អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

សកលភាវូបនីយកម្ម និង​ភាព​មិនពេញចិត្ត​របស់​ពលរដ្ឋ​ថ្នាក់ក្រោម​នៅ​បណ្តាប្រទេស​ជឿនលឿន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្នុង​អំឡុង​ប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ គេអង្កេតឃើញថា មាន​ទំនោរសង្គមមួយចំនួនបានកើតឡើងនៅបណ្ដាប្រទេសជឿនលឿន តួយ៉ាង ការជាប់គាំង ឬ​ក៏ការធ្លាក់​ចុះប្រាក់ចំណូលរបស់ពលរដ្ឋថ្នាក់កណ្តាល និងពលរដ្ឋថ្នាក់ក្រោម, អត្រានីកម្មភាពកើនឡើងជាពិសេសសម្រាប់យុវជន និងការបាត់បង់នូវសាមគ្គីភាពក្នុងសង្គម ដោយមាន​ការបែងចែកកាន់តែខ្លាំង រវាង​អ្នក​ក្រ​ធៀប​នឹង​អ្នក​មានខ្ពស់​បំផុត ១% ឬ ១០% ។ បញ្ហា​ទាំងនេះ​ត្រូវ​បាន​គេជឿជាក់​ថា​ មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និត​ជាមួយ​នឹង​ការ​កើន​ឡើង​នៃ​ភាពមិន​ពេញចិត្តចំពោះ​សកលភាវូបនីយកម្ម ឬកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ការប៉ះទង្គិចគ្នា​រវាង​ប៉ូលិស​និង​បាតុករ​នៅប៉ារីស ក្នុង​ទិវាពលកម្មអន្តរជាតិ ១ឧសភា២០១៨
ការប៉ះទង្គិចគ្នា​រវាង​ប៉ូលិស​និង​បាតុករ​នៅប៉ារីស ក្នុង​ទិវាពលកម្មអន្តរជាតិ ១ឧសភា២០១៨ REUTERS / Philippe Wojazer
ផ្សាយពាណិជ្ជកម្ម

ព្រឹត្តិការណ៍​នយោបាយដ៏​គួរ​ឱ្យភ្ញាក់ផ្អើល​ ជា​បន្តបន្ទាប់ បាន​កើត​ឡើង គិតចាប់តាំងពីឆ្នាំ២០១៦ នៅបណ្តាប្រទេស​ជឿនលឿន​។ ជាឧទាហរណ៍​ ការ​សម្រេចចិត្តដើរចេញពីសហភាពអឺរ៉ុប ក្រោយ​ការធ្វើប្រជាមតិរបស់ពលរដ្ឋនៃចក្រភពអង់គ្លេស, ការជាប់ឆ្នោត​របស់លោកប្រធានាធិបតីដូណាល់ ត្រាំ ដែល​ក្រោយមក​បាន​​រុញច្រាន​ ឱ្យ​សហរដ្ឋអាមេរិក ​ចាកចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ីប៉ាស៊ីហ្វិក និង​កិច្ច​ព្រមព្រៀង​បំរែបំរួល​អាកាសធាតុនៃទីក្រុង​ប៉ារីស ជាដើម និងការកើនឡើងសម្លេងគាំទ្រ​ លើ​​គណបក្ស​ស្តាំនិយម​ នៃបណ្តាប្រទេស​នៅ​អឺរ៉ុប​ ដែល​មាន​ទំនោរអនុវត្តន៍នយោបាយការពារនិយម ឬក៏ចង់ឱ្យ​ប្រទេសរបស់​ខ្លួន​ចាកចេញពីសហគមន៍អន្តរជាតិ ដូចជាគម្រោងសហភាពអឺរ៉ុប ឬ​គម្រោងចាយប្រាក់អឺរ៉ូ តួយ៉ាង​នៅអាល្លឺម៉ង់ បារាំង និងក្នុងពេលថ្មីៗនេះ នៅប្រទេសអ៊ីតាលី។

នៅបណ្តា​ប្រទេសជឿនលឿន មនុស្ស​កាន់​តែ​ច្រើន​ ទោះជាចេញពីក្រុមពលរដ្ឋសាមញ្ញដែល​មាន​ចំណូល​ទាប ឬក៏មធ្យម និង​សូម្បី​តែ​អ្នកនយោបាយជាន់ខ្ពស់​ ជឿថា រលក​នៃ​សកលភាវូបនីយកម្ម​ ហាក់​មិន​បាន​ផ្តល់ផលល្អទាំងអស់​នោះ​ទេ។ ជីវិត​​របស់ពួកគេហាក់​មាន​ភាពល្អ​ប្រសើណាស់នៅ​អតីតកាល ប៉ុន្តែបច្ចុប្បន្ន កម្រិតជីវភាព​កាន់តែយ៉ាប់​យឺនទៅៗ ជាពិសេស​ប្រឈម​នឹង​ការកើន​ឡើង​ឥតឈប់ឈរ​នៃ​មហាអំណាចអាស៊ី​ថ្មីថ្មោង ដូចជា ចិន​ និង​ឥណ្ឌា។ ​យោង​តាម​អ្នក​ជំនាញ មានទំនោរ​សង្គម​ចម្បង​បួន​ ដែល​មាន​ទំនាក់​ទំនង​យ៉ាង​ជិតស្និត​ទៅ​នឹង​បញ្ហា​ខាង​លើ។

ទំនោរសង្គមទីមួយ​គឺ​ ការជាប់គាំង​ ឬ​ក៏​ការធ្លាក់​ចុះ​ប្រាក់​ចំណូល​របស់ពលរដ្ឋថ្នាក់ទាប និងកណ្ដាល។ គេ​អង្កេតឃើញ​ថា​ នៅ​សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស បារំាង និងជប៉ុន ចំណូល​របស់​ពលរដ្ឋទាំង​ពីរក្រុម​ បាន និង​កំពុង​ជាប់គាំង ឬ​ក៏​ធ្លាក់ចុះទាបជាងមុន។ នៅសហរដ្ឋអាមេរិក កាលពី​កំឡុងឆ្នាំ​១៩៧០ មានយ៉ាង​ហោច​ណាស់​ជាង​៩០ភាគរយ​នៃ​ពលរដ្ឋ​អាយុ៣០ អាចរក​ចំណូលបាន​ច្រើន​ជាង​ចំណូល​របស់​ឪពុក​ម្ដាយ​របស់​ពួកគេ ធៀបនឹង​អាយុដំណាល​គ្នា។ តែមកដល់​ពេល​បច្ចុប្បន្ន ចំនួនភាគរយ ​ធ្លាក់​ចុះ​មក​ត្រឹម​តែប្រហែលជា ៥០ភាគរយ ប៉ុណ្ណោះ។

ទំនោរសង្គម​ទីពីរគឺ ការ​កើន​ឡើង​នៃ​ចំនួន​យុវជន​ដែល​គ្មាន​ការងារធ្វើ។ អត្រា​នីកម្មភាព​របស់​យុវជន​មាន​លើសពី​៤០ភាគរយ ក្នុងបណ្តាប្រទេស អ៊ីតាលី ក្រូអាស៊ី ក្រិក និង​អេស្ប៉ាញ។ រីឯ ក្នុង​ប្រទេស​អឺរ៉ុបទាំង២៨វិញ យ៉ាង​ហោច​ណាស់​ ក៏យុវជនគ្មាន​ការងារ​ធ្វើ មានប្រមាណច្រើនជាង ២០ភាគរយដែរ។ កត្តា​នេះ​បាន​ធ្វើឱ្យយុវជន​មានគំនិត​ទុដ្ឋិនិយមយ៉ាង​ខ្លាំង ចំពោះ​សេចក្តីសង្ឈឹម​របស់ពួកគេទៅថ្ងៃអនាគតខាង​មុខ ​ដែលពួកគេគ្មាន​សង្ឃឹម​ថា ​អាចនឹង​មាន​ជីវភាព​​​ប្រសើរជាង​អ្នក​ជំនាន់មុនបានឡើយ។

ទំនោរសង្គម​ទីបីគឺ ការធ្លាក់ចុះ “ចល័តភាពនៃសង្គម” ឬ​ជា​ភាសាបារាំង “la mobilité sociale” សំដៅ​ដល់​ ឱកាស​ដែល​មនុស្សជំនាន់ក្រោយនៃក្រុម​ពលរដ្ឋ​ថ្នាក់ទាប អាច​ផ្លាស់ប្តូរជោគវាសនារបស់​ខ្លួន​ទៅកាន់ពលរដ្ឋថ្នាក់កណ្តាល​ ឬ​ថ្នាក់ខ្ពស់​ កាន់តែមាន​ចំនួនធ្លាក់ចុះ។ និយាយ​ជារូម បញ្ហា​នេះ​ចង់​បង្ហាញ​​ថា៖ កាល​ដែលមនុស្សម្នាក់បាន​កើត​ក្នុង​គ្រួសារអ្នកមាន​ វា​នឹង​ផ្តល់ឱកាស​ឱ្យ​ពួកគេ​កាន់តែ​ខ្ពស់​ផងដែរ ដោយ​មិន​ចាំបាច់​ខំ​ប្រឹងប្រែង។​ លោក​សាស្រ្ដាចារ្យ​ Joseph Stiglitz ម្ចាស់​ពានរង្វាន់ណូបែលសេដ្ឋកិច្ច និយាយ​ជា​លក្ខណៈលេង​សើច​ទៅកាន់​និស្សិតសាកលវិទ្យាល័យថា៖ “នៅ​ក្នុង​សង្គមអាមេរិក​បច្ចុប្បន្ន​ ដែល​មាន​គំលាត​រវាង​អ្នក​មាន​ និង​អ្នកក្រធំធេង​បែប​នេះ រឿង​ដំបូងដែល​អ្នក​ត្រូវ​ធ្វើ​ដើម្បី​ទទួល​បាន​ជោគជ័យក្នុង​ជីវិត​ គឺ​ការ​ជ្រើស​រើស​កើត​ជា​មួយម្ដាយ​ឪពុក​ដ៏​ត្រឹម​ត្រូវ"។ 

ទំនោរសង្គម​ចុងក្រោយគឺ​ “ការបែងបាក់សាមគ្គីភាពក្នុងសង្គម”។ វាជាការកើន​ឡើង​នៃ​ការបែងចែករវាង​ អ្នក​មាន​បំផុត ១% ឬ​១០%​ ជាមួយ​នឹង​ពលរដ្ឋផ្សេងទៀត។ មនុស្ស​លែង​គិត​ដល់​ខ្លួន ឬសង្គម​របស់​ខ្លួន​ ដោយ​ប្រើ​ពាក្យ​ថា “ពួកយើង ឬ​សង្គម​របស់​ពួកយើង” ទៀត​ហើយ ប៉ុន្តែ​ជំនួសដោយ​ពាក្យថា “ពួកយើងប្រឈម​នឹង​ពួកគេ”។ នេះ​សំដៅ​ដល់​ការ​បែង​ចែក​កាន់​តែ​ខ្លាំង​ឡើង​ៗ រវាង អ្នក​មាន និង​អ្នកក្រ ឬ​រវាង អ្នក​នៅ​ទីក្រុង និង​អ្នក​នៅ​ជន​បទ។

ផ្អែក​តាម​អ្នក​ជំនាញ ទំនោរ​សង្គម​ទាំង​នេះ​បាន​កើត​ឡើង​រាប់ទសវត្សរ៍មកហើយ តែ​វា​រង់ចាំ​តែពេលវេលា​មក​ដល់ប៉ុណ្ណោះ ដើម្បី​បំប្លែងខ្លួនទៅ​ជា​​សម្លេង​ឆ្នោតចង់​បាន​ការផ្លាស់ប្ដូរសង្គម ​ពី​​អ្នក​នយោបាយ​។ ទោះ​ជា​ការ​មើល​ឃើញពី​បញ្ហា និងទស្សនាទាន​ដោះស្រាយ​ក្នុង​សង្គម​អាច​នឹង​មាន​ភាព​ខុសគ្នា ត្រង់ថា​តើ​នយោបាយ​ប្រឆាំង​នឹង​សកលភាវូបនីយកម្ម និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ត្រឹម​ត្រូវ​ឬយ៉ាង​ណា ក៏​អ្វី​ដែល​រដ្ឋាភិបាល​ត្រូវ​ធ្វើ​គឺ​ការ​កែប្រែសង្គមរបស់​ពួកគេ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ