អានតួអត្ថបទ
កម្ពុជា

កម្ពុជា​ បង្កើន​ការ​ប្រុងប្រយ័ត្ន​​ដើម្បី​​ទប់ទល់​នឹង​ជម្ងឺ​គ្រុនឈាម

ក្រុម​គ្រូពេទ្យ​របស់​ក្រសួង​សុខាភិបាល និង​មន្ទីរ​គ្រប់​ខេត្ត​រាជធានី​ទូទាំង​ប្រទេស បាន​ជួបជុំគ្នា ជាមួយ អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា ដើម្បី​លើក​ឡើងពី​ការ​គ្រប់គ្រង​ស្ថានភាព​ផ្ទុះ​ជម្ងឺ​គ្រុនឈាម និង​ការរៀបចំ​ទប់ទល់​នឹង​ការ​រាតត្បាត​នៃ​ជម្ងឺ​ដ៏​កាច​សាហាវ​នេះ។ ជម្ងឺ​គ្រុនឈាម ដែល​ឆ្លង​តាម​រយៈ​មូស​ខ្លា នឹង​កើន​ឡើង នៅ​រដូវ​ភ្លៀង​ធ្លាក់។ ក្នុង​រយៈ​ពេល ៧ ខែ នៅ​ឆ្នាំ ២០១០​នេះ ជម្ងឺ​គ្រុនឈាម បាន​សម្លាប់​ជីវិត​មនុស្ស​នៅ​កម្ពុជា​ចំនួន ១០ នាក់។

ជម្ងឺ​គ្រុនឈាម​ផ្ទុះឡើង​ជាថ្មី​នៅកម្ពុជា
ជម្ងឺ​គ្រុនឈាម​ផ្ទុះឡើង​ជាថ្មី​នៅកម្ពុជា © សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

02:35

សេចក្តីរាយការណ៍​របស់ លី ម៉េងហួរ

នៅ​រដូវ​ភ្លៀង​ធ្លាក់ពេលនេះ ជម្ងឺគ្រុនឈាម កំពុង​បង្ក​ក្តីបារម្ភ ​ថាអាច​នឹង​កើនឡើង និង​រាតត្បាត​ពី​តំបន់​មួយ ទៅ​តំបន់​មួយ​។ ដូច្នេះហើយ បាន​ជា​នៅ​ព្រឹក​មិញ ក្រុមគ្រូពេទ្យ​មក​ពី​​បណ្តា​ខេត្ត​ទូទាំង​ប្រទេស រួម​នឹង​អង្គការក្រៅរដ្ឋាភិបាល​នានា បាន​ជួបប្រជុំ​គ្នា និង​ដាក់​ចេញ​នូវ​វិធានការ​ទប់ស្កាត់ និង​គ្រប់គ្រង​ស្ថានភាព ដែល​អាច​នឹង​ផ្ទុះ​ជម្ងឺគ្រុនឈាម ដែល​កើត​ឡើង​ច្រើន​ជាងគេ​ ​លើ​កុមារ​ក្រោម​អាយុ ១៥ ឆ្នាំ​ ។​

 
​វិធានការ​ទប់ស្កាត់​ការ​រាលដាល​ជម្ងឺ​គ្រុនឈាម គឺ​ការប្រើប្រាស់​ថ្នាំ Abat ដើម្បី​សម្លាប់​ដង្កូវទឹក ក្នុង​ពាង​ឬ​អាងទឹក​។ ប៉ុន្តែ​វិធានការ​ដាក់​ថ្នាំ Abat សម្លាប់​ដង្កូវទឹក នឹង​មិន​មាន​ជោគជ័យ ១០០% ទេ​។ ដូច្នេះ​ចាំបាច់ ត្រូវ​មាន​ការចូលរួម​ពី​សហគមន៍​ទាំងមូល ជាមួយ​ភ្នាក់ងារ​សុខាភិបាល ដើម្បី​ប្រើប្រាស់​មធ្យោបាយ បំបាត់​ជំរក​មូស​ខ្លា និង​ប្រភព​ដង្កូវទឹក​។

​លោក ឌួង សុជាតិ នាយក​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជម្ងឺគ្រុនចាញ់ និង​ជម្ងឺគ្រុនឈាម បាន​លើកឡើង​ថា ថ្មីៗ​នេះ ថ្នាំ អាប៊ែត ( Abat ) សម្លាប់​ដង្កូវទឹក ចំនួន ៦៦.៥១៩ គីឡូក្រាម ត្រូវបាន​បែងចែក ដើម្បី​ដាក់​ទៅ​ក្នុង​ពាងទឹក​របស់​ប្រជាជន​។ ចំណែក​អាល់​ប៊ែត​ចំនួន ១០០ តោន​ទៀត នឹង​ត្រូវ​ផ្តល់​ទៅកាន់​សហគមន៍​តាម​មូលដ្ឋាន​នាពេលខាងមុខ​។​

​កម្មវិធី​​​ជាតិ​ប្រឆាំង​ជម្ងឺ​គ្រុនឈាម ក៏​កំពុង​សាកល្បង​ប្រើ​ត្រី ៧ ពណ៌ ឬ​ត្រី​ក្រឹម ដើម្បីសម្លាប់ដង្កូវទឹក ជំនួស​ថ្នាំ អាល់​ប៊ែត ដែល​មាន​តំលៃ​ថ្លៃ​។​

​ក្នុង​រយៈពេល ៧ ខែ នៅ​ឆ្នាំ​២០១០​នេះ មាន​អ្នក​ជំងឺគ្រុនឈាម​ចំនួន ៣.៧៧១ នាក់​។ ក្នុងនោះ​មាន ១០ នាក់ ស្លាប់ ដោយសារ​ជំងឺ​គ្រុនឈាម​។ ខេត្ត​ដែល​កើត​មាន​ជំងឺគ្រុនឈាម​ច្រើនជាងគេ គឺ​ខេត្ត​កំពង់ចាម​, បន្ទាយមានជ័យ​, កណ្តាល​, ភ្នំពេញ​, កំពង់ឆ្នាំង​, កែប និង​កំពត។​

​កាលពី​ឆ្នាំ​២០០៩ ជម្ងឺគ្រុនឈាម នៅ​កម្ពុជា មាន​ចំនួន ១១.៦៥២ ករណី និង​បាន​សម្លាប់​មនុស្ស​ចំនួន ៣៧ នាក់​។ ចំណែក​ឆ្នាំ​២០០៨ មាន​ចំនួន ៩.៤៥៦ ករណី ដោយ​បាន​សម្លាប់​មនុស្ស ៦៥ នាក់​។​
 

អង្គការ​សុខភាព​ពិភពលោក បាន​ប៉ាន់ប្រមាណ​ថា មាន​ប្រជាជន​ប្រហែលជា ២៥០០​លាន​នាក់ នៅ​លើ​សកលលោក ត្រូវ​បាន​រងគ្រោះថ្នាក់ ដោយ​ជម្ងឺ​គ្រុនឈាម ហើយ​ប្រជាជន​ប្រហែលជា ៥០ លាន​នាក់ បាន​កើត​ជម្ងឺ​គ្រុនឈាម​ជា​រៀងរាល់ឆ្នាំ​។ ក្នុងនោះ ជនរងគ្រោះ​ប្រមាណ ២៥.០០០ នាក់ ត្រូវបាន​ស្លាប់​បាត់បង់​ជីវិត​ក្នុង​១​ឆ្នាំៗ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ