ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 24/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 23/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 23/10 12h00 GMT

កិច្ចប្រជុំ​នៅបាលី​នឹង​កំណត់​ជោគវាសនា​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក

កិច្ចប្រជុំ​នៅបាលី​នឹង​កំណត់​ជោគវាសនា​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក
 
តំណាង​ប្រទេស​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ ជួប​ប្រជុំគ្នា នៅ​កោះបាលី ឥណ្ឌូណេស៊ី ពីថ្ងៃ​​អង្គារ ទី៣ ដល់​ថ្ងៃ​សុក្រ ទី៦​ធ្នូ ២០១៣ REUTERS/Edgar Su

រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​នៃ​បណ្តា​ប្រទេស​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​បាន​ចាប់ផ្តើម​បើក​កិច្ចប្រជុំ​ នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូណេស៊ី ចាប់ពីថ្ងៃ​អង្គារ​នេះ រហូត​ទៅដល់​ថ្ងៃ​សុក្រ ដើម្បី​ចរចា​ស្វែងរក​កិច្ចព្រមព្រៀង​លើ​ការ​ធ្វើ​សេរីកម្ម​នៃ​ការដោះដូរ​ពាណិជ្ជកម្ម​ពិភពលោក។ ការចរចា ដែល​បាន​អូសបន្លាយ​ពេល​ជា​មួយទសវត្សរ៍​កន្លងមកហើយ។

បរាជ័យ​នៅ​ក្នុងកិច្ចប្រជុំ​នៅ​​កោះបាលី អាច​នឹង​ធ្វើ​ឲ្យ​ការចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ត្រូវ​ជាប់គាំង​ជា​ស្ថាពរ ហើយ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ផ្ទាល់​អាច​នឹង​ត្រូវ​ក្លាយ​ជា​ស្ថាប័ន​ដែល​លែង​មានន័យ​អ្វី​តទៅទៀត។

កិច្ចប្រជុំ នៅ​កោះបាលី ដែល​បើក​ធ្វើ​​នៅថ្ងៃ​អង្គារ​នេះ គឺ​ជា​កិច្ចប្រជុំ ដែល​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​តែងតែ​រៀបចំ​ធ្វើ នៅ​រៀងរាល់​ពីរឆ្នាំ​ម្តង ដើម្បី​ចរចា​លើ​កិច្ចព្រមព្រៀង ស្តីពី​ការ​បើក​ចំហ​ព្រំដែន សម្រាប់​ការ​ដោះដូរ​ពាណិជ្ជកម្ម​អន្តរជាតិ។

នៅ​ពេល​ចាប់​បើក​កិច្ចប្រជុំ នៅថ្ងៃ​អង្គារ​នេះ លោក រ៉ូបែរតូ អាសេវេដូ (Roberto Azvedo) អគ្គនាយក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក បាន​ថ្លែង​ទៅកាន់​គណៈ​ប្រតិភូ​​មក​ពី​ប្រទេស​ជា​សមាជិក​ទាំង ១៥៩​ ថា កិច្ចប្រជុំ​នេះ គឺ​ជា​ឱកាស​ចុងក្រោយបង្អស់ ដែល​សមាជិក​អង្គការ​ពាណិជ្ជ​កម្ម​ពិភពលោក​ត្រូវ​ស្វែងរក​ការព្រមព្រៀង​គ្នាមួយ​ឲ្យ​បាន ដោយ​មិន​អាច​​ចេះតែ​ពន្យារពេល​តទៅមុខ​ទៀត​បាន​នោះទេ។

គួររំឭកឡើងវិញ​ថា កិច្ចចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ក្នុង​ក្របខ័ណ្ឌ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​នេះ បាន​ចាប់បើក​ធ្វើ តាំង​ពី​ឆ្នាំ​២០០១​មកម៉្លេះ នៅ​ក្នុង​កិច្ចប្រជុំ​ នៅ​ទីក្រុង​ដូហា ប្រទេស​កាតារ។ ក៏ប៉ុន្តែ ជាង ១០ឆ្នាំ​ក្រោយមក កិច្ចចរចា​នេះ​នៅតែ​មិនទាន់​បាន​ទទួល​លទ្ធផល​អ្វី​នៅឡើយ ដោយសារ​តែ​មាន​ការ​ខ្វែងគំនិត​គ្នា​ជា​ប្រចាំ រវាង​ប្រទេស​ជាសមាជិក ជាពិសេស រវាង​បណ្តា​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន និង​ប្រទេស​កំពុង​អភិវឌ្ឍ។

ចំណុច​ចម្រូងចម្រាស​ខ្លាំង​ជាងគេ គឺ​ទាក់ទង​នឹង​ការ​លុបបំបាត់​រនាំង​ពន្ធគយ ដើម្បី​សម្រួល​ការ​នាំទំនិញ​ចេញចូល រវាង​ប្រទេស​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។

អង្គការ​ដើម្បី​​សហប្រតិបត្តិការនិង​អភិវឌ្ឍ​សេដ្ឋកិច្ច (ហៅ​កាត់​ជា​ភាសា​បារាំង​ថា OCDE) ដែល​ប្រមូលផ្តុំ​ទៅដោយ​បណ្តា​ប្រទេស​ដែល​មាន​ឧស្សាហកម្ម​ជឿនលឿន​ បាន​ធ្វើការ​ព្យាករ​ថា ការ​លុប​បំបាត់​រនាំងពន្ធគយ​នេះ នឹង​បង្កើន​សកម្មភាព​សេដ្ឋកិច្ច​ពិភពលោក ដែល​គិតជា​ទឹកប្រាក់​រហូតដល់​ទៅ​ប្រមាណ​ជា ១០០០​ពាន់លាន​ដុល្លារ​អាមេរិក ហើយ​បង្កើត​ការងារ​ធ្វើ​​សម្រាប់​មនុស្ស​ប្រមាណ​ជា ១០លាន​នាក់ នៅ​ទូទាំង​ពិភពលោក។ ក៏ប៉ុន្តែ បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​វិញ​យល់ថា ​កំណើន​សកម្មភាព​សេដ្ឋកិច្ច និង​ការ​បង្កើតការងារ​ធ្វើ​នេះ បាន​ផល​ចំណេញ​ភាគច្រើន​តែ​ទៅលើ​ប្រទេស​អ្នកមាន ចំណែក​ឯ​ប្រទេស​ក្រីក្រវិញ​បាន​ផល​ចំណេញ​តិចតួច បើ​ធៀប​នឹង​បញ្ហា​ស្មុគស្មាញ​ដែល​ត្រូវ​ប្រឈម ទាក់ទង​នឹង​ការ​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​ពន្ធគយ។

បញ្ហា​ស្មុគស្មាញ​មួយទៀត នៅ​ក្នុងការ​ចរចា ក្នុងក្របខ័ណ្ឌ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក គឺ​ចំនួន​ប្រទេស​ជា​សមាជិក ដែល​មាន​ច្រើន​រហូតដល់​ទៅ ១៥៩ ហើយ​រាល់​សេចក្តីសម្រេច និង​កិច្ចព្រមព្រៀង​ទាំងអស់ ចាំបាច់​ត្រូវ​តែ​ធ្វើឡើង​ដោយ​មាន​ការ​យល់ព្រម​ជា​ឯកចន្ឆន្ទ​ពី​គ្រប់​ប្រទេស​ជា​សមាជិក។ ឲ្យ​តែ​មាន​ប្រទេស​ណាមួយ​ជំទាស់​ កិច្ចចរចា​នឹង​ត្រូវ​ជាប់គាំង។ ដូច្នេះ នៅ​ក្នុងការ​ចរចា​ម្តងៗ គេចាំបាច់​ត្រូវ​តែ​ព្យាយាម​ធ្វើ​តម្រូវ​ចិត្ត​គ្រប់​ប្រទេស​សមាជិក​ទាំងអស់ ដែល​ជា​រឿង​ស្មុគស្មាញ ពីព្រោះ​ថា ប្រទេស​នីមួយៗ​តែងតែ​មាន​ផលប្រយោជន៍ និង​អាទិភាព​ខុសៗ​គ្នា។

គេ​សង្កេតឃើញ​ថា ចាប់តាំង​ពី​ត្រូវ​បាន​បង្កើតឡើង​ តាំង​ពី​ជិត ១៩​ឆ្នាំ​មុន រហូត​មកទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ អង្គការ​ពាណិជ្ជកម្ម​ពិភពលោក នៅមិនទាន់​សម្រេច​បាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​​ពិភពលោក​ណាមួយ​នៅឡើយទេ។ ភាព​ជាប់គាំង​ឥតឈប់ឈរ​នេះ កំពុងតែ​ធ្វើ​ឲ្យ​អ្នកខ្លះ​​​ចោទ​ជា​សំណួរ​ ជុំវិញ​អត្ថប្រយោជន៍​នៃ​អង្គការពិភពលោក​មួយនេះ។

ដោយ​ហេតុ​នេះ​ហើយ​បាន​ជា​លោក​រ៉ូប៊ែរតូ អាសេវេដូ អគ្គនាយក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ បាន​ទទូច​ឲ្យ​ប្រទេស​ជា​សមាជិក​ទាំងអស់ ធ្វើ​សម្បទាន​​ទៅវិញទៅមក ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​កិច្ចព្រមព្រៀង​មួយ នៅ​ក្នុង​កិច្ចប្រជុំ នៅ​បាលី ពេលនេះ។

បរាជ័យ​នៃ​កិច្ចប្រជុំ​នៅ​បាលី​អាច​នឹង​ធ្វើ​ឲ្យ​​ការចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ពិភពលោក​ត្រូវ​ដួលរលំ​ជា​ស្ថាពរ។ ​លើស​ពីនេះ​ទៅទៀត អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​អាច​នឹង​ត្រូវ​គេ​មើលឃើញ​ថា​ជា​ស្ថាប័ន​ដែល​ឥតប្រយោជន៍ ហើយនាំគ្នា​ងាក​ទៅ​ផ្តោត​លើ​ការចរចា​​ ក្នុង​ក្របខ័ណ្ឌ​តំបន់វិញ។ ការចរចា​លើ​​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ​តាម​តំបន់ ដែល​​កំពុងតែ​ប្រព្រឹត្ត​ទៅ​យ៉ាង​ផុសផុល នាពេល​បច្ចុប្បន្ន​ ដូចជា កិច្ចចរចា​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​នៅ​អាស៊ីប៉ាស៊ីហ្វិក និង​កិច្ចរចា​លើ​តំបន់​ពាណិជ្ជកម្ម​សេរី​អាមេរិក-សហភាព​អឺរ៉ុប ជាដើម៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ជប៉ុន-កូរ៉េខាងត្បូង

    ជប៉ុន​សុំ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ជួយ​អន្តរាគមន៍​រឿង​កូរ៉េខាងត្បូង​ហាម​ការនាំចូល​ត្រីជប៉ុន​ក្នុងស្រុក​

    ស្វែងយល់បន្ថែម

  • ចិន-សហភាពអឺរ៉ុប

    នឹង​មាន​សង្រ្គាម​ពាណិជ្ជកម្ម រវាង​សហភាព​អឺរ៉ុប និង​ចិន?

    ស្វែងយល់បន្ថែម

  • អង្គការ​ពាណិជ្ជកម្ម​ពិភពលោក

    នាយក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ថ្មី ជា​ជនជាតិ​ប្រេស៊ីល

    ស្វែងយល់បន្ថែម

  • អាមេរិក-ចិន

    អាមេរិក និង​ចិន​ប្រឈមមុខ​ដាក់គ្នា​នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ក្នុង​សំណុំរឿង​រថយន្ត

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ