អានតួអត្ថបទ
កម្ពុជា

ក្រោយ​ចូល​ឆ្នាំ នាយករដ្ឋ​មន្ដ្រី​ខ្មែរ-ថៃ នឹង​ជិះ​រថភ្លើង​រួមគ្នាដើម្បី​​ត​ភ្ជាប់ផ្លូវ​ដែក​នៃ​ប្រទេស​ទាំងពីរ

លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន និង​សមភាគី​ថៃ លោក ប្រាយុទ្ធ ​ចាន់អូចារ នឹង​ជិះ​រថភ្លើង​រួម​គ្នា នៅ​ថ្ងៃ​ទី​២២​ខែ​មេសា​ខាង​មុខ ដើម្បី​ជា​និមិត្តរូប​នៃ​ការ​ត​ភ្ជាប់​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ដែក​ឆ្លង​កាត់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​។ នេះ​បើ​តាម​ការ​ជូន​ដំណឹង​របស់​ក្រសួង​សាធារណការ និង ដឹកជញ្ជូន។ សម្រាប់ក្រសួង​សាធារណការ​និងដឹក​ជញ្ជូន នេះ​គឺ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា​និង​ថៃ​។ ចំណែក​អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​វិញ មើល​ឃើញ​ថា ការ​ត​ភ្ជាប់​ផ្លូវ​ដែក​រវាង​កម្ពុជា​នឹង​ថៃ​នេះ នឹង​ជួយ​សម្រួល​ការ​ដឹក​ជញ្ជូន​រវាង​ប្រទេស​ទាំង​ពីរ ជា​ពិសេស​អាច​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ឲ្យ​បាន​កាន់​តែ​ធំ​ធេង​ជាង​មុន​ថែម​ទៀត​។

រថភ្លើង​ខ្មែរ ក្នុង​ដំណើរ​ការ​ដឹក​ជញ្ជូន​ទំនិញនា​ពេល​​កន្លង​មក
រថភ្លើង​ខ្មែរ ក្នុង​ដំណើរ​ការ​ដឹក​ជញ្ជូន​ទំនិញនា​ពេល​​កន្លង​មក RFI/Nhim Sophal
ផ្សាយពាណិជ្ជកម្ម

បើ​តាមការ​គូស​បញ្ជាក់​របស់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន នៅ​ថ្ងៃ​ទី​២២​ខែ​មេសា ក្រោយ​ពិធី​បុណ្យ​ចូល​ឆ្នាំ លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន និង លោក​នាយករដ្ឋ​មន្ដ្រី ប្រាយុទ្ធ ចាន់អូចារ នឹងចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សហប្រតិបត្តិការ​រួម​គ្នា លើ​ការ​ដឹកជញ្ជូន​ឆ្លង​កាត់​ព្រំ​ដែន​រវាង​ប្រទេស​ទាំង​ពីរ​ ព្រមទាំង​ធ្វើ​ពិធី​ប្រគល់​និងទទួល​ក្បាល​រថភ្លើង ដែល​ជា​អំណោយ​របស់​រដ្ឋាភិបាល​ថៃ ជូន​រដ្ឋាភិបាល​កម្ពុជា​។ បន្ថែមពី​លើនោះ លោក​ទាំង​ពីរ​ក៏​នឹង​​ធ្វើ​ដំណើរ​តាម​រថភ្លើង​រួម​គ្នា ពី​ស្ថានីយ៍​បាន​ខ្លង​លឹក មក​កាន់​ស្ថានីយ៍​រថភ្លើង​ប៉ោយប៉ែត​ ដើម្បី​ជា​និមិត្តរូប​នៃ​ការ​ត​ភ្ជាប់​ផ្លូវ​ដែក​រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ​។

សូមជម្រាប​ជូន​ថា ការ​ត​ភ្ជាប់​ផ្លូវ​ដែក​កម្ពុជា​ថៃ​នេះ ធ្វើ​ឡើង​បន្ទាប់ពី​កម្ពុជា​បាន​បញ្ចប់​ការ​ស្ដារ​ផ្លូវ​ដែក​ភាគ​ខាង​ជើង​របស់​ខ្លួន ពី​ប៉ោយប៉ែត​មក​ភ្នំ​ពេញ នៅ​ចុង​ឆ្នាំ​២០១៨​។ ការ​ស្ដារ​ផ្លូវ​ដែក​ពី​ប៉ោយប៉ែត​មក​ភ្នំពេញ ដែល​មាន​ប្រវែង​សរុប​៣៨៦​គីឡូម៉ែត្រ ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​៧៧​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​។ ក្នុង​នោះ ទឹក​ប្រាក់​ជាង​១៣​លាន​ដុល្លារ គឺ​ជា​ជំនួយ​របស់​ធនាគារ​អភិវឌ្ឍ​អាស៊ី ADB, ជាង​៦៣​លាន​ដុល្លារ ជា​ទឹក​ប្រាក់​របស់​រដ្ឋាភិបាល​កម្ពុជា, និង​​​ជំនួយ​ជា​ដែក​ពី​ម៉ាឡេស៊ី​ខ្លះ​ផង​។

អ្នកជំនាញ​​សេដ្ឋកិច្ច​មើល​ឃើញ​ថា ការ​ស្ដារ​ផ្លូវ​ដែក​ភាគ​ខាង​ជើង​របស់​កម្ពុជា នឹងជួយ​​សម្រួល​ការ​ដឹក​ជញ្ជូន​រវាង​ប្រទេសកម្ពុជា-ថៃ ព្រម​ទាំង​អាច​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​បាន​កាន់​តែ​ធំ​ធេង​ជាង​មុន ខណៈ​​ទំនិញ​នាំ​ចូល​មក​កម្ពុជា​ពី​ប្រទេស​ថៃ មាន​៧០​ភាគ​រយ ចូល​តាម​ច្រក​ប៉ោយប៉ែត​។

សម្រាប់​ប្រទេស​ថៃ កម្ពុជា​គឺ​ជា​ដៃ​គូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ នៅ​ក្នុងចំណោម​​ប្រទេស​អាស៊ាន​​។ ពាណិជ្ជកម្ម​ទ្វេ​ភាគី​រវាង​ប្រទេស​ទាំង​ពីរ​មាន​ទំហំ ​៨,៣​​ ប៊ីលាន​ដុល្លារ​នៅ​ឆ្នាំ​២០១៨ ដែល​ចំនួន​នេះ កើន​ឡើង​ប្រមាណ​៣៥,៥​ភាគ​រយ បើ​ធៀប​នឹង​ឆ្នាំ​២០១៧​។ ​កម្ពុជា​និង​ថៃ ​ប្ដេជ្ញា​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​រួម​គ្នា​ឲ្យ​បាន​១៥​ប៊ីលាន​ដុល្លារ នៅ​ឆ្នាំ​២០២០​ខាង​មុខ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ