អានតួអត្ថបទ

ក្រុមប្រឹក្សាសន្តិសុខ​ មិនអាច​លូកដៃ​ដោះស្រាយ​វិបត្តិ​នៅស៊ូដង់​ដោយសារ​ចិន​និងរុស្ស៊ី​

ស្ថានការណ៍នយោបាយនៅក្នុងប្រទេសស៊ូដង់ នៅតែស្ថិតនៅក្នុងស្ថានភាពច្របូកច្របល់ ក្រោយពេលដែលក្រុមយោធា បានបើកការបង្ក្រាប និងសម្លាប់ក្រុមបាតុករយ៉ាងតិច ៦០ នាក់រួចមក។ ជាមួយគ្នានេះផងដែរ ស្ថានការណ៍នៅស៊ូដង់ ក៏កំពុងបន្តស្ថិតក្នុងភាពមិនប្រាកដប្រជាខ្លាំងមួយកម្រិតថែមទៀត បន្ទាប់ពីកិច្ចប្រជុំពិភាក្សារបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិត្រូវជាប់គាំង ដោយសារមានការប្រឆាំងជំទាស់ពីសំណាក់ ប្រទេសចិន និងរុស្ស៊ី។

ក្រុមបាតុករចេញធ្វើការតវ៉ាទាមទារឲ្យពួកយោធា ប្រគល់អំណាចទៅឲ្យក្រុមស៊ីវិល នាថ្ងៃទី ៣ មិថុនា ឆ្នាំ២០១៩។
ក្រុមបាតុករចេញធ្វើការតវ៉ាទាមទារឲ្យពួកយោធា ប្រគល់អំណាចទៅឲ្យក្រុមស៊ីវិល នាថ្ងៃទី ៣ មិថុនា ឆ្នាំ២០១៩។ REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

ក្រោយការបង្ក្រាបដ៏ហិង្សា ដែលបានសម្លាប់បាតុករស៊ូដង់យ៉ាងតិចជាង ៦០ នាក់ និងបង្កឲ្យមានអ្នករបួសជាច្រើនរយនាក់ ប្រទេសអាល្លឺម៉ង និងអង់គ្លេស បានអំពាវនាវឲ្យក្រុមបណ្តាប្រទេសជាសមាជិករបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប ជួបប្រជុំគ្នាដើម្បីរួមគ្នាជួយដោះស្រាយវិបត្តិដ៏ធ្ងន់ធ្ងរមួយនេះ។

បើយោងទៅតាមសេចក្តីព្រាងមួយ ដែលមើលឃើញដោយសារព័ត៌មានបារាំង AFP ប្រទេសអង់គ្លេស និងអាល្លឺម៉ង់ បានជួបប្រជុំគ្នា និងបានសម្រេចនូវសេចក្តីថ្លែងការណ៍រួមមួយ ដោយអំពាវនាវឲ្យ ក្រុមយោធាស៊ូដង់ និងបាតុករបន្តដោះស្រាយវិវាទដោយសន្តិវិធី។

តែទោះជាយ៉ាងណាក៏ដោយ នាខណៈនេះក្រុមប្រឹក្សាសន្តិសុខមិនអាចធ្វើអ្វីបាននោះទេ ហើយកិច្ចប្រជុំត្រូវបានជាប់គាំង ដោយសារមានការប្រឆាំងជំទាស់ពីសំណាក់ប្រទេសចិន និងរុស្ស៊ី មិនឲ្យថ្កោលទោសចំពោះការសម្លាប់ជនស៊ីវិលនៅក្នុងប្រទេសស៊ូដង់នាពេលកន្លងមកថ្មីៗនោះទេ។

ចិនបានប្រឆាំងជំទាស់ជាដាច់ខាតចំពោះ ការចង់ថ្កោលទោសលើក្រុមយោធាស៊ូដង់ និងការចង់អំពាវនាវឲ្យប្រទេសធំៗនៅក្នុងពិភពលោក រួមដៃគ្នាចាត់វិធានការបន្ទាន់ ដើម្បីបញ្ចប់នូវរាល់អំពើហិង្សាដែលអាចកើតមានឡើង នៅក្នុងប្រទេសស៊ូដង់ ដែលកំពុងផុងខ្លួនក្នុងវិបត្តិ។

ទាក់ទងរឿងនេះដែរ ប្រទេសរុស្ស៊ី មិនបានចេញមុខជំទាស់ដាច់អហិង្កា ដូចជាប្រទេសចិនឡើយ។ រុស្ស៊ី គ្រាន់តែទទូចឲ្យក្រុមប្រឹក្សាសន្តិសុខអ.ស.ប រង់ចាំមើលការឆ្លើយតប និងប្រតិកម្មពីសំណាក់ សហភាពអាហ្វ្រិកជាមុនសិន។

គួរជ្រាបថា ទោះបីជា កិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប ត្រូវបរាជ័យយ៉ាងណាដ៏ដោយ ក៏ប្រទេសសហភាពអឺរ៉ុប ចំនួន៨​បានចេញនូវសេចក្តីថ្លែងការណ៍រួមមួយ ដោយបានថ្កោលទោសចំពោះការបង្ក្រាបយ៉ាងហិង្សារបស់ ពួកយោធាស៊ូដង់ ទៅលើក្រុមបាតុករ។ ក្រុមបាតុករ ដែលបានចេញធ្វើការតវ៉ាជាច្រើនសប្តាហ៍ នៅពីមុខ​អគ្គសេនាធិការដ្ឋាន​កងទ័ព​ក្នុង​ទីក្រុង​ខាទុំ ដើម្បីទាមទារឲ្យពួកយោធា ប្រគល់អំណាចទៅឲ្យក្រុមស៊ីវិលវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ