អានតួអត្ថបទ

ចិន​ថា​ប្រទេស​ក្រៅតំបន់​មិនត្រូវ​បង្ក​បញ្ហាឲ្យ​ចិន​និង​អាស៊ាន​បាត់​ទំនុកចិត្ត​គ្នា

ចិន​បាន​លើកឡើង​នៅថ្ងៃ​ពុធ​នេះ​ថា ប្រទេស​ទាំងឡាយណា​ដែល​ស្ថិត​នៅ​ក្រៅ​តំបន់​អាស៊ី មិន​ត្រូវ​ចូល​មក​លូកលាន់ បង្កើត​ឲ្យ​មាន​ការ​មិនទុកចិត្ត​គ្នា​ រវាងចិន និង​បណ្តា​ប្រទេស​អាស៊ាន​នោះទេ។ ចិន​បាន​លើកឡើង​បែបនេះ នៅ​ក្នុង​ពេល​ដែល​អាស៊ាន​កំពុង​បើក​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ការបរទេស​ នៅ​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ ដោយ​នៅ​ក្នុងនោះ ក៏​មាន​ដែរ​វត្តមាន​​ប្រទេស​មហាអំណាច​ទាំងពីរ គឺ​ចិន និង​អាមេរិក ដែល​កំពុង​ប្រកួតប្រជែងគ្នា​យ៉ាងខ្លាំង​នៅ​ក្នុង​តំបន់។

លោក​វ៉ាង យី រដ្ឋមន្រ្តី​ការបរទេស​ចិន នៅ​ក្នុង​ទីក្រុង​បាងកក ថ្ងៃទី៣១ កក្កដា ២០១៩
លោក​វ៉ាង យី រដ្ឋមន្រ្តី​ការបរទេស​ចិន នៅ​ក្នុង​ទីក្រុង​បាងកក ថ្ងៃទី៣១ កក្កដា ២០១៩ REUTERS/Athit Perawongmetha
ផ្សាយពាណិជ្ជកម្ម

រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​បាន​បើក​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​ខ្លួន​នៅ​ថ្ងៃ​ពុធ​នេះ ដោយ​ចាប់ផ្តើម​ពី​កិច្ចប្រជុំ​រវាង​ប្រទេស​សមាជិក​អាស៊ាន​ទាំង ១០ និង​បន្ទាប់​មក​ទៀត គឺ​កិច្ចប្រជុំ រវាង​អាស៊ាន និង​ប្រទេស​ដៃគូ។ ដូចជា​អ្វីដែល​គេ​ធ្លាប់​សង្កេតឃើញ​ជា​ញឹកញាប់​កន្លងមក កិច្ចប្រជុំ រវាង​អាស៊ាន និង​ប្រទេស​ដៃគូ​នេះ ត្រូវក្លាយ​ទៅ​ជា​វេទិកា​នៃ​ការប្រកួតប្រជែង​គ្នា រវាង​ចិន និង​សហរដ្ឋ​អាមេរិក ជាពិសេស នៅ​ក្នុង​បរិបទ​នៃ​ភាព​តានតឹង ជុំវិញ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង រវាង​ចិន និង​ប្រទេស​ខ្លះ​ក្នុង​អាស៊ាន ក៏​ដូចជា​សង្រ្គាម​ពាណិជ្ជកម្ម រវាង​ចិន និង​អាមេរិក។

នៅ​ក្នុង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​នេះ អាមេរិក​តែងតែ​បាន​រិះគន់​ចិន​ជា​រឿយៗ​ថា​​បាន​ដាក់ពង្រាយ​នាវាចម្បាំង បង្កើត​មូលដ្ឋាន​ទ័ព និង​ធ្វើ​សកម្មភាព​រំខាន​ដល់​នាវានេសាទ​នៃ​ប្រទេស​ផ្សេង នៅ​ក្នុង​តំបន់​សមុទ្រ​ជាប់ជម្លោះ ហើយ​​ដែល​ជា​ច្រក​យុទ្ធសាស្រ្ត​ដ៏​សំខាន់​នៃ​ការ​ដឹកជញ្ជូន​តាម​ផ្លូវ​សមុទ្រ។

ក៏ប៉ុន្តែ សម្រាប់​ចិន​វិញ បញ្ហា រវាង​ចិន និង​អាស៊ាន គឺ​ត្រូវ​ដោះស្រាយគ្នា រវាង​ចិន និង​អាស៊ាន ដោយ​មិន​ត្រូវ​ឲ្យ​មាន​ប្រទេស​ណាផ្សេងទៀត​លូកដៃ​ចូល​មកពាក់ព័ន្ធ​នោះទេ។ លោក​វ៉ាង យី រដ្ឋមន្រ្តី​ការបរទេស​ចិន​បាន​ប្រាប់​អ្នក​សារព័ត៌មាន ពី​ទីក្រុង​បាងកក នៅថ្ងៃ​ពុធ​នេះ​ថា ចិន​នឹង​នៅតែ​បន្ត​ចាត់ទុក​អាស៊ាន​ជា​ប្រទេស​ជិតខាង ដែល​មាន​ទំនាក់ទំនង​ជា​អាទិភាព​ជាមួយ​ចិន ហើយ​ថា ប្រទេស​ផ្សេង ដែល​មក​ពី​ខាង​ក្រៅ​តំបន់​មិនគួរ​ចូល​មក​លូកលាន់ ធ្វើ​ឲ្យ​ជម្លោះ​កាន់តែ​ត្រូវ​​ធ្ងន់ធ្ងរ ហើយ​បង្ក​ឲ្យ​មាន​ភាព​មិន​ទុកចិត្ត​គ្នា​ រវាង​អាស៊ាន និង​ចិន​នោះឡើយ។

លោក​វ៉ាង យី លើកឡើង​បែបនេះ ដោយ​មិន​បាន​បញ្ចេញឈ្មោះ​ប្រទេស​ណាមួយ​នោះទេ ក៏ប៉ុន្តែ គេ​អាច​មើល​ឃើញ​ថា វា​ជា​សារ​សំដៅ​លើ​សហរដ្ឋ​អាមេរិក ដែល​រដ្ឋមន្រ្តី​ការបរទេស គឺ​លោក​ម៉ៃខ៍ ប៉ុមប៉េអូ ត្រូវ​ជួប​ជាមួយ​នឹង​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន នៅថ្ងៃ​ព្រហស្បតិ៍​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ