អានតួអត្ថបទ
កម្ពុជា

លីកាដូ​៖ ​ពលរដ្ឋ​​រង​គ្រោះ​​ព្រោះ​​រឿង​​ដីធ្លី​​កើន​ឡើង​​បី​​ដង​​ក្នុង​​ឆ្នាំ​២០១៤​

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន ​និង​ការពារ​សិទ្ធិ​មនុស្ស​ “លីកាដូ” ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​បង្ហាញ​ពី​ការ​កើន​ឡើង​ជាថ្មី​នៃ​ជម្លោះ​ដីធ្លី​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ​ជា​កា​រ​កើនឡើង​នៅ​ក្នុង​ឆ្នាំ២០១៤ ​ដែល​អង្គការ​នេះ​រក​ឃើញ​ថា ​មាន​ចំនួន​ដល់​ទៅ​បី​ដង​ បើ​ធៀប​នឹង​ឆ្នាំ​២០១៣​​។ ​អង្គការលីកាដូ ​បាន​អំពាវនាវ​ដល់រ​ដ្ឋាភិបាល​កម្ពុជា ​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ ធ្វើ​ការ​ដោះស្រាយ​បញ្ហា​ជម្លោះ​ដីធ្លី​ទាំង​នោះ​ជា​បន្ទាន់​។

ពលរដ្ឋមានជម្លោះដីធ្លី ធ្វើការតវ៉ាទាមទារយកដីរបស់ខ្លួនមកវិញ នាពេលកន្លងមក។
ពលរដ្ឋមានជម្លោះដីធ្លី ធ្វើការតវ៉ាទាមទារយកដីរបស់ខ្លួនមកវិញ នាពេលកន្លងមក។ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

យ៉ាងហោចណាស់​ប្រជាពលរដ្ឋ​ជាង​មួយ​ម៉ឹ​ន៦រយ​គ្រួសារ(១០,៦២៥គ្រួសារ)ឫ​ប្រមាណ​ជាង៤ម៉ឹ​ន៩ពាន់៥រយ​នាក់(៤៩,៥១៩នាក់) បាន​ទទួលរង​ផលប៉ះពាល់​ដោយសារ​ជម្លោះដីធ្លី​នៅក្នុង​ឆ្នាំ២០១៤ ដែល​ចំនួន​នេះ ភាគច្រើន​កើតឡើង​នៅក្នុង​ខេត្ត​ចំនួន១៣នៅ​ទូទាំងប្រទេស​កម្ពុជា។ នេះ​គឺជា​រក​ការ​ឃើញ​របស់​អង្គការ​លីកាដូ ។ លីកាដូ បាន​បន្តថា ចំនួន​នេះ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ២០១៣កន្លងទៅ គឺ​បាន​កើនឡើង​ចំនួន​បី​ដង ដែល​ឆ្នាំ២០១៣ មាន​ពលរដ្ឋ​រងគ្រោះ​តែ​ចំនួន​ជាង៣ពាន់៤រយ​គ្រួសារ(៣,៤៧៥គ្រួសារ)ប៉ុណ្ណោះ។

នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ក្រោម​ចំណងជើង​ថា “ការកើនឡើង​ជាថ្មី​នៃ​ជម្លោះដីធ្លី គួរតែ​ត្រូវបាន​ដោះស្រាយ​ជាបន្ទាន់” លីកាដូ បាន​សម្តែង​ការព្រួយបារម្ភ​ជាខ្លាំង​ចំពោះ​ទិន្នន័យ​នៃ​ការកើនឡើង​ខ្លាំង​បែបនេះ។  លោក​អំ សំអាត អ្នកសម្របសម្រួល​បច្ចេក​ទេស​ស៊ើបអង្កេត​របស់​អង្គការ​លីកាដូ បាន​លើកឡើងថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​បញ្ហា​ជម្លោះដីធ្លី​នៅក្នុង​ប្រទេស​កម្ពុជា​កើនឡើង​ដូច្នេះ​រួមមាន​ដូចជា អំពើពុករលួយ​និង​ប្រព័ន្ធតុលាការ​មាន​និន្នាការ​នយោបាយ ការប្រើប្រាស់​កងកម្លាំង​ប្រដាប់អាវុធ​ខុសច្បាប់​ដែល​រួមមាន​កង​យោធា និង​ការចូល​ពាក់ព័ន្ធ​របស់​ក្រុមហ៊ុន​ដែលមាន​ទំនាក់ទំនង​ល្អជា​មួយ​អាជ្ញាធរ​រដ្ឋ និង ដោយ​អាជ្ញាធរ​រដ្ឋ​ផ្ទាល់។

ក្រៅពី​បង្ហាញ​នូវ​ការកើនឡើង​នៃ​ពលរដ្ឋ​រងគ្រោះ​ព្រោះ​រឿង​ជម្លោះដីធ្លី​នៅក្នុង​ឆ្នាំ​ចាស់ លីកាដូ​ក៏បាន​បង្ហាញ​ពី​ស្ថានភាព​ជម្លោះដីធ្លី​នៅក្នុង​ឆ្នាំ​ថ្មី២០១៥នេះ​ផងដែរ។ ឆ្នាំ២០១៥ បើតាម​លីកាដូ ស្ថានភាព​ជម្លោះដីធ្លី មិនទាន់មាន​សញ្ញា​អ្វី​ប្រសើរឡើង​នោះទេ ។ ជាងនេះទៅទៀត ឆ្នាំ២០១៥ បាន​បើក​ទំព័រ​ជាមួយនឹង​ការកើនឡើង​នៃ​ការបំផ្លិចបំផ្លាញ ដោយសារ​ប្រជាពលរដ្ឋ​កម្ពុជា​នៅតែ​បន្ត​ត្រូវបាន​គេ​បណ្តេញចេញ​ដោយ​បង្ខំ​ពី​ផ្ទះសម្បែង​របស់​ពួកគេ។  អង្គការ​លីកាដូ បាន សម្តែង​ការសោកស្តាយ​ចំពោះ​អាជ្ញាធរ​រដ្ឋ​ដែល​បាន​សន្យា​ម្តង​ហើយ​ម្តងទៀត​ចំពោះ​ការស្វែងរក​ដំណោះស្រាយ​លើ​បញ្ហាដីធ្លី​ជូន​ប្រជាពលរដ្ឋ។

យ៉ាងណាក៏ដោយ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ មិនអាច​ទាក់ទង​សុំ​ការអធិប្បាយ​បាន​នៅឡើយ​ទេ ជុំវិញ​ការលើកឡើង​របស់​អង្គការ​លីកាដូ​នេះ។ អង្គការ​លីកាដូ បាន​អំពាវនាវ​ទៅដល់​រដ្ឋាភិបាល​កម្ពុជា​ដូច​អាជ្ញាធរ​ដែលជា​ប់​ពាកព័ន្ធ​ទាំងអស់​ឲ្យ​ទទួលស្គាល់​នូវ​បញ្ហា​ជម្លោះដីធ្លី​ដែល​កំពុង​កើតមាន​ទាំងនេះ ហើយ​ចាត់វិធានការ​សមរម្យ​ណាមួយ ដើម្បី​ដោះស្រាយ​ជាបន្ទាន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ