អានតួអត្ថបទ
កម្ពុជា

សម្ព័ន្ធភាព​ហ្វ៊ុនស៊ិនប៉ិច-ជាតិនិយម ប្រកាស​ថ្នាក់​ដឹកនាំ​ក្រុម​ការងារ​ចម្រុះ​

រចនា​សម្ព័ន្ធ​ថ្នាក់ដឹកនាំ​ក្រុម​ការងារ​ចម្រុះ របស់​សម្ព័ន្ធភាព​គណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​ជាតិ​និយម​ទូទាំង​ប្រទេស ត្រូវបាន​ប្រកាស​ជា​ផ្លូវការ នៅ​រសៀល​ថ្ងៃ​សុក្រ ទី​២៣ កក្កដា​នេះ។ ការប្រកាសពី​ថ្នាក់ដឹកនាំ​គណបក្ស​រាជានិយម បងប្អូន​សត្រូវ​ទាំងពីរ នា​ពេលនេះ ដើម្បី​ប្រមូល​សម្លេង​គាំទ្រ នៅ​តាម ២៤ ខេត្ត-រាជធានី សម្រាប់​ចូលរួម​ការបោះឆ្នោត​ឃុំ​សង្កាត់ នៅ​ឆ្នាំ​២០១២ និង​ការបោះឆ្នោត​ជាតិ ឆ្នាំ​២០១៣៕

កែវ ពុទ្ធរស្មី ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច និង លោក​ឈឹម សៀកឡេង ប្រធានគណបក្ស​ជាតិ​និយម ជា​សហប្រធាន​សម្ព័ន្ធភាព​ហ្វ៊ុនស៊ិនប៉ិច-ជាតិនិយម
កែវ ពុទ្ធរស្មី ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច និង លោក​ឈឹម សៀកឡេង ប្រធានគណបក្ស​ជាតិ​និយម ជា​សហប្រធាន​សម្ព័ន្ធភាព​ហ្វ៊ុនស៊ិនប៉ិច-ជាតិនិយម ©លី ម៉េងហួរ
ផ្សាយពាណិជ្ជកម្ម

02:32

សេចក្តី​រាយការណ៍​របស់​លី ម៉េងហួរ​ពី​ទីក្រុង​ភ្នំពេញ

លី ម៉េងហួរ

ពិធី​ប្រកាស​រចនាសម្ព័ន្ធ​ប្រធាន និង​អនុប្រធាន​ក្រុម​ការងារ​ចម្រុះ​ថ្នាក់​ខេត្ត-រាជធានី​ទូទាំង​ប្រទេស​របស់​សម្ព័ន្ធ​ភាព​ហ្វ៊ុនស៊ិនប៉ិច-ជាតិនិយម នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ បាន​ធ្វើឡើង បន្ទាប់​ពី​ការបង្កើត​សម្ព័ន្ធភាព​គណបក្ស​រាជានិយម​ទាំងពីរ កាលពី​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០១០។

ការរួបរួម​ជា​សម្ព័ន្ធភាព​គណបក្ស​រាជានិយម​នេះ ដើម្បី​បង្កើត​នូវ​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​រួម ក្នុង​គណបក្ស​តែ​មួយ ដើម្បី​ចូលរួម​ការបោះឆ្នោត​ឃុំ​សង្កាត់​នា​ឆ្នាំ​២០១២ និង​ការបោះឆ្នោតជាតិ​ឆ្នាំ​២០១៣​ខាងមុខ។ គណបក្ស​រាជានិយម​ទាំងពីរ ក៏​បាន​ប្រកាសថា នឹង​ឈាន​ដល់​ការបង្រួបបង្រួម​ជា​គណបក្ស​តែ​មួយ​ឡើងវិញ នា​ពេល​ឆាប់ៗ​នេះ។

លោក កែវ ពុទ្ធ​រស្មី ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​ជា​សហប្រធាន​សម្ព័ន្ធភាព​ហ្វ៊ុន​ស៊ិនប៉ិច-ជាតិ​និយម បាន​លើកឡើង​ក្នុង​ពិធី​ប្រកាស​សុពលភាព​នៃ​ការតែងតាំង​សមាជិក​ក្រុមការងារ​ថ្នាក់​រាជធានី-ខេត្ត​ទាំង ២៤ ទូទាំង​ប្រទេស​ថា មាន​តែ​ការរួបរួម​វិល​ទៅ​រក​គណបក្ស​ដើម​ឡើងវិញ នា​ពេល​ខាង​មុខ​ទេ ទើប​ឈាន​ទៅ​រក​ជោគជ័យ​ក្នុង​ការបោះឆ្នោត។

ចំណែក​លោក ឈឹម សៀកឡេង ប្រធាន​គណបក្ស​ជាតិ​និយម និង​ជា​សហប្រធាន​សម្ព័ន្ធភាព​ហ្វ៊ុនស៊ិនប៉ិច-ជាតិនិយម បាន​លើកឡើង​ថា សម្ព័ន្ធភាព​នេះ​ជាការរឹត​ចំណង​សាមគ្គីភាព និង​ប្រតិបត្តិការ​រួមគ្នា​ទាំង​ផ្នែក​នយោបាយ យុទ្ធសាស្ត្រ ក្នុង​ស្មារតី​ដើម ជា​អ្នករាជា​និយម អ្នកជាតិ​និយម អ្នកសីហនុ​និយម និង​អ្នកប្រជាធិបតេយ្យ ក្នុង​គោលដៅ​បង្រួបង្រួម ឲ្យទៅ​ជា​គណបក្ស​នយោបាយ​តែមួយ នាពេល​អនាគត ដើម្បី​ចូលរួម​ក្នុង​ការបោះឆ្នោត​ឃុំ​សង្កាត់ ឆ្នាំ​២០១២ និង​ការបោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣ ព្រម​ទាំង​ការបោះឆ្នោត​ជា​បន្តបន្ទាប់​ទៅ​ទៀត។

លោក ឈឹម សៀកឡេង បាន​គូស​បញ្ជាក់​ថា គណបក្ស​រាជានិយម​ទាំងពីរ ធ្លាប់​មាន​ឫសគល់​តែមួយ ជា​គណបក្ស​រាជានិយម​ហ្វ៊ុនស៊ិនប៉ិច។ ហ្វ៊ុនស៊ិនប៉ិច ធ្លាប់​ជា​គណបក្ស​ឈ្នះឆ្នោត តែ​ក៏​ធ្លាប់​ជួបប្រទះ​នូវ​ការបែកបាក់​យ៉ាង​ជូរចត់ ប៉ុន្តែ​សមាជិក​ទាំងអស់ ត្រូវ​បំភ្លេច​រឿង​ចាស់ ហើយ​រួបរួម​ចាប់ដៃគ្នា តាំងពី​ថ្នាក់កណ្តាល ដល់​ថ្នាក់មូលដ្ឋាន ដើម្បី​ធ្វើឲ្យ​ប្រសើរ​ឡើង​វិញ នូវ​សម្លេង​គាំទ្រ ដែល​គណបក្ស​រាជានិយម​នេះ ធ្លាប់​មាន​ពី​មុន។

គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ក្លាយ​ជា​គណបក្ស​ឈ្នះឆ្នោត កាល​ពី​ការបោះឆ្នោត​ជាតិ​ឆ្នាំ​១៩៩៣ ប៉ុន្តែ​ការបោះឆ្នោត​ជា​បន្តបន្ទាប់​កន្លង​មក គណបក្ស​នេះ បាន​ក្លាយទៅជា​គណបក្ស​ចាញ់ឆ្នោត ។ ការចាញ់ឆ្នោត ក៏​ដោយសារ​តែ​គណបក្ស​រាជានិយម​ហ្វ៊ុនស៊ិនប៉ិច មាន​ជម្លោះ​ផ្ទៃក្នុង និង​ការបែកបាក់​ជា​បន្តបន្ទាប់។ ចុងក្រោយ នៅ​ឆ្នាំ​២០០៦ ហ្វ៊ុន​ស៊ិនប៉ិច បាន​បែក​ជា​ពីរ ហើយ​ត្រូវ ចាញ់ឆ្នោត​ទាំង​ហ្វ៊ុនស៊ិនប៉ិច របស់លោក​ញឹក ប៊ុនឆៃ និង​ទាំង​ហ្វ៊ុនស៊ិនប៉ិច របស់​សម្តេច​ក្រុមព្រះ​នរោត្តម រណឫទ្ធិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ