អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

វៀតណាម-អាល់ហ្សេរី ពីមិត្តភាព​ប្រវត្តិសាស្ត្រ​​ ទៅ​ដៃគូ​សេដ្ឋកិច្ច

ចុះផ្សាយ​នៅ​ថ្ងៃ៖

តើ​វៀតណាម​កំពុង​បោះជំហាន​ទៅ​រុក​រាន​ដី​ថ្មី​នៅ​អាហ្វ្រិក តាម​រយៈ​ប្រទេស​អាល់ហ្សេរី​​ឬ ? នេះ​ជា​ទស្សនៈវិស័យ​មួយ​ដែល​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ នា​ឱកាស​ទស្សនកិច្ចផ្លូវ​រដ្ឋ​​របស់​នាយក​រដ្ឋមន្ត្រី​វៀតណាម នៅ​ប្រទេស​អាល់ហ្សេរី បី​ថ្ងៃ សប្តាហ៍​នេះ។ ​អាល់ហ្សេរី និង​វៀតណាម បាន​បង្កើន​ទស្សនកិច្ច​របស់​គណៈប្រតិភូ​ ជំនួប​ពិភាក្សា​ជាន់​ខ្ពស់ច្រើន​​ឡើងៗ​ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តការ​ទ្វេ​ភាគី​ផង ដើម្បី​សម្តែង​ការ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ផង លើ​ឆាក​អន្តរជាតិ​ ក្នុង​រង្វង់​អង្គការ​ឬ​វេទិកា​អន្តរជាតិ​ និង​ពិសេស​ដើម្បី​ផ្តល់​កម្លាំង​ចលករ​ដល់​ការ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​រវាង​គ្នា។

ប្រធានាធិបតី​អាល់ហ្សេរី  Abdoulaziz Bouteflika (ឆ្វេង) និង​សមភាគី​វៀតណាម  Nguyen Menh Triet នៅ​វិមាន​ប្រធានាធិបតី​ក្រុង​អាល់ហ្សេ ឆ្នាំ​២០១០
ប្រធានាធិបតី​អាល់ហ្សេរី Abdoulaziz Bouteflika (ឆ្វេង) និង​សមភាគី​វៀតណាម Nguyen Menh Triet នៅ​វិមាន​ប្រធានាធិបតី​ក្រុង​អាល់ហ្សេ ឆ្នាំ​២០១០ REUTERS/Louafi Larbi
ផ្សាយពាណិជ្ជកម្ម

មាន​ប្រវត្តិ​ជាមិត្ត​នឹង​គ្នា ធ្លាប់​បាន​ជួយ​​​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​គ្រា​ក្រ ជាពិសេស​នៅ​ក្នុង​ពេល​​មាន​សង្គ្រាម ពេល​ប្រយុទ្ធ​​​តស៊ូទាមទារ​ឯករាជ្យ​ពី​នឹម​អាណានិគមនិយម​បារាំង។ ពលរដ្ឋ​និង​រដ្ឋាភិបាល​អាល់ហ្សេរីធ្លាប់​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពលរដ្ឋ​វៀតណាម​ក្នុង​សង្គ្រាម​ឈ្លានពាន​អាមេរិក ហើយ​គឺ​វៀតណាម​ដែល​ទទួល​ស្គាល់​មុន​គេ​រដ្ឋាភិបាល​បណ្តោះអាសន្ន​អាល់ហ្សេរី​នៅ​ឆ្នាំ​១៩៥៨​ និង​ដាក់​ទូត​ភ្លាម​នៅ​ក្រុង​អាល់ហ្សេ​ នៅ​ឆ្នាំ​១៩៦២ ពេលអាល់ហ្សេរី​បាន​ទទួល​ឯករាជ្យ...

រាល់ពេល​រាល់​លើក​ វៀតណាម​​តែង​តែ​ថ្លែង​រំលឹក​អំណរគុណ​ អាល់ហ្សេរី ដែល​បាន​ជួយ​ខ្លួន​ក្នុង​អតីតកាល មិន​ថាក្នុង​បុព្វហេតុ​​ឯករាជ្យ​ឬ​បុព្វហេតុ​បង្រួបបង្រួម​វៀតណាម​ខាង​ជើង​និង​ខាង​ត្បូង​ទេ។ វៀតណាម​អរគុណ​អាល់ហ្សេរី ដែល​ទទួល​ស្គាល់​លក្ខន្តិកៈ​សេដ្ឋកិច្ច​ទីផ្សារ​​វៀតណាម។

 
ទំនាក់ទំនង​អាល់ហ្សេរី​-វៀតណាម ​ដ៏​រលូន​ បាន​រីក​ធំធាត់​ជា​លំដាប់​ និង​ល្អ​ប្រសើរ​បំផុតខាង​​ផ្នែក​នយោបាយ​ ប៉ុន្តែមិត្តភាព​នេះ​មាន​កំរិត​ ​ បើ​និយាយ​អំពី​វិស័យ​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម។​ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ ប្រមុខ​ដឹកនាំ​ទាំងពីរ​ប្រទេស​បាន​ប្តេជ្ញា​​ពង្រីក​សក្តានុពល​​មិត្តភាពឱ្យ​​​បាន​ច្រើន​បន្ថែម​ទៀត លើ​គ្រប់​វិស័យ។​

នា​ឱកាស​​ជួប​សន្ទនា​មួយ​ទល់​នឹង​មួយ​ នៅ​ថ្ងៃ​ទី ១ មិថុនា ២០១៥ នាយក​រដ្ឋមន្ត្រី​អាល់ហ្សេរី លោក Abdelmalek Sellal និង​សមភាគី​ ​វៀតណាម  លោកNguyen Tan Dung បាន​សម្រេច​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ និង​ប្រកប​ដោយ​ប្រសិទ្ធិភាព​គណៈកម្មការ​សហប្រតិបត្តិការ​​អន្តរ​រដ្ឋាភិបាល​ និង​គាំទ្រ​បេក្ខភាព​​អាល់ហ្សេរី​-វៀតណាម ក្នុង​ស្ថាប័ន​អង្គការ​សហប្រជាជាតិ​ ឬ​អង្គការ​អន្តរជាតិ។ មិន​តែ​ប៉ុណ្ណោះ​ អាល់ហ្សេរី បាន​បង្ហាញ​ការគាំទ្រ​វៀតណាម ក្នុង​ដំណោះស្រាយ​ដោយ​សន្តិវិធី ជម្លោះ​នៅ​សមុទ្ទ​ចិន​ខាង​ត្បូង ស្រប​តាម​ច្បាប់​អន្តរជាតិ។ ឯ​ចំណែក​វៀតណាម​ គាំទ្រ​បេក្ខភាព​អាល់ហ្សេរី ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក OMC ដោយ​មិន​បាច់​គិត​យូរ។

លើ​វិស័យ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ថ្វី​បើ​​ចិន​ឈាន​មុខ​គេ​ខ្លាំង​នៅ​អាល់ហ្សេរី ឬ​នៅ​អាហ្វ្រិក​ ស្ទើរ​តែ​ម៉ៅ​ដាច់​ទីផ្សារ​ទៅ​ហើយក៏ដោយ​ ក៏​អាល់ហ្សេរី សន្យា​​ប្រកាន់​យក​នយោបាយ​ប្រកួត​ប្រជែង ដោយ​ផ្តល់​សំណាង​ឱ្យ​វៀតណាម​អាច​ជ្រៀត​ចូល​ក្នុង​ទី​ផ្សារ​អាល់ហ្សេរី។ សម្រាប់​អាល់ហ្សេរី​ផ្ទាល់​​​ដែល​ចង់​ពង្រឹង​សេដ្ឋកិច្ច ឱ្យ​ដើរ​ទាន់​ប្រទេស​ជិត​ខាង មើល​ខ្លួន​ឯង​ថា​ជា​ប្រទេស​មួយ​ប្រកប​ដោយ​យុទ្ធសាស្ត្រ ជា​ច្រក​ផ្លូវ​​សម្រាប់វៀតណាម​​ឈាន​រក​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្នុង​ទ្វីប​អាហ្វ្រិក​ទាំង​មូល។ មិន​ខុ​ស​គ្នា​នេះ​ដែរ វៀតណាម ក៏​មាន​អំណះអំណាង​គ្រប់​គ្រាន់​ក្នុង​ការ​តាំង​ខ្លួន​ជា​​ច្រក​ទ្វារ​សម្រាប់​អាល់ហ្សេរី​ហោះ​ជំហាន​ចូល​អាស៊ី។

ដោយ​មើល​ឃើញ​ពី​ប្រយោជន៍​យុទ្ធសាស្ត្រ​ដូច​គ្នា ទើប​ប្រមុខ​ដឹកនាំ​ទាំង​ពីរ​ចង់​​​រៀប​ចំ​​ឱ្យ​មាន​ភាព​ជា​ដៃគូ​ តាម​គំរូ​ថ្មី កិច្ចសហប្រតិបត្តិការ​ថ្មី ដែល​សក្តិសម និង​មាន​អានុភាព ដើម្បី​ឱ្យ​ពាណិជ្ជកម្ម​ទ្វេភាគី​ បាន​ឡើង​ដល់​ទៅ​១ពាន់​លាន​ដុល្លារ ​នៅ​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ មិន​មែន​ត្រឹម​តែ​ ២៥០​លាន​ដុល្លារ​ដូច​ពេល​បច្ចុប្បន្ន។ ឧស្សាហកម្ម កសិកម្ម​ កសិចំណីអាហារ ប្រេង រ៉ែ កាត់ដេរ ហេដ្ឋារចនា​សម្ព័ន្ធ​ ហិរញ្ញវត្ថុ បច្ចេកវិទ្យាព័ត៌មានវិទ្យា ទូរគមនាគមន៍ និង​ទេសចរណ៍ ជា​វិស័យសំខាន់ៗ​ដែល​​ប្រទេស​ទាំង​ពីរ​នឹង​សម្រួល​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់​​តែ​ប្រសើរ​ឡើង។

អាល់ហ្សេរី​ត្រូវការ​ជំនួយ​ពី​វៀតណាម​ ​សម្រាប់​អភិវឌ្ឍន៍​ឧស្សាហកម្ម​កាត់ដេរ និង​កសិចំណីអាហារ ដោយ​ត្រៀម​ខ្លួន​ជា​ស្រេច​នឹង​ផ្តល់​ដីរាប់​ម៉ឺន​ហិចតារ​ដល់​ក្រុមហ៊ុន​វៀតណាម សម្រាប់​អភិវឌ្ឍន៍​ដំណាំ​ស្រូវ ចិញ្ចឹម​សត្វ​។ ក្រុមហ៊ុន​ប្រេង​វៀតណាម និង​អាល់ហ្សេរី ចាប់​ពី​ខែ​កក្កដា​ទៅ​នឹង​អាច​ផលិត និង​ធ្វើ​ពាណិជ្ជកម្ម​ប្រេង​​បាន​ប្រមាណ​ពី ២​ម៉ឺន​ទៅ​៤​ម៉ឺន​ប៉ារីល​។ មិន​តែ​ប៉ុណ្ណោះ​វៀតណាម​អាច​ពង្រីក​គម្រោង​របស់​ខ្លួន​បាន​ទៀត។ អាល់ហ្សេរី ស្វាគមន៍​​ការ​ចូល​រួម​ចំណែក​រុក​រក​រ៉ែ​របស់​វៀតណាម​ ដែល​ជា​វិស័យ​មាន​សក្តានុពល​ខ្លាំង​ និង​រង់​ចាំ​​ទទួល​​​កម្មករ​សំណង់​មាន​សមត្ថភាព​ សម្រាប់​សម្រេច​សមិទ្ធិសាងសង់​សំណង់​លំនៅដ្ឋាន។

កិច្ច​ព្រមព្រៀង​កិច្ចសហប្រតិបត្តិការ​ទ្វេ​ភាគី​លើ​ វិស័យ​ទេសចរណ៍​ សុខាភិបាល វប្បធម៌​ ឆ្នាំ​២០១៦-១៨ ត្រូវបាន​ចុះ​ហត្ថលេខា​ក្រោម​អធិបតីភាព​នាយក​រដ្ឋមន្ត្រី​ទាំង​ពីរ​រូប ដែល​មិន​​លាក់​បាំង​នឹង​អបអរ​សាទរ​ដំណើរ​ទស្សនកិច្ច​ប្រកប​ដោយ​ផ្លែផ្កា​ ប្រែ​ក្លាយ​មិត្តភាព​​នយោបាយ​ប្រវត្តិសាស្ត្រ​ ឱ្យ​ជា​ចំណង​កិច្ចសហប្រតិបត្តិការ​ពហុ​ទម្រង់ទ្វេ​ភាគី​ ដល់​កំរិត​កំពូល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ