា​ឯកតោ​ភាគី ដែលធ្វើ​ឡើង​ក្រោម​លេស​នៃ​ការ​ប្រើ​អាវុធ​គីមី​របស់​រដ្ឋាភិបាល​របស់​លោក​បាស្ហា អាល់អាសាដ តែ​ប៉ុណ្ណោះ​។​ សូម​ជម្រាប​ជូន​ថា រហូត​មក​ទល់​ពេល​នេះ ការ​វាយ​ប្រហារ​ដោយ​ម៉ីស៊ីល​របស់​អាមេរិក​ទៅ​លើ​មូលដ្ឋាន​ទ័ព អាកាស​ស៊ីរី បាន​សម្លាប់​ទាហាន​ស៊ីរី​ចំនួន​៦​នាក់​ហើយ ខណៈ​មូលដ្ឋាន​ទ័ព​នោះ​ត្រូវ​បាន​បំផ្លាញ​ស្ទើរ​តែ​ទាំង​ស្រុង​។

សូម​រំលឹក​ជូន​ថា នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ប្រធានាធិបតីអាមេរិក​​ លោក ដូណាល់ ត្រាំ បាន​បញ្ជា​ឲ្យ​យោធា​អាមេរិក​បាញ់​ម៉ីស៊ីល​៥៩​គ្រាប់ ទៅ​លើ​មូលដ្ឋានទ័ព​​អាកាស​របស់​ស៊ីរី។ បើ​តាម​លោក​ដូណាល់ត្រាំ ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំនេះ ធ្វើ​ឡើង​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​រដ្ឋាភិបាល​លោក​ប៉ាស្ហា អាល់អាសាធ ដែល​បាន​ប្រើប្រាស់​អាវុធ​គីមី សម្លាប់​ជន​ស៊ីវិល​ស្លូត​ត្រង់​អស់​ជា​ច្រើន​នាក់​​។

ជប៉ុន អង់គ្លេស តួកគី អ៊ីស្រាអែល និង​អារ៉ាប៊ី​សាអូឌីត សុទ្ធ​តែ​ស្វាគមន៍​ការ​វាយប្រហារ​របស់​អាមេរិក ដោយ​ចាត់​ទុក​ទង្វើ​នេះ ថា​បាន​បង្ហាញ​ពី​ការ​ឆ្លើយ​តប​ដ៏​ត្រឹម​ត្រូវ​ទៅ​នឹង​ការ​ប្រើ​ប្រាស់​អាវុធ​គីមី​។ ចំណែក​បារាំង​និង​អាឡឺម៉ង់​វិញ បាន​ធ្វើ​សេចក្ដី​ថ្លែងការណ៍​រួម ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​ទៅ​លើ​ប្រធានាធិបតី​ស៊ីរី លោក បាស្ហា អាល់អាសាធ ថា​ជា​ដើម​ចម​ដែល​ធ្វើ​ឲ្យ​រឿង​រ៉ាវ​វិវត្ត​តឹងតែង​ដូច្នេះ​។ ប្រទេស​ចិន​ឯណោះវិញ បង្ហាញ​ជំហរ​ប្រឆាំង​នឹង​ការ​ប្រើ​អាវុធ​គីមី​​ក្នុង​ហេតុផល​អ្វី​ក៏​ដោយ ប៉ុន្តែ​ចិន​បាន​ជំរុញ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ស្ងប់ស្ងាត់ ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​ស្ថានការណ៍​ធ្លាក់​ចុះ​ដុនដាប​បន្ថែម​ទៀត​ ខណៈ​តួកគី ស្នើ​ឲ្យ​ដាក់​ប្រទេស​ស៊ីរី​ជា​តំបន់​ហាម​ឃាត់​ការ​ហោះ​កាត់ ដើម្បី​ចៀសវាង​កុំ​ឲ្យ​មានការ​បង្ហូរ​ឈាម​ត​ទៅ​ទៀត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ