អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

សង្រ្គាម​លោក​លើកទី១៖ ​អាមេរិក​ឈានជើង​ចូល​ក្នុង​សង្រ្គាម ​រុស្ស៊ី​ដក​ខ្លួនថយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​ប្រវត្តិសាស្រ្ត​សង្រ្គាម​លោក​លើកទី១​ជា​បន្ត​ទៀត ដោយ​លើកឡើង​ អំពី​ការ​ដកខ្លួន​ថយ​របស់​រុស្ស៊ី នៅ​ក្រោយ​បដិវត្តន៍​ខែ​តុលា ឆ្នាំ​១៩១៧ និង​ការ​ចូល​អន្តរាគមន៍​របស់​សហរដ្ឋ​អាមេរិក ជួយ​បារាំង និង​អង់គ្លេស ទល់​នឹង​អាល្លឺម៉ង់ និង​សម្ព័ន្ធមិត្ត។

លោក Woodrow Wilson ប្រធានាធិបតី​អាមេរិក​ដែល​ប្រកាស​សង្រ្គាម​លើ​អាល្លឺម៉ង់ ក្នុង​សង្រ្គាម​លោក​លើកទី១
លោក Woodrow Wilson ប្រធានាធិបតី​អាមេរិក​ដែល​ប្រកាស​សង្រ្គាម​លើ​អាល្លឺម៉ង់ ក្នុង​សង្រ្គាម​លោក​លើកទី១
ផ្សាយពាណិជ្ជកម្ម

នៅ​ពេល​ដែល​សង្រ្គាម​លោក​លើកទី១​ចាប់ផ្តើម​ផ្ទុះឡើង នៅ​ឆ្នាំ​១៩១៤ កងទ័ព​អាល្លឺម៉ង់​ត្រូវ​ប្រឈមមុខ​នឹង​​សមរភូមិ​​​ទាំង​ពីរទិស គឺ​​បារាំង (ដែលមាន​ជំនួយ​ពី​អង់គ្លេស) នៅ​ទិស​ខាង​លិច និង​ចក្រភព​រុស្ស៊ី នៅ​ទិស​ខាងកើត។

នៅ​ដើមខែ​សីហា ឆ្នាំ​១៩១៤ អាល្លឺម៉ង់​បាន​លើកទ័ព​វាយសម្រុក​ចូល​តាម​ប្រទេស​ប៊ែលហ្ស៊ិក សំដៅ​ចូល​កាន់​កាប់​ប្រទេស​បារាំង។ ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា អាល្លឺម៉ង់​ត្រូវ​បង្វែរ​កងទ័ព​មួយ​ផ្នែក​ធំ យក​ទៅ​ទប់ទល់​នឹង​កងទ័ព​រុស្ស៊ី ដែល​វាយលុក​ចូល​ក្នុង​​តំបន់​ប៉ែក​ខាង​កើត​អាល្លឺម៉ង់ និងក្នុង​​​ដែនដី​ប៉ូឡូញ ដែល​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​អាល្លឺម៉ង់។

សូមអាន៖ ហេតុការណ៍​សំខាន់ៗ ដែល​នាំ​ទៅរក​សង្រ្គាម​លោក​លើកទី១

នៅ​ចុងខែ​សីហា កងទ័ព​អាល្លឺម៉ង់ ដោយ​មាន​ជំនួយ​ពី​កងទ័ព​អូទ្រីស​​បាន​វាយ​បំបាក់​កងទ័ព​រុស្ស៊ី លែង​ឲ្យ​រុល​ទៅមុខ​ទៀត​បាន។ ក៏ប៉ុន្តែ ការ​បំបែក​កងទ័ព​ជា​ពីរ​មុខព្រួញ​បាន​ធ្វើ​ឲ្យ​កងទ័ព​អាល្លឺម៉ង់​ត្រូវ​ធ្លាក់​ចុះខ្សោយ នៅ​​ក្នុង​សមរភូមិ​ប៉ែក​ខាងលិច ហើយ​ត្រូវ​​កងទ័ព​បារាំង ដែល​មាន​ជំនួយ​ពី​កងទ័ព​អង់គ្លេស វាយ​ទប់ស្កាត់​មិន​ឲ្យ​វាយលុក​ចូល​កាន់កាប់​ក្រុង​ប៉ារីស​បាន។

នៅ​ក្នុង​រយៈពេល ៣ឆ្នាំ បន្តមកទៀត សង្រ្គាម​លោក​លើកទី១​ត្រូវ​ស្ថិត​ក្នុង​ស្ថានភាព​គ្មាន​អ្នក​ឈ្នះ គ្មាន​អ្នក​ចាញ់។ ​នៅ​ខាង​លិច​កងទ័ព​​អាល្លឺម៉ង់​ និង​កងទ័ព​បារាំង​ ប្រឈមមុខ​ដាក់គ្នា ក្នុង​សង្រ្គាម​លេណដ្ឋាន។ ចំណែក​ឯ​នៅ​សមរភូមិ​ខាង​កើតវិញ ទាហាន​អាល្លឺម៉ង់ និង​ទាហាន​រុស្ស៊ី បាន​វាយ​រុញច្រាន​គ្នា​ទៅវិញ​ទៅមក ដោយ​​គ្មាន​ខាង​ណា​អាច​វាយបំបាក់​គូបដិបក្ខ​ឲ្យ​បរាជ័យ​ទាំងស្រុង​បាន។

ក៏ប៉ុន្តែ មកដល់​ចុងឆ្នាំ​១៩១៧ ការវិវឌ្ឍ​ដ៏​សំខាន់មួយ​បាន​កើតឡើង នៅ​សមរភូមិ​ខាង​កើត​។ ប្រជាជន​រុស្ស៊ី ដែល​ភាគច្រើន​ជា​​កម្មករ និង​កសិករ​ក្រីក្រ ចាប់ផ្តើម​ធុញទ្រាន់នឹង​សង្រ្គាម​កាន់តែ​ខ្លាំង ហើយ​ចលនា​ប្រឆាំង​នឹង​របបរាជានិយម​ផ្តាច់ការ​រុស្ស៊ី​ក៏​កើតមាន​កាន់តែ​ច្រើន រហូត​ផ្ទុះ​ទៅ​ជា​ចលនា​បដិវត្តន៍​ផ្តួលរំលំ​ស្តេចត្សារ៍ ​នីកូឡាទី២ និង​បង្កើត​ទៅ​ជា​របបកុម្មុយនិស្ត​ដឹកនាំ​ដោយ​លេនីន នៅ​ខែ​តុលា​ ឆ្នាំ​១៩១៧។

គ្រាន់តែ​បាន​ឡើង​មក​កាន់​អំណាច​ភ្លាម លេនីន​ក៏បាន​សម្រេច​​ឲ្យ​រុស្ស៊ី​ដកខ្លួន​ចេញ​ពី​សង្រ្គាម​លោក​លើកទី១ ដោយ​បាន​ចុះ​យុទ្ធសន្តិភាព​ជាមួយ​​អាល្លឺម៉ង់ និង​សម្ព័ន្ធមិត្ត នៅ​ខែ​ធ្នូ ឆ្នាំ​១៩១៧។

សូមអាន៖ ការចាប់ផ្ទុះឡើង​នៃ​សង្រ្គាម​លោក​លើកទី១

ការដកខ្លួន​ថយ​របស់​រុស្ស៊ី បាន​ធ្វើ​ឲ្យ​អាល្លឺម៉ង់​ធូរ​ចិត្ត និង​ធូរ​កម្លាំង​ច្រើន ដោយ​អាច​​បង្វែរ​កម្លាំង​ទ័ព យក​ទៅ​ប្រមូល​ផ្តុំ នៅសមរភូមិ​ខាងលិច គឺ​នៅ​ប្រទេស​បារាំង។ ក៏ប៉ុន្តែ នៅ​ពេលនោះ បក្សសម្ព័ន្ធ បារាំង និង​អង់គ្លេស ថ្វីដ្បិត​តែ​បាត់បង់​រុស្ស៊ី​មួយ តែ​​បាន​ទទួល​​​ជំនួយ​ពី​ប្រទេស​មួយ​ថ្មី​មក​ជំនួស​វិញ គឺ​សហរដ្ឋ​អាមេរិក ដែល​ចូល​អន្តរាគមន៍​ក្នុង​សង្រ្គាម​លោក​លើកទី១ នៅ​ក្នុង​ឆ្នាំ​១៩១៧​នោះដែរ។

ចាប់តាំង​ពី​មុន​ពេល​ផ្ទុះ​សង្រ្គាម​លោក​លើកទី១ សហរដ្ឋ​អាមេរិក ដែល​យល់ថា ខ្លួន​ជា​ប្រទេស​នៅ​ដាច់ឆ្ងាយ​ពីគេ ហើយ​មាន​មហាសមុទ្រ​ធំៗ​ពីរ​នៅ​សងខាង ដើម្បី​ជា​ខែល​ការពារ​ខ្លួន ​តែងតែ​ប្រកាន់​យក​នូវ​នយោបាយ​ការពារជាតិ និង​​នយោបាយ​ការបរទេស​ ដែល​ឈរលើ​​មនោគមន៍​វិជ្ជា “ឯកោនិយម” (Isolationism)​ ពោលគឺ អាមេរិក​​មិន​លូកដៃ​ចូល​ទៅ​ធ្វើ​អន្តរាគមន៍ នៅ​បរទេស ដើម្បី​បញ្ចៀស​កុំ​ឲ្យ​​នាំ​បញ្ហា​ដល់​សន្តិសុខ​ជាតិ​របស់​ខ្លួន។

នៅពេល​ដែល​​សង្រ្គាម​លោក​លើកទី១​ផ្ទុះឡើង នៅ​ឆ្នាំ​១៩១៤ រហូត​ដល់​ឆ្នាំ​១៩១៧ លោក​វូដ្រូ វីលសុន (Woodrow Wilson) ​ប្រធានាធិបតី​អាមេរិក បាន​ព្យាយាម​រក្សា​ជំហរ​អព្យាក្រឹត ដើម្បី​បញ្ចៀស​កុំ​ឲ្យ​​​អាមេរិក​ផុងខ្លួន​ក្នុង​សង្រ្គាម​ជាមួយ​អឺរ៉ុប។ ពលរដ្ឋ​អាមេរិក​ភាគច្រើន​ ដែល​ប្រកាន់​ជំហរ​សន្តិភាព​និយម ក៏​បាន​គាំទ្រ​ជំហរ​អព្យាក្រឹត​នេះ​ដែរ។ ក៏ប៉ុន្តែ អ្នកដែល​ទាញ​អាមេរិក​ឲ្យ​​ធ្លាក់ចូល​ទៅ​ក្នុង​សង្រ្គាម​លោក​លើកទី១ គឺ​អាល្លឺម៉ង់។

អាល្លឺម៉ង់ ដែល​ចង់​ខ្ទប់ដង្ហើម​សេដ្ឋកិច្ច​អង់គ្លេស បាន​ប្រើ​នាវាមុជទឹក ធ្វើការ​វាយប្រហារ​​ដោយ​ឥតរើស​មុខ​ទៅលើ​នាវា​​ដឹកទំនិញ ដែល​ធ្វើ​ដំណើរ​​ចេញ​ចូល​ប្រទេស​អង់គ្លេស។ នៅ​ខែ​ឧសភា ឆ្នាំ​១៩១៥ នាវាមុជទឹកអាល្លឺម៉ង់​បាន​បាញ់​ពន្លិច​នាវា​ដ៏​ធំ​មួយ​របស់​អង់គ្លេស បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដំណើរ​​ជាង​១ពាន់នាក់​ ដោយ​ក្នុងនោះ រួមមាន​ពលរដ្ឋ​អាមេរិក ១២០នាក់។
 

ការ​បាញ់​ពន្លិចនាវាដឹកទំនិញ​អង់គ្លេស​និង​អាមេរិក ​ដោយ​នាវាមុជទឹក​អាល្លឺម៉ង់ គឺ​ជា​ដើមហេតុ​ដែល​នាំ​ឲ្យ​អាមេរិក​ប្រកាស​សង្រ្គាម​លើ​អាល្លឺម៉ង់
ការ​បាញ់​ពន្លិចនាវាដឹកទំនិញ​អង់គ្លេស​និង​អាមេរិក ​ដោយ​នាវាមុជទឹក​អាល្លឺម៉ង់ គឺ​ជា​ដើមហេតុ​ដែល​នាំ​ឲ្យ​អាមេរិក​ប្រកាស​សង្រ្គាម​លើ​អាល្លឺម៉ង់

ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មាន​ភាព​តានតឹង​ផ្នែក​ការទូត រវាង​អាមេរិក និង​អាល្លឺម៉ង់។ ក៏ប៉ុន្តែ ក្រៅ​ពី​ធ្វើការ​តវ៉ា​តាមផ្លូវ​ទូត អាមេរិក​មិនបាន​​​ចាត់វិធានការ​អ្វី​​​តបត​ទៅ​អាល្លឺម៉ង់វិញ​នោះទេ។ តែ​ទោះជា​យ៉ាងណា​ ​ពលរដ្ឋ​អាមេរិក​វិញ ដែល​ធ្លាប់​តែ​ប្រកាន់​ជំហរ​សន្តិភាព​និយម ក៏​​ចាប់ផ្តើម​មានគំនិត​ប្រឆាំង​នឹង​អាល្លឺម៉ង់។

នៅ​​ខែមករា​ឆ្នាំ​១៩១៧ នៅ​ពេល​ដែល​សង្រ្គាម​នៅ​អឺរ៉ុប​អូសបនា្លយ​ពេល​​កាន់តែ​យូរ​ជាង​ការ​រំពឹង​ទុក អាល្លឺម៉ង់​ ដែល​ចង់​កាត់ផ្តាច់​ផ្លូវ​ដឹកជញ្ជូន​តាម​សមុទ្រ​របស់​បច្ចាមិត្ត ក៏​បាន​ប្រកាស​បង្កើន​ការ​វាយប្រហារ​ដោយ​ឥតរើស​មុខ ទៅលើ​រាល់​នាវា​ទាំងអស់ ដែល​ធ្វើ​ដំណើរ​​​ចេញចូល​ប្រទេស​ជាប់សង្រ្គាម ដែល​មាន​ន័យថា នាវា​ដែល​បើក​ឆ្លងកាត់​មហាសមុទ្រ​អាត្លង់ទិក​ រវាង​សហរដ្ឋ​អាមេរិក និង​​​អង់គ្លេស ក៏​នឹង​ត្រូវ​ទទួល​រងនូវ​ការ​វាយប្រហារ​ដោយ​មិន​ប្រាប់​ជាមុន​នោះដែរ។

៣ថ្ងៃ​ក្រោយ​ការ​ប្រកាស​នេះ អាមេរិក​ក៏​បាន​ប្រកាស​ផ្តាច់​ទំនាក់ទំនង​ការទូត​ជាមួយ​អាល្លឺម៉ង់ ក៏ប៉ុន្តែ នៅតែ​មិន​ចូល​អន្តរាគមន៍​ក្នុង​សង្រ្គាម។ រហូត​ដល់​ខែ​មេសា ឆ្នាំ​១៩១៧ នៅ​ក្រោយ​ពេល​ដែល​​​នាវាមុជទឹក​អាល្លឺម៉ង់​បាញ់​ពន្លិចនាវាដឹកទំនិញ ៤គ្រឿង​​របស់​អាមេរិក ទើប​លោក​ប្រធានាធិបតី​វីលសុន​ ស្នើ​កោះ​ប្រជុំ​សភា​អាមេរិក​ជា​បន្ទាន់ ដើម្បី​ប្រកាស​សង្រ្គាម​លើ​អាល្លឺម៉ង់។ នៅ​ខែ​វិច្ឆិកា​ឆ្នាំ​ដដែល ទាហាន​អាមេរិក​បាន​ចាប់ផ្តើម​ធ្វើ​ដំណើរ​ទៅដល់​ប្រទេស​បារាំង ដើម្បី​ជួយ​ទាហាន​​បារាំង និង​អង់គ្លេស វាយ​តទល់​នឹង​ទាហាន​អាល្លឺម៉ង់។

តាមពិត នៅ​ពេលនោះ អាមេរិក​មិន​ទាន់​ជា​មហាអំណាច​យោធា ដូច​បណ្តា​ប្រទេស​អឺរ៉ុប​នោះទេ។ ទាហាន​អាមេរិក​មាន​ចំនួន​ក៏តិច មិនសូវ​មាន​​ការ​ហ្វឹកហ្វឺន និង​បទពិសោធន៍​ក្នុងការ​ធ្វើ​សង្រ្គាម ហើយ​ក៏​មិន​សូវ​មាន​អាវុធ​យុទ្ធភ័ណ្ឌ​ទំនើបៗ​ប៉ុន្មាន​ដែរ។ ក៏ប៉ុន្តែ អន្តរាគមន៍​របស់​អាមេរិក​ គឺ​ជា​របត់​ដ៏​សំខាន់​មួយ​នៃ​សង្រ្គាម។

សូមអាន៖ ស្ថានភាព​ពិភពលោក​មុន​សង្រ្គាម​លោក​លើកទី១

អាមេរិក​ ថ្វីដ្បិត​តែ​មាន​ទាហាន​តិច ក៏ប៉ុន្តែ មាន​សមត្ថភាព​កេណ្ឌ​ទ័ព​បាន​រាប់លាន​នាក់​ នៅ​ក្នុង​ពេល​ដ៏ខ្លី។ ម្យ៉ាងទៀត នៅ​ក្នុង​ពេល​ដែល​ទាហាន​អឺរ៉ុប ទាំង​ទាហាន​បារាំង និង​អង់គ្លេស និង​ទាហាន​អាល្លឺម៉ង់ សុទ្ធតែ​ទទួល​រងនូវការ​ខូចខាត​យ៉ាង​ដំណំ​ទាំង​ខាង​ផ្លូវកាយ និង​ផ្លូវ​ចិត្ត ពី​ការ​វាយប្រយុទ្ធគ្នា ដោយ​គ្មាន​អ្នកឈ្នះ គ្មាន​អ្នក​ចាញ់ អស់រយៈពេល​ជាង ៣ឆ្នាំ​មក​ហើយ​នោះ ទាហាន​អាមេរិកវិញ គឺ​ជា​កម្លាំង​ថ្មី។

ដោយសារ​តែ​មាន​ជំនួយ​ពី​​កម្លាំង​ថ្មី​នេះ​ហើយ ទើប​​បារាំង និង​អង់គ្លេស​​ចាប់ផ្តើម​មាន​ប្រៀប​លើ​សមរភូមិ។ នៅ​ខែ​សីហា ឆ្នាំ​១៩១៨ កងទ័ព​សម្ព័ន្ធមិត្ត​ក៏​បាន​ចាប់ផ្តើម​បើក​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ វាយរុញច្រាន​កងទ័ព​អាល្លឺម៉ង់​​ឲ្យ​​ដកថយ​បន្តិចម្តងៗ​ចេញ​ពី​ប្រទេស​បារាំង។

អាល្លឺម៉ង់​ដែល​ទទួល​បរាជ័យ​នៅ​ស្ទើរតែ​គ្រប់​សមរភូមិ ក៏​សុខចិត្ត​ចរចា​សុំ​ចុះ​ចាញ់ ហើយ​​ ​ចុះ​ហត្ថលេខា​លើ​បទ​ឈប់​បាញ់ នៅ​ថ្ងៃ​ទី១១​ ខែ​វិច្ឆិកា ឆ្នាំ​១៩១៨ មុននឹង​ឈាន​ទៅ​ចុះ​សន្ធិសញ្ញា​សន្តិភាព​ នៅ​ទីក្រុង​ Versailles (ប្រទេស​បារាំង) ដើម្បី​បញ្ចប់​សង្រ្គាម​លោក​លើកទី១​ជា​ផ្លូវការ នៅ​ថ្ងៃ​ទី២៨ ខែ​មិថុនា ឆ្នាំ​១៩១៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ