អានតួអត្ថបទ

កំពង់ស្ពឺ៖ ផ្ទុះគ្រាប់​ ស្លាប់​យោធិន​ ២០នាក់ និង​របួស​ជាច្រើន​នាក់​ នៅ​បន្ទាយទាហាន ភូមិភាគ​៣

យ៉ាងហោច​ កងកម្លាំង​យោធា ២០ នាក់ ​បាន​ស្លាប់​បាត់​បង់​ជីវិត និង​របួស​ជាច្រើន​នាក់​ទៀត នៅ​ក្នុង​ហេតុការណ៍​ផ្ទុះ​មួយ នៅ​បន្ទាយ​ទាហាន ភូមិភាគ​៣ ក្នុង​ខេត្ត​​កំពង់ស្ពឺ។ ហេតុការណ៍​នេះ បាន​កើតឡើង​ វេលា​ម៉ោង ២និង​២៥នាទី​ រសៀល ថ្ងៃ​សៅរ៍ ទី​២៧មេសា។ ក្រោយពី​បាន​ទទួលដំណឹងអំពីឧបទ្ទវហេតុ​ផ្ទុះគ្រាប់, នាយករដ្ឋមន្ត្រីកម្ពុជា បានសម្តែង​​ក្តី«រន្ធត់ក្តុកក្តួល» ហើយ​លោក ហ៊ុន ម៉ាណែត ប្រកាស​ថា រដ្ឋាភិបាល​ទទួល​រ៉ាប់រងចាត់ចែង​​​ចំណាយ​បុណ្យសព​ ឲ្យ«សក្តិសម​នឹង​ពលីកម្ម»។

ហេតុការណ៍​ផ្ទុះគ្រាប់ ស្លាប់យោធិន ២០ នាក់ និងរបួសជាច្រើននាក់ នៅបន្ទាយយោធាភូមិភាគ៣ នៅកំពង់ស្ពឺ។
ហេតុការណ៍​ផ្ទុះគ្រាប់ ស្លាប់យោធិន ២០ នាក់ និងរបួសជាច្រើននាក់ នៅបន្ទាយយោធាភូមិភាគ៣ នៅកំពង់ស្ពឺ។ AFP - -
ផ្សាយពាណិជ្ជកម្ម

តាមរូបភាពវីដេអូ​​ពី​បណ្តាញសង្គម គេ​ឮសំឡេងផ្ទុះ​គ្រាប់​ ជាច្រើន​នាទី ផ្ទុះ​បន្តកន្ទុយគ្នា ឮកង​រំពង​ នៅ​រសៀល​ថ្ងៃ​សៅរ៍ ក្នុង​ខេត្ត​កំពង់​ស្ពឺ​។ ហេតុការណ៍​ផ្ទុះ​នេះ បាន​កើតឡើង​នៅ​ត្រង់​ទីតាំង​ឃ្លាំងគ្រាប់​បច្ចេទេស របស់ យោធភូមិភាគទី​៣ ដោយ​បាន​ផ្តាច់​​អាយុជីវិត កង​កម្លាំងយោធា ចំនួន ២០ នាក់។

ក្នុង​ចំណោមមរណជនទាំង​នោះ មាន៥នាក់ ជា​នាយទាហាន​​ នៅ​ទីបញ្ជាការ​យោធភូមិភាគទី​៣ ដោយ​​ផ្ទាល់ ហើយ​ យោធិន​ស្លាប់​ ១៥ នាក់ទៀត ​​​ជា​ក្រុម​ទាហាន​មកពី​ខេត្ត​កោះកុង។ បើតាម​លិខិត​ឧទ្ទេស​នាម​ របស់​តំបន់​ប្រតិបត្តិការសឹករង​កោះកុង​, ពួក​គេទាំង​១៥នាក់ ដែល​មកពីកោះកុង​នេះ​ មាន​កម្រិត​​ស័ក្តិ ចាប់ពីពលបាលទោ នាយចំណង់ អនុសេនីយ៍ត្រី​ រហូត​ដល់ វរសេនីយ៍ទោ។ យោធិនទាំងនេះ ​បាន​​​​ទទួល​បញ្ជាបេសកកម្ម ឲ្យ​​ចូលរួម​ដឹក​គ្រឿងសព្វាវុធនិងគ្រាប់រំសេវ​​ តាម​ឡាន​ទាហាន​ ចំនួន ៥ គ្រឿង​ ដោយ​ត្រូវ​ធ្វើ​ដំណើរ​​ចេញ​មកពី​ខេត្ត​​កោះកុង មកប្រគល់អាវុធនិងគ្រាប់​​ជូន​ទីបញ្ជាការ​ដ្ឋាន​យោធភូមិភាគ ទី​៣ ក្នុង​ខេត្ត​កំពង់​ស្ពឺ​។

​ផ្អែក​តាម​​របាយការណ៍​បឋម របស់​កងទ័ព​ជើងគោក ​ដែលត្រូវ​គេផ្សព្វផ្សា​យ​​តាម​បណ្តាញ​សង្គម, ក្នុង​ចំណោម​ឡាន​ទាហានដឹក​អាវុធ​ទាំង​ ៥គ្រឿង មកពី​ខេត្ត​កោះកុងមាន១គ្រឿង​ ត្រូវ​ផ្ទុះ​ឆេះ​ទាំង​ស្រុង​ ​ទាំងរថយន្តនិងទាំង​គ្រាប់, ឡាន​១គ្រឿង​ទៀត ខូច​ខាត​ធ្ងន់ធ្ងរ ក៏ប៉ុន្តែ ​គ្រឿងសព្វាវុធ ពុំ​ខូច​ខាតទេ​​។ ចំណែក​ ឡាន ៣ គ្រឿង​ទៀត នៅ​មិនទាន់​បាន​ដាក់​អាវុធ​ចុះ​នៅ​ឡើយ​។​ នេះបើតាម​របាយការណ៍​ដំបូងរបស់​ ឧត្តមសេនីយ៍ឯក យឿន សុខុន​។ មន្ត្រីយោធារូបនេះ​បាន​ឲ្យដឹងដែរថា នៅ​ទី​បញ្ជាការ​ភូមិភាគ​ទី​៣ មា​នអគារ ៤ ខ្នងត្រូវ​ឆេះ​ខូច​ខាត​ធ្ងន់ធ្ងរ។ ក្នុងចំណោម​នោះ មាន ៣ អគារ ជា​ឃ្លាំង​​ផ្ទុក​គ្រាប់ ដែល​ត្រូវផ្ទុះ​ឆេះ​​ខូច​ខាត​ទាំង​ស្រុង ហើយ​អគារ ១ ខ្នងទៀត ជាកន្លែង​ស្នាក់នៅ។ ទន្ទឹម​នឹង​គ្នា​នេះ ​ ការិយាល័យ​កន្លែងធ្វើការ​ របស់​ទីបញ្ជាការ​យោធា ក៏​ខូច​ខាត​ដែរ ជាអាទិ៍ បែក​កញ្ចក់​ បាក់ទ្វារ ធ្លុះ​ធ្លាយ​​ដំបូល​ ដោយ​អន្លើ។

យោងតាម​ប្រភព​មន្ត្រីជាន់​ខ្ពស់​កងទ័ព​ជើងគោកដ​ដែល​, នៅ​ក្បែរៗ​​បន្ទាយយោធាកំពង់​ស្ពឺ​នេះ ផ្ទះ​សម្បែង​របស់ប្រជាជន​ ចំនួន​ ២៥ខ្នង​ ក៏​រងការ​ខូច​ខាត​ដែរ។

បន្ទាប់ពីទទួលដំណឹងស្តីពី​ហេតុការ​ណ៍​ផ្ទុះ ប្រមុខរដ្ឋាភិបាលខ្មែរលោក ហ៊ុន ម៉ាណែតបាន​បញ្ចេញសារ​ចូល​រួម​រំលែក​ទុក្ខ​​យ៉ាងក្រៀមក្រំ​ចំពោះ​គ្រួសារ​សព​ និង ​​​សម្តែងក្តីសោកស្តាយ​ចំពោះ​ជន​រង​គ្រោះ​។ ក្នុង​សារតាមប្រព័ន្ធ​​តេ​ឡេក្រាម​ដដែល​ នាយក​រដ្ឋមន្ត្រី​កម្ពុជាបាន​ចាត់​តាំងលោក ទៀ សីហា​ រដ្ឋមន្ត្រី​ក្រសួង​​ការពារជាតិ​ ជា​តំណា​ង​​រ​បស់ខ្លួន ហើយ​និង​ លោក វង្ស ពិសេន អគ្គមេបញ្ជាការ​ នៃ​កង​យោធ​ពល​​ខេមរភូមិន្ទ ដើម្បី​​ចាត់ចែងជា​បន្ទាន់​រៀប​ចំ​ពិធី​បុណ្យ​សព​។ ចំពោះការ​ចំណាយ​លើពិធីបុណ្យ​សព​​របស់​​យោធិន​ទាំង​២០នាក់ វាជា​បន្ទុក​របស់រាជ​រដ្ឋាភិបាល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ