កិច្ចប្រជុំនៅបាលីនឹងកំណត់ជោគវាសនារបស់អង្គការពាណិជ្ជកម្មពិភពលោក
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៣:៣១
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនៃបណ្តាប្រទេសសមាជិកអង្គការពាណិជ្ជកម្មពិភពលោកបានចាប់ផ្តើមបើកកិច្ចប្រជុំ នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី ចាប់ពីថ្ងៃអង្គារនេះ រហូតទៅដល់ថ្ងៃសុក្រ ដើម្បីចរចាស្វែងរកកិច្ចព្រមព្រៀងលើការធ្វើសេរីកម្មនៃការដោះដូរពាណិជ្ជកម្មពិភពលោក។ ការចរចា ដែលបានអូសបន្លាយពេលជាមួយទសវត្សរ៍កន្លងមកហើយ។ បរាជ័យនៅក្នុងកិច្ចប្រជុំនៅកោះបាលី អាចនឹងធ្វើឲ្យការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីត្រូវជាប់គាំងជាស្ថាពរ ហើយអង្គការពាណិជ្ជកម្មពិភពលោកផ្ទាល់អាចនឹងត្រូវក្លាយជាស្ថាប័នដែលលែងមានន័យអ្វីតទៅទៀត។
កិច្ចប្រជុំ នៅកោះបាលី ដែលបើកធ្វើនៅថ្ងៃអង្គារនេះ គឺជាកិច្ចប្រជុំ ដែលអង្គការពាណិជ្ជកម្មពិភពលោកតែងតែរៀបចំធ្វើ នៅរៀងរាល់ពីរឆ្នាំម្តង ដើម្បីចរចាលើកិច្ចព្រមព្រៀង ស្តីពីការបើកចំហព្រំដែន សម្រាប់ការដោះដូរពាណិជ្ជកម្មអន្តរជាតិ។
នៅពេលចាប់បើកកិច្ចប្រជុំ នៅថ្ងៃអង្គារនេះ លោក រ៉ូបែរតូ អាសេវេដូ (Roberto Azvedo) អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក បានថ្លែងទៅកាន់គណៈប្រតិភូមកពីប្រទេសជាសមាជិកទាំង ១៥៩ ថា កិច្ចប្រជុំនេះ គឺជាឱកាសចុងក្រោយបង្អស់ ដែលសមាជិកអង្គការពាណិជ្ជកម្មពិភពលោកត្រូវស្វែងរកការព្រមព្រៀងគ្នាមួយឲ្យបាន ដោយមិនអាចចេះតែពន្យារពេលតទៅមុខទៀតបាននោះទេ។
គួររំឭកឡើងវិញថា កិច្ចចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោកនេះ បានចាប់បើកធ្វើ តាំងពីឆ្នាំ២០០១មកម៉្លេះ នៅក្នុងកិច្ចប្រជុំ នៅទីក្រុងដូហា ប្រទេសកាតារ។ ក៏ប៉ុន្តែ ជាង ១០ឆ្នាំក្រោយមក កិច្ចចរចានេះនៅតែមិនទាន់បានទទួលលទ្ធផលអ្វីនៅឡើយ ដោយសារតែមានការខ្វែងគំនិតគ្នាជាប្រចាំ រវាងប្រទេសជាសមាជិក ជាពិសេស រវាងបណ្តាប្រទេសមានសេដ្ឋកិច្ចជឿនលឿន និងប្រទេសកំពុងអភិវឌ្ឍ។
ចំណុចចម្រូងចម្រាសខ្លាំងជាងគេ គឺទាក់ទងនឹងការលុបបំបាត់រនាំងពន្ធគយ ដើម្បីសម្រួលការនាំទំនិញចេញចូល រវាងប្រទេសជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក។
អង្គការដើម្បីសហប្រតិបត្តិការនិងអភិវឌ្ឍសេដ្ឋកិច្ច (ហៅកាត់ជាភាសាបារាំងថា OCDE) ដែលប្រមូលផ្តុំទៅដោយបណ្តាប្រទេសដែលមានឧស្សាហកម្មជឿនលឿន បានធ្វើការព្យាករថា ការលុបបំបាត់រនាំងពន្ធគយនេះ នឹងបង្កើនសកម្មភាពសេដ្ឋកិច្ចពិភពលោក ដែលគិតជាទឹកប្រាក់រហូតដល់ទៅប្រមាណជា ១០០០ពាន់លានដុល្លារអាមេរិក ហើយបង្កើតការងារធ្វើសម្រាប់មនុស្សប្រមាណជា ១០លាននាក់ នៅទូទាំងពិភពលោក។ ក៏ប៉ុន្តែ បណ្តាប្រទេសកំពុងអភិវឌ្ឍវិញយល់ថា កំណើនសកម្មភាពសេដ្ឋកិច្ច និងការបង្កើតការងារធ្វើនេះ បានផលចំណេញភាគច្រើនតែទៅលើប្រទេសអ្នកមាន ចំណែកឯប្រទេសក្រីក្រវិញបានផលចំណេញតិចតួច បើធៀបនឹងបញ្ហាស្មុគស្មាញដែលត្រូវប្រឈម ទាក់ទងនឹងការធ្វើកំណែទម្រង់ប្រព័ន្ធពន្ធគយ។
បញ្ហាស្មុគស្មាញមួយទៀត នៅក្នុងការចរចា ក្នុងក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក គឺចំនួនប្រទេសជាសមាជិក ដែលមានច្រើនរហូតដល់ទៅ ១៥៩ ហើយរាល់សេចក្តីសម្រេច និងកិច្ចព្រមព្រៀងទាំងអស់ ចាំបាច់ត្រូវតែធ្វើឡើងដោយមានការយល់ព្រមជាឯកចន្ឆន្ទពីគ្រប់ប្រទេសជាសមាជិក។ ឲ្យតែមានប្រទេសណាមួយជំទាស់ កិច្ចចរចានឹងត្រូវជាប់គាំង។ ដូច្នេះ នៅក្នុងការចរចាម្តងៗ គេចាំបាច់ត្រូវតែព្យាយាមធ្វើតម្រូវចិត្តគ្រប់ប្រទេសសមាជិកទាំងអស់ ដែលជារឿងស្មុគស្មាញ ពីព្រោះថា ប្រទេសនីមួយៗតែងតែមានផលប្រយោជន៍ និងអាទិភាពខុសៗគ្នា។
គេសង្កេតឃើញថា ចាប់តាំងពីត្រូវបានបង្កើតឡើង តាំងពីជិត ១៩ឆ្នាំមុន រហូតមកទល់នឹងពេលបច្ចុប្បន្ននេះ អង្គការពាណិជ្ជកម្មពិភពលោក នៅមិនទាន់សម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មពិភពលោកណាមួយនៅឡើយទេ។ ភាពជាប់គាំងឥតឈប់ឈរនេះ កំពុងតែធ្វើឲ្យអ្នកខ្លះចោទជាសំណួរ ជុំវិញអត្ថប្រយោជន៍នៃអង្គការពិភពលោកមួយនេះ។
ដោយហេតុនេះហើយបានជាលោករ៉ូប៊ែរតូ អាសេវេដូ អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក បានទទូចឲ្យប្រទេសជាសមាជិកទាំងអស់ ធ្វើសម្បទានទៅវិញទៅមក ដើម្បីសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងមួយ នៅក្នុងកិច្ចប្រជុំ នៅបាលី ពេលនេះ។
បរាជ័យនៃកិច្ចប្រជុំនៅបាលីអាចនឹងធ្វើឲ្យការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មពិភពលោកត្រូវដួលរលំជាស្ថាពរ។ លើសពីនេះទៅទៀត អង្គការពាណិជ្ជកម្មពិភពលោកអាចនឹងត្រូវគេមើលឃើញថាជាស្ថាប័នដែលឥតប្រយោជន៍ ហើយនាំគ្នាងាកទៅផ្តោតលើការចរចា ក្នុងក្របខ័ណ្ឌតំបន់វិញ។ ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី តាមតំបន់ ដែលកំពុងតែប្រព្រឹត្តទៅយ៉ាងផុសផុល នាពេលបច្ចុប្បន្ន ដូចជា កិច្ចចរចាបង្កើតតំបន់ពាណិជ្ជកម្មសេរីនៅអាស៊ីប៉ាស៊ីហ្វិក និងកិច្ចរចាលើតំបន់ពាណិជ្ជកម្មសេរីអាមេរិក-សហភាពអឺរ៉ុប ជាដើម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ