អានតួអត្ថបទ

បាតុករ​បារាំង​រាប់ម៉ឺន​នាក់​ ចេញបិទផ្លូវ​ទូទាំងប្រទេស​ដើម្បីប្រឆាំងនឹង​លោកម៉ាក្រុង​

ប្រជាជនបារាំង​ជាច្រើនម៉ឺននាក់​ បានចេញបិទផ្លូវ​ធ្វើដំណើរសំខាន់ៗ​នៅ​ទូទាំងប្រទេស​បារាំង​ នាថ្ងៃសៅរ៍​ទី១៧​វិច្ឆិកា​ តាមរយៈ​ចលនាបាតុកម្ម​មហាជន​ដ៏ធំ​ ដែល​មានឈ្មោះថា​ "ចលនា​អាវកាក់​ពណ៌លឿង​"។ ចលនា​បាតុកម្ម​ទ្រង់ទ្រាយ​ដ៏ធំសម្បើមនេះ​ ធ្វើឡើង​ដើម្បីប្រឆាំង​ទៅនឹង​ការដំឡើង​ថ្លៃប្រេងឥន្ធនៈ​ ព្រមទាំង​គោលនយោបាយ​ដឹកនាំ​ ដោយ​លោកប្រធានាធិបតី​អេម៉ានុយអែល ម៉ាក្រុង​។

បាតុករចលនាអាវកាក់ពណ៌លឿង ប្រមូលម្តុំគ្នានៅដងវិថី Champs Elysees ក្នុងទីក្រុងប៉ារីស ដើម្បីប្រឆាំងទៅនឹងការឡើងថ្លៃប្រេងឥន្ធនៈ នាថ្ងៃទី១៧ វិច្ឆិកា ឆ្នាំ២០១៨។
បាតុករចលនាអាវកាក់ពណ៌លឿង ប្រមូលម្តុំគ្នានៅដងវិថី Champs Elysees ក្នុងទីក្រុងប៉ារីស ដើម្បីប្រឆាំងទៅនឹងការឡើងថ្លៃប្រេងឥន្ធនៈ នាថ្ងៃទី១៧ វិច្ឆិកា ឆ្នាំ២០១៨។ REUTERS/Charles Platiau
ផ្សាយពាណិជ្ជកម្ម

ប្រជាជនបារាំង​ប្រមាណ​ជាង​ ១២៤ ០០០​ នាក់​ បានចូលរួម​បិទផ្លូវ​ ក្នុង​ចលនា​បាតុកម្ម​ចំនួន​ច្រើនជាង​ ២ ០០០​ នៅតាម​ផ្លូវ​រង្វង់មូល​ និងផ្លូវ​សំខាន់ៗ​ដែល​សម្បូរ​អ្នកធ្វើដំណើរ​ទៅមក​។ នេះ​ ជាការ​លើកឡើង​របស់​ក្រសួងមហាផ្ទៃបារាំង​ ដោយបាន​បន្ថែមទៀតថា​ បើគិត​ត្រឹម​រសៀលថ្ងៃសៅរ៍​ ទី១៧​ វិច្ឆិកា​ ម៉ោង​ក្នុងស្រុកបារាំង​ មានបាតុករ​ចំនួន​២៤​នាក់​ ត្រូវបាន​ប៉ូលីសឃុំខ្លួន​ ហើយបាតុករ​ចំនួន៤៧​ នាក់ផ្សេងទៀត​រងរបួស​ ដែលក្នុងនោះ​មាន៣នាក់​រង​របួសធ្ងន់​។

ក្រុមអ្នកតវ៉ា​ បាននិយាយថា​ ពួកគេ​បាន​ជួបទុក្ខលំបាក​ក្នុងបញ្ហាជីវភាព​ប្រចាំថ្ងៃ​ ដោយសារ​តែ​គោលនយោបាយ​ដំឡើងពន្ធ​លើប្រេងឥន្ធនៈ​របស់រដ្ឋាភិបាល​បារាំង​អស់រយៈពេល​ជាច្រើនឆ្នាំ​មកហើយ​ ពោលគឺ​តាំងពីដើមឆ្នាំ​ ២ ០០០​ មកម្ល៉ោះ​។ ជាពិសេស​ ក្រុមបាតុករ​បាននាំគ្នា​ប្រមូលម្តុំ​យ៉ាងច្រើន​កកកុញនា​ថ្ងៃសៅរ៍ម្សិលមិញ​ ដោយទ្រាំ​ពុំបាន​តទៅទៀត​ទៅនឹង​ រដ្ឋាភិបាលបារាំង​ ដែលបាន​សម្រេចដំឡើង​ពន្ធ​លើប្រេងម៉ាស៊ូត​ ពីព្រោះ​ថា​មាន​ពលរដ្ឋបារាំង​ភាគច្រើន​ និយម​ប្រើប្រាស់​រថយន្ត​ប្រើប្រេងម៉ាស៊ូត​។

ទាក់ទងនឹង​បញ្ហានេះដែរ​ រដ្ឋមន្ត្រីការពារជាតិ​បារាំង​ បានប្រកាសថា​ អាជ្ញាធរបារាំង​មានការប្រុងប្រយ័ត្នខ្ពស់​ និងខិតខំ​បញ្ចៀស​មិនឲ្យមាន​ការកកស្ទះផ្លូវ​គ្រប់ទីកន្លែងនោះទេ​ ដើម្បី​ធានាសុវត្តិភាព​ដល់អ្នកធ្វើដំណើរ​។ តែទោះបីជា​រដ្ឋាភិបាលបារាំង​ ខិតខំ​សម្រួលស្ថានការណ៍​តាមដងផ្លូវយ៉ាងណាក្តី​ ក៏មាន​បាតុករម្នាក់​បានស្លាប់​ក្នុងការធ្វើ​បាតុកម្ម​កាលពីថ្ងៃទី១៧​ វិច្ឆិកា​ ដែរ​។ បាតុករស្ត្រី​វ័យប្រមាណ​៦០ ឆ្នាំ​ម្នាក់នេះ​បានស្លាប់​ ដោយសារ​អ្នកបើកបរ​ម្នាក់ភ័យ​និងជ្រុល​បើកឡាន​កិន​ដោយអចេតនា​។

ដោយឡែក​ ក្រុមអ្នកវិភាគវិញ​ បាននិយាយថា​ ចលនាបាតុកម្មដ៏ធំ​ក្នុងស្រុកបារាំង​នាពេលនេះ​ វា​សបញ្ជាក់ឲ្យឃើញ​ពីការមិនពេញចិត្ត​របស់ពលរដ្ឋ​ ចំពោះ​ការគ្រប់គ្រង​ប្រទេស​របស់លោកម៉ាក្រុង​ ដែលជា​អតីតរដ្ឋមន្ត្រីសេដ្ឋកិច្ច​ និងជាអ្នក​ដែល​ធ្លាប់សន្យាថា​នឹងជួយឲ្យ​សេដ្ឋកិច្ចជាតិ​រីកចម្រើន​។

គួរកត់សម្គាល់ផងដែរថា​ ការខឹង​សម្បា​លើការ​ដំឡើងថ្លៃប្រេងឥន្ធនៈ​ និង​គោលនបាយដឹកនាំ​របស់លោកម៉ាក្រុង​ បានជំរុញ​ឲ្យមាន​យ៉ាងឆាប់រហ័ស​នូវរលក​ចលនាតវ៉ា​អាវកាក់​ពណ៌លឿង​។ ក្រុមបាតុការ​និយាយថា​ លោកប្រធានាធិបតី​ម៉ាក្រុង​ មិនខ្វល់ពី​ប្រជាជនបារាំងក្រីក្រ​ និង​អ្នកវណ្ណៈកណ្តាល​ឡើយ​។ ក្នុងចំណោមនោះ​ មានបាតុករ​ម្នាក់​លើកឡើងថា​ លោកម៉ាក្រុង​ជាប្រធានាធិបតី​របស់​អ្នកមាន​ ហើយលោក​គួរគិតគូរខ្លះផង​ដល់​ពលរដ្ឋបារាំងក្រីក្រ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ