អានតួអត្ថបទ
ចិន-វ៉េណេស៊ុយអេឡា

លោក​ស៊ី ជីនពីង​បញ្ចប់​ទស្សនកិច្ច​នៅ​វ៉េណេស៊ុយអេឡា​ជាមួយ​នឹង​ការ​ចុះ​កិច្ចសន្យា​រាប់​ពាន់​លាន​ដុល្លារ

លោក​ស៊ី ជីនពីង ប្រធានាធិបតី​ចិន បាន​បញ្ចប់​ដំណើរទស្សនកិច្ច នៅ​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា ហើយ​បាន​បន្ត​ដំណើរ​ទៅដល់​ប្រទេស​គុយបា នៅថ្ងៃ​អង្គារ​នេះ។ នៅ​​ក្នុង​ដំណើរទស្សនកិច្ច នៅ​វ៉េណេស៊ុយ​អេឡា លោក​ប្រធានាធិបតី​ចិន​បាន​ចុះ​កិច្ចសន្យា​ជាច្រើន ចាប់​តាំង​ពី​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ រហូត​ដល់​វិស័យ​ប្រេងកាត។

លោក​ស៊ី ជីនពីង ប្រធានាធិបតី​ចិន និង​លោក​នីកូឡា ម៉ាឌូរ៉ូ (Nicolas Maduro) ប្រធានាធិបតី​វ៉េណេស៊ុយអេឡា
លោក​ស៊ី ជីនពីង ប្រធានាធិបតី​ចិន និង​លោក​នីកូឡា ម៉ាឌូរ៉ូ (Nicolas Maduro) ប្រធានាធិបតី​វ៉េណេស៊ុយអេឡា Reuters
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ដំណើរទស្សនកិច្ច នៅ​វ៉េណេស៊ុយអេឡា កាល​ពីថ្ងៃ​ចន្ទ លោក​ស៊ី ជីនពីង បាន​ធ្វើ​ដំណើរទៅ​មើល​កន្លែង​តម្កល់​សព​របស់​លោក​ Hugo Chavez អតីត​ប្រធានាធិបតី​វ៉េណេស៊ុយ​អេឡា និង​ជា​គូសត្រូវ​ដ៏​ធំ​របស់​សហរដ្ឋ​អាមេរិក។ បន្ទាប់​មក​ទៀត លោក​ប្រធានាធិបតី​ចិន​បាន​ចុះ​កិច្ចសន្យា​ចំនួន ៣៨​ ជាមួយ​លោក​ Nicolas Maduro ប្រធានាធិបតី​ដែល​ស្នង​តំណែង​ពី​លោក​ Hugo Chavez។

កិច្ចសន្យា​ទាំង ៣៨​នេះ ត្រូវ​បាន​ចុះ​នៅ​ក្នុង​វិស័យ​ធំៗ​ជាច្រើន ចាប់តាំង​ពី​​ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ រហូត​ទៅដល់​វិស័យ​ប្រេងកាត ព្រមទាំង​ការ​ធ្វើ​អាជីវកម្ម​លើ​ធនធាន​ធម្មជាតិ​ផ្សេងៗ​ទៀត​របស់​វ៉េណេស៊ុយអេឡា ក្នុងនោះ រួមមាន​ ការ​បង្កើត​មូលនិធិ​វិនិយោគ​រួមគ្នា​ ដែល​មាន​ទឹកប្រាក់​ ៤ពាន់លាន​ដុល្លារ កិច្ចសន្យា​ក្នុងទឹកប្រាក់ ៦៩១លាន​ដុល្លារ ដើម្បី​​បើក​ឲ្យ​ក្រុមហ៊ុន​ចិន​ធ្វើការ​​រុករក​រ៉ែ​មាស និង​ទង់ដែង​នៅ​វ៉េណេស៊ុយអេឡា ព្រមទាំង​ការ​សាងសង់​ផ្កាយរណប ដើម្បី​ប្រើប្រាស់​រួមគ្នា។

នៅ​ក្នុង​ទីក្រុង​ការ៉ាកាស់ (Caracas) លោក​ស៊ី ជីនពីង បាន​ធ្វើការ​គូសបញ្ជាក់ថា “វ៉េណេស៊ុយអេឡា​បាន​ក្លាយ​ទៅជា​ទិសដៅ​ដ៏​សំខាន់​មួយ សម្រាប់​ការ​វិនិយោគ​របស់​ចិន ជា​ប្រទេស​ដែល​ផ្គត់ផ្គង់​ប្រេង​ដ៏ធំ​លំដាប់​ទី៧​របស់​ចិន និង​ជា​ដៃគូ​ពាណិជ្ជកម្ម​លំដាប់​ទី ៤ នៅ​ក្នុង​តំបន់​អាមេរិក​ឡាទីន។

វ៉េណេស៊ុយអេឡា​គឺ​ជា​ប្រភព​ធនធាន​ធម្មជាតិ​ដ៏​សំខាន់​មួយ សម្រាប់​បំពេញ​តម្រូវការ​សេដ្ឋកិច្ច​របស់​ចិន ជាពិសេស ធនធាន​ប្រេងកាត។ សម្រាប់​វ៉េណេស៊ុយអេឡាវិញ ការ​វិនិយោគ​របស់​ចិន​ក៏​​មាន​សារៈសំខាន់​យ៉ាង​ខ្លាំង​ដែរ នៅ​ក្នុង​ពេល​ដែល​ប្រទេស​មួយ​នេះ កំពុង​ឆ្លងកាត់​បញ្ហា​អតិផរណា និង​ការ​ជាប់បំណុល​ក្រុមហ៊ុន​បរទេស។

នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ចិន គឺ​ជា​ទីផ្សារ​ប្រេង​ដ៏ធំ​លំដាប់​ទីពីរ​របស់​វ៉េណេស៊ុយអេឡា បន្ទាប់​ពី​សហរដ្ឋ​អាមេរិក។ ចិន​ទិញ​ប្រេង​ពី​វ៉េណេស៊ុយអេឡា គិតជា​មធ្យម ប្រមាណ​ជា ៦៤ម៉ឺន​ធុង ក្នុងមួយថ្ងៃៗ ហើយ​ប្រទេស​ទាំងពីរ​គ្រោង​នឹង​បង្កើន​​ការ​នាំចេញ​ប្រេង​នេះ​ឲ្យ​ដល់ ១លាន​ធុង​ ក្នុងមួយថ្ងៃ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​ទៀត​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ