អានតួអត្ថបទ
អាមេរិក-ជប៉ុន

លោកអូបាម៉ា៖​​ការ​​ចងចាំ​​ព្រឹត្តិការណ៍​​ហ៊ីរ៉ូស្ហ៊ីម៉ា​​នឹង​​គ្មាន​​ថ្ងៃ​​រលត់​​សាបសូន្យ​​ទេ

នៅ​ថ្ងៃ​សុក្រ ទី២៧ ឧសភា​ដែល​ជា​ថ្ងៃ​បិទបញ្ចប់​ជំនួបកំពូល​នៃ​ក្រុម​ប្រទេស​មហាអំណាច​ឧស្សាហកម្ម​ទាំង ៧ ក្នុង​លោក លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់ អូបាម៉ា​បាន​អញ្ជើញ​ទៅ​ទស្សនកិច្ច​ក្នុង​ទីក្រុង​ហ៊ីរ៉ូស្ហ៊ីម៉ា។ ទីក្រុង​ហ៊ីរ៉ូស្ហ៊ីម៉ា​ដែល​បាន​ទទួល​រង​ការ​ទម្លាក់​គ្រាប់បែក​បរមាណូ​អាមេរិកាំង​កាល​ពី​ថ្ងៃទី៦ សីហា ឆ្នាំ ១៩៤៥​ដែល​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ១៤០ ០០០នាក់ និង​របួស​ជា​ច្រើន​ម៉ឺននាក់​ផ្សេង​ទៀត។ នេះ​ជា​លើក​ទី១​ដែល​មាន​ប្រធានាធិបតី​អាមេរិក​ម្នាក់​បាន​ទៅ​កាន់​ទីនោះ។ លោក​អូបាម៉ា​បាន​ចូលរួម​គោរពវិញ្ញាក្ខន្ធ​ចំពោះ​ជនរងគ្រោះ និង​បាន​ថ្លែង​ថា គេ​ត្រូវ​សម្លឹង​មើល​ប្រវត្តិសាស្រ្ត​ដើម្បី​កុំ​ឲ្យ​រឿង​អតីតកាល​កើត​មាន​ជា​ថ្មី និង​ថា ៖ការ​ចងចាំ​ព្រឹត្តិការណ៍​នៅ​ហ៊ីរ៉ូស្ហ៊ីម៉ា​ថ្ងៃទី៦ សីហា ១៩៤៥ នឹង​គ្មាន​ថ្ងៃ​រលត់​សាបសូនន្យ​បានទេ។

Reuters
ផ្សាយពាណិជ្ជកម្ម

« សង្រ្គាម​នៃ​ពិភពលោក​សម័យ​ទំនើប​បាន​បង្ហាត់បង្រៀន​យើង​ឲ្យ​ស្គាល់​ការ​ពិត​នេះ ហ៊ីរ៉ូស្ហ៊ីម៉ា​បាន​បង្រៀន​យើង​ឲ្យ​ស្គាល់​រឿង​ពិត​នេះ។ ការ​ធ្វើ​ឲ្យ​ចម្រើន​ផ្នែក​បច្ចេកវិទ្យា​ដែល​មិន​បាន​គិត​ដល់​តម្លែ​មនុស្សជាតិ​អាច​បង្ក​ឲ្យ​យើង​ខាតបង់​ធំធេង​ណាស់។ បដិវត្តន៍​វិទ្យាសាស្រ្ត​ដែល​ឈាន​ដល់​ការ​បំផ្ទុះ​សារធាតុ​អាតូម​ក៏​តម្រូវ​ឲ្យ​មាន​បដិវត្តន៍​ផ្លូវចិត្ត និង​សីលធម៌​ដែរ។

គឺ​ដោយ​ផ្អែក​លើ​ហេតុផល​នេះ​ហើយ​ដែល​យើង​បាន​មក​កាន់​ទីនេះ។
 
យើង​កំពុង​ឈរ​នៅ​ចំ​កណ្តាល​ទីក្រុង​មួយ​នេះ ហើយ​យើង​បាន​បង្ខំ​ខ្លួន​យើង​ឲ្យ​ប្រមូល​អារម្មណ៍​នឹក​ស្រម៉ៃ​ពេល​គ្រាប់បែក​បរមាណូ​បាន​ធ្លាក់។ យើង​បាន​បង្ខំ​ខ្លួន​យើង​ឲ្យ​ប្រមូល​អារម្មណ៍​នឹក​ស្រម៉ៃ​ក្តីរន្ធត់​របស់​កូនក្មេង​ដែល​មិន​យល់​សោះ​ឡើយ​នូវ​អ្វី​ដែល​ពួក​គេ​កំពុង​មើល​ឃើញ​ផ្ទាល់​ភ្នែក។
 
យើង​កំពុង​ស្តាប់​សម្លេង​សម្រែក​ដ៏​ស្ងៀមស្ងាត់។ យើង​បាន​ចងចាំ​ប្រជាជន​ស្លូតត្រង់​គ្រប់រូប​ដែល​បាន​ស្លាប់​នៅ​ក្នុង​សង្រ្គាម​ដ៏​គួរ​ឲ្យ​ខ្លាច​មួយ​នេះ រួម​ទាំង​សង្រ្គាម​ដែល​បាន​កើត​មាន​ពី​មុន និង​សង្រ្គាម​ដែល​បាន​កើត​មាន​បន្ត​មក​ទៀត។ ការ​ថ្លែង​ត្រឹម​តែ​ពាក្យ​សម្តី​មិន​អាច​គ្រប់គ្រាន់​ដើម្បី​បង្ហាញ និង​សម្តែង​ក្តី​ឈឺ​ចាប់​បែប​នេះ​បាន​ទេ។
 
ក៏​ប៉ុន្តែ យើង​មាន​ការ​ទទួល​ខុស​ត្រូវ​ចែក​រំលែក​គ្នា។ យើង​ត្រូវ​សម្លឹង​មើល​ប្រវត្តិសាស្រ្ត និង​ចោទ​ជា​សំណួរ​ថា តើ​យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ឲ្យ​ខុស​ពី​អ្វី​ដែល​យើង​បាន​ធ្វើ​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការ​រងទុក្ខវេទនា​បែ​ប​នេះ។ នៅ​ថ្ងៃ​ណា​មួយ សម្លេង​របស់​អ្នក​រួចជីវិត​ពី​ព្រឹត្តិការណ៍​ហ៊ីរ៉ូស្ហ៊ីម៉ា​នឹង​លែង​ស្ថិត​នៅ​ជាមួយ​យើង​ដើម្បី​ធ្វើ​ជា​សាក្សី​ទៀត​ឡើយ។ ក៏​ប៉ុន្តែ ការ​ចងចាំ​នៃ​ព្រឹក​ថ្ងៃទី៦ សីហា ១៩៤៥ នឹង​គ្មាន​ថ្ងៃ​រលត់​សាបសូន្យ​បាន​ទេ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ