អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អាឡិចសី ណាវ៉ាល់នី៖ ជីវិត​មួយ​ដែល​​បូជា​​ដើម្បី​យុត្តិធម៌ ​លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិសេរីភាព

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោកអាឡិចសី ណាវ៉ាល់នី សកម្មជននយោបា​យ​រុស្ស៊ីដ៏ល្បីឈ្មោះ ដែល​ជាប់ពន្ធនាគារ​ជាង​៣ឆ្នាំមកហើយនោះ បានស្លាប់​នៅក្នុងពន្ធនាគារ​ នៅតំបន់អាកទិក​ភាគខាងជើងរុស្ស៊ី កាលពីថ្ងៃទី​១៦កុម្ភៈ​ម្សិលមិញ។ នេះបើផ្អែក​តាម​ការផ្សាយ​ របស់បណ្តាញព័ត៌មាន​ផ្លូវការរដ្ឋរុស្ស៊ី។ ក្រោយដំណឹងនៃការស្លាប់នេះ ប្រតិកម្ម​បានចេញមកជាបន្តបន្ទាប់ ពីបណ្តាថ្នាក់ដឹកនាំ​ប្រទេសលោកខាងលិច​ ដែល​បាន​លើកឡើងថា លោកពូទីន​ គឺជា​អ្នក​ទទួលខុសត្រូវតែម្នាក់គត់​ ​ចំពោះ​ការស្លាប់របស់​លោក​ណាវ៉ាល់នី​។ ស្លាប់​ក្នុងវ័យ​៤៧ឆ្នាំ លោកអាឡិចសី ណាវ៉ាល់នី បានបូជាជីវិត ដើម្បី​​ប្រយុទ្ធប្រឆាំងនឹង​អំពើពុករលួយ​ ដើម្បី​​ទាមទារលទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាពនៅរុស្ស៊ី​ ដែលស្ថិតក្នុងគំនៀប​ដឹកនាំផ្តាច់ការ​​​ របស់​លោកពូទីន​។

រូបថតលោក​ អាឡិចសី ណាវ៉ាល់នី នៅក្បែរបាច់ផ្កានិងទៀន ដែលអ្នកគាំទ្របាន​យក​មកដាក់​ដើម្បីរំឭកវិញ្ញាណក្ខន្ធ។ ទីក្រុង​សាំងប៉េតេសបួរ ថ្ងៃទី ១៦ កុម្ភៈ ២០២៤
រូបថតលោក​ អាឡិចសី ណាវ៉ាល់នី នៅក្បែរបាច់ផ្កានិងទៀន ដែលអ្នកគាំទ្របាន​យក​មកដាក់​ដើម្បីរំឭកវិញ្ញាណក្ខន្ធ។ ទីក្រុង​សាំងប៉េតេសបួរ ថ្ងៃទី ១៦ កុម្ភៈ ២០២៤ AP - Dmitri Lovetsky
ផ្សាយពាណិជ្ជកម្ម

លោកអាឡិចសី ណាវ៉ាល់នី ដែលគេស្គាល់ថាគឺជាសត្រូវលេខរៀងទី១របស់​លោកពូទីន បានស្លាប់​ហើយ នៅថ្ងៃទី​១៦​កុម្ភៈ ក្នុងជន្មាយុ​៤៧ឆ្នាំ​។ បណ្តាញព័ត៌មានផ្លូវការរដ្ឋរុស្ស៊ី បានចុះផ្សាយ​លិខិតប្រកាសយ៉ាង​ខ្លីមួយ របស់​នាយកដ្ឋានពន្ធនាគារ​រុស្ស៊ី ប្រចាំតំបន់ Iamal ដែលស្ថិតនៅតំបន់អាកទិក ជាទី​ដែល​លោក​ណាវ៉ាល់នី ត្រូវគេបញ្ជូន​យកទៅ​ឃុំទុក កាលពី​ចុងឆ្នាំ​២០២៣។

​លិខិតនេះបាន​សរសេរ​ថា​ ទណ្ឌិតឈ្មោះណាវ៉ាល់នី បានដួលសន្លប់បាត់ស្មារតី នៅក្នុងមន្ទីរឃុំឃាំង​លេខ​៣ បន្ទាប់ពីបានចេញដើរ​ក្នុងបរិវេណខាងក្រៅ​បន្ទប់ឃុំឃាំង​។ ក្រុមគ្រូពេទ្យ​ប្រចាំពន្ធនាគារបានព្យាយាម​សង្រ្គោះ បន្ទាប់​មក​ក្រុមគ្រូពេទ្យ​សង្គ្រោះបន្ទាន់​ ដែល​មកពីមន្ទីរពេទ្យ​នៅក្បែរនោះ ក៏បានព្យាយាមជួយ​រយៈពេលប្រមាណ​៣០នាទី តែមិនអាចជួយបាន​។ អាជ្ញាធររុស្ស៊ីបញ្ជាក់ថា គេកំពុងពិនិត្យ​លំអិត ដើម្បីដឹងច្បាស់អំពីមូលហេតុពិតប្រាកដបណ្តាល​ឲ្យស្លាប់ទណ្ឌិតឈ្មោះ ណាវ៉ាល់នី​។

តើជារឿងចៃដន្យឬយ៉ាងណា!​ សត្រូវរបស់​លោកពូទីន មានអាយុមិនសូវវែងទេ។ បើមិនត្រូវជនមិនស្គាល់មុខបាញ់សម្លាប់​កណ្តាលក្រុងម៉ូស្គូ ដូចលោក Boris Nemtsov កាលពីខែកុម្ភៈឆ្នាំឆ្នាំ​២០១៥ ក៏​ស្លាប់ដោយធ្លាក់យន្តហោះ​ដូចមេក្លោងក្រុម​Wagner ឈ្មោះ​ Evgueni Prigojine កាលពីខែ​សីហា​ឆ្នាំ​មុនដែរ​។ តើលោកអាឡិចសី ណាវ៉ាល់នី ស្លាប់​ដោយ​សារអ្វី? ដោយសារបញ្ហាសុខភាពចុះទ្រុឌទ្រោមខ្លាំង ឬដោយសារ​គេសម្លាប់​? បង្ហាញមុខតាមវីដេអូ ក្នុង​សវនាការច្រើ​នដង ប៉ុន្មានខែចុងក្រោយនេះ គេ​​ឃើញ​លោកអាឡិចសី ណាវ៉ាល់នី មានរូបរាង្គចុះស្គម​ ស្លេកស្លាំង និងហាក់មានវ័យចាស់ទ្រុឌទ្រោមខ្លាំង​ជាងអាយុ។ ដោយឡែក ផ្អែកតាម​លោក Leonid Soloviev ជំនួយការស្និទ្ធម្នាក់របស់​លោកណាវ៉ាល់នី ដែលបានទៅជួបលោក​នៅឯមន្ទីរឃុំឃាំង កាលពីថ្ងៃពុធទី​១៤កុម្ភៈ បានអះអាងថា លោកណាវ៉ាល់នី ហាក់ដូចជាមាន​សុខភាពធម្មតា មិនមានអ្វីគួរឲ្យកត់សំគាល់ឬបារម្ភឡើយ​។​

យ៉ាងណាក៏ដោយ ប្រតិកម្ម​ពីបណ្តាប្រទេសលោកខាងលិច បាន​ទំលាក់ការស្លាប់​របស់​លោក អាឡិចសី ណាវ៉ាល់នី ថាជា​ការទទួលខុសត្រូវរបស់​លោកពូទីនតែមួយគត់។ ​លោកប្រមុខការទូតអាមេរិក អង់តូនី ប្លិងកិន ​បាន​លើកឡើងថា របបរុស្ស៊ី​ដឹកនាំដោយពូទីន គឺជាអ្នកទទួលខុសត្រូវតែមួយគត់​ ​ចំពោះស្ថានភាព​ដែល​នាំឲ្យដល់សេចក្តី​ស្លាប់ របស់​លោក​អាឡិចសី ណាវ៉ាល់នី​។ លោកប្រធានាធិបតីម៉ាក្រុងវិញ បាន​លើកឡើងថា របបដឹកនាំផ្តាច់ការរុស្ស៊ីដឹកនាំដោយពូទីន បានចាប់​បង្ឃាំង​​សំឡេងប្រឆាំងតវ៉ា យកទៅដាក់ឃុំរហូតទាល់តែដល់សេចក្តីស្លាប់។ លោកនាយករដ្ឋមន្ត្រីកាណាដា យូស្តាំង ទ្រុយដូ បានចាត់ទុក លោកពូទីន ថាជា “បិសាចនរក” ដែលប្រហារដោយ​មិនរើសមុខ នូវ​រាល់សំឡេង​ប្រឆាំងតវ៉ាដើម្បីសិទ្ធិ​សេរីភាព។ លោកស្រី Ioulia Navalnaïa ភរិយារបស់​លោកណាវ៉ាល់នី ដែលបច្ចុប្បន្ន​ភៀសខ្លួននៅអាល្លឺម៉ង់ បាន​អះអាងថា ពូទីនត្រូវតែទទួលទោសឲ្យសក្តិសម​នឹង​ភាពសាហាវព្រៃផ្សៃ ដែល​បានធ្វើទៅ​លើស្វាមីលោកស្រី​។​

គួរកត់សំគាល់ថា ដំណឹងមរណភាពរបស់​សកម្មជននយោបាយប្រឆាំងរុស្ស៊ី​ដ៏ល្បីឈ្មោះនេះ បាន​បង្ករ​ឲ្យ​មាន​ការតក់ស្លុតរំជួលចិត្តជាខ្លាំង ពីសំណាក់ថ្នាក់ដឹកនាំ​ប្រទេស​លោកខាងលិច ដែលសុទ្ធតែបានលើកឡើង អំពីភាពក្លាហាននិងទឹកចិត្តមោះមុត របស់​លោកណាវ៉ាល់នី​​។​ លោកCharles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប បានលើកឡើងថា​ អាឡិចសី ណាវ៉ាល់នី បាន​ប្រើអស់ទាំងកម្លាំងកាយ​កម្លាំងចិត្ត នៅក្នុង​ការតស៊ូ​ប្រយុទ្ធប្រឆាំង ដើម្បី​ការពារតម្លៃនៃសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ។ ដើម្បី​តម្លៃមនសិការទាំងនេះ គឺលោក​បាន​បូជាជីវិត រហូតដល់​សេចក្តី​ស្លាប់​នាពេលនេះ​។

លោកណាវ៉ាល់នី លើកដៃជាសញ្ញាបេះដូង ក្នុងទឹកមុខញញឹមសំឡឹងទៅកាន់ភរិយាដែលអង្គុយ​នៅក្នុងសវនាការកាត់់ទោសរូបលោក។ តុលាការក្រុងមូស្គូ ថ្ងៃទី​៣ កុម្ភៈ ២០២៣
លោកណាវ៉ាល់នី លើកដៃជាសញ្ញាបេះដូង ក្នុងទឹកមុខញញឹមសំឡឹងទៅកាន់ភរិយាដែលអង្គុយ​នៅក្នុងសវនាការកាត់់ទោសរូបលោក។ តុលាការក្រុងមូស្គូ ថ្ងៃទី​៣ កុម្ភៈ ២០២៣ AP

សូមរំលឹកថា លោកអាឡិចសី ណាវ៉ាល់នី គឺជាអតីតមេធាវី មានទំនោរនយោបាយជាតិនិយម។ លោក​បានចាប់ផ្តើម​​​​សរសេរ​ទំព័រBlog បង្ហាញអំពីការស៊ើបអង្កេតស៊ីជម្រៅ​ ទាក់ទិន​​អំពើពុករលួយរបស់​​​ក្រុមអ្នកមានអំណាច​នៅរុស្ស៊ី​។ បន្តិចម្តងៗ លោក​បានក្លាយ​ជាសកម្មជននយោបាយ ដែលហ៊ានរិះ​គន់ខ្លាំងដៃជាងគេ ទៅលើរបបដឹកនាំរុស្ស៊ី​និង​លោកពូទីន។ នៅរវាងឆ្នាំ​២០១១ ២០១២​ ក្នុងចលនា​បាតុកម្ម​ប្រឆាំងលទ្ធផលបោះឆ្នោតនៅរុស្ស៊ី មហាជនបានស្គាល់ និង​បានស្តាប់​វោហារសាសន៍​របស់​លោកណាវ៉ាល់នី ដែល​បានស្រែក​ហៅ​ឈ្មោះ គណបក្ស​របស់​លោក​ពូទីន ថាជា “គណបក្សរបស់ពួកចោរ និងពួក​បោកប្រាស​”។

ក្នុងរយៈពេលប្រមាណ​ជាង១០ឆ្នាំ កេរ្តិ៍ឈ្មោះរបស់​លោកណាវ៉ាល់នី បានរីកសាយភាយពេញពិភពលោក ក្នុងនាមជាអ្នក​រិះគន់​លោកពូទីន​​លេខ១។ កេរ្តិ៍​ឈ្មោះនេះ បាន​មកពីការផ្សព្វផ្សាយ​វីដេអូស៊ើបអង្កេតជាច្រើន នៅ​តាមបណ្តាញ​Youtube ដែល​លោកណាវ៉ាល់នី និងក្រុមការងារ បានបកស្បែក​មុខ អំពើពុករលួយ​ស្អុយវល់ របស់​លោកពូទីន ព្រមទាំងបក្សពួក​មានអំណាចនៅរុស្ស៊ី​។ តែយ៉ាងណា ភាពល្បីរន្ទឺនៃសេចក្តីក្លាហានរបស់លោកណាវ៉ាល់នីនេះ គឺមាន​តែ​យុវជនរុស្ស៊ីនៅតាមទីក្រុងធំៗទេ ដែលដឹងឮនិងគាំទ្រ។ ចំណែក​ប្រជាជនរុស្ស៊ីទូទៅនៅតាមទីជនបទវិញ មិនសូវជាស្គាល់​លោកប៉ុន្មានឡើយ។

គ្រប់គ្នាចាំបានយ៉ាងច្បាស់ នៅខែសីហា​ឆ្នាំ​២០២០ លោកអាឡិចសី ណាវ៉ាល់នី ត្រូវបាន​ចារកិច្ចសម្ងាត់រុស្ស៊ីដាក់ថ្នាំបំពុល ប៉ុនប៉ងធ្វើឃាត ក្នុងពេលដែល​លោកចុះទៅឃោសនាបោះឆ្នោត នៅតំបន់ស៊ីបេរី​។ រដ្ឋាភិបាលអាល្លឺម៉ង់ បានប្រឹងប្រែង​ទាមទារយក​លោក​ណាវ៉ាល់នី មកព្យាបាលនៅប៊ែរឡាំង រហូតលោក​បានជាសះស្បើយ។ ប៉ុណ្ណឹងហើយ លោក​ណាវ៉ាល់នី នៅតែ​មិន​ញញើតនឹងសេចក្តីស្លាប់​ឡើយ​។ នៅថ្ងៃទី​១៧ខែ​មករា​ ឆ្នាំ​២០២១ លោក​បានសម្រេចចិត្ត​ត្រលប់ទៅរុស្ស៊ីវិញ ទាំងដែលដឹងថាគេនឹងចាប់​លោកដាក់ឃុំ។ ដូចអ្វីដែល​គេគិតស្មានទុក លោកណាវ៉ាល់នី ត្រូវអាជ្ញាធររុស្ស៊ី​ចាប់​ក្របួចយកទៅដាក់ឃុំ ពេលទៅដល់ព្រលានយន្តហោះ​ក្រុងមូស្គូ​ភ្លាម។

លោកណាវ៉ាល់នី ត្រូវ​អាជ្ញាធររុស្ស៊ី​ចោទប្រកាន់ជាច្រើនសំណុំរឿង អស់ពីមួយចូលមួយ ក្នុងនោះមាន​បទល្មើសធ្វើ វិទ្ធង្សនា បង្កអស្ថិរភាពសង្គម​។ នៅខែសីហាឆ្នាំ​២០២៣ សវនាការមួយបានផ្តន្ទាទោសលោក​ឲ្យជាប់ពន្ធនាគារ​១៩ឆ្នាំ ពីបទធ្វើកម្មភាពជ្រុលនិយម​។ នៅចុងឆ្នាំ​២០២៣ លោកត្រូវបានអាជ្ញាធររុស្ស៊ី បញ្ជូនយកទៅ​ដាក់ឃុំនៅ​មន្ទីរ​ឃុំឃាំង​មួយ ដែលគេស្គាល់​ថា​ជាមន្ទីរឃុំឃាំងដ៏តឹងតែងខ្លាំងបំផុត​ នៅឯតំបន់អាកទិកដ៏សែនត្រជាក់​។ គឺទីនេះហើយ ដែល​លោក​ណាវ៉ាល់នីបានស្លាប់។

មានរូបរាង្គស្គមខ្ពស់ សក់ពណ៌ទង់ដែង ជាមួយនឹងកែវភ្នែកពណ៌ខៀវមុតថ្លា លោក​ណាវ៉ាល់នី តែងតែបង្ហាញស្នាមញញឹម​ប្រកបដោយ​សុទិដ្ឋិនិយម នៅពេល​លោកលេចមុខក្នុងវីដេអូម្តងៗ។ ស្នាមញញឹមដែល​សបញ្ជាក់ថា ការកៀបសង្កត់ នៃកណ្តាប់ដៃអំណាច​ផ្តាច់ការរបស់​លោកពូទីន មិនអាចធ្វើឲ្យ​កម្លាំងមនសិការរបស់​លោក​ក្លបខ្លាចនោះឡើយ​។ នៅចំពោះមុខសវនាការ ខែកញ្ញា​ឆ្នាំ​២០២២ លោកណាវ៉ាល់នី បានស្រែក​ក្តែងៗ ចាត់ទុក​សង្គ្រាម​​ដែល​​លោកពូទីនធ្វើទៅលើអ៊ុយក្រែន ថាជាសង្គ្រាមដ៏ថោកទាប​ និងឆ្កួតលីលាបំផុត។ ក្នុងសារមួយសរសេរនៅខែ​មិថុនាឆ្នាំ​២០២៣ លោកអាឡិចសី ណាវ៉ាល់នី បាន​លើកឡើងថា “ថ្ងៃណាមួយ ស្បៃអន្ធការ​នឹងរសាត់បាត់អស់។ ថ្ងៃនោះយើងនឹងឈ្នះ ហើយរុស្ស៊ីនឹងក្លាយជា​ប្រទេស​ដែលស្រលាញ់​សន្តិភាព មានពន្លឺ​ភ្លឺថ្លា និង​មានសេចក្តីសុខសប្បាយរីករាយ​” ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ