អានតួអត្ថបទ
អឺរ៉ុប-ជប៉ុន

សភាអឺរ៉ុប​បាន​អនុម័ត​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​មិន​ធ្លាប់​មាន​រវាង​សហភាពអឺរ៉ុប និង​ជប៉ុន

នៅ​ថ្ងៃ​ពុធ ទី១២ ធ្នូ សភាអឺរ៉ុប​បាន​អនុម័ត​លើ​មហា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម រវាង​សហភាពអឺរ៉ុប និង​ប្រទេស​ជប៉ុន (JEFTA)។ មហាកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​សំខាន់ និង​មិន​ធ្លាប់​មាន​មួយ​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​និមិត្តរូប និង​សញ្ញា​មួយ​នៃ​ការ​ប្រឆាំង​នឹង​នយោបាយ​ការពារនិយម​របស់​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ។ លោកស្រី Cecilia Malmström ស្នងការ​ពាណិជ្ជកម្ម​អឺរ៉ុប​បាន​ថ្លែង​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អឺរ៉ុប ជប៉ុន​ជា​សក្ខីកម្ម​មួយ​ដែល​បញ្ជាក់​ពី​តួនាទី​របស់​សហភាពអឺរ៉ុប​ក្នុង​ការ​បន្ត​អនុវត្ត​នយោបាយ​ដោះដូរ​សេរី​ជា​លក្ខណៈ​ពហុភាគី។ តាម​ការ​គ្រោង​ទុក កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អឺរ៉ុប ជប៉ុន​នឹង​ចូល​ជា​ធរមាន​ចាប់​ពី​ថ្ងៃទី១ កុម្ភៈ ឆ្នាំ ២០១៩។

ពីឆ្វេង​ទៅ​ស្តាំ លោក​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប Donald Tusk លោក​នាយករដ្ឋមន្រ្តី​ជប៉ុន​ស៊ីនស្ហូ អាបេ និង​ប្រធាន​គណៈកម្មការ​អឺរ៉ុបលោក​ Jean-Claude Juncker ក្នុង​ទីក្រុង​តូក្យូ​ ប្រទេស​ជប៉ុន ថ្ងៃទី១៧ កក្កដា ២០១៨
ពីឆ្វេង​ទៅ​ស្តាំ លោក​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប Donald Tusk លោក​នាយករដ្ឋមន្រ្តី​ជប៉ុន​ស៊ីនស្ហូ អាបេ និង​ប្រធាន​គណៈកម្មការ​អឺរ៉ុបលោក​ Jean-Claude Juncker ក្នុង​ទីក្រុង​តូក្យូ​ ប្រទេស​ជប៉ុន ថ្ងៃទី១៧ កក្កដា ២០១៨ AFP
ផ្សាយពាណិជ្ជកម្ម

ចាប់​ពី​ថ្ងៃទី១ កុម្ភៈ​ឆ្នាំ​ក្រោយ​ទៅ មហា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​អឺរ៉ុប ជប៉ុន​នឹង​គ្របដណ្តប់​សឹង​តែ​ទាំង​ស្រុង​លើ​ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​ក្រុង​ព្រុចសែល និង​ក្រុង​តូក្យូ។ វិស័យ​ដែល​ទទួល​បាន​ផលចំណេញ​ច្រើន​ជាង​គេ​ពី​កិច្ចព្រមព្រៀង​មួយ​នេះ គឺ​វិស័យ​កសិចំណីអាហារ​របស់​អឺរ៉ុប ព្រោះ​នៅ​ចំពោះ​មុខ ផលិផល​កសិចំណីអាហារ​អឺរ៉ុប​ចំនួន ៨៥% អាច​នឹង​នាំ​ចូល​ជប៉ុន​ដោយ​មិន​បាច់​បង់​ពន្ធ។ ចំណែក​ផលិតផល​ផ្សេង​ទៀត ដូច​យ៉ាង​សាច់គោ​នឹង​បន្ត​បង់ពន្ធ តែ​ក្នុង​កម្រិត​ទាប។ ដោយឡែក អង្ករ​ដែល​ជា​ផលិតផល​មាន​និមិត្តរូប​ខ្ពស់​សម្រាប់​ប្រជារាស្រ្ត​ជប៉ុន​មិន​ត្រូវ​បាន​រាប់បញ្ចូល​នៅ​ក្នុង​កិច្ចព្រមព្រៀង​នោះ​ទេ។

ពី​ខាង​ភាគី​ជប៉ុន​វិញ ទីក្រុង​តូក្យូ​បាន​សន្យា​ទទួល​ស្គាល់​ឈ្មោះ និង​ស្លាកសញ្ញាភូមិសាស្រ្ត​ដើម​របស់​ផលិតផល​ជាង ២០០ផលិតផល​មក​ពី​ប្រទេស​អឺរ៉ុប ហើយ​ឈ្មោះ និង​ស្លាកសញ្ញាភូមិសាស្រ្ត​ទាំង​ជាង ២០០ផលិតផល​នេះ​នឹង​ទទួល​បាន​ការ​ការពារ​ដូច​នៅ​អឺរ៉ុប​ដែរ។ បន្ទាប់​មក ឧស្សាហកម្ម​រថយន្ត​ជប៉ុន​អាច​ចូល​ក្នុង​ទីផ្សារ​អឺរ៉ុប​ដោយ​សេរី។ ទាក់ទង​នឹង​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​វិញ កិច្ចចរចា​ហាក់​មាន​ភាព​ស្មុគស្មាញ​បន្តិច​ដោយ​កិច្ចព្រមព្រៀង​នឹង​លុបចោល​ពន្ធ​លើ​ផលិតផល​ដែល​មាន​អត្រា​ពន្ធ​ថ្លៃ ដូច​យ៉ាង fromages។ ទន្ទឹម​គ្នា​នេះ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អឺរ៉ុប ជប៉ុន​ក៏​មាន​ជំពូក​មួយ​ចែង​ពី​ការ​អភិវឌ្ឍ​យូរអង្វែង​ដោយ​យោង​លើ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ស្តីពី​អាកាសធាតុ​អនុម័ត​ក្នុង​ឆ្នាំ ២០១៥។

តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី ក្រុម​អង្គការ​ក្រៅរដ្ឋាភិបាល​ភាគច្រើន​បន្ត​សម្តែង​ភាព​មិន​សប្បាយចិត្ត​ចំពោះ​នយោបាយ​ពាណិជ្ជកម្ម​អឺរ៉ុប​តាំង​ពី​សន្ធិសញ្ញា CETA ដែល​អឺរ៉ុប​បាន​ចុះ​ហត្ថលេខា​ជាមួយ​ប្រទេស​កាណាដា។ កិច្ចព្រមព្រៀង​រវាង​អឺរ៉ុប និង​ជប៉ុន​ត្រូវ​បាន​ក្រុម​អង្គការ​ក្រៅរដ្ឋាភិបាល​ចាត់​ទុក​ជា​កិច្ចព្រមព្រៀង​ដែល​មិន​បាន​គិតគូរ​ពី​បញ្ហា​សង្គម និង​បរិស្ថាន។ គួរ​រម្លឹក​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​អឺរ៉ុប និង​ជប៉ុន​បាន​ចរចា​តាំង​ពី​ឆ្នាំ ២០១៣ និង​បាន​គ្របដណ្តប់​ជិត ១ភាគ៣ នៃ​ផលិផលសរុប​ក្នុង​ពិភពលោក​ដោយ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ពលរដ្ឋ​ជាង ៦៣០លាននាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ