អានតួអត្ថបទ
កម្ពុជា-នយោបាយ

មន្ដ្រី​​អតីត​​បក្ស​​ប្រឆាំង​នៅ​​ក្នុង​ស្រុក ផ្អាក​ធ្វើ​​សកម្មភាព​​ផ្សេង​ៗ​មួយ​រយៈ​ដោយ​មិន​កំណត់​ពេល

មន្ដ្រី​ជាន់​ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន បាន​ប្រកាស​នៅ​ថ្ងៃ​សៅរ៍​នេះ​​ថា លោក​និង​សហការី​ក្នុង​ស្រុក​សម្រេច​ផ្អាក​ធ្វើ​សកម្មភាព​មួយ​រយៈ​ដោយ​មិន​កំ​ណត់​ពេល​។ សកម្មភាព​ដែល​នឹង​ត្រូវ​ផ្អាក​នោះ រួម​មាន​ដែរ​ការ​ស្វែង​រក​អន្ត​រាគមន៍​នានា ដើម្បី​ឲ្យ​មាន​ការ​ដោះលែង លោក កឹម សុខា និងការទាមទារ​សិទ្ធិ​ធ្វើ​នយោ​បាយ​សម្រាប់​មន្ត្រី​១១៨នាក់ត្រឡប់មកវិញ។ បើ​តាម​លោក អ៊ូ ច័ន្ទរ័ត្ន ដ្បិ​ត​​តែ​ពួក​លោក​ ផ្អាក​ធ្វើ​សកម្ម​ភាព​​ក៏​ពិត​មែន ប៉ុន្តែ​លោក​នៅ​តែ​ទទូច​អំពាវ​នាវ​ម្ដង​ហើ​យ​ម្ដង​ទៀត ឲ្យ​រដ្ឋាភិបាល​ដោះ​លែង​លោក កឹម សុខា ឲ្យ​បាន​មុន​ការ​បោះ​ឆ្នោតជាតិ​ថ្ងៃ​២៩​កក្កដា។

រូបថតៈ លោក អ៊ូ ចាន់រ័ត្ន អតីតតំណាងរាស្រ្តគណបក្សសង្គ្រោះ​ជាតិ
រូបថតៈ លោក អ៊ូ ចាន់រ័ត្ន អតីតតំណាងរាស្រ្តគណបក្សសង្គ្រោះ​ជាតិ @Chhoeun Chhum
ផ្សាយពាណិជ្ជកម្ម

មិន​ចង់​ឲ្យ​ស្ថានការណ៍​នយោបាយ​កាន់​តែ​ធ្ងន់ធ្ងរ និង​ចង់​ឲ្យ​អ្នក​នយោបាយ​ខ្មែរ​ដោះ​ស្រាយ​​រួម​គ្នា គឺ​ជា​មូល​ហេតុ​ចម្បង​ធ្វើ​ឲ្យ​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះជាតិ ដែល​កំពុង​មាន​វត្ត​មាន​នៅ​ក្នុង​ស្រុក មូល​មាត់​គ្នា​សម្រេច​ផ្អាក​ធ្វើ​សកម្មភាព​មួយ​រយៈ​នៅ​ក្នុង​ការ​ទាម​ទារ​ឲ្យ​ដោះ​លែង លោក កឹម សុខា និងការទាមទារសិទ្ធិធ្វើនយោបាយត្រឡប់​មក​វិញ​ដោយមិនកំណត់ពេល ។ នេះ​បើតាម​គូស​បញ្ជាក់​របស់ លោក អ៊ូ ច័ន្ទរ័ត្ន តំណាង​រាស្ត្រ​អតីត​គណបក្ស​សង្គ្រោះជាតិ។

គួររម្លឹកថា មុន​ការ​សម្រេច​ចិត្ត​ផ្អាក​ធ្វើ​សកម្មភាព​ទាមទារ​ឲ្យ​ដោះ​លែង​លោក កឹម សុខា កន្លង​មក​មន្ត្រី​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ មាន​គម្រោង​ប្រមូល​ស្នាម​មេដៃ​ពី​អតីត​ស​មាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ រួម​នឹង​អតីត​អ្នក​តំណាង​រាស្ត្រ​​នៅ​ក្នុងស្រុក ដើម្បី​ដាក់​ថ្វាយ​ព្រះមហាក្សត្រ បន្ទាប់​ពី​លិខិត​សុំ​ព្រះ​រាជ​អន្តរាគ​មន៍​លើកទី១ មិន​ទទួល​បាន​ការ​ឆ្លើយតប​ពី​ព្រះបរមរាជវាំង។ បន្ទាប់​ពី​គម្រោង​នេះ ក្រុម​មន្ត្រី​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ មាន​គម្រោង​ដាក់​ញត្តិ​ទៅ​កាន់​ការិ​យាល័យ​សិទ្ធិមនុស្ស​នៃ​អង្គ​ការ​សហប្រ​ជា​ជាតិ​ប្រចាំ​នៅភ្នំពេញ ដើម្បី​ទាមទារ​សិទ្ធិ​ធ្វើ​នយោបាយឡើង​វិញ​ចំពោះ​មន្ដ្រី​អតីត​បក្ស​ប្រឆាំង​ទាំង១១៨ ដែល​ត្រូវ​បាន​តុលាការ​ហាម​ឃាត់​​។

បើ​តាម​ការ​គូស​បញ្ជាក់​របស់​លោក អ៊ូ ច័ន្ទរ័ត្ន ទោះ​ជា​ផ្អាក​សកម្មភាព​យ៉ាង​ណា​ក៏​ដោយ ក្រុម​មន្ត្រី​នៃ​អតីតបក្ស​សង្គ្រោះជាតិ​នៅ​តែ​បន្ត​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​លោក កឹម សុខា ឲ្យ​បាន​មុន​ការ​បោះឆ្នោត និង​មន្ត្រី​១១៨​ផ្សេង​ទៀត ​មាន​សិទ្ធិ​ធ្វើ​នយោ​បាយ​​។

ផ្ទុយ​ពី​មន្ត្រី​ក្នុង​ស្រុក លោក សម រង្ស៊ី ប្រធាន​ចលលនា​សង្គ្រោះជាតិ​ដែល​កំពុង​រស់​នៅ ក្រៅ​ប្រទេស​ឯ​ណោះ​វិញ បាន​បន្ត​សកម្មភាព​របស់​ខ្លួន​ជា​ដដែល ក្នុង​គោលដៅ​ស្វែង​រក​ការ​ដោះ​លែង​លោក កឹម សុខា និង​ស្ដារ​ស្ថានភាព​នយោបាយ​ឲ្យ​ដូច​ពី​មុន ពេល​ដែល​មាន​គណបក្ស​សង្គ្រោះ​ជាតិ​លើ​ឆាក​នយោបាយ​ខ្មែរ​។ កាល​ពី​ថ្ងៃ​ទី​១០​ឧសភា​ថ្មី​ៗ​នេះ​ទៀត​សោត លោក សម រង្ស៊ី បាន​ជួប​សំណេះ​សំណាល​ជាមួយ​ពលរដ្ឋ​ខ្មែរ​រស់​នៅ​សហរដ្ឋអាមេរិក។ ក្នុង​ជំនួប​នោះ លោក​បាន​លើកឡើងពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ជាពិ​សេសអំពី​ការ​បោះ​ឆ្នោត​សភា​នៅ​ខែ​កក្កដា​ខាង​មុខ​នេះ។ លោក សម រង្ស៊ី នៅ​តែបន្ត​រិះ​គន់​ការ​បោះ​ឆ្នោត ដោយ​មិន​មាន​វត្ត​មាន​គណបក្ស​សង្គ្រោះជាតិ ថា​ជា​ការ​បោះឆ្នោត​ក្លែង​ក្លាយ។ បើ​តាម​លោក សម រង្ស៊ី លោក​នៅ​តែ​មាន​ជំនឿ​ថា ថ្ងៃ​ណា​មួយ​ការបោះឆ្នោត​នៅ​កម្ពុជា​នឹង​មាន​ការ​ផ្លាស់​ប្ដូរ​ដូច​នៅ​ម៉ាឡេស៊ី។ ម៉ាឡេ​ស៊ី ដែល​គណបក្សប្រឆាំង​ទើប​តែ​ឈ្នះ​ឆ្នោត​ដឹក​នាំ​រដ្ឋាភិបាល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ