អានតួអត្ថបទ
ហុងកុង

សំណុំ​រឿង​បាតុកម្ម៖ ហុងកុង​នឹង​ចោទ​ប្រកាន់​មនុស្ស​៤៤​នាក់​ពី​បទ​ប្រើ​ប្រាស់​អំពើ​ហិង្សា

ប៉ូលីស​ហុងកុង​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ ទី​៣០​កក្កដា​នេះ​ថា ខ្លួន​កំពុង​តែ​ដំណើរការ​នីតិវិធីឈាន​ទៅ​​ចោទ​ប្រកាន់​មនុស្ស​ចំនួន​៤៤​នាក់ ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​បាតុកម្ម​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​។ គួរ​កត់​សម្គាល់​ថា ចំណាត់ការ​របស់​អាជ្ញាធរ​ហុងកុង​ដូច្នេះ ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​រដ្ឋាភិបាល​ចិន នៅ​ថ្ងៃ​ចន្ទ​ទី​២៩​កក្កដា ទាមទារ​ឲ្យ​ហុងកុង ដាក់​ទោសទណ្ឌ​ចំពោះ​​អ្នក​បង្ក​អំពើ​ហិង្សានិង​ប្រព្រឹត្ត​អំពើ​ខុស​ច្បាប់​។

ប៉ូលីស​បង្ក្រាប​បាតុកម្ម​នៅ​ហុងកុង ថ្ងៃ​ទី ២៧ កក្កដា ២០១៩
ប៉ូលីស​បង្ក្រាប​បាតុកម្ម​នៅ​ហុងកុង ថ្ងៃ​ទី ២៧ កក្កដា ២០១៩ REUTERS/Edgar Su
ផ្សាយពាណិជ្ជកម្ម

បាតុករ​ចំនួន​៤៤​នាក់ ដែល​កំពុង​តែ​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​សមត្ថកិច្ច អាច​ប្រឈម​នឹង​ទោស​ជាប់​ពន្ធនាគារ​រហូត​ដល់​ទៅ​១០​ឆ្នាំ ប្រសិន​បើ​ពួកគេ​ត្រូវ​តុលាការហុងកុង​​កាត់​ទោស​​ពាក់ព័ន្ធ​នឹង​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​។ ​អំពើ​ហិង្សា ដែល​ផ្ទុះ​ឡើង​នៅ​ក្នុង​ក្បួន​បាតុកម្ម​នៅ​ហុងកុង កាល​ពី​ថ្ងៃ​អាទិត្យ ចុង​សប្ដាហ៍​មុន​។

រដ្ឋាភិបាល​ចិន កាល​ពី​ថ្ងៃ​ចន្ទ ទី​២៩​កក្កដា បានហៅ​ការ​ធ្វើ​បាតុកម្ម​លាយឡំ​នឹង​អំពើ​ហិង្សា​នៅ​ហុងកុង​ថា​ ជា​ការ​គំរាម​កំហែង​ដល់​ស្ថិរភាពនិង​វិបុលភាព​របស់​ហុងកុង។ ចិន បានប្រាប់​ឲ្យ​រដ្ឋ​អំណាច​ហុងកុង ​ដាក់​ទោស​ទណ្ឌ​ចំពោះ​អ្នក​ដែល​ប្រើ​ប្រាស់​អំពើ​ហិង្សា​និង​ប្រព្រឹត្ត​ខុស​ច្បាប់ ដើម្បី​ស្ដារ​ឡើង​វិញ​នូវ​របៀប​រៀបរយ​សង្គម និង​រក្សា​ឲ្យ​បាន បរិយាកាស​ធុរកិច្ច​នៅ​ហុងកុង​។ មួយ​ថ្ងៃ​ក្រោយមក ពោល​គឺ​នៅ​ថ្ងៃ​អង្គារ​ទី​៣០​កក្កដា ហុងកុង​បាន​ប្រកាស​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច កំពុង​ដំណើរការ​នីតិវិធី​ចោទ​ប្រកាន់​បាតុករ​ទាំង​៤៤​រូប មុន​នឹង​ចេញ​សេចក្ដី​ថ្លែងការណ៍​អំពី​ករណី​នេះ​នា​ពេល​ក្រោយ​។

សូម​ជម្រាប​ជូន​ថា ការ​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​របស់​​ប្រជាជន​ហុងកុង បានកើត​ឡើង​​ជា​រៀងរាល់​ចុង​សប្ដាហ៍ អស់​រយៈ​ពេល​ជិត​២​ខែរួច​មក​​ហើយ។ បាតុកម្ម​នេះ ពី​ដំបូង​ឡើយ ធ្វើ​ឡើងក្នុង​ទម្រង់​អហិង្សា ដោយ​មាន​ត្រឹម​តែ​ការ​ជួប​ប្រជុំ​គ្នាលើក​បដា និង​សម្ដែង​មតិ​ប៉ុណ្ណោះ​​។ ប៉ុន្តែ​ពីរ​សប្ដាហ៍​ចុង​ក្រោយ​នេះ រដ្ឋ​អំណាច​​ហុងកុង បាន​ដាក់​ពង្រាយ​កម្លាំង​ចុះ​បង្ក្រាប​ក្រុម​បាតុករ ​​ដោយ​ប្រើ​ប្រាស់​គ្រាប់​កាំភ្លើង​កៅស៊ូ និង​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក។ សម្រាប់​រដ្ឋ​អំណាច​ហុងកុងដែល​ស្និទ្ធ​នឹង​ទីក្រុង​ប៉េកាំង ​ការ​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​របស់​ក្រុម​បាតុករ​ទាំង​នេះ គឺ​ជា​ទង្វើ​ខុស​ច្បាប់​។

ជា​ការ​កត់​សម្គាល់ បើ​ទោះ​បី​ជា​មាន​ការ​គំរាម​កំហែងដាក់​ទោសទណ្ឌ​យ៉ាង​ណា​ក៏​ដោយ ក៏​ក្រុម​បាតុករ​អ្នក​ស្នេហា​ប្រជាធិបតេយ្យ​នៅ​ហុងកុង ហាក់​ដូច​ជា​មិន​ញញើត​បន្តិច​សោះឡើយ​។ ក្រុម​បាតុករ​បាន​ប្ដេជ្ញា​ប្រមូល​ផ្ដុំ​គ្នា​បន្ត​ទៀត។ ហើយ​បន្ថែម​ពី​លើ​នេះ ពួក​គេទទូច​​ឲ្យ​រដ្ឋ​អំណាច​ហុងកុង ដោះ​លែង​អ្នក​ជាប់​ឃុំ​ទាំង​អស់ ព្រមទាំង​ទាមទារ​ឲ្យ​ប្រមុខ​ដឹក​នាំ​ហុងកុង គឺ​លោក​ស្រី Carrie Lam ចុះ​ចេញ​ពី​តំណែង​ ដើម្បី​ឲ្យ​ពួក​គេ​មាន​សិទ្ធិ​ជ្រើស​រើស​មេ​ដឹក​នាំ​ថ្មី​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ