អានតួអត្ថបទ

អ.ស.ប​៖ ការវាយប្រហារ​ទៅលើ​មូលដ្ឋាន​អ.ស.ប​នៅម៉ាលី​ សម្លាប់​កងរក្សា​សន្តិភាព​ចំនួន​៨នាក់​​

ខ្មាន់កាំភ្លើងមួយក្រុម ​ បានបាញ់សម្លាប់​កងកម្លាំង​ថែរក្សាសន្តិភាព​របស់​អង្គការសហប្រជាជាតិ​ចំនួន ៨ នាក់​ នៅក្នុង​ការវាយប្រហារមួយ​ នៅថ្ងៃអាទិត្យ​ទី២០​ មករា​ឆ្នាំ២០១៩។ ការវាយប្រហារនេះ​ បានកើតឡើង​នៅឯ​មូលដ្ឋាន​របស់​ អ.ស.ប​ នៅភាគខាងជើង​ប្រទេសម៉ាលី​។ នេះ​បើតាមការឲ្យដឹង​ ពី​ប្រភពដែលស្និទ្ធ​នឹងកងកម្លាំងចម្រុះ​របស់​អ.ស.ប ដែល​មានបេសកកម្ម​ជួយរក្សាស្ថេរភាព​ នៅក្នុងប្រទេសម៉ាលី​។

កងកម្លាំងរក្សាសន្តិសុខរបស់អ.ស.ប កំពុងធ្វើប្រតិបត្តិការនៅ ក្នុងតំបន់ Mopti នៃប្រទេសម៉ាលី នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨។
កងកម្លាំងរក្សាសន្តិសុខរបស់អ.ស.ប កំពុងធ្វើប្រតិបត្តិការនៅ ក្នុងតំបន់ Mopti នៃប្រទេសម៉ាលី នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨។ MINUSMA/Gema Cortes
ផ្សាយពាណិជ្ជកម្ម

ការវាយប្រហារ​ បានកើតឡើង​ ទាំងព្រឹកព្រលឹម​ថ្ងៃអាទិត្យ​នេះ​ នៅឯ​មូលដ្ឋាន​របស់ អ.ស.ប​ ដែល​មានទីតាំង​នៅក្បែរ​ព្រំដែន​ប្រទេសម៉ាលី​ និង​ប្រទេសអាល់ហ្សេរី​។ មន្ត្រីការពារសន្តិសុខ​ជាតិម៉ាលីម្នាក់​បានឲ្យដឹងថា​ យ៉ាងហោចណាស់​ក៏មានមនុស្សចំនួន​៦ នាក់ដែរ​ ត្រូវបានសម្លាប់​ ហើយមាន​១៩ នាក់ផ្សេងទៀត​រងរបួស​ នៅក្នុង​ហេតុការណ៍​បាញ់ប្រហារនេះ​។

ទាក់ទងរឿងនេះដែរ​ មន្ត្រីការទូតម្នាក់​ ដែលធ្វើការ​នៅក្នុង​តំបន់កើតហេតុ​ បានប្រាប់​ទីភ្នាក់ងារ​ព័ត៌មានបារាំង​ AFP ថា​ ក្រុមខ្មាន់កាំភ្លើង​ជាច្រើននាក់​ ក៏ត្រូវបាន​បាញ់សម្លាប់វិញផងដែរ​ ក្នុងពេល​តតាំងគ្នា​ជាមួយ​កងកម្លាំង​មួកខៀវ​របស់​អ.ស.ប ។  សូមជ្រាបថា​ កាលពីឆ្នាំ​ទៅមិញ​ នៅក្នុង​ខែមេសា​ ការវាយប្រហារ​ដូចគ្នានេះ​ ក៏​ធ្លាប់កើតមាន​ ម្តងរួចមកហើយដែរ​ នៅ​មូលដ្ឋាន​របស់​អ.ស.ប​ ក្បែរ​ព្រំដែន​ប្រទេសអាល់ហ្សេរី​នេះ​។ កាលណោះ​ មាន​កងទ័ពមួកខៀវ​របស់​អ.ស.ប ​ចំនួន​២​នាក់ត្រូវបានសម្លាប់​។

សព្វថ្ងៃនេះ​ អ.ស.ប​ បានដាក់ពង្រាយ​កងកម្លាំង​ថែរក្សាសន្តិភាព​របស់ខ្លួន​ចំនួនច្រើនជាង​ ១៣ ០០០ នាក់​ នៅក្នុង​ប្រទេសម៉ាលី​ ដើម្បីជួយស្តារស្ថេរភាព​នៅប្រទេសម៉ាលី​ ដែលបាននិងកំពុង ទទួលរងគ្រោះដោយ​ការវាយប្រហារហិង្សានានា​ ធ្វើឡើងដោយ​ពួកសកម្មប្រយុទ្ធអ៊ីស្លាម​ ដែល​វាយដណ្តើមកាប់កាប់បាន​ តំបន់ភាគខាងជើង​ប្រទេសម៉ាលី​ នាឆ្នាំ២០១២។

គួររំឭកជូនថា​ ការជួយរក្សាសន្តិភាព​នៅក្នុងប្រទេសម៉ាលី​ គឺជាផ្នែកមួយ​នៃបេសកម្ម​របស់ អ.ស.ប​ ដែល​ប្រសូតចេញ​ជារូបរាង​ដំបូងឡើយ​ក្នុងឆ្នាំ​ ២០១៥​ តាមរយៈ​ការខ្នះខ្នែង​របស់​ រដ្ឋាភិបាលម៉ាលី​ និង​កងកម្លាំង​ប្រដាប់អាយុទ្ធ​ក្នុងស្រុក​។

តែទោះជាយ៉ាងណាក្តី​ រហូតមកទល់នឹងពេលនេះ​ អំពើហិង្សា ​និងការវាយប្រហារ​នានា​ បង្កដោយ​ក្រុមសកម្មប្រយុទ្ធអ៊ីស្លាម​ នៅតែបន្តកើតមាន​នៅភាគខាងជើង​ នៃប្រទេសម៉ាលី​ និងបន្តរីករាលដាល​ទៅតំបន់ផ្សេងៗទៀតផង​ដែរ។

ជុំវិញបញ្ហានេះដែរ​ នៅដើមខែមករា​ ឆ្នាំ ២០១៩ នេះ​ សហរដ្ឋអាមេរិក​ ព្រមទាំង​ប្រទេសបារាំង​ បានចេញមុខ​រិះគន់​ចំពោះអាជ្ញាធរម៉ាលី​ ដែល​បរាជ័យ​ក្នុងការទប់ស្កាត់​ កុំឲ្យអំពើហិង្សានានា​ បន្តរីកធំឡើង​នៅក្នុងប្រទេសរបស់ខ្លួន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ