អានតួអត្ថបទ
កម្ពុជា

លោក​​ហ៊ុន សែន ពន្យល់​​យុវជន​​ពី​​នយោ​បាយ​ឈ្នះៗ​ជា​​លើក​​ទី​២

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នៅ​ថ្ងៃទី១៥ មិថុនា​នេះ បានផ្តល់​បាឋកថា ស្តីពី​គោល​នយោបាយឈ្នះៗ​របស់លោក​ទៅកាន់​សិស្ស​សកល​វិទ្យាល័យ​ន័​រ​តុ​ន នៅ​ទីក្រុង​ភ្នំពេញ។ ជា​បាក​ឋា​ដែល​បានលើក​ឡើង​ពី​ការកសាង​សន្តិភាព​នៅ​កម្ពុជា​បន្ទាប់ពី​មាន​ភ្លើងសង្គ្រាម​ជិត៤ទស្សវត្ស។ ប៉ុន្តែ​គណបក្សប្រឆាំង​ថា​បាឋកថា​នោះ គឺជា​គ្រឹះ ប៉ុន្តែ​អ្វីដែល​សំខាន់​គឺ​ការអភិវឌ្ឍ​បន្ត។

លោក ហ៊ុន សែន ពេលបើកសម្ពោធស្ពានអាកាសស្ទឹងមានជ័យ។
លោក ហ៊ុន សែន ពេលបើកសម្ពោធស្ពានអាកាសស្ទឹងមានជ័យ។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ជា​លើក​ទី២ហើយ​នៅ​ថ្ងៃ​ចន្ទ​នេះ ដែល​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ចំណាយ​មួយ​ព្រឹក​ថ្លែង​បាឋកថា​ស្តីពី​គោលនយោបាយឈ្នះៗរបស់លោក។ ជា​គោលនយោបាយ​ដែល​គណបក្ស កាន់អំណាច​បាន​បញ្ជាក់ថា​បាន​ពន្លត់ភ្លើង​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​ប្រមាណ៤ទសវត្សរ៍។ ដូច​លើក​ទី១ដែរ បាឋកថា​នេះ មិន​អនុញ្ញាតឱ្យ​អ្នកសារព័ត៌មាន​ចូល​ស្តាប់​នោះទេ។

យ៉ាងណាក៏ដោយ លោក​សួស យ៉ា​រ៉ា អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​​កម្ពុជា បាន​ថ្លែងថា​វិទ្យុ​បារាំង​ថា បាឋកថា​នោះ មាន​ខ្លឹមសារ​រួម​គឺ​នយោបាយឈ្នះៗ​។ បាឋកថា​ដែល​លោកនាយក​រដ្ឋមន្ត្រី​បាន​​អន្តរាគមន៍​ផ្ទាល់ ក៏បាន​លើកឡើង​ពន្យល់​លំអិត​ចំណុចសំខាន់ៗមួយចំនួន ស្តីពី​ដំណើរ​វិវឌ្ឍន៍​របស់​​​​​កម្ពុជា​​ដែល​បាន​ឆ្លងកាត់​ភ្នក់ភ្លើងសង្គ្រាម។ ការរៀបចំ​បាឋកថា​នេះ គឺ​ដើម្បី​ចែករំលែក​បទពិសោធន៍​ពី​ថ្នាក់ដឹកនាំ​ដល់​យុវជន​ជំនាន់​ក្រោយ​ដែលជា​អ្នក​បន្តវេន។

បើតាម​លោក​សួស យ៉ា​រ៉ា​ដដែល ដើម្បី​រក្សា​សន្តិភាព និង​រួបរួម កម្ពុជា​ត្រូវ​ប្រកាន់​គោលជំហរ​ដោះស្រាយ​បញ្ហា​ដោយ​ខ្លួនឯង(ខ្មែរ)ជា​ចាំបាច់ ក៏ដូចជា​ការបញ្ចប់​វ​ប្ប​ធម៌​សង​សឹង​រវាង​អ្នកនយោបាយ​កម្ពុជា​ផងដែរ។  

លោក​យ៉ែម ប៉ុ​ញ្ញ​ឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​មានប្រសាសន៍ថា ការ​ថ្លែង​បាឋកថា​ទៅកាន់​សិស្ស គឺជា​រឿង​ល្អ ប៉ុន្តែ​អ្វីដែល​សំខាន់​នោះ​គឺ​ការគោរព​អនុវត្ត​ឱ្យបាន​ពេញលេញ ក្នុងការ​រៀបចំ គ្រប់គ្រង និង​ដឹកនាំ​ប្រទេស តាម​លក្ខណ​ជា​ប្រព័ន្ធ​ដែលមាន​តម្លាភាព។ អ្នកនាំពាក្យ​រូបនេះ បាន​សង្កត់ធ្ងន់ថា បញ្ហា​បូរណៈភាព​ទឹកដី​ដែល​នៅ​មិនទាន់​ដោះស្រាយបាន​រួចរាល់​នោះ គឺ​មានន័យថា​យុទ្ធសាស្ត្រឈ្នះៗរបស់​ប្រមុខ​បក្ស​កាន់អំណាច​ជាង៣០ឆ្នាំ គឺ​មិនទាន់​ជោគជ័យ​ពេញលេញ​នៅឡើយ​ទេ។ សម្រាប់​លោក​យ៉ែម ប៉ុ​ញ្ញ​ឫទ្ធិ យុទ្ធសាស្ត្រ​នេះ បានសម្រេច​ត្រឹមតែ​ជា​គ្រឹះ​ប៉ុណ្ណោះ។

សូម​រំលឹក​ជូន​ថា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ធ្លាប់បាន​ថ្លែង​បាឋកថា​ស្តីពី​គោល​នយោបាយ​ឈ្នះៗនេះ កាលពី​លើក​ទី១ នៅ​ឧសភា ប៉ុន្តែ​ជាការ​ថ្លែង​ក្នុង​ក្របខ័ណ្ឌ​គណបក្ស​របស់ខ្លួន​តែប៉ុណ្ណោះ។ ការ​ថ្លែង​បាឋកថា​របស់លោក​ជា​លើក​ទី២ជាមួយ​សិស្ស​សកល​វិទ្យា​ល័យ​នេះ គឺជា​ការចែករំលែក​ចំណេះ​ដឹង​ដ៏​កម្រ​របស់​លោកនាយករ​ដ្ឋ​មន្ត្រី​ហ៊ុន សែន។ យ៉ាងណាក៏ដោយ គណបក្ស​ប្រជាជន​កម្ពុជា មិនបាន​បញ្ជាក់ថា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នឹង​បន្តធ្វើ​បាឋកថា​នេះ ដល់​សិស្សានុសិស្ស​ទូទាំងប្រទេស​ឬ​យ៉ាងណា​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ