អានតួអត្ថបទ

កាប៊ូល​៖​ ភេរវកម្ម​ដោយ​គ្រាប់បែក​អត្តឃាត សម្លាប់​មនុស្ស​យ៉ាង​តិច​៦០នាក់ នៅ​មណ្ឌល​ចុះ​ឈ្មោះ​បោះឆ្នោត

កាលពី​ព្រឹក​ថ្ងៃអាទិត្យម្សិលមិញ អំពើ​​ភេរវកម្ម​​​បំផ្ទុះគ្រាប់បែកអត្តឃាតមួយ បានសម្លាប់ជីវិត​មនុស្ស​យ៉ាងតិច៦០នាក់និង ១១២នាក់​ផ្សេងទៀត​រងរបួស នៅមុខមណ្ឌលចុះ​ឈ្មោះបោះឆ្នោត​មួយកន្លែង នៅទីក្រុងកាប៊ូល​នៃប្រទេសអាហ្វហ្កានីស្ថាន។ ក្រុមជីហាត​រដ្ឋអ៊ីស្លាម ដែលហៅកាត់ថា IS បាន​ចេញមុខ​ប្រកាស​ថា ខ្លួនជាអ្នក​នៅពីក្រោយ​ហេតុការណ៍​បំផ្ទុះគ្រាប់បែក​អត្តឃាតនេះ។

កន្លែងកើតហេតុការណ៍ភេរវកម្មដោយគ្រាប់បែកអត្តឃាតនៅមណ្ឌលចុះឈ្មោះបោះឆ្នោត កាប៊ូល ថ្ងៃទី២២ មេសា ២០១៨
កន្លែងកើតហេតុការណ៍ភេរវកម្មដោយគ្រាប់បែកអត្តឃាតនៅមណ្ឌលចុះឈ្មោះបោះឆ្នោត កាប៊ូល ថ្ងៃទី២២ មេសា ២០១៨ REUTERS/Omar Sobhani
ផ្សាយពាណិជ្ជកម្ម

ភេរវកម្ម​​បំផ្ទុះគ្រាប់បែកអត្តឃាតដោយក្រុមជីហាតរដ្ឋអ៊ីស្លាម បានសម្លាប់ជីវិតមនុស្សយ៉ាងតិច៦០នាក់ និងធ្វើអោយរបួសយ៉ាងតិច១១២នាក់ ដែលក្នុងនោះរួមទាំងស្រ្តីនិងកុមារផងដែរ។ ហេតុការណ៍វាយប្រហារនេះ បានកើតឡើងនៅច្រកចូលមណ្ឌលចុះឈ្មោះបោះឆ្នោតមួយកន្លែងក្នុងក្រុងកាប៊ូល ក្នុងពេលដែលប្រជាពលរដ្ឋអាហ្វហ្កានីស្ថានកំពុងឈរចាំធ្វើអត្តសញ្ញាណប័ណ្ណ ដែលជាឯកសារចាំបាច់សម្រាប់ការចុះឈ្មោះបោះឆ្នោតសភានាពេលខាងមុខ។

ប្រធានាធិបតីអាហ្វហ្កានីស្ថាន លោក Ashraf Ghani បានហៅការវាយប្រហារនេះថាជា អំពីសាហាវយ៉ង់ឃ្នង។

ចំណែកឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកាប៊ូល លោក John Bass បានហៅហេតុការណ៍បំផ្ទុះគ្រាប់បែកនេះថាជា អំពើហឹង្សាដែលមិនសមហេតុផលនេះ ដែលបង្ហាញពីភាពល្ងង់ខ្លៅនិងអមនុស្សធម៌របស់សត្រូវនៃលទ្ធិប្រជាធិបតេយ្យនិងសន្តិភាពនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។

សូមបញ្ជាក់ថា ការបោះឆ្នោតសភាអាហ្វហ្កានីស្ថាននឹងត្រូវធ្វើឡើងនៅថ្ងៃទី២០ខែតុលាខាងមុខនេះ មុនការបោះឆ្នោតប្រធានាធិបតីដែលនឹងធ្វើឡើងក្នុងឆ្នាំ២០១៩។

ជនរងគ្រោះម្នាក់ក្នុងហេតុការណ៍នេះដែលកំពុងស្ថិតនៅលើគ្រែសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យ បានប្រាប់ទៅកាន់សារព័ត៌មាន AFP ថា ពួកគេទាំងអស់គ្នាចង់ទៅបោះឆ្នោតដើម្បីផ្លាស់ប្តូរតំណាងសភា ដែលបច្ចុប្បន្នខ្ចិលច្រអូសនិងពុករលួយ។

សភាអាហ្វហ្កានីស្ថានហួសអាណត្តិទាំងពី៣ឆ្នាំមុនមកម្លេះ ប៉ុន្តែដោយសារបញ្ហាអសន្តិសុខនិងភាពតានតឹងក្នុងប្រទេស ការបោះឆ្នោតសភាត្រូវបានពន្យាពេលជាបន្តបន្ទាប់។

ប្រជាពលរដ្ឋអាហ្វហ្កានីស្ថានមួយចំនួន បានសម្តែងនូវការព្រួយបារម្ភចំពោះបញ្ហាសុវត្ថិភាពក្នុងរដូវកាលចុះឈ្មោះបោះឆ្នោតនេះនិងក្នុងកំឡុងពេលបោះឆ្នោតខាងមុខ ហើយពួកគេបានសម្តែងនូវការមិនពេញចិត្តផងដែរចំពោះរដ្ឋាភិបាលអាហ្វហ្កានីស្ថាននិងក្រុមប្រដាប់អាវុធផ្សេងទៀតដូចជាក្រុមតាលីបង់។

មន្ត្រីអាជ្ញាធរអាហ្វហ្កានីស្ថានក៏បានទទួលស្គាល់ថា សន្តិសុខគឺជាបញ្ហាចោទដ៏សំខាន់មួយដែលគួរអោយព្រួយបារម្ភ ពីព្រោះថា ក្រុមតាលីបង់និងក្រុមយោធាដទៃទៀតបានគ្រប់គ្រងនិងកំពុងប្រជែងដណ្ដើមកាន់កាប់តំបន់សំខាន់ៗនៃប្រទេសអាហ្វហ្កានីស្ថាន។

សូមរំលឹកថា ក្រុមតាលីបង់បានធ្វើការវាយប្រហារទៅលើមណ្ឌលទទួលចុះឈ្មោះឆ្នោតពីរកន្លែងរួចមកហើយក្នុងប្រទេសអាហ្វហ្កានីស្ថាន កាលពីថ្ងៃអង្គារនិងថ្ងៃសុក្រសប្ដាហ៍មុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ