អានតួអត្ថបទ

អ្នកឧកញ៉ា៦រូបត្រូវបានដំឡើងងារទៅជា«លោកអ្នកឧកញ៉ា»ដែលជាគោរមងារខ្ពស់បំផុត

អ្នកឧកញ៉ា៦រូបត្រូវបានដំឡើងងារទៅជា«លោកអ្នកឧកញ៉ា» ដែលជាគោរមងារខ្ពស់បំផុតនៅកម្ពុជា។ ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ប្រោសព្រះរាជទានគោរមងារ ជា «លោកអ្នកឧកញ៉ា»ធ្វើឡើងតាំងពីថ្ងៃទី១២មេសា ប៉ុន្តែទើបប្រកាសជាផ្លូវការនៅក្នុងសន្និបាតប្រចាំឆ្នាំលើកទី១ របស់សមាគមឧកញ៉ាកម្ពុជា» នៅថ្ងៃសុក្រទី ២៦ មេសា។ អ្នកដែលទទួលបានងារជា«លោកអ្នកឧកញ៉ា» មានលោក លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា និងជាស្ថាបនិក ក្រុមហ៊ុន លី យ៉ុងផាត់។ តាមពីក្រោយដោយ គឺថៅកែក្រុមហ៊ុន OCIC លោក ពុង ឃាវសែ និងស្ថាបនិកក្រុមហ៊ុន ជីបម៉ុង លោកស្រី ភាព ហៀក និងកូនប្រុសគាត់ គឺលោក លាង ឃុន។ លើសពីនេះ គោរមងារ«លោកអ្នកឧកញ៉ា»នេះក៏បានផ្តល់ទៅឲ្យ លោក លី ហួរ ស្ថាបនិកលីហួរដូរលុយ និងជាថៅកែក្រុមហ៊ុនបុរីវិមានភ្នំពេញ ព្រមទាំង លោកស្រី ហុងសួន ស៊ីគង់ទ្រីវ ជាថៅកែសណ្ឋាគារ និងជាអ្នកវិនិយោគតំបន់សេដ្ឋកិច្ចពិសេស។

អ្នកឧកញ៉ា៦រូបត្រូវបានតម្លើងទៅ«លោកអ្នកឧកញ៉ា»ជាគោរមងារខ្ពស់បំផុត
អ្នកឧកញ៉ា៦រូបត្រូវបានតម្លើងទៅ«លោកអ្នកឧកញ៉ា»ជាគោរមងារខ្ពស់បំផុត © សមាគមឧកញ៉ាកម្ពុជា
ផ្សាយពាណិជ្ជកម្ម

ការដំឡើងគោរមងារឲ្យអ្នកឧកញ៉ាទាំង៦រូប ទៅជា«លោកអ្នកឧកញ៉ា»ត្រូវបានប្រកាសនៅក្នុងពិធីជួបជុំសមាជិកសមាគមឧកញ៉ា កាលពីរាត្រីថ្ងៃសុក្រទី២៦ខែមេសា ដែលមានការចូលរួមពី លោក ហ៊ុន សែន ក្នុងឋានៈជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា។ 

ការផ្តល់គោរមងារ «លោកអ្នកឧកញ៉ា» ចំនួន៦រូបបន្ថែមនៅពេលនេះ បានរុញចំនួនគោរមងារថ្នាក់ខ្ពស់បំផុតនេះកើនដល់៧រូប ដែលពីមុនមកមានតែឈ្មោះ​«យមរាជ»​ម្នាក់ប៉ុណ្ណោះដែលមានងារជា «លោកអ្នកឧកញ៉ា»។ នេះបើតាម អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា។

បើតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ នៅថ្ងៃទី១២មេសា ការប្រោសព្រះរាជទានគោរមងារជា «លោកអ្នកឧកញ៉ា» គឺពិតជាស័ក្តិសមនិងជាសក្ខីភាពឆ្លុះបញ្ចាំងអំពីការខិតខំប្រឹងប្រែងរបស់ លោកអ្នកឧកញ៉ា ទាំង ៦រូប ដែលបានលះបង់ទាំងកម្លាំងកាយ និងធនធានជាច្រើនដើម្បីចូលរួមបម្រើប្រយោជន៍ជាតិនិងប្រជាជនកម្ពុជាទាំងក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច សាសនា និងមនុស្សធម៌នាពេលកន្លងមក។

 សូមបញ្ជាក់ថា សមាគមឧកញ៉ាកម្ពុជា ត្រូវបានចុះបញ្ជីជាសមាគមស្របច្បាប់ និងទទួលស្គាល់ជាផ្លូវការដោយក្រសួងមហាផ្ទៃចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ដែលមានលោក លី យ៉ុងផាត់ ជាប្រធានសមាគម និងលោក ហ៊ុន សែន ជាប្រធានកិត្តិយស។ ចំណែក ចំនួនឧកញ៉ា បានឡើងដល់ជិត១៣០០នាក់ គិតត្រឹមដើមខែមិថុនាឆ្នាំ២០២៣ ក្នុងនោះមាន ”អ្នកឧកញ៉ាជិត៦០រូប”។ នៅកម្ពុជា ឧកញ៉ាត្រូវបែងចែកជា៣ថ្នាក់ ទី ១គឺ ឧកញ៉ា ទី២ អ្នកឧកញ៉ា និងទី៣ គឺលោកអ្នកឧកញ៉ា ដែលជាគោរមងារខ្ពស់បំផុតនៃគោរមងារ ឧកញ៉ានៅកម្ពុជា។

យោងតាមអ្នកឧកញ៉ា ហ៊ុន ឡាក់ កន្លងមកនេះ បុគ្គលដែលបានបរិច្ចាគថវិកាសម្រាប់ សកម្មភាពជួយសង្គម ចាប់ពី៥០ម៉ឺនដុល្លារឡើងទៅ នឹងទទួលបានងារជាឧកញ៉ា។ ចំណែក អ្នកឧកញ៉ាវិញ គេមិនទាន់បានកំណត់ពីចំនួនថវិកាដែលពួកគេត្រូវបរិច្ចាគនោះនៅឡើយទេ ដោយរង់ចាំការចេញអនុក្រឹត្យដោយឡែកមួយទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ