អានតួអត្ថបទ
ស៊ីរី

អ.ស.ហ៖​បើ​មិន​បន្ថែម​ជំនួយ មាន​ពលរដ្ឋ​ស៊ីរី​ជា​ច្រើន​នឹង​ស្លាប់​ដោយ​អត់បាយ

លោក​មីស្ទូរ៉ា ប្រេសិត​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សំណុំរឿង​ស៊ីរី​បាន​ទាញ​សញ្ញា​អាសន្ន​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៦​ឧសភា​ថា បើ​សហគមន៍​អន្តរជាតិ​មិន​បន្ថែម​ជំនួយ​ឲ្យ​បាន​រួសរាន់​ទេ នោះ​នឹង​មាន​ពលរដ្ឋ​ស៊ីរី​ជា​ច្រើន​រយ​នាក់​ត្រូវ​ស្លាប់​ដោយ​អត់បាយ។ ការ​ព្រមាន​របស់​លោក​មីស្ទូរ៉ា​បាន​ធ្លាក់​មក ចំ​ពេល​ដែល​អង្គការ​សុខភាព​ពិភពលោក OMS បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ស្តីពី​អំពើហិង្សា​ប្រឆាំង​នឹង​បុគ្គលិក​បម្រើ​សេវា​សុខភាពនៅ​ក្នុង​១៩ប្រទេស។ តាម OMS ស៊ីរី​ជា​ប្រទេស​គ្រោះថ្នាក់​ជាង​គេ។

United Nations special envoy on Syria Staffan de Mistura speaks during a press conference in Vienna, Austria, on May 17, 2016.
United Nations special envoy on Syria Staffan de Mistura speaks during a press conference in Vienna, Austria, on May 17, 2016. LEONHARD FOEGER / POOL / AFP
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ក្រោយ​កិច្ចប្រជុំ​ក្រុម​ការងារ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស​ស្តីពី​ការ​នាំ​ជំនួយ​មនុស្សធម៌​ទៅ​ឲ្យ​ស៊ីរី​ដែល​លោក​មីស្ទួរ៉ា​បាន​ថ្លែង​ថា មាន​ជនស៊ីវិល​ស៊ីរី​ជា​ច្រើន​ដែល​កំពុង​រងគ្រោះ​ស្លាប់​ដោយ​គ្មាន​អាហារ​ទទួល​ទាន ពិសេស​ប្រជាជន​ដែល​រស់​ក្នុង​តំបន់​ឡោមព័ទ្ធ​ដោយ​កម្លាំង​រដ្ឋាភិបាល និង​ដែល​គេ​មិន​អាច​ដឹក​ជញ្ជូន​ជំនួយ​ទៅ​ដល់។ លោក​ហ្សង់ អ៊ីហ្ស៊ីឡាន អ្នក​ទទួល​ខុសត្រូវ​ក្រុម​ការងារ​ផ្គត់ផ្គង់​ជំនួយ​មនុស្សធម៌​ឲ្យ​ដឹង​ថា ការ​ចែកចាយ​ជំនួយ​មនុស្សធម៌​ក្នុង​ខែ​ឧសភា​នេះ​មាន​កម្រិត​តិចតួច​ខ្លាំង​ណាស់ បើ​ធៀប​នឹង​តម្រូវ​ការ​ជាក់ស្តែង​របស់​ប្រជាជន​ស៊ីរី។

ក្នុង​ចំណោម​ពលរដ្ឋ​ស៊ីរី​ប្រមាណ​ជា ១លាននាក់​ដែល​អង្គការ​សហប្រជាជាតិ​សង្ឃឹម​ដឹក​ជំនួយ​ទៅ​ឲ្យ​តាម​ផ្លូវគោក គឺ​មាន​តែ​ប្រមាណ ១៦០ ០០០នាក់​ប៉ុណ្ណោះ​ដែល​បាន​ទទួល។ លោក​ហ្សង់ អ៊ីហ្សីឡាន​បាន​បន្ថែម​ថា មាន​បញ្ហា និង​ឧបសគ្គ​ជា​ច្រើន​ដែល​ក្រុម​ការងារ​របស់​លោក​បាន​ជួប​ប្រទះ ទោះ​បី​ជា​នៅ​ទីកន្លែង​ដែល​មាន​ការ​អនុញ្ញាត​ពី​រដ្ឋអំណាច​ក្នុង​ស្រុក​ក៏​ដោយ។ ជាក់ស្តែង​គឺ​ស្រុក​ម៉ាដាយ៉ា​ដែល​កំពុង​ស្ថិត​ក្រោម​ការ​ឡោម​ព័ទ្ធ​របស់​កម្លាំង​រដ្ឋាភិបាល និង​ដែល​មាន​កូនក្មេង​យ៉ាង​ច្រើន​កំពុង​ខ្វះ​អាហារ ហើយ​ពួក​គេ​នឹង​ត្រូវ​ស្លាប់​បើ​ជំនួយ​នៅ​តែ​មិន​អាច​ចូល​ទៅ​បាន​ទេ​នោះ។

ក្រៅ​ពី​ជួប​ឧបសគ្គ និង​ការ​រារាំង​របស់​រដ្ឋអំណាច លោក​មីស្ទូរ៉ា​ក៏​បាន​ត្អូញត្អែរ​ពី​ការ​លំបាក​ដឹកជញ្ជូន​ជំនួយ ព្រោះ​មាន​តំបន់​ខ្លះ​មិន​អាច​ដឹក​តាម​រថយនុ្ត​បាន​ទេ។ ក្នុង​ករណី​នេះ លោក​ប្រេសិត​ពិសេស​សហប្រជាជាតិ​បាន​ស្នើ​ឲ្យ​មាន​ការ​ទម្លាក់​ជំនួយ​តាម​យន្តហោះ ឬ​តាម​ឧទ្ធម្ភាគចក្រ​នៅ​តាម​តំបន់​ដាច់​ស្រយោល ពិសេស​តំបន់​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល។ ទន្ទឹម​គ្នា​នឹង​ការ​ទាញ​សញ្ញា​អាសន្ន​របស់​លោក​មីស្ទូរ៉ា​ស្តីពី​គ្រោះ​អត់ឃ្លាន​នៅ​ស៊ីរី អង្គការ​សុខភាព​ពិភពលោក​​ OMS ទើប​បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ស្តីពី​អំពើហិង្សា​ប្រឆាំង​បុគ្គលិក​បម្រើ​សេវា​សុខភាព​ក្នុង ១៩ប្រទេស។

តាម​របាយការណ៍ មាន​ការ​វាយប្រហារ​ចំនួន ២៥៦ដង​សំដៅ​ទីកន្លែង រថយន្ត និង​បុគ្គលិក​បម្រើ​សេវា​សុខភាព​នៅ​ក្នុង ១៩ប្រទេស​នា​ឆ្នាំ ២០១៥ កន្លង​ទៅ។ ការ​វាយប្រហារ​នោះ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ៤៣៤នាក់ រួម​មាន​បុគ្គលិក​ពេទ្យ អ្នកជម្ងឺ និង​ជនស៊ីវិល​ផ្សេង​ទៀត។ OMS បាន​ចាត់​ចំណាត់ថ្នាក់​ស៊ីរី ជា​ប្រទេស​គ្រោះថ្នាក់​ជាង​គេ​សម្រាប់​បុគ្គលិក​បម្រើ​សេវា​សុខភាព ព្រោះ​ក្នុង​ឆ្នាំ ២០១៥ មាន​ការ​វាយប្រហារ​ចំនួន ១៣៥ដង​ដោយ​បាន​សម្លាប់​មនុស្ស ១៧៣នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ