អានតួអត្ថបទ

ថៃ​ប្រហារជីវិត​អ្នកទោស​ជា​លើកទី១​គិតពី​ឆ្នាំ២០០៩

កាលពីថ្ងៃ​ចន្ទ ថៃ​បាន​ធ្វើការ​ប្រហារ​ជីវិត​អ្នកទោស​ម្នាក់ ដែល​ជាប់ទោស​ពីបទ​មនុស្សឃាត។ នេះ​គឺ​ជាលើកទី១ហើយ គិតក្នុងរយៈពេល​៩ឆ្នាំ​កន្លងទៅនេះ ដែល​ថៃ​អនុវត្ត​ទោស​ប្រហារ​ជីវិត។ ការអនុវត្ត​ទោស​ប្រហារ​ជីវិត ដែល​បង្ក​ឲ្យ​មាន​ការ​រិះគន់​យ៉ាងខ្លាំង ហើយ​វា​កើតឡើង​នៅ​ចំពេល​ដែល​លោក​នាយករដ្ឋមន្រ្តីថៃ ​ប្រាយុទ្ធ ចាន់អូចា ត្រូវ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​អឺរ៉ុប​។

បាតុកម្មនៅបាងកក ​រៀបចំ​ដោយ​អង្គការ Amnesty International ដើម្បី​ប្រឆាំង​នឹង​ការ​ប្រហារជីវិត​អ្នក​ទោស​ដោយ​អាជ្ញាធរ​ថៃ
បាតុកម្មនៅបាងកក ​រៀបចំ​ដោយ​អង្គការ Amnesty International ដើម្បី​ប្រឆាំង​នឹង​ការ​ប្រហារជីវិត​អ្នក​ទោស​ដោយ​អាជ្ញាធរ​ថៃ REUTERS/Athit Perawongmetha
ផ្សាយពាណិជ្ជកម្ម

ពិរុទ្ធជន​ដែល​ត្រូវ​ប្រហារ​ជីវិត កាល​ពីថ្ងៃ​ចន្ទ​នេះ មាន​ឈ្មោះ​ថា ធីរ៉ាសាក់ ឡុងជី វ័យ ២៦ឆ្នាំ ជាប់ទោស​ពីបទ​ថា​បាន​សម្លាប់​មនុស្ស​ដោយ​ចាក់​២៤កាំបិត ដើម្បី​ប្លន់យក​លុយ និង​ទូរស័ព្ទដៃ កាល​ពីឆ្នាំ២០១២​កន្លងទៅ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្រ្តី​ពន្ធនាគារថៃ។

គួរបញ្ជាក់ថា គិតចាប់តាំង​ពី​ឆ្នាំ​១៩៣៥មក ថៃ​បាន​ប្រហារ​ជីវិត​អ្នក​ទោស​គិតជាសរុប​ចំនួន ៣២៥នាក់។ ការអនុវត្ត​ទោស​ប្រហារ​ជីវិត​ត្រូវ​បាន​ថៃ​កាត់បន្ថយ​ច្រើន ជាពិសេស នៅ​ក្នុង​ចន្លោះ​ពី​ឆ្នាំ​២០០៣ ដល់​ឆ្នាំ២០០៩ ដែល​មាន​អ្នក​ទោស​តែ ៦នាក់​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​ប្រហារ​ជីវិត ហើយ​គ្មាន​ការអនុវត្ត​ទោស​ប្រហារ​ជីវិត​សោះ ចាប់ពីឆ្នាំ២០០៩មក។

យោងតាម​អង្គការ Amnesty International ការ​មិនមាន​ការអនុវត្ត​ទោស​ប្រហារ​ជីវិត​សោះ ក្នុងរយៈពេល​ជិត ១០ឆ្នាំ​នេះ បាន​ធ្វើ​ឲ្យ​គេ​គ្រោង​នឹង​ចាត់បញ្ចូល​ប្រទេស​ថៃ​ទៅ​ក្នុង​បញ្ជី​ប្រទេស​ដែល​មានទោស​ប្រហារ​ជីវិត​តែលើ​ក្រដាស ហើយ​មិន​អនុវត្ត​ទោស​ជាក់ស្តែង។ ក៏ប៉ុន្តែ នៅទីបំផុតទៅ ថៃ ដែល​ស្ថិត​ក្រោម​ការដឹកនាំ​ដោយ​របបសឹក ចាប់តាំង​ពី​រដ្ឋប្រហារ​ឆ្នាំ២០១៤មកនោះ បែរជា​បាន​ចាប់ផ្តើម​អនុវត្ត​ទោសប្រហារ​ជីវិតវិញ ដែល​អង្គការ Amnesty International ចាត់ទុក​ថា​ជា​ការ​ដើរថយក្រោយ​។ អង្គការ​សម្ព័ន្ធអន្តរជាតិ​ដើម្បីសិទ្ធិមនុស្ស (FIDH) ក៏​បាន​ធ្វើការ​ថ្កោលទោស​ការ​ចាប់អនុវត្ត​ទោស​ប្រហារ​ជីវិតឡើងវិញ​​នៅថៃ​នេះដែរ។

គួរបញ្ជាក់ថា ចាប់តាំង​ពី​ឡើងកាន់​អំណាច​តាមរយៈរដ្ឋប្រហារ នៅឆ្នាំ២០១៤មក របបសឹកថៃ​តែងតែ​ទទួលរង​នូវការ​រិះគន់​ជុំវិញ​ការ​រំលោភសិទ្ធិមនុស្ស ជាពិសេស រងការ​ចោទប្រកាន់​ថា​​បាន​​ប្រើ​ប្រព័ន្ធ​តុលាការ និង​បទល្មើស​ប្រមាថ​ព្រះមហាក្សត្រ មកធ្វើ​ជា​មធ្យោបាយ ដើម្បី​ធ្វើ​ទុក្ខបុកម្នេញ​គូប្រជែង​នយោបាយ។

ការ​ចាប់ផ្តើម​​អនុវត្ត​ទោស​ប្រហារ​ជីវិត​ឡើងវិញ​នៅ​ពេលនេះ រឹតតែ​ធ្វើ​ឲ្យ​របបសឹក​ត្រូវ​រង​ការ​រិះគន់​កាន់តែ​ខ្លាំង ហើយវា​កើតឡើង នៅ​ចំពេល​ដែល​លោក​ប្រាយុទ្ធ ចាន់អូចា ត្រូវ​ចេញ​ដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​អឺរ៉ុប ដោយគ្រោង​ទៅ​ជួប​នាយករដ្ឋមន្រ្តី​អង់គ្លេស នៅ​ទីក្រុង​ឡុងដ៍ នៅ​ថ្ងៃ​ពុធ និង​ជួប​លោក​ប្រធានាធិបតី​បារាំង នៅ​ទីក្រុង​ប៉ារីស នៅ​ថ្ងៃចន្ទក្រោយ។

អង្គការ Amnesty International បាន​ធ្វើការ​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ ជាពិសេស អង់គ្លេស និង​បារាំង ឲ្យ​ប្រើ​គ្រប់​មធ្យោបាយ​ការទូត​និង​នយោបាយ ដើម្បី​ដាក់សម្ពាធ​លើ​រដ្ឋាភិបាល​ថៃ ឲ្យ​បញ្ឈប់​ការ​អនុវត្ត​ទោស​ប្រហារ​ជីវិត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ