អានតួអត្ថបទ
កម្ពុជា-ថៃ

កាសែត​ហុងកុង​៖ លោក​ស្រី​យីងឡាក់ប្រើលិខិត​ឆ្លង​ដែន​​ខ្មែរ​ដើម្បី​ភៀស​ខ្លួន​ពី​ប្រទេស​ថៃ

អតីត​នាយករដ្ឋ​មន្ដ្រី​ថៃ លោក​ស្រី យីងឡាក់ ស៊ីណាវ៉ាត កាន់​លិខិត​ឆ្លង​ដែន​ខ្មែរ និង​ទំនង​ជា​បាន​ប្រើ​លិខិត​ឆ្លង​ដែន​នេះ ដើម្បី​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​ថៃ​ក្នុង​ឆ្នាំ​២០១៧​។ នេះ​បើ​តាម​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន​ហុងកុង The South China Morning Post ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​០៩ មករា ម្សិលមិញ​។

លោកស្រីយីងឡាក់ អតីតនាយករដ្ឋមន្រ្តីថៃ ថតកាលពីឆ្នាំ ២០១៦ ។
លោកស្រីយីងឡាក់ អតីតនាយករដ្ឋមន្រ្តីថៃ ថតកាលពីឆ្នាំ ២០១៦ ។ LILLIAN SUWANRUMPHA / AFP
ផ្សាយពាណិជ្ជកម្ម

ដំណឹង​អំពី​លិខិត​ឆ្លង​ដែន​ខ្មែរ​របស់​លោក​ស្រី យីងឡាក់ បាន​ធ្លាក់​ដល់​ដៃ​សារព័ត៌មាន​ហុងកុង តាម​រយៈ​ឯកសារ​ចុះ​ឈ្មោះ​របស់​លោក​ស្រី យីងឡាក់ ជា​នាយក​ក្រុមហ៊ុន P.T Corporation ​នៅ​ហុងកុង កាល​ពី​ខែ​សីហា​ឆ្នាំ​២០១៨​។ ពោល​គឺ​មួយ​ឆ្នាំ​ក្រោយ​ពេល​ដែល​លោក​ស្រី យីងឡាក់ ភៀស​ខ្លួន​ពី​ប្រទេស​ថៃ នៅ​ឆ្នាំ​២០១៧​។ នៅ​ក្នុង​ឯកសារ​ចុះ​ឈ្មោះ​ដែល​មាន​ហត្ថលេខា​របស់​លោក​ស្រី យីងឡាក់ នោះ ចន្លោះ​បំពេញ​ត្រង់​ចំណុច​លិខិត​ឆ្លងដែន​ត្រូវ​បាន​ចុះ​ថា Kingdom of Cambodia ឬ​ព្រះ​រាជាណាចក្រ​កម្ពុជា​។

លោក​ស្រី យីងឡាក់ ស៊ីណាវ៉ាត បាន​បាត់​ខ្លួន​យ៉ាង​អាថិ៍​កំបាំង ​ពី​ប្រទេស​ថៃកាលពី​ថ្ងៃទី២៥​សីហា​ឆ្នាំ​២០១៧​ ក្នុង​ថ្ងៃ​ដែល​តុលាការ​កំពូល​ថៃ​ចេញ​ដីកា​ចាប់​ខ្លួន​លោក​ស្រី​។ ​តុលាការ​កំពូល​ថៃ បាន​​សម្រេច​កាត់ទោសកំបាំងមុខ​លោកស្រី​​យីងឡាក់ ដោយ​ផ្តន្ទាទោស​​ឲ្យ​ជាប់ពន្ធនាគារ៥​ឆ្នាំ ពី​បទ​ធ្វេសប្រហែល នៅក្នុង​នយោបាយ​ឧបត្ថម្ភ​ស្រូវអង្ករ នៅក្នុង​ពេល​លោកស្រី ធ្វើ​ជា​នាយករដ្ឋមន្រ្តី ថៃ នៅ​ឆ្នាំ ២០១១។

តាំង​ពី​ថ្ងៃ​​បាត់​ខ្លួន​ពី​ប្រទេស​ថៃ​មក​ម្ល៉េះ សារព័ត៌មាន​ថៃ​បាន​ដាក់​ការ​សង្ស័យ​ថា កម្ពុជា​បាន​ជួយ​សម្រួល​ឲ្យ​លោក​ស្រីយីងឡាក់ ភៀស​ខ្លួនចេញ​ពី​ប្រទេស​។ កាសែត​បាងកក​ប៉ុស្តិ៍ បាន​រាយការណ៍​ពី​តម្រាយ​ផ្លូវ​ពីរ​ដែល​លោក​ស្រី​យីងឡាក់​ចាក​ចេញ​ពី​ប្រទេស​ថៃ៖ ទី​១ លោក​ស្រី​យីងឡាក់​​ធ្វើ​ដំណើរ​តាម​យន្ត​ហោះ​ឯកជន​ទៅ​កាន់​ព្រលាន​យន្ត​ហោះ​នៅ​ក្នុង​ខេត្ត​ត្រាត​ ជា​កន្លែង ដែល​លោក​ស្រី​ឆ្លង​កាត់​ព្រំដែន​ថៃ ចូល​មក​ក្នុង​ព្រំដែន​កម្ពុជា​ក្នុង​ខេត្ត​កោះកុង​ មុន​នឹងហោះ​ទៅ​កាន់​សិង្ហបុរី ហើយ​បន្ត​ទៅ​ឌូបៃ​។ ទី​២ លោក​ស្រីទំនង​​ធ្វើ​ដំណើរ​ចេញ​ពី​បាងកក​ទៅ​ខេត្ត​សាកែវ មក​ភ្នំពេញ និង​ចាក​ចេញ​ទៅ​សិង្ហបុរី ​ហើយ​បន្ត​ទៅ​ឌូបៃ។

ចំពោះ​ដំណឹង​ថ្មី​ដែល​ថា​លោក​ស្រី​យីងឡាក់ មាន​កាន់​លិខិត​ឆ្លង​ដែន​ខ្មែរ​នោះ វិទ្យុ​បារាំងអន្ដរជាតិ ​មិន​អាច​​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​ក្រសួង​ការបរទេស​កម្ពុជា និង​នាយកដ្ឋាន​អត្តសញ្ញាណកម្ម​បានឡើយ ដោយ​ទូរសព្ទ​មិន​ចូល​។ យ៉ាង​ណា​ក៏​ដោយ កាល​ពី​ឆ្នាំ​២០១៧, ភ្លាម​ៗ​ក្រោយ​ការ​បាត់​ខ្លួន​ពី​ប្រទេស​ថៃ​របស់​លោក​ស្រី យីងឡាក់, លោក​ហ៊ុន​ សែន នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​បានអះអាង​​​ថា ​លោក​ស្រីយីង ឡាក់​ អតីត​នាយក​រដ្ឋ​មន្ត្រី​ថៃ ដែល​កំពុង​មាន​ទោស​នោះ មិន​បាន​ប្រើ​ប្រាស់​ប្រទេស​កម្ពុជា ដើម្បី​គេច​ខ្លួន​ឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ