អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​កង​យោធា​អវកាស​អាមេរិក​អាច​នឹង​លេច​ចេញ​រូបរាង​ដែរ​ឬទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពី​ថ្ងៃ​ច័ន្ទ​ ទី​១៨ ខែ​មិថុនា​កន្លង​ទៅនេះ​ លោក​ ដូណាល់​ ត្រាំ​ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​​បង្កើត​កង​យោធា​ទ័ព​អវកាស​អាមេរិក​មួយ​។​ កងទ័ព​ថ្មី​នេះ​នឹង​ក្លាយ​ជា​កំលាំង​កង​ទ័ព​​ទីប្រាំមួយ​ស្ថិត​ក្រោម​ចំណុះ​អគ្គសេនាធិការ​យោធា​ចំរុះ​អាមេរិក។​ នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​មុន​បើក​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​អវកាស​ជាតិ​ លោក​ ដូណាល់​ ត្រាំ បាន​បញ្ជាក់​ថា​ វាជា​ការ​ចាំបាច់​ដែល​សហរដ្ឋ​អាមេរិក​ត្រូវ​ប្រើ​ប្រាស់​កំលាំង​យោធា​ពិសេស​មួយ​ដើម្បី​គ្រប់​គ្រង​ដែន​អវកាស​តែ​ម្តង។​ សេចក្តី​អះអាង​នេះ​ហាក់​ផ្ទុយ​គ្នា​សស្រឡះ​ពី​អ្វី​ដែល​មាន​ចែង​ក្នុង​សន្ធិសញ្ញា​អវកាស​ ដែល​សហរដ្ឋ​អាមេរិក​ខ្លួន​ឯង​ជា​សហ​ស្ថាបនិក។

ប្រធានាធិបតី​អាមេរិក លោក Donald Trump អញ្ជើញ​មកដល់ Las Vegas, Nevada,សហរដ្ឋអាមេរិកថ្ងៃ​ទី​២៣​មិថុនា​២០១៨​
ប្រធានាធិបតី​អាមេរិក លោក Donald Trump អញ្ជើញ​មកដល់ Las Vegas, Nevada,សហរដ្ឋអាមេរិកថ្ងៃ​ទី​២៣​មិថុនា​២០១៨​ 路透社。
ផ្សាយពាណិជ្ជកម្ម

ការ​​បង្កើត​ទ័ព​អវកាស​នេះ​ ​គឺ​នឹង​បំបែក​ខ្លួន​ចេញ​កង​ទ័ព​ជើង​អាកាស​អាមេរិកដែល​មាន​ស្រាប់​ទៅ​ហើយ។ បើ​តាម​សេចក្តី​ប្រកាស​របស់​លោក​ប្រធានាធិបតី​អាមេរិក​ កំលាំង​កងទ័ព​ទាំង​ពីរ​នេះ​នឹង​មាន​ចំណុះ​ និង​សមត្ថភាព​ប្រហែល​គ្នា។ តាម​ពិត​ទៅ​ គំនិត​បង្កើត​កង​ទ័ព​អវកាស​នេះ​មិន​មែន​ជា​រឿង​ថ្មី​ថ្មោង​ឡើយ។​ មាន​​ប្រធានាធិបតី​អាមេរិក​មុនៗ​ក៏​ធ្លាប់​បាន​លើក​យក​គំរោង​នេះ​មក​ជជែក​ពិភាក្សា​ផងដែរ។​ លោកស្រី​ Dana White អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​អាមេរិក​បាន​ថ្លែង​ថា​ មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​នឹង​ត្រៀម​ខ្លួន​អនុវត្ត​សេចក្តី​បង្គាប់​របស់​លោក​ប្រធានាធិបតី​ ដូណាល់​ ត្រាំ ដើម្បី​ឈាន​ទៅ​សំរេច​គោលដៅ​បង្កើត​កង័ព​អវកាស​មួយ​នេះ​។ ​

ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ​​ គំរោងបង្កើត​ទ័ព​អវកាស​​នេះ​ក៏​ទទួល​ការ​រិះគន់​ខ្លាំង​ពី​សំណាក់​ក្រុម​មេដឹកនាំ​យោធា​ជាន់​ខ្ពស់​អាមេរិក​ផង​ដែរ។​ នៅ​ក្នុង​សវនកម្ម​សួរ​ដេញ​ដោល​មួយ​នៅចំពោះ​មុខ​សភា​កុងគ្រែស​កាលពី​ឆ្នាំ​២០១៧​ លោក​ David Goldfein អគ្គ​មេ​បញ្ជាការ​កង​ទ័ព​ជើង​អាកាស​អាមេរិក​បាន​គូស​បញ្ជាក់​ថា​ ការ​បង្កើត​កង​ទ័ព​អវកាស​ គឺ​មិន​មែន​ជា​រឿង​ល្អ​ឡើយ។​ សព្វ​ថ្ងៃ​នេះ​ កង​ទ័ព​ជើង​អាកាស​អាមេរិកជា​អ្នក​តាម​ដាន​រាល់​សកម្មភាព​យោធា​នៅ​លើ​ដែន​អាកាស​ប្រទេស​រួច​ជា​ស្រេច​ទៅ​ហើយ។ ដូច​នេះ​ គេ​មិន​ចាំ​បាច់​ត្រូវ​បង្កើត​ផែន​កង​ទ័ព​ថ្មី​មួយ​ឡើយ។

គិត​មក​ដល់​ពេល​នេះ​ សេចក្តី​សំរេច​បង្កើត​កងទ័ព​អវកាស​អាមេរិក​នេះ​គ្រាន់​តែ​ជា​គំរោង​របស់​រដ្ឋាភិបាល​អាមេរិក​ប៉ុណ្ណោះ។​ ដើម្បី​ឲ្យ​គំរោង​នេះ​លេច​ចេញ​ជា​រូបរាង​ពិត​ប្រាកដ​បាន​ គេ​​ត្រូវ​រង់ចាំ​ការ​អនុម័ត​ពី​សភា​កុងគ្រែស​ជាមុន​សិន។​ ទាក់​ទង​នឹង​សំណុំ​រឿង​នេះ ក្រុម​សមាជិក​សភា​តំណាង​រាស្រ្ត​ និង​ក្រុម​សមាជិក​ព្រឹទ្ធសភា​ទាំង​ពីរ​គណបក្ស​ពុំ​មាន​គំនិត​ស្រុះ​ស្រួល​ជា​ធ្លុង​មួយ​ឡើយ។​ លោក​ Bill Nelson សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ជា​មនុស្ស​ម្នាក់​ប្រឆាំង​នឹង​គំរោង​នេះ​បាន​អះអាង​ថា​ វា​មិន​ទាន់​ដល់​ពេល​ត្រូវ​បំបែក​កង​ទ័ព​ជើង​អាកាស​ ដើម្បី​បង្កើត​កង​ទ័ព​អវកាស​ឡើយ។​ មាន​គ្រោះ​ថ្នាក់​ជា​ច្រើន​ត្រូវ​ប្រឈម​សំរាប់​បេសកកម្ម​របស់​កង​ទ័ព​អវកាស។​

កាលពី​ខែ​ធ្នូ​ ឆ្នាំ​២០១៦​កន្លង​ទៅនេះ​ លោក​ ដូណាល់​ ត្រាំ បាន​ចុះ​ហត្ថលេខា​លើ​ក្រឹត្យ​ប្រធានាធិបតី​មួយ​បង្គាប់​ឲ្យ​មាន​ការ​បើកឡើង​វិញ​នូវ​​ប្រតិបត្តិ​ការរុក​រក​ជីវិត​រស់​នៅ​លើ​​ភព​ព្រះ​ច័ន្ទ​ ​​និង​ភព​ព្រះ​អង្គារ។​ វា​ជា​បេសកកម្ម​ស្ថិត​ក្រោម​ការ​ចំណាយ​ប្រាក់​ឧបត្ថម្ភ​របស់​រដ្ឋាភិបាល​អាមេរិក។​ លោក​ ត្រាំ ក៏​បាន​បញ្ជា​ឲ្យ​ពិនិត្យ​សើរើ​ឡើង​វិញ​ផងដែរ​ចំពោះ​ច្បាប់​គ្រប់​គ្រង​ក្រុមហ៊ុន​ឯកជន​ដែល​មាន​អាជីវកម្ម​ជំនាញ​ផែ្នក​ហោះ​ហើរ​បញ្ជូន​យាន​ទៅ​ទី​អវកាស។ សព្វ​ថ្ងៃ​នេះ​ ក្រុមហ៊ុន​ឯកជន​អាមេរិក​ធំៗ​ដូចជា​ Space X និង​ Blue Origin​ ជាដើម​កំពុង​តែ​បង្កើន​សមត្ថភាព​បច្ចេកវិទ្យា​ផលិត​យាន​ចម្លង​ដែល​មាន​ល្បឿន​លឿន​លើ​លោក។​ តួយ៉ាង​ក្រុមហ៊ុន​ Space X បាន​ប្រើប្រាស់​យាន​ Falcon Heavy កាលពី​ថ្ងៃ​ទី​ ៦ កុម្ភៈ​កន្លង​ទៅ​នេះ​ ដើម្បី​ដឹកជញ្ជូន​​រថយន្ត​ Tesla មួយ​គ្រឿង​ទៅ​ដាក់​បង្ហោះ​ចោលនៅ​លើ​គន្លង​តារាវិថី​នៃ​ភព​ព្រះ​អង្គារ។ នា​ឆ្នាំ​២០២៥​ខាង​មុខ​នេះ​ ក្រុមហ៊ុន​ Space X ក៏​គ្រោង​បញ្ជូន​មនុស្ស​ទៅ​ភព​ព្រះ​ច័ន្ទ​ដោយ​ប្រើ​ប្រាស់​យាន​ចម្លង​មាន​កំលាំង​មហិមារក្លាំង​ក្លា​បីដង​លើស​យាន​ Falcon Heavy ទៅ​ទៀត។​ គោលដៅ​របស់​ក្រុមហ៊ុន​ គឺ​តាម​រយៈ​យាន​បែប​នេះ​ គេ​នឹង​អាច​បញ្ជូន​មនុស្ស​ទៅកាន់​ទៅ​ភព​ព្រះ​អង្គារ។​ ចំណែក​ក្រុមហ៊ុន​ ​Blue Origin​ វិញ​កំពុង​តែ​បង្កើត​បច្ចេកវិទ្យា​ផលិត​យាន​ New Glenn ដែល​មាន​សមត្ថភាព​អាច​ផ្ទុក​សំភារៈ​រាប់​សិប​តោន​យក​ទៅ​ដាក់​នៅ​លើ​គន្លង​តារាវិថី។​

សូម​រំលឹក​ជូន​ថា​ កាលពី​ឆ្នាំ​១៩៦១​ លោក​ប្រធានាធិបតី​ John F. Kenneedy បានដាក់​គោលដៅ​មួយ​ គឺ​ធ្វើ​យ៉ាង​ណា​សំរេច​បេសកកម្ម​បញ្ជូន​អវកាសនិក​ទៅកាន់​ភព​ព្រះ​ច័ន្ទ។​ គឺ​ចាប់​ពី​ពេល​នោះ​ហើយ​ដែល​សហរដ្ឋ​អាមេរិក​ និង​អតីតៈ​សហភាព​សូវៀត​បាន​ប្រជែង​គ្នា​អស់​រយៈ​ដប់​ឆ្នាំ​ក្នុង​ការ​ឈាន​ទៅ​សំរេច​បេកកម្ម​នេះ។​ សម័យ​កាល​នោះ​ មហា​អំណាច​​ទាំង​ពីរ​ក៏​បាន​ប្រជែង​គ្នា​ផែ្នក​នយោបាយ​ និង​មនោគមន៍​វិជ្ជា​ផង​ដែរ​ក្នុង​កំឡុង​ពេល​សម័យ​សង្គ្រាម​ត្រជាក់​រវាង​ប្លុក​ទាំងពីរ​។​ គេ​ត្រូវ​រង់ចាំ​រហូត​ដល់​ឆ្នាំ​១៩៦៩​ ទើប​មាន​អវកាសនិក​អាមេរិក​បាន​ជាន់​ជើង​នៅ​លើ​ភព​ព្រះច័ន្ទជា​លើក​តំបូង​​។​  ហើយ​ទីបំផុត​ គឺ​សហរដ្ឋ​អាមេរិក​បាន​សំរេច​គោលដៅ​របស់​ខ្លួន។​ បើតាម​គំរោង​របស់​លោក​ ត្រាំ​ គឺ​ចាប់​ពី​ឆ្នាំ​២០១៩ខាង​មុខ​នេះ​​ សហរដ្ឋ​អាមេរិក​មាន​គំរោង​បញ្ជូន​យាន​រុក​រក​ស្វ័យ​ប្រវត្តិ​មួយ​ទៅ​កាន់​ភព​ព្រះ​ច័ន្ទ។​ នេះ​ជា​លើក​ទីមួយ​ហើយ​ចាប់​ពី​ឆ្នាំ​១៩៧២ ដែល​មាន​ការ​បើក​ប្រតិបត្តិការ​បេសកកម្ម​បែប​នេះ​នៅ​ភព​ព្រះ​ច័ន្ទ។​

សូម​បញ្ជាក់​ថា​ សហរដ្ឋ​អាមេរិក​ជា​ប្រទេស​ហត្ថលេខី​នៃ​សន្ធិសញ្ញា​អវកាស។​ សន្ធិសញ្ញា​នេះ​ត្រូវ​បាន​តាក់តែង​ឡើង​ក្រោម​គំនិត​ផ្តួច​ផ្តើម​រួម​គ្នា​រវាង​សហរដ្ឋ​អាមេរិក​ និង​សហភាព​សូវៀត។​ គោល​បំណង​ចម្បង​នៃ​សន្ធិសញ្ញា​នេះ​ គឺ​អភិរក្ស​ទីអវកាស​ដែល​ជា​សម្បត្តិ​រួម​របស់​មនុស្ស​ជាតិ​ និង​ចៀសវាង​មិន​ឲ្យ​ប្រជាជាតិ​ណាមួយ​ប្រើ​ប្រាស់​មហិច្ឆតា​គ្រប់​គ្រង​បង្កើត​អធិបតេយ្យភាព​របស់​ខ្លួន។ អត្ថបទ​គតិ​យុត្ត​អន្តរជាតិ​នេះ​បាន​ចូល​ជា​ធរមាន​កាល​ពី​ចុង​ឆ្នាំ​១៩៦៧។​ ខ្លឹម​សារ​នៃ​សន្ធិ​សញ្ញា​នេះ​បាន​ហាម​ឃាត់​មិន​ឲ្យ​មាន​ការ​ពង្រាយ​អាវុធ​ប្រល័យ​លោក​ណា​មួយ​ឡើយ​នៅ​ក្នុង​លំហ​អវកាស។​ សន្ធិសញ្ញា​នេះ​ក៏​បាន​ចែង​ច្បាស់​ផងដែរ​ថា​ ការ​ប្រើ​ប្រាស់​ភព​ព្រះ​ច័ន្ទ ឬ​ភព​ណា​មួយ​ផ្សេង​ទៀត​ក្នុង​លំហ​អវកាស​ គឺ​ត្រូវ​បាន​អនុញ្ញាត​តែ​សំរាប់​គោលដៅ​ស្រាវ​ជ្រាវ​វិទ្យា​សាស្រ្ត​តែ​ប៉ុណ្ណោះ។ បើ​ទោះបី​ជាមាន​ការ​ហាម​ឃាត់​យ៉ាង​ណាក៏ដោយ​ ប៉ុន្តែ សន្ធិសញ្ញា​នេះ​ពុំ​បាន​ហាម​ឃាត់​ក្រុមហ៊ុន​ឯកជន​ដែល​ចង់​​រុករក ឬ​ធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ​ដែល​មាន​នៅ​លើ​បណ្តា​ភព​ទាំង​ឡាយ​ក្នុង​លំហ​អវកាស​ឡើយ។​

ដោយ​ឡែក​ សន្ធិសញ្ញា​ស្តីពី​ភព​ព្រះច័ន្ទ​ត្រូវ​បាន​តាក់​តែង​ឡើង​កាល​ពី​ឆ្នាំ​១៩៧៩។​ សន្ធិសញ្ញា​នេះ​មាន​កម្មវត្ថុ​ជំរុញ​ថែរក្សា​ភពព្រះច័ន្ទ​ដែល​ជា​ភព​រណប​វិល​ជុំវិញ​ភព​ផែនដី។​ ហើយ​ភព​ព្រះ​ច័ន្ទ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​បេតិកភ័ណ្ឌ​មនុស្ស​ជាតិ។​ ប៉ុន្តែ មកដល់​សព្វ​ថ្ងៃ​នេះ​ សន្ធិសញ្ញា​ស្តីពី​ការ​អភិរក្ស​ភព​ព្រះ​ច័ន្ធ​នេះ​ពុំ​ត្រូវ​បាន​ប្រទេស​មហា​អំណាច​អវកាស​ចុះ​ហត្ថលេខា​ឡើយ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ