អានតួអត្ថបទ

លោកដូណាល់ត្រាំ​មាន​សុទិដ្ឋិនិយម​តែ​ក៏ ​“មិនខ្លាច​នឹង​ដើរចេញ” ​ពី​ជំនួបកំពូល​ជាមួយ​លោក​គីមជុងអ៊ុន

កាលពីថ្ងៃ​ពុធ​ម្សិលមិញ ក្រោយ​ពី​បាន​ទទួលស្គាល់ថា ប្រមុខទីភ្នាក់ងារ​ចារកិច្ច​សេអ៊ីអា​បាន​ទៅ​ជួប​ដោយសម្ងាត់​ជាមួយ​លោ​កគីម ជុងអ៊ុន លោក​ដូណាល់ត្រាំ​បាន​បង្ហាញ​នូវ​សុទិដ្ឋិនិយម​ថា ជំនួបកំពូល​រវាង​លោក​ និង​លោក​ប្រមុខដឹកនាំ​កូរ៉េ​ខាងជើង​អាច​នឹង​រៀបចំ​ធ្វើ​ទៅបាន​ដូចការ​គ្រោងទុក។ ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា លោក​ដូណាល់ត្រាំ​ក៏​បាន​ព្រមាន​ផងដែរ​ថា លោក​ក៏​មិន​ខ្លាច​នឹង​ដើរចេញ​ពី​ជំនួបនេះ​ដែរ ប្រសិនបើ​វាមិនទំនង​ជា​នឹង​អាច​ចេញ​ជា​លទ្ធផល​អ្វីមួយទេនោះ។

លោក​ដូណាល់ត្រាំ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា​ជាមួយ​លោក​ស្ហ៊ីនហ្សូ អាបេ កាល​ពីថ្ងៃ​ពុធ ទី១៨ មេសា ២០១៨
លោក​ដូណាល់ត្រាំ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា​ជាមួយ​លោក​ស្ហ៊ីនហ្សូ អាបេ កាល​ពីថ្ងៃ​ពុធ ទី១៨ មេសា ២០១៨ REUTERS/Kevin Lamarque
ផ្សាយពាណិជ្ជកម្ម

កាលពីថ្ងៃ​ពុធ​ម្សិលមិញ​នេះ លោក​ដូណាល់ ត្រាំ​មិនត្រឹមតែ​ទទួលស្គាល់ថា ប្រមុខ​សេអ៊ីអា​បាន​ទៅ​ជួប​ដោយ​សម្ងាត់​ជាមួយ​នឹង​លោក​គីម ជុងអ៊ុន​នោះទេ តែ​លោក​ថែម​ទាំង​បាន​អះអាង​ថែមទៀត​ថា បេសកកម្ម​សម្ងាត់​ទៅ​កាន់​ទីក្រុង​ព្យុងយ៉ាងនេះ គឺ​បាន​ប្រកប​ទៅដោយ​ជោគជ័យ។

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន ក្រោយ​ជំនួប​ជាមួយ​លោក​នាយករដ្ឋមន្រ្តី​ជប៉ុន ស្ហ៊ីនហ្សូ អាបេ ដែល​ជា​អ្នក​មិនសូវ​ទុកចិត្ត​លើ​ដំណើរការ​ចរចា​ជាមួយកូរ៉េ​ខាងជើង​នៅ​ពេលនេះ លោក​ដូណាល់ ត្រាំ​បាន​បង្ហាញ​នូវ​ក្តីសង្ឃឹម​របស់​លោក​ថា ជំនួបកំពូល​ រវាង​លោក និង​លោក​គីម ជុងអ៊ុន ដែល​អាច​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ចុងខែឧសភា ឬ​ដើមខែ​មិថុនា​ខាងមុនេះ អាច​នឹង​ទទួល​បាន​ជោគជ័យ។

ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា លោក​ដូណាល់ ត្រាំ​ក៏​បាន​ធ្វើការ​ព្រមាន​ផងដែរថា ប្រសិនបើ​លោក​មើលទៅឃើញ​ថា ជំនួបកំពូល​នេះ​នឹង​មិន​អាច​ចេញ​ជា​លទ្ធផល​អ្វីទេនោះ លោក​នឹង​មិនទៅ​ចូលរួម​ជំនួបកំពូលនេះទេ ហើយ​បើទោះបី​ជា​ជំនួបកំពូល​នេះ​ចាប់ផ្តើម​បើក​ធ្វើ​ហើយ​ក៏ដោយ ក៏​លោក​មិន​ខ្លាច​នឹង​ដើរចេញ​វិញនោះដែរ។

សម្រាប់​លោក​ដូណាល់ ត្រាំ កូរ៉េខាងជើង​ “នឹងមាន​អនាគតភ្លឺស្វាង” ប្រសិនបើ​សុខចិត្ត​បោះបង់​ចោល​កម្មវិធី​ផលិត​អាវុធ​នុយក្លេអ៊ែរ ហើយ​ថា លុបបំបាត់​កម្មវិធី​ផលិត​អាវុធ​នុយក្លេអ៊ែរ​នេះ ចាំបាច់​ត្រូវតែ​ធ្វើឡើង​ “យ៉ាងពេញលេញ និង​ជាស្ថាពរដោយគ្មាន​ផ្លូវអាច​បកក្រោយ​វិញបាន”។

​លោក​ស្ហ៊ីនហ្សូ​ អាបេ​វិញ ក្រៅពី​បាន​ស្នើសុំ​ឲ្យ​​លោក​ដូណាល់ ត្រាំ​​លើកយក​សំណុំរឿង​ចាប់ជំរឹត​ជនជាតិ​ជប៉ុន​កាល​ពីសម័យសង្រ្គាម​ត្រជាក់ ទៅ​ជជែក​ជាមួយ​លោក​គីម ជុងអ៊ុន ក៏​បាន​ទទូចផងដែរ​កុំ​​អាមេរិក​​ធ្វើ​សម្បទាន​អ្វី​មួយ​ដល់​កូរ៉េ​ខាងជើង ដោយគ្រាន់​តែលោក​គីម ជុងអ៊ុន​យល់ព្រម​ចូល​តុចរចា​តែប៉ុណ្ណឹង ពោល​គឺ​ចាំបាច់​ត្រូវតែ​រង់ចាំ​មើល​លទ្ធផល​នៃ​ការ​ចរចា​នេះ​ជាមុនសិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ