អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វីបានជាប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំសម្រេចដកទ័ពអាមេរិកចេញពីតំបន់ប៉ែកខាងជើងស៊ីរី?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ចន្ទ ទី៧ តុលា កងទ័ព​អាមេរិក​បាន​ផ្តើម​ដក​ចេញ​ពី​តំបន់​មួយ​ចំនួន​នៅ​តាម​បណ្តាយ​ព្រំដែន​រវាង​ប្រទេស​តួកគី និង​តំបន់​ប៉ែកខាងជើង​ប្រទេស​ស៊ីរី។ នេះ​ជា​ការ​សម្រេច​របស់​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ បន្ទាប់​ពី​លោក​បាន​ជួប​សន្ទនា​ជាមួយ​សមភាគី​តួកគី​លោក​អ៊ែរដូហ្កាន​តាម​ទូរស័ព្ទ​នា​យប់​ថ្ងៃ​អាទិត្យ ទី៦ តុលា។ ចំណែក​លោក​អ៊ែរដូហ្កាន​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​អាច​ផ្តើម​បើក​ប្រតិបត្តិការ​បោសសំអាត​ពួក​ភេរវជន​នៅ​ប៉ែកខាងជើង​នា​ពេល​ឆាប់ៗ​ខាង​មុខ។ ហេតុអ្វី​បាន​ជា​លោក​ត្រាំ​ព្រម​ដក​ទ័ព​ចេញ​ពី​តំបន់​ប៉ែកខាងជើង​ស៊ីរី​តាម​ការ​ចង់​បាន​របស់​លោក​អ៊ែរដូហ្កាន និង​ថា តើ​ការ​ប្តូរ​ជំហរ​របស់​ត្រាំ​ចំពោះ​ស៊ីរី​ពេល​នេះ​អាច​បង្ក​ឲ្យ​មាន​ផលវិបាក​អ្វី​ខ្លះ?។

ហេតុអ្វីបានជាប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំសម្រេចដកទ័ពអាមេរិកចេញពីតំបន់ប៉ែកខាងជើងស៊ីរី?
ហេតុអ្វីបានជាប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំសម្រេចដកទ័ពអាមេរិកចេញពីតំបន់ប៉ែកខាងជើងស៊ីរី? REUTERS/Leah Millis
ផ្សាយពាណិជ្ជកម្ម

ក្រៅ​ពី​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​មាន​ការ​ភ្ញាក់ផ្អើល​ខ្លាំង ការ​សម្រេច​របស់​លោក​ដូណាល់ ត្រាំ​ក្នុង​ការ​ទ័ព​អាមេរិក​ចេញ​ពី​តំបន់​នៅ​តាម​ព្រំដែន​រវាង​តួកគី និង​តំបន់​ប៉ែកខាងជើង​ស៊ីរី​បាន​បញ្ឆ្រាស់​នឹង​អនុសាសន៍​របស់​អ្នកទទួល​ខុសត្រូវ​នៃ​ក្រសួងការពារជាតិ និង​ក្រសួង​ការបរទេស​អាមេរិក។ អ្វី​ដែល​ពួក​គេ​ចង់​បាន និង​ចង់​ឃើញ គឺ​វត្តមាន​ទ័ពអាមេរិក​ដើម្បី​ប្រឆាំង​នឹង​ការ​ងើប​ឡើង​វិញ​របស់​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម និង​ដើម្បី​ប្រឈម​ទប់​នឹង​ឥទ្ធិពល​របស់​រុស្ស៊ី ហើយ​អ៊ីរ៉ង់​នៅ​ស៊ីរី។ តាម​ពិត​ទៅ ការ​សម្រេច​របស់​ប្រធានាធិបតី​អាមេរិក​លោក​ត្រាំ​បាន​ធ្វើ​ឡើង​ដើម្បី​គោរព​តាម ឬ​ដើម្បី​បំពេញ​ចិត្ត​តាម​ប្រធានាធិបតី​តួកគី​លោក​អ៊ែរដូហ្កាន។ លោក​អ៊ែរដូហ្កាន​ដែល​ចង់​បង្កើត​ឲ្យ​មាន​តំបន់​សន្តិសុខ​មួយ​នៅ​ប៉ែក​ខាង​ជើង​ស៊ីរី។ គឺ​ជា​តំបន់​សន្តិសុខ​មួយ​ស្ថិត​ក្នុង​ទឹកដី​ស៊ីរី​ជាប់​នឹង​ព្រំដែន​តួកគី​ដែល​មាន​បណ្តោយ​ប្រមាណ​ជា ៥០០គីឡូម៉ែត្រ និង​ទទឹង​ប្រមាណ​ជា ៣០គីឡូម៉ែត្រ។

តែ​ដើម្បី​អាច​សម្រេច​កម្មវត្ថុ​មួយ​នេះ​បាន លោក​អ៊ែរដូហ្កាន​ត្រូវ​ការ​ភ្លើងខៀវ​ពី​អាមេរិក ពិសេស​ចង់​ឲ្យ​អាមេរិក​ដក​ទ័ព​ចេញ​ពី​ទីនោះ។ នៅ​ក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​កាល​ពី​ថ្ងៃ​អង្គារ ទី១ តុលា​កន្លង​ទៅ លោក​អ៊ែរដូហ្កាន​បាន​សារភាព​ត្រង់ៗ​ថា ការ​អត់ធ្មត់​របស់​តួកគី​ចំពោះ​អាមេរិក​មាន​កម្រិត​ស្តីពី​ការ​បង្កើត​តំបន់​សន្តិសុខ​មួយ​នៅ​ប៉ែកខាងជើង​ស៊ីរី។ គេ​ត្រូវ​រង់ចាំ​ដល់​យប់​ថ្ងៃ​អាទិត្យ ទី៦ តុលា​ទើប​លោក​ត្រាំ​សម្រេច​ដក​ទ័ពអាមេរិក​ចេញ​ពី​ទីនោះ។ នេះ​ជា​ការ​បើក​ផ្លូវ​ឲ្យ​លោក​អ៊ែរដូហ្កាន​អាច​បង្កើត​តំបន់​សន្តិសុខ​មួយ​ដែល​លោក​ចង់​បាន ហើយ​នេះ ក៏​ជា​ជោគជ័យ​ការទូត​មួយ​សម្រាប់​លោក​អ៊ែរដូហ្កាន​ដែល​គ្មាន​នរណា​ម្នាក់​អាច​និយាយ​ផ្ទុយ​បាន​ដែរ។ តួកគី​បាន​បញ្ជាក់​ម្តង​ហើយ ម្តង​ទៀត​ថា កម្មវត្ថុ​នៃ​ការ​បង្កើត​ឲ្យ​មាន​តំបន់​សន្តិសុខ​នៅ​ប៉ែកខាងជើង​ស៊ីរី គឺ​ដើម្បី​យក​ជនភៀសខ្លួន​ស៊ីរី​មួយ​ចំនួន​ទៅ​ដាក់​នៅ​ក្នុង​តំបន់​សន្តិសុខ​នោះ។

គួរ​បញ្ជាក់​ថា​បច្ចុប្បន្ន តួកគី​កំពុង​ទទួល​ឲ្យ​ជ្រកកោន​លើ​ទឹកដី​ខ្លួន​នូវ​ជនភៀសខ្លួន​ស៊ីរី​ជាង ៣លាននាក់។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា តំបន់​ប៉ែកខាងជើង​ស៊ីរី​ក៏​ជា​ដែនអំណាច​របស់​កម្លាំង​គួដឌីស្ថានស៊ីរី​ដែរ ហើយ​ក្រោម​ភ្នែកច្រមុះ​របស់​ទីក្រុង​អង់ការ៉ា ចលនា​គួដឌីស្ថាន​ស៊ីរី​ជា​ចលនា​ភេវនិយម​ដែល​ត្រូវ​កំចាត់។ តាម​ពិត​ទៅ ផ្ទាំងស៊ីប​របស់​លោក​អ៊ែរដូហ្កាន​មិនមែន​ពួក​គួដឌីស្ថាន​នៅ​ស៊ីរី ឬ​នៅ​អ៊ីរ៉ាក់​ទេ តែ​គឺ​ពួក​គួដឌីស្ថាន PKK នៅ​តំបន់​ស្វយ័ត​តួកគី​ដែល​បាន​ធ្វើ​ការ​តស៊ូ​ប្រដាប់​អាវុធ​ប្រឆាំង​នឹង​រដ្ឋអំណាច​តួកគី​តាំង​ពី​ឆ្នាំ ១៩៨៤ មក​ម្ល៉េះ។ អ្វី​ដែល PKK កំពុង​បន្ត​ទាមទារ​ពី​តួកគី គឺ​ឯករាជ្យភាព​ផ្តាច់​ចេញ​ពី​ការ​គ្រប់គ្រង​របស់​ទីក្រុង​អង់ការ៉ា។ លោក​អ៊ែរដូហ្កាន​យល់​មិន​ច្រឡំ​ទេ​ថា ដើម្បី​អាច​បន្ត​សង្កត់​ក ពួក PKK នៅ​តួកគី​បាន គេ​ត្រូវ​ទប់ស្កាត់​ពួក​គួដឌីស្ថានស៊ីរី​កុំ​ឲ្យ​បង្កើត​តំបន់​ស្វយ័ត​នៅ​ក្បែរ​ព្រំដែន​តួកគី។

ដូច្នេះ​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល ការ​ដែល​លោក​ត្រាំ​បាន​ផ្តល់​ភ្លើង​ខៀវ​ឲ្យ​លោក​អ៊ែរដូហ្កាន​បង្កើត​តំបន់​សន្តិសុខ​នៅ​ប៉ែកខាងជើង​ស៊ីរី មិន​ខុស​អ្វី​ពី​ការ​ផ្តល់​សិទ្ធិ​ឲ្យ​លោក​អ៊ែរដូហ្កាន​បណ្តេញ​ពួក​គួដឌីស្ថានស៊ីរី​ឲ្យ​ឆ្ងាយ​ពី​ព្រំដែន​តួកគី​ឡើយ។ នេះ​ពិត​ជា​ព្រួញ​មួយ​បាញ់​បាន​សត្វ​ពីរ​មែន​សម្រាប់​លោក​អ៊ែរដូហ្កាន ព្រោះ​នៅ​ម្ខាង លោក​អាច​កាត់​បន្ថយ​ចំនួន​ជនភៀសខ្លួន​ស៊ីរី​ពី​ទឹកដី​តួកគី និង​នៅ​ម្ខាង​ទៀត លោក​អាច​កាត់​បន្ថយ​ការ​គំរាមកំហែង​ពី​ពួក​គួដឌីស្ថានស៊ីរី​ដោយ​រុញ​ច្រាន​ពួក​គេ​ឲ្យ​ចូល​ជ្រៅ​ទៅ​ក្នុង​ទឹកដី​ស៊ីរី។ គួរ​រម្លឹក​ថា រឿងរ៉ាវ​រវាង​តួកគី និង​គួដឌីស្ថានស៊ីរី​មាន​លក្ខណៈ​ស្មុគស្មាញ និង​សាំញាំ ព្រោះ​វា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​តួអង្គ​ផ្សេង​ទៀត ពិសេស​អាមេរិក រុស្ស៊ី និង​ប្រទេស​អ៊ីរ៉ង់។ អាមេរិក​ក៏​ដូច​ប្រទេស​រុស្ស៊ី​បាន​ចាត់​ទុក​កម្លាំង​គួដឌីស្ថានស៊ីរី​ជា​ដៃគូ​នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំង​នឹង​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។ វ៉ាស៊ីនតោន និង​មូស្គូ​បាន​ទទួល​ស្គាល់​ដូច​គ្នា​ថា បើ​កុំ​តែ​មាន​ការ​ជួយ​គាំទ្រ​ពី​កម្លាំង​គួដឌីស្ថានស៊ីរី ម្ល៉េះ​ប្រតិបត្តិការ​កំចាត់​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ស៊ីរី​ក៏​មិន​ងាយ​នឹង​ទទួល​បាន​ជោគជ័យ​ឆាប់ៗ​ដែរ។

តើ​ទង្វើ​របស់​លោក​ត្រាំ​យ៉ាង​ដូច​នេះ​មិន​ជា​ទង្វើ​ដល់​ត្រើយ​សើយ​គូទ​ទេ​ឬ​យ៉ាង​ណា?។ នេះ​ជា​ការ​ចោទ​សួរ​របស់​ពួក​គួដឌីស្ថានស៊ីរី។ ក្តីបារម្ភ​មួយ​ទៀត គឺ​ទាក់ទង​នឹង​អ្នកទោស​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​ជនជាតិ​អឺរ៉ុប​ដែល​បាន​ចាប់​ខ្លួន​នៅ​ក្នុង​តំបន់​នា​រយៈពេល ២ឆ្នាំ​ចុង​ក្រោយ និង​ដែល​លោក​ត្រាំ​បាន​ប្រគល់​ឲ្យ​លោក​អ៊ែរដូហ្កាន​ជា​អ្នក​ដោះស្រាយ​ម្នាក់​ឯង។ គួរ​រម្លឹក​ថា អស់​ជា​ច្រើន​សប្តាហ៍​កន្លង​មក​ដែល​លោក​ត្រាំ​បាន​អំពាវនាវ​ដល់​ប្រទេស​អឺរ៉ុប​ពាក់ព័ន្ធ​ឲ្យ​ទទួល​យក​ពួកជីហាត​ជនជាតិ​ខ្លួន​ដោយ​គំរាម​ដោះលែង​វិញ។ តែ​ប្រទេស​អឺរ៉ុប​ទាំង​នោះ​បាន​បន្ត​បដិសេធ។ ទន្ទឹម​គ្នា​នេះ មាន​សំណួរ​មួយ​ទៀត​បាន​ចោទ​សួរ​ថា តើ​ភ្លើងខៀវ​របស់​លោក​ត្រាំ​ចំពោះ​លោក​អ៊ែរដូហ្កាន​មិនមែន​ជា​កាដូ​ពិសពុល​សម្រាប់​លោក​អ៊ែរដូហ្កាន​ដែរ​ទេ​ឬ​យ៉ាង?។ ពិត​ណាស់​ចាប់​ពី​ពេល​នេះ​ត​ទៅ ពួក​គួដឌីស្ថានស៊ីរី​ត្រូវ​ប្រឈម​មុខ​តែ​ម្នាក់​ឯង​ទល់​នឹង​ការ​វាយប្រហារ​ពី​កម្លាំងទ័ព​តួកគី។ តែ​គេ​ក៏​ត្រូវ​និយាយ​ផង​ដែរ​ថា​ចាប់​ពី​ពេល​នេះ​ត​ទៅ តួកគី​ក៏​ត្រូវ​ប្រឈម​មុខ​តែ​ម្នាក់​ឯង​ដែរ​ទល់​នឹង​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ស៊ីរី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ