ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/11 12h00 GMT
អាស៊ី

ប្រធានាធិបតី​ចិនប្រកាសពី​ទំនុកចិត្តចំពោះថ្នាក់​ដឹកនាំ​ហុងកុង ​លោកស្រី ការី ឡាំ

media ថ្នាក់ដឹកនាំក្រុងហុងកុង លោកស្រី ការី ឡាំ ចង់សួរក្រុមបាតុករថា «បានរស់​នៅ​ក្នុង​ប្រទេស​រុងរឿង​ប៉ុណ្ណឹងទៅហើយ តើនៅរឹងមាត់ថារស់នៅគ្មានសេរីភាពទៀតឬយ៉ាងណា?» Reuters

ពីក្រុង​សៀងហៃ ទី​៥វិច្ឆិកា ប្រធានាធិបតី​ចិន ស៊ី ជីនពីង បញ្ជាក់​ពី​ជំហរ​គាំទ្រ​លោកស្រី ការី ឡាំ ឱ្យលោកស្រី​ដឹកនាំ​តំបន់​ស្វ័យត​ហុង​កុង​បន្តទៅទៀត។ កាសែត​ផ្លូវ​ការ​ចិន​ក៏​ចុះផ្សាយ​ដែរថា​ ប្រមុខ​រដ្ឋ​ចិនមាន​ទំនុក​ចិត្ត​ជឿជាក់​ខ្លាំង​ទៅលើ​ប្រសិទ្ធភាព​ការងារ​របស់​ថ្នាក់​ដឹកនាំ​រដ្ឋបាល​ហុងកុង ដែល​ដឹកនាំដោយ​លោកស្រី កាំរី ឡាំ។ ការអះអាង​របស់​ប្រធានាធិបតី​ចិន​យ៉ាងដូច្នេះ គឺ​លុប​បំបាត់​ពាក្យ​ចចាមអារាមដែល​លេចធ្លាយ​កន្លង​ ថា​ក្រុង​ប៉េកាំង​ចង់ផ្លាស់​​ប្តូរ​ក្បាលម៉ាស៊ីន​ហុងកុង​។ ការ​ប្រកាស​គាំទ្រនេះ គឺ​ធ្វើ​ឡើង​នៅ​ក្នុងឱកាស​​ពិព័រណ៌​ពាណិជ្ជកម្ម​នៅសៀវហៃ ជាទី​ដែល​លោកស្រី ការី ឡាំ បាន​ស្កាត់ទៅជួប​រយៈពេល​ខ្លី​ជាមួយ​លោក ស៊ី​ ជីនពីង។

ពាក្យ​ចចាម​អារាម​កន្លងទៅ​ ដែលល្បី​ថា បក្ស​កុម្មុយនិស្ត​ចិន​ចង់ផ្លាស់​​ប្តូរ​ថ្នាក់​ដឹកនាំ​ហុងកុង ផ្សាយ​ដោយ​កាសែតអង់គ្លេស​ The Financial Times និង​សារព័ត៌មាន​​ផ្សេងទៀត​ ត្រូវលាង​​ជម្រះ​ ដោយសារ​ប្រសាសន៍​របស់​ប្រមុខ​រដ្ឋ​ចិន។ លោក ស៊ី ជីងពីង ប្រកាស​ជា​ចំហ ថា​រដ្ឋបាល​អំណាច​ក្រុង​ប៉េកាំង​ ​មាន​ក្តីទុកចិត្ត​ខ្លាំង​ចំពោះ​ប្រសិទ្ធភាពការងារ​ ​ក្រោមការដឹកនាំ​របស់​​លោកស្រី ការី ឡាំ  និង​ក្រុម​ការងារ​របស់​គាត់​។ លោក ស៊ី ជីងពីង ថ្លែងក្តី​​ជឿជាក់ថា លោកស្រី​ ការី ឡាំ បា​នប្រឹង​ប្រែង​ធ្វើការ​ច្រើនណាស់​ ​ដើម្បី​រក្សា​ស្ថិរភាព​នៅ​ហុងកុង​។

ក្រោយ​ពី​ទទួល​បាន​ការ​ប្រកាស​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​យ៉ាង​ដូច្នេះ​ លោកស្រី ការី ឡាំ បាន​ថ្លែង​វាយ​បក​ទៅ​កាន់​ក្រុម​បាតុករ​ហុងកុង ដែល​ភាគ​ច្រើន​ជាយុវជន​ផង ថា​ក្រុង​ប៉េកាំង បាន​ផ្តល់​សេរីភាព​ឱ្យ​ពួក​គេ​ច្រើន​ណាស់មក​​ហើយ និង​អនុញ្ញាត​ឱ្យ​រស់​នៅ​សុខស្រួល​ក្នុង​សុខដុម​ភាពនិង​សម្បូរសប្បាយ​​។ លោកស្រី​ចង់​សួរ​ពួក​ក្រុម​បាតុករ​ថា «បាន​ប៉ុណ្ណឹងទៅ​​ហើយ តើ​នៅ​រឹងមាត់​ថារស់​នៅ​គ្មាន​សេរីភាព​ទៀត​ឬយ៉ាងណា?​»

បាតុកម្ម​ប្រឆាំង​រដ្ឋបាល​ហុង​កុង បាន​ចាប់​ផ្តើម​នៅ​ខែ​មិថុនា គឺ​អូសពេល​​ជិត​៥ខែ​ហើយ​ ក្នុង​ខែ​វិច្ឆិកា​នេះ ដែល​ធ្វើ​ឱ្យ​​ប្រមុខ​ដឹកនាំ​តំបន់​ស្វ័យ​តហុងកុង បាន​បាត់​បង់​ប្រជាប្រិយ​ខ្លាំង។ ​បើ​តាម​ការ​ស្ទង់​មតិ​ចុងក្រោយ​ ចេញ​ផ្សាយ​ដោយ​កាសែត​បារាំង​AFP គឺពលរដ្ឋ​ហុងកុង​ប្រមាណ​ជា​២ភាគ៣ គ្មាន​ទំនុក​ចិត្ត​លើការ​ដឹកនាំ​របស់​លោកស្រី​នោះទេ។

ទាំង​ថ្នាក់​ដឹកនាំ​ក្រុង​ហុងកុង​ និងទាំង​រដ្ឋបាល​ក្រុង​ប៉េកាំង សុទ្ធតែ​យល់​ឃើញ ក្នុង​ន័យ​ចោទប្រកាន់​ថា «បាតុករ​ហុងកុង​​ដែល​អាច​ធ្វើ​បាតុកម្ម​យូរ​ខែ​មកនេះ​ គឺ​ដោយសារតែ​មាន«​បាតដៃ​ខ្មៅ​» «បាតដៃទី៣» នៅ​ជួយ​ជ្រោម​ជ្រែង​ពីក្រោយ​ ព្រមទាំង​ជួយ​ទំនុក​បម្រុង​លុយកាក់​ពី​រដ្ឋ​បរទេស​ផង មា​នអង់គ្លេស​និងអាមេរិក ​ជាមេខ្លោង​។ បើ​មិន​ដូច្នេះទេ ចលនា​បាតុកម្ម​ នឹង​មិន​អូស​បន្លាយ​ពេល​យូរ​យ៉ាងនេះឡើយ»។

បន្ថែមពីនេះ កាសែត​ផ្លូវ​ការ​ចិន សរសេរ​ចុះ​ផ្សាយ​បញ្ជាក់ថា ថ្នាក់ដឹកនាំ​ក្រុង​ប៉េកាំង ដាស់​តឿនឱ្យ​លោកស្រី ការី ឡាំ ​ជំរុញ​ការ​សន្ទនា​ជាមួយ​គ្រប់​ភាគី បិទ​បញ្ចប់​អំពើ​ហិង្សានៅ​ហុងកុង និង​ពង្រឹង​សណ្តាប់​ធ្នាប់​ឡើងវិញ៕​​

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ