វៀតណាមបង្កើនការបង្ក្រាបលើទំនិញក្លែងដាក់ស្លាក “ផលិតនៅវៀតណាម” ដើម្បីនាំចេញទៅអាមេរិក
អាជ្ញាធរទីក្រុងហាណូយ បានប្រកាសប្តេជ្ញាបង្ក្រាប នូវរាល់ក្រុមហ៊ុនសហគ្រាសទាំងឡាយណា ដែលក្លែងបន្លំដាក់ស្លាកសញ្ញា “ផលិតនៅវៀតណាម” ដើម្បីគេចពន្ធ ក្នុងការនាំចេញនូវមុខទំនិញនានាទៅកាន់សហរដ្ឋអាមេរិក។ ការប្រកាសនេះធ្វើឡើង ស្របពេលដែលមានរបាយការណ៍ដែលថា មានក្រុមហ៊ុនជាច្រើន បានប្តូរទីតាំងពីប្រទេសចិន ទៅកាន់ប្រទេសវៀតណាម ដើម្បីអាចឲ្យផលិតផលរបស់ពួកគេ គេចផុតពីការដំឡើងពន្ធ ដែលកើតចេញពីសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
អាជ្ញាធរវៀតណាម បានឲ្យដឹងថា ក្រុមហ៊ុនមួយចំនួន មិនបានគោរពច្បាប់ត្រឹមត្រូវ និងក្លែងបន្លំស្លាកសញ្ញា “ផលិតនៅវៀតណាម” ដើម្បីគេចពន្ធនាំចេញទៅកាន់បរទេស។ មុខទំនិញខុសច្បាប់ទាំងនោះ រួមជាអាទិ៍មាន វាយនភណ្ឌ ចំណីអាហារ និងផលិតផលកសិកម្មជាដើម ដែលតាមពិតទៅ សុទ្ធតែជា ទំនិញដែលផលិតឡើង នៅក្នុងប្រទេសចិនទាំងអស់។
បើតាមរបាយការណ៏មួយ ចុះផ្សាយនៅលើវេបសាយរបស់រដ្ឋាភិបាលវៀតណាម កាលពីពេលថ្មីនេះ មន្ត្រីគយ រឹបអូសបានមុខទំនិញក្លែងបន្លំឈ្មោះវៀតណាម ដើម្បីនាំចេញទៅសហរដ្ឋអាមេរិក អឺរ៉ុប និងជប៉ុន រាប់សិបករណីមកហើយ។
និន្នាការដែលបាននិងកំពុងកើតឡើងនេះ ធ្វើឲ្យប៉ះពាល់ដល់មុខមាត់ កេរ្តិ៍ឈ្មោះ មុខទំនិញរបស់វៀតណាមជាខ្លាំង។ វៀតណាម នឹងបន្ថែមស្ថានទម្ងន់ទោស ចំពោះការក្លែងបន្លំលើមុខទំនិញនានា។ នេះ គឺជាការលើកឡើងរបស់ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Binh Minh នៅក្នុងរបាយការណ៍ដដែលខាងលើនេះ។
គួរកត់សម្គាល់ថា រដ្ឋាភិបាលវៀតណាម នៅមួយរយៈពេលចុងក្រោយនេះ បានជំរុញឲ្យ មន្ត្រីគយរបស់ខ្លួន ចាត់វិធានការតឹងរឹង ម៉ឺងម៉ាត់បំផុត តាមដានមុខទំនិញនានាដែលដាក់ស្លាក “ផលិតនៅវៀតណាម” ដោយខុសច្បាប់ ក្នុងគោលបំណងគេចពន្ធនាំចេញទៅក្រៅប្រទេស ជាពិសេសទៅកាន់សហរដ្ឋអាមេរិក។
វៀតណាម ខិតខំទប់ស្កាត់ករណីនេះខ្លាំងណាស់ ពីព្រោះថាប្រសិនណាបើ បរាជ័យក្នុងការបង្ក្រាបផលិតផលទាំងនោះ វៀតណាមប្រឈមនឹងការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក ដែលជាដៃគូពាណិជ្ជកម្មដ៏ធំ និងសំខាន់បំផុតមួយរបស់ខ្លួន។
គួរគូសបញ្ជាក់ជូនថា ក្នុងរយៈពេលបីខែ នៃដើមឆ្នាំ ២០១៩ នេះ សហរដ្ឋអាមេរិក បាននាំចូលមុខទំនិញ ពីប្រទេសវៀតណាម ក្នុងតម្លៃទឹកប្រាក់ប្រមាណជិត ១៦ ពាន់លានដុល្លារ។ តួលេខនេះ កើនឡើង ៤០ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៨ កន្លងទៅ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ