អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

សន្តិភាព​យេម៉ែន​ពិបាក​​​នឹង​​កើតមាន​​​ ក្រោយ​​​ក្រុមឧទ្ទាម​ហ៊ូទី​​ទាត់ចោល​​សំណើ​​អង្គការ​​សហប្រជាជាតិ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

សុខ​​សន្តិភាព​នៅ​យេម៉ែន ប្រហែល​ជា​មិនអាច​​កើតមាន​ តាម​ការ​ចង់បាន​របស់​ប្រជាជន​យេម៉ែនទេ។ ថ្ងៃ​អាទិត្យ​កន្លងទៅ ខណៈ​រដ្ឋាភិបាល​យេម៉ែន​ ​​ប្រកាស​ទទួល​យក​សំណើសន្តិភាព​​ របស់​អង្គការ​សហ​ប្រជាជាតិ ​​ក្រុមឧទ្ទាម​ហ៊ូទី និងក្រុម​គាំទ្រ​អតីត​ប្រធានាធិបតី​​សាឡេ ​បាន​ទាត់ចោល​សំណើ​នេះទាំងស្រុង។ សង្គ្រាម​នៅតែបន្ត ការ​ចរចា​រវាង​ក្រុម​ជម្លោះ​​​ដែ​លបាន​ធ្វើឡើង​​កាលពី​ខែសីហា នៅ​កូវ៉ែត ​គ្មានអ្វី​វិវត្តន៍ទៅមុខ​ឡើយ។

ក្រុម​ទាហាន​យេម៉ែន
ក្រុម​ទាហាន​យេម៉ែន STRINGER / AFP
ផ្សាយពាណិជ្ជកម្ម

ក្រុមជម្លោះ​ក្នុង​វិបត្តិ​សង្គ្រាម​យេម៉ែន សុទ្ធតែ​រឹងក្បាល​ដូចគ្នា បើ​ភាគី​ម្ខាង​បន្ទន់​ជំហរ ម្ខាងទៀត​​​រឹងរូស​ភ្លាម។ ក្រុម​រដ្ឋាភិបាល​កាន់អំណាច​ដែល​សហគមន៍​អន្តរជាតិ​ ទទួលស្គាល់ គឺ​រដ្ឋាភិបាល​ភៀសខ្លួន ​​របស់​ប្រធានាធិបតី ម៉ាន់សួ ហាឌី។ កាលពី​ថ្ងៃអាទិត្យ ​រដ្ឋាភិបាល​លោក​ហាឌី សុខចិត្ត​​ទទួល​យក​សំណើសន្តិភាព​​របស់​អង្គការ​សហប្រជាជាតិ។ ប៉ុន្តែ​ ថ្ងៃអាទិត្យ​ដដែល សំណើ​សន្តិភាព​ត្រូវបាន​ទាត់ចោល ដោយ​​ភាគី​ក្រុម​ឧទ្ទាម​ហ៊ូទី និង​កងកម្លាំង​ដែលគាំទ្រ​អតីត​ប្រធានាធិបតី ​អាប់ដាឡា​ សាឡេ។

គួរ​រំលឹក​ឡើងវិញ​ថា ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​ចេញ​សេចក្តីសម្រេច​លេខ២២១៦ ចែង​អោយ ក្នុង​ពេល​៤៥ថ្ងៃ​ទៅមុខ ​​​​ក្រុមឧទ្ទាម​ហ៊ូទី ត្រូវ​​​​ដក​ថយ​ពី​តំបន់​ដែល​ខ្លួន​កាន់កាប់​បាន​តាំងពី​ឆ្នាំ២០១៤។ ​អ.ស.ប​​ស្នើ​អោយ​ក្រុមឧទ្ទាម​​ប្រគល់អាវុធ​ធុន​ធ្ងន់​ទៅ​អោយ​កងទ័ព​ ស្នើអោយ​មាន​ការ​​​​បញ្ឈប់​ការឡោមព័ទ្ធ​​ទីក្រុង​នានា​​ និង​សុំអោយ​ដោះលែង​អ្នកទោស​ទាំងសងខាងផងដែរ។ ​

​សំណើ​អ.ស.ប ត្រូវចិត្ត​​​រដ្ឋាភិបាល​លោក​ម៉ាន់សួ ណាស់ ព្រោះ​ក្រុម​រដ្ឋាភិបាល​ទាមទារ​ ​អោយ​ដៃគូ​នយោបាយ​​អនាគត​​ ដាច់ខាត​ត្រូវតែ​​គ្មា​ន​ក្រុមប្រយុទ្ធ។ ក្រុម​រដ្ឋាភិបាល​លោក​ម៉ាន់សួ ​ហាឌី ​បាន​ទាមទារ​អោយ​ក្រុមឧទ្ទាម​និង​ក្រុម​គាំទ្រ​អតីត​ប្រធានាធិបតី​សាឡេ ចុះ​ហត្ថលេខា​​លើ​កិច្ច​ព្រមព្រៀង​​យ៉ាងយូរ​ថ្ងៃ​៧សីហា​នេះ។ ប៉ុន្តែ ​ក្រុម​ឧទ្ទាម​និង​ក្រុម​គាំទ្រ​អតីត​ប្រធានាធិបតី​អាប់ដាឡា សាឡេ ​​ នៅ​តែ​ទាមទារ​​លក្ខខណ្ឌ ​​អោយ​មាន​​ការតែងតាំង​ប្រធាន​រដ្ឋមួយ ជាមុនសិន ​​សម្រាប់​ការ​​​ដឹកនាំ​នយោបាយ​​អន្តរកាល។

កិច្ចចរចា​ក្រោមអធិបតី​ភាព​របស់​​អង្គការ​សហប្រជាជាតិ ​នៅ​កូវ៉ែត កាលពី​ខែ​​មេសា ​​មិន​ទាន់​​មានអ្វី​លេចឡើង​​គួរកត់សំគាល់ទេ ព្រោះ​មើលទៅ ​ក្រុម​ភាគី​ជម្លោះ​ទាំង​សង្ខាង​មិនព្រម​បន្ទន់ ជំហរ​ដាក់គ្នាទាលឮតែ​​សោះ។ ​កាលពីថ្ងៃសៅរ៍ ​ក្រុម​រដ្ឋាភិបាល​លោក​ហាឌី ​បាន​គំរាម​ដើរចេញ​ពី​កិច្ចចរចា​ ទំរាំ​តែ​ប្តូរចិ​ត្ត​ព្រមពន្យារ​ពេល​កិច្ចចរចា​ថែម​១សប្តាហ៍​ទៀត។ មិនដឹង​ថា តើ​កិច្ចចរចា​នេះ​នឹងចេញ​អ្វី​លើសពីនេះ​ទេ។

បទឈប់បាញ់​ដែល​ប្រកាស​ កាលពី​ខែ​មេសា​វិញ ត្រូវបាន​រំលោភ​ច្រើន​ដង​ទៅហើយ។ ថ្ងៃសៅរ៍​កន្លងទៅ​ ​ក្រុមឧទ្ទាម​បាន​បន្ត​វាយលុក​នៅ​ភាគខាងត្បូង​អារ៉ាប៊ី សាអូឌិត។ ថ្ងៃ​អាទិត្យ​កន្លងមក​ដែរ ​ការប្រយុទ្ធ​​រវាង​ក្រុមជម្លោះ​ទាំង​សង្ខាង នៅ​តែ​បន្ត​មាន សម្លាប់​ទាហាន​អារ៉ាប៊ី សាអូឌីត​ និង​ទាហាន​ឧទ្ទាម​ហ៊ូទី ​ជិត​២០នាក់ នៅ​តាម​ព្រំដែន​រវាង​យេម៉ែន និង​អារ៉ាប៊ី សាអូឌីត។

គួរ​រំលឹកថា សង្គ្រាម​នៅ​យេម៉ែន​ជាង​មួយឆ្នាំ​មកនេះ ​ជា​ជម្លោះ​រវាង​និកាយ​ស៊ុននីត និងនិកាយ​ស្ហ៊ីអ៊ិត។ ក្រុម​ប្រយុទ្ធ​ខាង​និកាយ​ស៊ុននីត ជា​​ក្រុ​មរដ្ឋាភិបាល​លោក​ហាឌី ​​ដែល​កំពុង​ភៀសខ្លួន​នៅ​អារ៉ាប៊ី សាអូឌិត តែ​​សហគមន៍​អន្តរជាតិ​ទទួល​ស្គាល់​រដ្ឋាភិបាល​មួយនេះ។ ក្រុម​រដ្ឋាភិបាល​ស្របច្បាប់​នេះ បានទទួល​ជំនួយ​ពីអារ៉ាប៊ី​សាអូឌីត។ ​

ក្រុម​ប្រយុទ្ធ​ម្ខាងទៀត និកាយ​ស្ហ៊ីអ៊ីត ​ដឹកនាំ​ដោយ​ក្រុមឧទ្ទាម​ហ៊ូទី និង​ក្រុម​​គាំទ្រ​អតីត​ប្រធានាធិបតី​ អាប់ដាឡា សាឡេ ដែល​ត្រូវគេ​ទំលាក់​ពី​អំណាច​ ក្នុង​ឆ្នាំ​២០១២។ ​ក្រុម រដ្ឋាភិបាល ​លោក​ហាឌី បាន​ចោទ​ក្រុម​ឧទ្ទាម​ហ៊ូទី​ថា ជា​ក្រុមភេរវជន​ ហើយ​ចោទទៀតថា​ អ៊ីរ៉ង់​បាន​លូកដៃ​ជួយ​ក្រុមនេះ។

អ៊ីរ៉ង់​លូកដៃ​ ក្នុង​ជម្លោះ​យេម៉ែន ហើ​យអារ៉ាប៊ី​សាអូឌីត និង​ប្រទេស​សម្ព័ន្ធ​អារ៉ាប់​លូកដៃ​ដែរ ដើម្បី​ប្រយុទ្ធ​នឹង​អ៊ីរ៉ង់​ដោយ​ប្រយោល​ មែន​រឺយ៉ាងណា​នោះ គឺឃើញថា សង្គ្រាម​យេម៉ែន​ហាក់​មីនសូវ​ត្រូវបាន​គេអើពើ​ប៉ុន្មានទេ។ បើ​អ៊ីរ៉ង់​លូកដៃ​ក្នុង​ជម្លោះ​យេម៉ែន នោះ​មានន័យថា អារ៉ាប៊ីសាអូឌីត ​និង​អ៊ិរ៉ង់​ដែល​ជា​សត្រូវ​នឹងគ្នា ​នៅ​ដើមបូព៌ា ​កំពុង​តែ​យក​យេម៉ែន​ធ្វើ​ជា​សមរភូមិ​សង្គ្រាម ​ប្រឆាំង​គ្នា ដោយ​ប្រើ​ក្រុម​ជម្លោះ​យេម៉ែន​ ជាកូនអុក​សង្គ្រាម​ទៅហើយ។ អារ់ាប៊ី​សាអូឌីត ជួយ​ទំលាក់គ្រាប់បែក កំទេច​ទាំង​ក្រុម​ឧទ្ទាម​ សម្លាប់​ដល់​​ទាំង​មនុស្ស​ស្លូតត្រង់ ក៏​នៅតែ​គ្មា​នអ្នកណា​ហ៊ាន​បន្ទោស។

ក្រុមជម្លោះ​​ជាតិ​យេម៉ែន ​ខ្លួនឯង​ ​​នៅ​តែ​រឹងរូស មិន​ព្រមបើកភ្នែក​មើល​ពី​ទុក្ខវេទនា​ប្រជាជន​​។ ​​សង្គ្រាមអូសបន្លាយ​ជាង​១ឆ្នាំ​៤ខែមកនេះ សម្លាប់​មនុស្ស​ជាង​៦ ៤០០នាក់ បង្ក​របួស​៣ម៉ឺននាក់។ នេះ​នៅ​មិនគិត​ពី​ប្រជាជន​ដែលភ័យខ្លាច នាំគ្នា​រត់ភៀសខ្លួន​រាប់លាន​នាក់​ផង។ ក្រៅ​ពី​អស្ថិរភាព​សន្តិសុខ​ក្នុងស្រុក​​​ ក្រុម​អាល់កៃដា និង​ក្រុ​មរដ្ឋអ៊ីស្លាម​វិញ កំពុង​ពង្រឹង​វត្តមាន​​​ខ្លួន​នៅ​យេម៉ែន​ផងដែរ។ ​តើ​ថ្ងៃណា​ទៅ ទើប​​សុខសន្តិភាព​​អាច​កើតមាន​​នៅ​យេម៉ែន​ បើ​ភាគី​​ជម្លោះ​និមួយៗ មិនព្រម​បន្ទន់ជំហរ​រកគ្នា​ផងនោះ ?

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ