អានតួអត្ថបទ

ប្រទេសមហាអំណាច​ធំៗ​​អាច​ទាស់​សម្តីគ្នា​ក្នុង​កិច្ចប្រជុំ​​អង្គការ​ហាមឃាត់​អាវុធគីមី​

នៅក្នុង​កិច្ចប្រជុំ​ រៀបចំឡើងដោយ​អង្គការ​ហាមឃាត់​អាវុធគីមី​អន្តរជាតិ​ នៅថ្ងៃចន្ទ​នេះ​ ប្រធានបទក្តៅ​មួយចំនួន​ នឹងត្រូវ​គេ​លើកយកមក​ដេញដោលគ្នា​ ដែល​ក្នុងនោះ​ក៏មានផងដែរ​រឿង​អាស្រូវចារកម្ម​ ប្រើប្រាស់​អាវុធ​គីមីពុល​ ដោយ​ប្រទេសរុស្ស៊ី​។ ការនេះ​ ជាហេតុ​ធ្វើឲ្យ​គេគិតថា​ ក្រុមប្រទេស​មហាអំណាចធំៗ​លើលោក​ អាចនឹងទាស់ទែង​សម្តីគ្នាខ្លាំង​ជាក់ជាមិនខាន​។

ទីស្នាក់ការកណ្តាលរបស់អង្គការហាមឃាត់អាវុធគីមីអន្តរជាតិ OPCW នៅទីក្រុងឡាអេ ប្រទេសហូឡង់។
ទីស្នាក់ការកណ្តាលរបស់អង្គការហាមឃាត់អាវុធគីមីអន្តរជាតិ OPCW នៅទីក្រុងឡាអេ ប្រទេសហូឡង់។ AFP
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃចន្ទ​ ទី១៩​ វិច្ឆិកា​នេះ​ ប្រទេស​ចំនួន​១៩៣​ បាន​មកជួប​ពិភាក្សាគ្នា​ នៅ​ទីក្រុង​ឡាអេ​ ប្រទេសហូឡង់​ ជុំវិញ​ការវាយប្រហារ​ដោយអាវុធគីមី​ខុសច្បាប់​ និង​អនាគត​របស់​អង្គការ​ហាមឃាត់​អាវុធគីមី​អន្តរជាតិ​ ដែល​កំពុង​បន្តចុះខ្សោយ​ឥទ្ធិពល​របស់ខ្លួន​។

ប្រធានបទ​ក្តៅសំខាន់ៗ​ ដែល​គេ​នឹង​លើកយកមក​ដាក់លើ​តុ​ចរចា​នោះ​រួមមាន​ ការ​ទទួលខុសត្រូវ​របស់​ប្រទេសរុស្ស៊ី​ និង​រដ្ឋាភិបាល​ស៊ីរី​ ដែលជា​សម្ព័ន្ធមិត្តនឹងគ្នា​ ក្នុងការ​ប្រើ​អាវុធគីមី​វាយប្រហារ​ក្នុង​ប្រទេសស៊ីរី​។ ក្រោយ​ការវាយប្រហារ​នេះ​ សហរដ្ឋអាមេរិក​ បារាំង​ និងអង់គ្លេស​ បាន​ទម្លាក់​ការទទួលខុសត្រូវ​ទៅលើ​រដ្ឋាភិបាលស៊ីរី​ និង​រុស្ស៊ី​ដែលជា​សម្ព័ន្ធមិត្ត​។ ប៉ុន្តែ​ រុស្ស៊ី​ប្រឆាំង​ជាដាច់ខាត​ ចំពោះ​ការលើកឡើង​បែបនេះ​ របស់​ប្រទេស​លោកខាងលិច​ទាំង៣​។

សូមរឭកជូនថា​ កាលពី​ខែ​មីនា ឆ្នាំ២០១៨ ​ការ​វាយប្រហារដោយ​សារធាតុ​គីមី បាន​សម្លាប់​មនុស្សជាង​ ៤០​នាក់​ក្នុងទីក្រុង​ឌូម៉ា នៅ​តំបន់​ហ្គូតា​ ភាគខាងកើត​នៃប្រទេស​ស៊ីរី។

គួរ​កត់សម្គាល់​ទៀតថា​ ដោយសារតែ​ការប្រើប្រាស់​អាវុធគីមី​នៅតែ​បន្តមាន​ ទើបគេ​ក៏ចាប់​ផ្តើម​ចោទ​ជាសំនួរ​ផងដែរ​អំពីតួនាទី​ ព្រមទាំង​ដែន​អំណាចរបស់​អង្គការ​ហាមឃាត់​អាវុធគីមី​អន្តរជាតិ​ នាពេលបច្ចុប្បន្ន​។

ទន្ទឹមគ្នានេះ​ដែរ​ លោក​ Fernando​ Arias ​នាយកថ្មី​របស់​អង្គការ​ហាមឃាត់​អាវុធគីមី​អន្តរជាតិ​ ក៏បាន​ទទួលស្គាល់​ផងដែរ​ នៅក្នុង​បទសម្ភាស​មួយ​កាលពី​សប្តាហ៍មុនថា​ អង្គការ​កំពុង​ឆ្លងកាត់​គ្រា​ដ៏​លំបាកមួយ​។ ដោយឡែក​ អតីត​អ្នកគ្រប់គ្រង​អង្គការ​ហាមឃាត់​អាវុធគីមី​ កាលពីដើមឆ្នាំ​២០១៨​នេះ​ ក៏ធ្លាប់បាន​និយាយ​ដោយ​ទទូច​ដែរថា​ ការហាមឃាត់​ជាដាច់ខាត​ មិនឲ្យមាន​ការប្រើ​អាវុធពុលគីមី​ គឺ​ត្រូវការ​ចាំបាច់ខ្លាំង​ក្នុងបរិបទ​ពិភពលោក​នាបច្ចុប្បន្ននេះ​។

តែ​ទោះជា​យ៉ាងណាក្តី​ រហូត​មកដល់ពេល​នេះ​ អ្នកតំណាង​អង្គការ​ហាមឃាត់​អាវុធគីមីអន្តរជាតិ​បានបញ្ជាក់ប្រាប់ថា​ អង្គការ​បានត្រួតពិនិត្យមើល​ ការកំទេច​ចោលនូវ​កន្លែង​ស្តុកអាវុធគីមី​របស់​ពិភពលោក​ ចំនួន​ ៩៦,៥​ ភាគរយ​។ ហើយ​ក្នុងរយៈពេល​ប៉ុន្មានឆ្នាំថ្មីៗនេះ​ អង្គការ​បាននិងកំពុង​បន្តពង្រីក​បេសកកម្ម​របស់ខ្លួន​ ក្នុងការ​ស៊ើបអង្កេត​អំពី​ករណី​នៃ​ការប្រើ​អាវុធគីមី​ វាយប្រហារ​ក្នុងប្រទេសស៊ីរី​ និង​ករណីឃាតកម្ម​ដោយ​សារធាតុពុល​ ទៅលើ​បងប្រុស​របស់​មេដឹកនាំ​កូរ៉េខាងជើង​ ដែល​បានកើតឡើង​កាលពីឆ្នាំ​២០១៧​ កន្លង​ទៅផងដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ