ចិនអាចនឹងជែងឈ្នះអាមេរិកក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:៣២
ប្រធានបទក្តៅបំផុតមួយនៅក្នុងពិភពបច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះ គឺជាការប្រណាំងប្រជែង លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ក្នុងចំណោមបណ្តាប្រទេសមហាអំណាចធំៗក្នុងពិភពលោក។ សព្វថ្ងៃ អាមេរិកគឺជាប្រទេសនាំមុខគេលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ប៉ុន្តែអាមេរិកកំពុងប្រឈមមុខនឹងការចាញ់សង្គ្រាមបច្ចេកវិទ្យា ក្រោមស្នាដៃរបស់ប្រទេសចិន។ ចិន ដែលបានប្តេជ្ញាចិត្តថានឹងឆក់យកតំណែងរបស់អាមេរិកមកគ្រប់គ្រង ក្នុងនាមជាមេដឹកនាំពិភពលោកលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតឲ្យបាននៅឆ្នាំ ២០៣០ ខាងមុខ។
លោក Elon Musk ជាសហគ្រិនបច្ចេកវិទ្យា និងជាស្ថាបនិកក្រុមហ៊ុន SpaceX ដ៏ល្បីឈ្មោះធ្លាប់បាននិយាយថា នរណាមានបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតឈានមុនគេ អ្នកនោះនឹងក្លាយជាមហាអំណាចពិភពលោក។ ជាការពិត បច្ចេកវិទ្យាបញ្ញសិប្បនិម្មិតពិតជាមានសក្តានុពលខ្លាំងអស្ចារ្យមែន ដូច្នោះហើយទើបបណ្តាប្រទេសអ្នកមានមួយចំនួនធំដូចជាអាមេរិក ចិន កាណាដា រុស្ស៊ី និងសហភាពអឺរ៉ុបជាដើម នាំគ្នាប្រឹងប្រែងអភិវឌ្ឍលើបច្ចេកវិទ្យាឈានមុខមួយនេះ។
គួរជ្រាបថា បញ្ញាសិប្បនិម្មិត គឺជាការជំនួសបញ្ញាមនុស្សដោយម៉ាស៊ីន ជាពិសេសប្រព័ន្ធកុំព្យូទ័រ។ បញ្ញាសិប្បនិម្មិតមានសក្តានុពលខ្លាំងណាស់ក្នុងការបង្កើនប្រសិទ្ធិភាព ក៏ដូចជាជំរុញល្បឿនឧស្សាហកម្មដែលមិនធ្លាប់មានពីមុនមកដូចជា រថយន្តដែលបើកដោយខ្លួនឯង ប្រព័ន្ធបង្កើនសន្តិសុខដោយការចំណាំមុខមាត់ ឬក៏ប្រព័ន្ធដែលអាចរកឃើញជំងឺមហារីកបានល្អប្រសើរជាងគ្រូពេទ្យឯកទេសទៅទៀត។
នាពេលបច្ចុប្បន្ននេះ អាមេរិកកំពុងឈានមុខគេខាងផ្នែកអភិវឌ្ឍបញ្ញាសិប្បនិម្មិត និងតាមពីក្រោយដោយគូប្រជែងដ៏ស្វិតស្វាញបំផុតគឺប្រទេសចិន។ នៅមួយរយៈពេលចុងក្រោយនេះ ចិនកំពុងធ្វើឲ្យពិភពលោកមើលភ្នែកធំៗ ដោយសារតែការអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតរបស់ចិន កំពុងរីកចម្រើនលូតលាស់ខ្លាំងហួសពីការស្មាន។
មិនតែប៉ុណ្ណោះ អ្នកជំនាញមួយចំនួនថែមទាំងប្រមើលឃើញថា ចិនអាចនឹងយកឈ្នះអាមេរិក ក្នុងវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត មុនការដៅទុករបស់ចិននាឆ្នាំ ២០៣០ ទៅទៀតដោយសារកត្តាសំខាន់ចំនួន២។
កត្តាចំបងគេនោះ គឺដោយសារប្រទេសចិនមិនខ្លាចនឹងចាយលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ វិនិយោគលើវិស័យអប់រំ និងបច្ចេកវិទ្យាឡើយ ហើយដើម្បីយកឈ្នះអាមេរិក ដែលជាគូប្រជែងស្លាប់រស់ ចិនបានបង្កើនសមត្ថភាពផ្នែកបច្ចេកវិទ្យារបស់ខ្លួន និងបង្កើតឧស្សាហកម្មក្នុងស្រុកដែលមានតម្លៃជិត ១៥០ ពាន់លានដុល្លារអាមេរិក។
បច្ចុប្បន្ននេះ មានក្រុមហ៊ុនចិនជាច្រើនរីកដុះដាលដូចផ្សិត កំពុងធ្វើការស្រាវជ្រាវលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។ យោងទៅតាម កាសែត The New York Times នៅក្នុងឆ្នាំ ២០១៧ ក្រុមហ៊ុនរបស់ចិនបានបោះទុនយ៉ាងច្រើន វិនិយោគក្នុងការពង្រីក និងអភិវឌ្ឍលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងមានចំនួនប្រមាណជា ៤៨ ភាគរយនៃការបណ្តាក់ទុនលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតទូទាំងពិភពលោក។
ជាក់ស្តែង នៅប៉ុន្មានឆ្នាំចុងក្រោយនេះ អត្ថបទស្រាវជ្រាវថ្មីៗ ទាក់ទងនឹងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ត្រូវបានចិនរកឃើញ និងចេញផ្សាយជាបន្តបន្ទាប់។ មិនតែប៉ុណ្ណោះ ចិននឹងបោះពុម្ពផ្សាយសំណៅស្រាវជ្រាវពីបញ្ញាសិប្បនិម្មិត ដែលមានចំនួនប្រមាណជាង ៥០ ភាគរយ ច្រើនជាងសហរដ្ឋអាមេរិក ជាលើកដំបូងបង្អស់នៅឆ្នាំ ២០១៩ នេះទៀតផង។
ចំណែកកត្តាសំខាន់ទី ២ ដែលជួយឲ្យប្រទេសចិន អាចប្រកួតប្រជែងយកឈ្នះអាមេរិក លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតបាននោះគឺក៏ព្រោះតែចិន មានលទ្ធភាពក្នុងការប្រមូលយកទិន្នន័យបានងាយស្រួល និងទូលំទូលាយជាងបណ្តាប្រទេសដទៃទៀត។
ជាក់ស្តែង ចិនមិនមានច្បាប់ការពារសិទ្ធិឯកជន ដូចបណ្តាប្រទេសដទៃទៀតឡើយ ដូច្នោះហើយវាហុចលទ្ធល្អដល់ក្រុមហ៊ុនចិន ក្នុងការប្រមូលយកទិន្នន័យផ្សេងៗបានយ៉ាងងាយ។ មួយវិញទៀត រដ្ឋាភិបាលចិន ថែមទាំងបានទិញបច្ចេកវិទ្យាទំនើប ដើម្បីអាចទាញយកព័ត៌មានពីប្រជាពលរដ្ឋរបស់ខ្លួនទៀតផង។ នេះ បើយោងតាមសារព័ត៌មានអាមេរិក CNBC ចុះផ្សាយកាលពីខែធ្នូ ឆ្នាំ ២០១៨។
រួមសេចក្តីមក ប្រទេសចិនពិតជាអាចវាយដណ្តើមយកតំណែងជាប្រទេសនាំមុខគេ លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតពីអាមេរិកបានមែន ដោយសារម្យ៉ាងចិនសម្បូរលុយ ហើយមិនខ្លាចនឹងចាយប្រាក់ដើម្បីអភិវឌ្ឍន៍លើបច្ចេកវិទ្យានេះ។ ម្យ៉ាងទៀត ដោយសារចិនមានលទ្ធភាពប្រមូលយកទិន្នន័យបានស្រួលជាងបណ្តាប្រទេសដទៃទៀត ដោយមានច្បាប់ការពារព័ត៌មានឯកជនតឹងរឹង។
តែទោះជាយ៉ាងណាក្តី នាពេលបច្ចុប្បន្ននេះចិននៅមិនទាន់អាចក្លាយ ជាប្រទេសឈានមុខគេទី១ ក្នុងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតឡើយ ដោយសារតែបច្ចេកវិទ្យាថ្មីៗ គំនិតច្នៃប្រឌិត និងធនធាននៅតែមានប្រភពចេញពីអាមេរិក។ មិនតែប៉ុណ្ណោះ បើតាមអ្នកជំនាញ អាមេរិកនឹងបន្តក្តោបក្តាប់តំណែងនេះនៅប៉ុន្មានឆ្នាំទៅមុខទៀត ប្រសិនបើគ្មានអ្វីផ្លាស់ប្តូរខ្លាំងហួសពីការរំពឹងទុកនោះទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ