លោក ហ៊ុន សែន ក្លាយជាប្រធានថ្មីគណបក្សប្រជាជនកម្ពុជាជាផ្លូវការ
នៅព្រឹកថ្ងៃសៅរ៍នេះ គណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា បានរៀបចំសន្និបាតបោះឆ្នោតជ្រើសរើសប្រធាន និងអនុប្រធានថ្មីនៅទីស្នាក់ការកណ្តាលរបស់ខ្លួនក្នុងរាជធានីភ្នំពេញ។ បន្ទាប់ពីបោះឆ្នោតនៅព្រឹកមិញនេះ ប្រធានថ្មីរបស់គណបក្សប្រជាជនកម្ពុជា បានទៅលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដូចដែលលោកបានគ្រោងទុក។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:២៨
លោក ហ៊ុន សែន បានក្លាយជាប្រធានថ្មីរបស់គណបក្សប្រជាជនកម្ពុជាជាផ្លូវការហើយ។ ចំណែកលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា និង លោកស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជាប់ឆ្នោតជាសហអនុប្រធានថ្មី ។ ការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំកំពូលរបស់គណបក្សកាន់អំណាចនេះ បានធ្វើឡើងជាកញ្ចប់ ដោយមានសមាជិកគណៈកម្មាធិការកណ្តាលចំនួន ៥០៧ រូបបានចូលរួមបោះឆ្នោត។ ក្នុងនោះ សមាជិកចំនួន ៥០៦ រូប បានបោះឆ្នោតគាំទ្រលោហ៊ុន សែន ធ្វើជាប្រធាន និង គាំទ្រលោក សាយ ឈុំ និងលោកស ខេង ធ្វើជាសហអនុប្រធានថ្មីរបស់គណបក្ស។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ មិនបានអត្ថាធិប្បាយយ៉ាងណាទេចំពោះការជ្រើសរើសថ្នាក់ដឹកនាំកំពូលរបស់គណបក្សដែលជាគូប្រកួតប្រជែងរបស់គណបក្សសង្គ្រោះជាតិនេះ។ លោក លើកហេតុផលថា វាជារឿងផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា។
គួរកត់សម្គាល់ថា ការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំកំពូលថ្មីរបស់គណបក្សប្រជាជនកម្ពុជានៅពេលនេះ គឺបានធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសពលោក ជា ស៊ីម បានបូជារួចរាល់កាលពីថ្ងៃទី១៩ មិថុនា ម្សិលមិញ។ យ៉ាងណាក៏ដោយ ការបោះឆ្នោតជ្រើសរើសលោក ហ៊ុន សែន ដែលធ្លាប់ជាអនុប្រធាន និង បច្ចុប្បន្នកំពុងកាន់តំណែងជានាយករដ្ឋមន្ត្រីឲ្យធ្វើជាប្រធានថ្មីគណបក្សប្រជាជនកម្ពុជានៅពេលនេះ គឺមិនមានអ្វីគួរឲ្យងឿងឆ្ងល់នោះទេសម្រាប់មជ្ឈដ្ឋានអ្នកតាមដាននយោបាយនៅកម្ពុជា ព្រោះថាកន្លងមកលោកហ៊ុន សែន បានប្រកាសឡើងកាន់តំណែងនេះរួចមកហើយ។ ប៉ុន្តែអ្វីដែលគួរឲ្យងឿងឆ្ងល់នោះ គឺថាគណបក្សប្រជាជនកម្ពុជា មិនបានបែងចែកជាអនុប្រធានទី១ និង ទី២ នោះឡើយ បើទោះបីមានការបោះឆ្នោតឲ្យមានអនុប្រធានថ្មីដល់ទៅពីរនាក់ក្តី។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មិនអាចទាក់ទងសុំការបកស្រាយជុំវិញរឿងនេះបាននៅឡើយទេនៅព្រឹកថ្ងៃសៅរ៍នេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ