អានតួអត្ថបទ
បច្ចេកវិជ្ជា

Youtube ត្រូវពិន័យ​ឱ្យ​បង់​ប្រាក់ ​ជិត​២០០​លាន​ដុល្លារ ពីបទ​មិនថែ​​រក្សា​ទិន្នន័យជីវិតឯកជន​របស់​​កុមារ​

ក្រុម​ហ៊ុន​វីដេអូ Youtube បាន​បំពាន​ច្បាប់​ ចំពោះ​ការ​បង្ហាញ​រូបភាព​កុមារដោយ​មិន​សមរម្យ​។ មិន​តែប៉ុណ្ណោះ ​ក្រុម​ហ៊ុន​នេះ​ ​មិនបាន​ថែ​​រក្សា​ទិន្នន័យជីវិតឯកជន​របស់​​កុមារ ​​ឱ្យ​បាន​ល្អត្រឹមត្រូវនោះទេ ហើយថែមទាំង​បាន​លក់​ទិន្នន័យទាំងនោះ ​សម្រាប់​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ទៀត​ផង​។ តាម​ច្បាប់​អាមេរិក គឺក្រុម​ហ៊ុន​វីដេអូ Youtube នឹង​ត្រូវ​បង់​ពិន័យ​ជាប្រាក់​ ចន្លោះ​ពី​​ជាង​១៥០ទៅ​២០០​លាន​ដុល្លារ។

ក្រុមហ៊ុនវីដេអូ Youtube នឹងត្រូវបង់ពិន័យជាប្រាក់ ចន្លោះពីជាង១៥០ទៅ២០០លានដុល្លារ បើក្រសួង​យុត្តិធម៌អាមេរិក​យល់ព្រមសម្រេច​។
ក្រុមហ៊ុនវីដេអូ Youtube នឹងត្រូវបង់ពិន័យជាប្រាក់ ចន្លោះពីជាង១៥០ទៅ២០០លានដុល្លារ បើក្រសួង​យុត្តិធម៌អាមេរិក​យល់ព្រមសម្រេច​។ REUTERS
ផ្សាយពាណិជ្ជកម្ម

ការ​ផាកពិន័យ​ជាប្រាក់ដ៏​ច្រើន​សន្ធឹកសន្ធាប់​ចំពោះក្រុម​ហ៊ុន​ Youtube គឺ​បា​នធ្វើ​ឡើង​ដោយ​ គណៈកម្មាធិការសហព័ន្ធ ទទួលបន្ទុកកិច្ចការពាណិជ្ជកម្ម (Federal Trade Commision) ដែល​ជា​ស្ថាប័ន​ឯករាជ្យ​របស់​អាមេរិក។ សេចក្តីសម្រេច​ផាក់ពិន័យ​ ជាផ្លូវការ នឹងត្រូវ​ប្រកាស​ នៅក្នុង​​ខែកញ្ញា នៅពេល​ដែល​ទទួលបាន​​ការ​យល់ព្រម​ឯកភាព​​ពី​​ក្រសួង​យុត្តិធម៌។ នេះបើតាម​ការបញ្ជាក់​របស់អាមេរិក​​ The New York Time ដែល​ផ្សាយ​នៅក្នុង​សប្តាហ៍​នេះ ។

ក្នុង​ខែមេសា ឆ្នាំ​២០១៨កន្លងទៅ​ អង្គការ​សមាគមការពារសិទ្ធកុមារ​​ ចំនួន​២៣ស្ថាប័ន បាន​ដាក់​ពាក្យ​បណ្តឹង​ទៅកាន់​ គណៈ​កម្មាធិការ​សហព័ន្ធ​ទទួល​បន្ទុក​កិច្ចការ​ពាណិជ្ជ​កម្ម​។ នៅក្នុង​ពាក្យ​បណ្តឹង, ក្រុម​អង្គការ​ការពារសិទ្ធកុមារ បាន​ចោទប្រកាន់​ ​ Youtube ថា​បាន​ប្រមូល​យក​ទិន្នន័យ​ជីវិត​ជន​របស់​កុមារ​ ដោយ​គ្មាន​ការ​អនុញ្ញាតពី​មាតាបិតា  (ចំពោះ​កុមារ​ក្រោម​អាយុ​១៣ឆ្នាំ)។ ទិន្នន័យ​ទាំងនោះ មាន​ដូចជា ព័ត៌មាន​ស្តីពី​កន្លែង​ប្រើ​ប្រាស់​អ៊ីនធ័រនែត, ម៉ាស៊ីន​ឧបករណ៍​សម្រាប់​មើល​វីដេអូ, និង​លេខទូរសព្ទ ជា​ដើម ហើយ​ដែល​ក្រុម​ហ៊ុន Youtube បាន​លក់​បន្ត​ទៅ​ក្រុម​ហ៊ុនរកស៊ី​​ដទៃ ដើម្បី​គេ​យក​ទៅ​​ផ្សាយ​ពាណិជ្ជកម្ម ឱ្យ​ចំ​គោល​ដៅ​មនុស្ស​​​។ ទង្វើបែបនេះ គឺត្រូវ​ហាមឃាត ដោយ​​ច្បាប់​អាមេរិក​។​

Youtube ជា​សាខា​មួយ​របស់​ក្រុមហ៊ុន​ Google និងដែលមាន​ជំនាញ​​​​ផ្សាយវីដេអូតាម​អ៊ីនធ័រនែត​។​ Youtube មាន​មនុស្ស​ប្រើប្រាស់​​ ជាង​២ពាន់លាន​គណនី ​ប្រើជាប្រចាំខែ។ ចាប់​ពី​​ឆ្នាំ​២០១៥មក​ ក្រុមហ៊ុន​នេះ បាន​បង្កើត​ទំព័រ​កម្ម​វិធី​ថ្មីមួយ យ៉ាងពិសេស សម្រាប់តែ​កុមារ​អាយុក្រោម​១៣ឆ្នាំ ដែល​ក្នុង​នោះ គឺ​មាន​បណ្តុំ​ដោយ​វីដេអូ​ និង​គំនូរជីវចល​សម្រាប់កុមារ ជាច្រើន... រួម​ទាំង​ការបញ្ចាំង​​ផ្សាយ​ពាណិជ្ជកម្ម​ ពី​របស់របរ​ប្រើប្រាស់ សម្រាប់ក្មេងៗ​​ និង​ឧបករណ៍​ក្មេង​លេង​យ៉ាង​សម្បូរបែប​។

ប្រសិន​បើក្រសួង​យុត្តិធម៌អាមេរិក​ បើកភ្លើងខៀវ យល់ព្រម​សម្រេច​ដាក់​ពិន័យ​ជាប្រាក់​ចំពោះ​ក្រុម​ហ៊ុន Youtube នៅក្នុង​ខែ​កញ្ញានេះមែន សេចក្តីសម្រេច​នោះ នឹង​ក្លាយ​ជា​ការ​សម្រេច​​ដ៏សំខាន់ ជាប្រវត្តិសាស្ត្រ ​ក្នុងការ​ជួយ​ថែរក្សាទិន្នន័យ​ជីវិត​ឯកជន​របស់​កុមារ​ នៅអាមេរិក។

នៅបារាំងវិញ,  ក្រោយ​ពី​ច្បាប់សហភាពអឺរ៉ុប​​ស្តីពី​ការ​ថែរក្សា​ព័ត៌មាន​ទិន្នន័យ​ជីវិត​ឯកជន បា​នចូល​ជាធរមាន, គណកម្មាធិការ​ជាតិ​បារាំង​ផ្នែក​ព័ត៌មាននិងសេរីភាព​​​ (CNIL) នៅ​​ដើម​ឆ្នាំ​២០១៨ធ្លាប់​បា​នសម្រេច​ដាក់​ពិន័យ​ ជាប្រាក់​ចំនួន​ ៥០លាន​អឺរ៉ូ ចំពោះ​ក្រុម​ហ៊ុន​ Google ដែលជាក្រុមហ៊ុន​មេ​របស់ Youtube ពាក់ព័ន្ធ​នឹង​បទ​ចោទ​ស្រដៀង​គ្នា ជុំវិញ​ការ​ថែរក្សា​ទិន្នន័យ​ព័ត៌មាន​ជីវិត​ឯកជន​របស់​អ្នក​ប្រើប្រាស់។​​ តែ​ Google បាន​ប្តឹងឡើង​ឧទ្ធរណ៍៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ