អានតួអត្ថបទ
កម្ពុជា-សុខាភិបាល

លោក ហ៊ុន សែន៖ គេ​បាន​បក​ស្រាយ​ខុស​អំពី​ការ​លើក​ឡើង​របស់​ខ្ញុំ​ទាក់ទង​បន្លែ​គីមី

លោកនាយករដ្ឋមន្ត្រីហ៊ុនសែននៅថ្ងៃចន្ទនេះ បាន​ចេញ​មុខ​អះអាង​ថា ​មាន​ការ​បកស្រាយ​ខុស​ជុំវិញ​ការ​លើកឡើង​របស់​លោក​ទាក់ទង​បន្លែគីមី។ ការ​បំភ្លឺ​របស់​ប្រមុខរដ្ឋាភិបាល​នា​ពេល​នេះ​ធ្វើ​ឡើង​ក្រោយ​លោក​បាន​និយាយ​២លើក​រួច​មក​ហើយ​អំពី​វត្ត​មានបន្លែគីមី​ ស្រប​ពេល​មាន​ការ​រិះ​គន់​ពី​សាធារណៈជន។   

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នា​​ឱកាស​អញ្ជើញ​ជា​អធិបតី​សម្ពោធ​ដាក់​ឲ្យ ប្រើ​ប្រាស់​អគារ​ព្យាបាល​ជំងឺ​មហារីក និងសម្ភព  នៅ​ក្នុង​មន្ទីរពេទ្យ​កាល់​ម៉ែត​ នៅថ្ងៃទី ១៥ ខែមករា។ ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នា​​ឱកាស​អញ្ជើញ​ជា​អធិបតី​សម្ពោធ​ដាក់​ឲ្យ ប្រើ​ប្រាស់​អគារ​ព្យាបាល​ជំងឺ​មហារីក និងសម្ភព នៅ​ក្នុង​មន្ទីរពេទ្យ​កាល់​ម៉ែត​ នៅថ្ងៃទី ១៥ ខែមករា។ ។ @FB/PM Hun Sen
ផ្សាយពាណិជ្ជកម្ម

នេះ​ជា​លើក​ទី៣​ហើយ​ដែល​ប្រមុខ​រដ្ឋាភិបាល​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និយាយ​ជា​សាធារណៈ​អំពី​បន្លែគីមី ។ តែ​លើក​នេះ​លោកនាយករដ្ឋមន្ត្រី​បាន​បកស្រាយ​ថា អ្នក​រិះគន់​លោក គឺ​ពួក​គេ​មិន​បាន​យល់​អស់​អំពី​អ្វី​ដែល​លោក​បាន​និយាយ​ទាក់ទង​បន្លែគីមី​។

បើតាម​លោក ហ៊ុន​ សែន អ្វី​ដែល​លោក​បាន​លើក​ឡើង​គឺ​មាន​បំណង​ល្អ ចង់​ឲ្យ​ពល​រដ្ឋ​ចេះ​ការពារ​ខ្លួន និង​ត្រួត​ពិនិត្យ​ដោយ​ខ្លួន​ឯង​តាមរយៈ​ការ​ពហិកា​កុំ​ទិញ​នូវ​ទំនិញដែល​ប្រើ​ជាតិគីមី។ លោក​បាន​សម្ដែង​ការ​ហួស​ចិត្ត​ថា គ្រាន់​តែ​ពាក្យ​សម្ដី​ប៉ុណ្ណឹង​សោះនាំ​ឲ្យ​មាន​ការ​វាយ​ប្រហារ​មក​លើ​រូប​លោក​ដែរ។ មិន​តបត​ត្រឡប់​ទៅ​វិញ លោក ហ៊ុន សែន អះអាងថា លោក​នៅ​តែ​បន្ត​ក្រើន​រំឭក​ទៅ​ពលរដ្ឋ​ឲ្យ​ចេះ​ការពារ​ប្រសើរ​ជាងព្យាបាល ដែល​ន័យ​នេះ​សំដៅ​ឲ្យ​ពលរដ្ឋ​ត្រួត​ពិនិត្យ​មុន​នឹង​ទិញ​នូវ​ទំនិញ​ប្រើ​ជាតិគីមីយក​មក​ប្រើប្រាស់។

ជាការកត់សម្គាល់ ការ​បកស្រាយ​របស់​លោក ហ៊ុន សែន នា​ពេល​នេះ​ធ្វើ​ឡើង​ក្រោយ​សាធារណៈជន​នាំ​គ្នា​រិះគន់​ចំពោះ​អ្វី​ដែល​ពួក​គេ​យល់​ថា នាយករដ្ឋមន្ត្រី​ស្ដី​បន្ទោស​ពលរដ្ឋ​​ខ្លួន​ឯង​រឿង​ទិញ​បន្លែ​គីមី​មក​បរិភោគ​ទៅ​វិញ។ ផ្អែក​តាម​មតិ​លើ​ហ្វេសបុក​អ្នក​ខ្លះរិះគន់​ចំៗ​ទៅ​កាន់​រដ្ឋាភិបាល និង​ខ្លះ​ទៀត​បាន​ចោទ​ជា​សំណួរ​ត្រឡប់​ទៅ​វិញ​ថា ពលរដ្ឋ​មើល​ម្ដេច​នឹង​ដឹង​ថា បន្លែ​ណា​មាន​ជាតិគីមី ហើយ​បន្លែ​ណា​គ្មាន​ជាតិគីម​នោះ បើ​រដ្ឋាភិបាល​មិន​ចេញ​មុខ​ដោះស្រាយ។

បន្លែ​គីមី​នាំ​ចូល​ពី​ប្រទេស​ជិត​ខាង​កម្ពុជា​ត្រូវបាន​គេ​មើល​ឃើញ​ថា កំពុង​វាយ​លុក​ទីផ្សារ​ស្រុក​ខ្មែរ​យ៉ាង​សម្បើម​ដោយ​គ្មាន​ការ​ទប់​ស្កាត់ ឬ​ក៏​មាន​ដែរ​តែ​ហាក់​ដូច​មិន​ភាពច្បាស់​លាស់។ នេះ​ក៏​ដោយ​សារ​ការ​ដាំដុះ​ក្នុង​ស្រុក​ផ្គត់ផ្គង់​មិន​ទាន់​តម្រូវការ ឬនិយាយម្យ៉ាង​ទៀត​ថា ដាំដុះ​ដែរ​តែ​គ្មាន​ទីផ្សារ​សម្រាប់​លក់​ក្នុង​ស្រុក​គឺ​បាន​តែ​នាំ​ចេញ។

មក​ដល់​ចំណុច​នេះ​អ្នក​ជំនាញ​កសិកម្ម​បាន​ផ្ដល់​ជា​យោបល់​ថា កុំ​ឲ្យ​មាន​ការ​ចោទ​គ្នា​ទៅវិញ​ទៅមក​លើ​រឿង​នេះ រដ្ឋាភិបាល​គួរ​លើកទឹក​ចិត្ត​ឲ្យ​ពលរដ្ឋ​បង្កើន​ទម្លាប់​ដាំដុះ​ជាលក្ខណៈ​គ្រួសារ ។ ចំណែក​ពលរដ្ឋ​ខ្លួន​ឯង​ក៏​គួរ​តែ​ត្រឡប់​ទៅ​រក​ទម្លាប់​ពី​មុន​វិញ​ដែរ​ដាំដុះ​ទៅ​តាម​លទ្ធភាព​អាច​ធ្វើ​បាន​ដូច​ជា ជី ស្លឹកគ្រៃ ជាដើម ជៀស​វាង​ការ​អង្គុយ​រងចាំរក​ដំណោះ​ស្រាយ​តែ​ពី​រដ្ឋាភិបាល៕  

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ