អានតួអត្ថបទ
កូរ៉េ​ខាងជើង

តើ​កូរ៉េ​ខាង​ជើង​បាញ់​សាកល្បង​ផ្កាយរណប ​ឬ​មីស៊ីល?

នៅថ្ងៃ​អាទិត្យ​នេះ កូរ៉េ​ខាងជើង​បាន​ធ្វើការ​បាញ់សាកល្បងនូវ​អ្វី​ដែល​ខ្លួន​អះអាង​ថា ជាការ​សាកល្បង​បង្ហោះ​ផ្កាយរណប។ មាន​អ្នកជំនាញ​ជាច្រើន​សុទ្ធតែ​បាន​ទទួលស្គាល់​ថា កូរ៉េ​ខាងជើង​ពិតជា​បាន​បង្ហោះ​ផ្កាយរណប​ទៅដាក់​ក្នុង​តារាវិថី​ពិតមែន។ ក៏ប៉ុន្តែ អាមេរិក និង​សម្ព័ន្ធមិត្ត ព្រមទាំង​ប្រទេស​ជា​ច្រើន​ផ្សេងទៀត ហើយ​បូករួម​ទាំង​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.​​ផង សុទ្ធតែ​បាន​នាំគ្នា​ថ្កោលទោស​កូរ៉េ​ខាងជើង​ថា​បាន​បាញ់​សាកល្បង​មីស៊ីល​បាលីស្ទីក​ (Ballistic Missile)។ តើ​អ្វី​ដែល​កូរ៉េ​ខាងជើង​បាញ់​សាកល្បង​នេះ គឺ​ជា​មីស៊ីល​បាលីស្ទីក ឬ​ជា​ផ្កាយរណប?

កូរ៉េ​ខាងជើង​អះអាង​ថា​ខ្លួន​បាន​បាញ់​បង្ហោះ​ប្រកប​ដោយ​ជោគជ័យ​នូវ​ផ្កាយរណប​​សម្រាប់​សង្កេត​មើល​ភពផែនដី
កូរ៉េ​ខាងជើង​អះអាង​ថា​ខ្លួន​បាន​បាញ់​បង្ហោះ​ប្រកប​ដោយ​ជោគជ័យ​នូវ​ផ្កាយរណប​​សម្រាប់​សង្កេត​មើល​ភពផែនដី Reuters
ផ្សាយពាណិជ្ជកម្ម

ជាដំបូង​​គួរបញ្ជាក់ថា នេះ​មិនមែន​ជាលើកទីមួយ​ទេ ដែល​កូរ៉េ​ខាងជើង​ធ្វើការ​សាកល្បង​បាញ់​បង្ហោះ​ផ្កាយរណប។ កាលពីឆ្នាំ​២០១២ កូរ៉េ​ខាងជើង​ក៏​ធ្លាប់​បាន​បាញ់​សាកល្បង​មីស៊ីល​នេះ​ម្តងដែរ ដោយ​អះអាង​ថា ជា​ការ​បាញ់​បង្ហោះ​ផ្កាយរណប​ សម្រាប់​ប្រើ​ក្នុង​វិស័យ​ទូរគមនាគមន៍។ ហើយ​នៅ​ក្នុង​​ការ​បាញ់​សាកល្បង កាល​ពី​ឆ្នាំ​២០១២​នោះ ក៏ដូចជា ការ​សាកល្បង នៅថ្ងៃ​អាទិត្យ​នេះ​ដែរ​ បណ្តា​ក្រុម​អ្នក​ជំនាញ​ជាច្រើន រួមមាន​ទាំង​មន្រ្តី​រដ្ឋាភិបាល​អាមេរិក និង​កូរ៉េ​ខាង​ត្បូង​ផង សុទ្ធតែ​ទទួលស្គាល់ថា កូរ៉េ​ខាងជើង​ពិតជា​បាន​បាញ់​បង្ហោះ​ផ្កាយរណប​មួយ​ទៅ​ក្នុង​តារាវិថី​ពិតមែន ឬ​បើ​មិនមែន​ផ្កាយរណប​ពិតប្រាកដ​ យ៉ាងហោចណាស់​ក៏​ជា​វត្ថុ​មួយ ដែល​ស្រដៀង​នឹង​ផ្កាយរណប​ដែរ។

ក៏ប៉ុន្តែ បើទោះបីជា​យ៉ាងនេះ​ក៏ដោយ អ.ស.ប ក៏ដូចជា​​បណ្តា​ប្រទេស​មហាអំណាច ក្នុងនោះ​​ក៏​រួមមាន​ទាំង​ចិន និង​រុស្ស៊ី ផងដែរ សុទ្ធតែ​បាន​រិះគន់​កូរ៉េ​ខាងជើង ដោយ​ហៅ​ការ​បាញ់​សាកល្ប​ងនេះ​ថា​ជា​ការ​បង្កហេតុ និង​ជា​ការ​រំលោភ​ទៅលើ​សេចក្តីសម្រេច​​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប ចេញ​កាលពីឆ្នាំ២០០៦ និង​២០០៩ ដែល​​បាន​ហាមឃាត់​ដាច់ខាត​មិន​ឲ្យ​កូរ៉េ​ខាងជើង​ធ្វើ​សកម្មភាព​អ្វី​ទាំងអស់ ដែល​ទាក់ទង​នឹង​​កម្មវិធី​នុយក្លេអ៊ែរ និង​មីស៊ីល​បាលីស្ទីក។

តាមការពិត សម្រាប់​សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត​ បើទោះបីជា​អ្វី​ដែល​កូរ៉េ​ខាងជើង​បាញ់​បង្ហោះ​នេះ​ជា​ផ្កាយរណប​មែន ឬ​មិនមែន​វា​មិន​សំខាន់​នោះទេ។ អ្វី​ដែល​សំខាន់​គឺ​នៅត្រង់​ថា តួ​មីស៊ីល​ ដែល​កូរ៉េ​ខាងជើង​បាញ់​សាកល្បង​នេះ គឺ​ជា​ប្រភេទ​មីស៊ីល​ប្រើ​​បច្ចេកវិទ្យា​តែមួយ ជាមួយ​នឹង​​បាលិស្ទីក​អន្តរទ្វីប ដែល​អាច​ប្រើ​បាន​ទាំង​ក្នុង​វិស័យ​អវកាស​​ និង​ប្រើ​ជា​អាវុធ​ក្នុង​វិស័យ​យោធា។

គេ​នៅចាំបាន​ថា នៅ​ក្នុង​អំឡុង​សង្រ្គាម​ត្រជាក់ គឺ​បច្ចេកវិទ្យា​មីស៊ីល​បាលីស្ទិក​​ដូចអ្វី​ដែល​កូរ៉េ​ខាងជើង​បាន​បាញ់​សាកល្បង​នេះ​ហើយ ដែល​ត្រូវ​បាន​សហរដ្ឋ​អាមេរិក និង​សហភាព​សូវៀត​យក​ទៅ​ប្រើ​​នៅ​ក្នុង​ការ​ប្រជែង​គ្នា​​ក្នុង​វិស័យ​​អវកាស​ផង និង​ប្រើ​ជា​មីស៊ីល​អន្តរទ្វីប​ផ្ទុកក្បាលគ្រាប់​នុយក្លេអ៊ែរ​​ដើម្បី​ទុក​កំញើញ​គ្នា​ផង។

និយាយ​ដោយខ្លី បច្ចេកវិទ្យា​នៃ​តួមីស៊ីលតែមួយ បើ​វាផ្ទុក​ផ្កាយរណប វា​គឺ​ជា​រ៉ុកកែត​ស៊ីវិល សម្រាប់​ប្រើ​ក្នុង​វិស័យ​អវកាស តែ​​បើ​គេ​ដក​ផ្កាយរណប​ចេញ ហើយ​ជំនួស​មកវិញ​ដោយ​ក្បាលគ្រាប់ វា​គឺ​ជា​មីស៊ីលអន្តរទ្វីប ដែល​អាច​បាញ់​បាន​ចម្ងាយ​រាប់ម៉ឺន​គីឡូម៉ែត្រ ហើយ​ជាពិសេស វាជា​ប្រភេទ​មីស៊ីល​ដែល​អាច​ផ្ទុក​ក្បាលគ្រាប់​នុយក្លេអ៊ែរ​បាន។

ដូច្នេះ គេ​អាច​និយាយ​បាន​ថា អ្វី​ដែល​កូរ៉េ​ខាងជើង​បាញ់​សាកល្បង​នៅពេលនេះ អាច​ជា​ការ​សាកល្បង​បង្ហោះ​ផ្កាយរណប​ផង ហើយ​ក៏​ជា​​ការ​សាកល្បង​មីស៊ីល​បាលីស្ទិក​ផងដែរ។ ​ការ​សាកល្បង​មីស៊ីល​បាលីស្ទិក​​មួយខែ​ក្រោយ​ពី​ធ្វើការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ គឺ​ជាការ​ធ្វើ​ផ្គើន​ផ្ទួន​​ទៅនឹង​បម្រាម​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប ដែល​ហាមឃាត់​កូរ៉េខាងជើង​មិនឲ្យ​​​ធ្វើ​សកម្មភាព​អ្វី​ទាំងអស់​ដែល​ទាក់ទង​នឹង​វិស័យ​នុយក្លេអ៊ែរ និង​បច្ចេកវិទ្យា​មីស៊ីល​បាលីស្ទិក។

គួរបញ្ជាក់ថា នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ អ្នក​ជំនាញ​ជាច្រើន​បាន​ប៉ាន់ស្មា​ន​ថា កូរ៉េ​ខាងជើង​មាន​សមត្ថភាព​អាច​ផលិត​បាន​ក្បាលគ្រាប់​នុយក្លេអ៊ែរ​ជាច្រើន​គ្រាប់​រួច​ទៅហើយ គ្រាន់តែ​មិនទាន់​មាន​បច្ចេកវិទ្យា​គ្រប់គ្រាន់ ដើម្បី​អាច​​យក​ក្បាលគ្រាប់​នុយក្លេអ៊ែរ​ទាំងនេះ​ទៅ​ប្រើ​ប្រាស់​បាន។

ប្រសិន​បើ​កូរ៉េ​ខាងជើង​អាច​ផលិត​មីស៊ីល​បាលីស្ទិក​បាន​ដោយ​ជោគជ័យ និង​អាច​អភិវឌ្ឍ​បច្ចេកវិទ្យា​ទំនើប ដើម្បី​ផលិត​ក្បាលគ្រាប់​នុយក្លេអ៊ែរ ដែល​មាន​ទំហំតូច និង​ស្រាលល្មម​អាច​បំពាក់​លើ​មីស៊ីល​នេះ​បាន កូរ៉េ​ខាងជើង​នឹង​អាច​ក្លាយ​ទៅ​ជា​មហាអំណាច​នុយក្លេអ៊ែរ​មួយ​ដោយ​ពិតប្រាកដ ហើយ​ដល់​ពេលនោះ មិនមែន​តែ​ជប៉ុន និង​កូរ៉េ​ខាងត្បូង ដែល​នៅ​ក្បែរ​ខាង​កូរ៉េ​ខាងជើង​នោះទេ​ ដែល​ត្រូវ​បារម្ភ សូម្បីតែ​សហរដ្ឋ​អាមេរិក​ក៏​ត្រូវ​ស្ថិត​ក្រោម​ការ​គំរាមកំហែង​ពី​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​នោះដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ