អានតួអត្ថបទ
អាមេរិក-ឥណ្ឌា-ចិន

អាមេរិក​និង​ឥណ្ឌា​ពិចារណា​លើ​គម្រោង​ធ្វើ​ល្បាត​រួមគ្នា​នៅ​សមុទ្រ​ចិន​ខាងត្បូង

មន្រ្តី​រដ្ឋាភិបាល​អាមេរិក​បាន​អះអាង​ឲ្យដឹង​ថា អាមេរិក​និង​ឥណ្ឌា​កំពុងតែ​ជជែក​គ្នា អំពី​គម្រោង​ធ្វើ​ល្បាតទ័ពជើងទឹករួមគ្នា នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។ ការធ្វើ​ល្បាតរួមគ្នា នៅក្នុង​តំបន់​នេះ ​ដែល​កំពុង​ជាប់ជម្លោះក្តៅគគុក​ រវាង​ចិន និង​ប្រទេស​ជិតខាង​ក្នុង​តំបន់​អាស៊ាន​ ប្រាកដ​ជា​នឹង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ឆេះដុំ​​ជាមិនខាន។

នាវាចម្បាំង​ឈ្មោះ​ USS Curtis Wilbur ដែល​អាមេរិក​ធ្លាប់​បាន​បញ្ជូន​ឲ្យ​ចូល​ទៅ​ល្បាត​នៅ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង កាល​ពីពេល​កន្លងមក
នាវាចម្បាំង​ឈ្មោះ​ USS Curtis Wilbur ដែល​អាមេរិក​ធ្លាប់​បាន​បញ្ជូន​ឲ្យ​ចូល​ទៅ​ល្បាត​នៅ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង កាល​ពីពេល​កន្លងមក Reuters
ផ្សាយពាណិជ្ជកម្ម

កាលពីពេល​កន្លងទៅ​ថ្មីៗ​នេះ អាមេរិក​បាន​ធ្វើ​ឲ្យ​ចិន​ផ្ទុះកំហឹង​ជាច្រើន​លើករួចមកហើយ តាមរយៈ​ការ​បញ្ជួន​នាវា និង​យន្តហោះ​ចម្បាំង​ឲ្យ​ចូល​ទៅ​ល្បាត នៅ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង ជាពិសេស នៅ​ក្នុង​ដែនទឹក​ជុំវិញ​កោះ​សិប្បនិមិត្ត​ដែល​ចិន​​បាន​សាងសង់ឡើង។

ក៏ប៉ុន្តែ អាមេរិក​មិន​ចង់​ធ្វើ​សកម្មភាព​អស់ទាំងនេះ​តែម្នាក់ឯង​នោះទេ ដោយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីងតោន​បាន​ព្យាយាម​បញ្ចុះបញ្ចូល​ឲ្យ​បណ្តា​ប្រទេស​ផ្សេងទៀត​នៅ​ក្នុង​តំបន់ បង្ហាញ​នូវ​ជំហរ​រួមគ្នា ដើម្បីទប់ទល់​ជាមួយចិន នៅ​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង ហើយ​ការ​បើក​ធ្វើ​ប្រតិបត្តិការ​ល្បាត​ដែន​សមុទ្រ​រួមគ្នា គឺ​ជា​វិធានការ​មួយ​ នៅ​ក្នុង​គម្រោងការណ៍​របស់​អាមេរិក។

កាល​ពីខែមុននេះ មន្រ្តី​ការទូត​អាមេរិក​ធ្លាប់​បាន​លើកឡើង​ម្តងរួចមកហើយ​ អំពី​លទ្ធភាព​បើក​ប្រតិបត្តិការ​ល្បាត​ដែន​សមុទ្រ​រួមគ្នា​ជាមួយ​នឹង​ហ្វីលីពីន មុននឹង​បង្ហើប​ឲ្យដឹង​អំពី​គម្រោង​ល្បាតដែនសមុទ្រ​រួមគ្នា​ជាមួយ​នឹង​កងទ័ព​ជើងទឹក​ឥណ្ឌា។

ខុសពី​ហ្វីលីពីន​ដែល​ជាប់ជម្លោះ​ដោយ​ផ្ទាល់​ជាមួយចិន ឥណ្ឌាវិញ ក៏ដូចជា​សហរដ្ឋ​អាមេរិក​ដែរ សុទ្ធតែ​ជា​ប្រទេស​ក្រៅ​ដែល​​មិនមាន​ជាប់ជម្លោះ​ណាមួយ​ទាល់តែសោះ​ នៅក្នុង​​សមុទ្រ​ចិន​ខាង​ត្បូង។ ក៏ប៉ុន្តែ ប្រទេស​ទាំងពីរ​នេះ​មាន​ប្រយោជន៍​​ច្រើន​ពាក់ព័ន្ធ​នឹង​សមុទ្រ​ចិន​ខាង​ត្បូង ដែល​ជា​​ច្រក​ឆ្លងកាត់​ដ៏សំខាន់​នៃ​លំហូរ​ពាណិជ្ជកម្ម​អន្តរជាតិ​តាមផ្លូវសមុទ្រ។ លើសពីនេះ​ទៅទៀត ឥណ្ឌា​មាន​ជាប់ពាក់ព័ន្ធ​ច្រើន​នឹង​គម្រោង​រុករក​និង​ធ្វើ​អាជីវកម្ម​បូមប្រេង​ ដែល​បាន​ចុះ​កិច្ចសន្យា​ជាមួយ​វៀតណាម ហើយ​ប្លុក​អាជីវកម្ម​ប្រេង​នេះ គឺ​ស្ថិត​នៅ​ក្នុង​តំបន់​ដែល​កំពុង​ជាប់​ជម្លោះ​ជាមួយ​ចិន។

ហេតុដូចនេះ​ហើយ​បាន​ជា​គេ​សង្កេតឃើញ​ថា ឥណ្ឌា​បាន​លូកដៃ​ចូល​ពាក់ព័ន្ធ​កាន់តែ​ជ្រៅឡើង នៅ​ក្នុង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ជាពិសេស ឆ្លៀត​ក្នុងពេល​ដែល​មាន​សហរដ្ឋ​អាមេរិក​ធ្វើ​ជាគ្នា​ ដើម្បី​ប្រឈមមុខ​ជាមួយ​នឹង​ចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ