កាសែតហុងកុង៖ លោកស្រីយីងឡាក់ប្រើលិខិតឆ្លងដែនខ្មែរដើម្បីភៀសខ្លួនពីប្រទេសថៃ
អតីតនាយករដ្ឋមន្ដ្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត កាន់លិខិតឆ្លងដែនខ្មែរ និងទំនងជាបានប្រើលិខិតឆ្លងដែននេះ ដើម្បីភៀសខ្លួនចេញពីប្រទេសថៃក្នុងឆ្នាំ២០១៧។ នេះបើតាមសេចក្ដីរាយការណ៍របស់សារព័ត៌មានហុងកុង The South China Morning Post ចុះផ្សាយនៅថ្ងៃទី០៩ មករា ម្សិលមិញ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:០៥
ដំណឹងអំពីលិខិតឆ្លងដែនខ្មែររបស់លោកស្រី យីងឡាក់ បានធ្លាក់ដល់ដៃសារព័ត៌មានហុងកុង តាមរយៈឯកសារចុះឈ្មោះរបស់លោកស្រី យីងឡាក់ ជានាយកក្រុមហ៊ុន P.T Corporation នៅហុងកុង កាលពីខែសីហាឆ្នាំ២០១៨។ ពោលគឺមួយឆ្នាំក្រោយពេលដែលលោកស្រី យីងឡាក់ ភៀសខ្លួនពីប្រទេសថៃ នៅឆ្នាំ២០១៧។ នៅក្នុងឯកសារចុះឈ្មោះដែលមានហត្ថលេខារបស់លោកស្រី យីងឡាក់ នោះ ចន្លោះបំពេញត្រង់ចំណុចលិខិតឆ្លងដែនត្រូវបានចុះថា Kingdom of Cambodia ឬព្រះរាជាណាចក្រកម្ពុជា។
លោកស្រី យីងឡាក់ ស៊ីណាវ៉ាត បានបាត់ខ្លួនយ៉ាងអាថិ៍កំបាំង ពីប្រទេសថៃកាលពីថ្ងៃទី២៥សីហាឆ្នាំ២០១៧ ក្នុងថ្ងៃដែលតុលាការកំពូលថៃចេញដីកាចាប់ខ្លួនលោកស្រី។ តុលាការកំពូលថៃ បានសម្រេចកាត់ទោសកំបាំងមុខលោកស្រីយីងឡាក់ ដោយផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ៥ឆ្នាំ ពីបទធ្វេសប្រហែល នៅក្នុងនយោបាយឧបត្ថម្ភស្រូវអង្ករ នៅក្នុងពេលលោកស្រី ធ្វើជានាយករដ្ឋមន្រ្តី ថៃ នៅឆ្នាំ ២០១១។
តាំងពីថ្ងៃបាត់ខ្លួនពីប្រទេសថៃមកម្ល៉េះ សារព័ត៌មានថៃបានដាក់ការសង្ស័យថា កម្ពុជាបានជួយសម្រួលឲ្យលោកស្រីយីងឡាក់ ភៀសខ្លួនចេញពីប្រទេស។ កាសែតបាងកកប៉ុស្តិ៍ បានរាយការណ៍ពីតម្រាយផ្លូវពីរដែលលោកស្រីយីងឡាក់ចាកចេញពីប្រទេសថៃ៖ ទី១ លោកស្រីយីងឡាក់ធ្វើដំណើរតាមយន្តហោះឯកជនទៅកាន់ព្រលានយន្តហោះនៅក្នុងខេត្តត្រាត ជាកន្លែង ដែលលោកស្រីឆ្លងកាត់ព្រំដែនថៃ ចូលមកក្នុងព្រំដែនកម្ពុជាក្នុងខេត្តកោះកុង មុននឹងហោះទៅកាន់សិង្ហបុរី ហើយបន្តទៅឌូបៃ។ ទី២ លោកស្រីទំនងធ្វើដំណើរចេញពីបាងកកទៅខេត្តសាកែវ មកភ្នំពេញ និងចាកចេញទៅសិង្ហបុរី ហើយបន្តទៅឌូបៃ។
ចំពោះដំណឹងថ្មីដែលថាលោកស្រីយីងឡាក់ មានកាន់លិខិតឆ្លងដែនខ្មែរនោះ វិទ្យុបារាំងអន្ដរជាតិ មិនអាចទាក់ទងសុំការបំភ្លឺពីក្រសួងការបរទេសកម្ពុជា និងនាយកដ្ឋានអត្តសញ្ញាណកម្មបានឡើយ ដោយទូរសព្ទមិនចូល។ យ៉ាងណាក៏ដោយ កាលពីឆ្នាំ២០១៧, ភ្លាមៗក្រោយការបាត់ខ្លួនពីប្រទេសថៃរបស់លោកស្រី យីងឡាក់, លោកហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានអះអាងថា លោកស្រីយីង ឡាក់ អតីតនាយករដ្ឋមន្ត្រីថៃ ដែលកំពុងមានទោសនោះ មិនបានប្រើប្រាស់ប្រទេសកម្ពុជា ដើម្បីគេចខ្លួនឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ