អានតួអត្ថបទ
កម្ពុជា

គណៈកម្មការទី១​ នឹង​ឃ្លាំ​មើល​ចំណាត់ការ​របស់​ក្រសួង​កសិកម្ម​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​

ដំណោះស្រាយ ជូន​ប្រជាពលរដ្ឋ​ដែលមាន​បញ្ហាដីធ្លី មួយចំនួន ពិសេស​នៅ​តំបន់​ចំនួន៣ ត្រូវបាន​លើកឡើង​នៅក្នុង​ការឆ្លើយបំភ្លឺ​រប​ស់​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ នៅក្នុង​ជំនួប​ជាមួយនឹង​ប្រធាន​គណៈកម្មការ​ទី១​នៃ​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី ០៩ ខែ កុម្ភៈ​ឆ្នាំ ២០១៥នេះ។ លោក អេង ឆៃអ៊ាង បាន​ថ្លែងប្រាប់​ក្រុមអ្នកកាសែត​ក្រោយ​ជំនួប​ថា គណៈកម្មការ​ទី១របស់​លោក ទទួលយក​ចំណាត់ការ​របស់​ក្រសួងកសិកម្ម ប៉ុន្តែ​នឹង​នៅតែ​ឃ្លាំមើល​ការអនុវត្ត​ផ្ទាល់។

លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង នេសាទ នៅក្នុង​ការ​ឆ្លើយ​បំភ្លឺនៅគណៈកម្មាទី១ នា​ព្រឹក​ថ្ងៃទី​០៩​ ខែកុម្ភៈ​ ឆ្នាំ ២០១៥​
លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង នេសាទ នៅក្នុង​ការ​ឆ្លើយ​បំភ្លឺនៅគណៈកម្មាទី១ នា​ព្រឹក​ថ្ងៃទី​០៩​ ខែកុម្ភៈ​ ឆ្នាំ ២០១៥​ RFI-monika
ផ្សាយពាណិជ្ជកម្ម

គណៈកម្មការ​ទី១ នៃ​រដ្ឋសភា បានស្នើ​អោយ​ក្រសួងកសិកម្ម ដោះស្រាយ​បញ្ហាដីធ្លី​ដោយ​កុំ​អោយមាន​គំនាប​ពី​តុលាការ និង ពន្លឿន​ដំណោះស្រាយ​បញ្ហាដីធ្លី ជូន​ដល់​ប្រជាពលរដ្ឋ​ទាំងឡាយ​ពិសេស​គឺ​តំបន់​ជម្លោះ​ដែលមាន​ទីតាំងនៅ​ភូមិ​ខ្នង​ក្រពើ​លិច​និង​ខ្នង​ក្រពើ​កើត ក្នុង​ឃុំត្រមូង ស្រុកមេមត់​ខេត្តត្បូងឃ្មុំ ដែល​អូសបន្លាយ​យូរ ណាស់​មកហើយ។ លោក អេង ឆៃអ៊ាង បាន​ថ្លែង​ដូច្នេះ​ក្រោយ​ជំនួប​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម។ 

ឆ្លើយតប​នឹង​ក្តី​ព្រួយបារម្ភ​របស់​គណៈកម្មការ​ទី១នៃ​រដ្ឋសភា លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ដែល​បង្ហាញ​សុទិដ្ឋិនិយម​ក្នុងការ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ បាន​បញ្ជាក់ថា ចំពោះ​បញ្ហាដីធ្លី​នៅ​សាលា​កសិកម្ម​ព្រែកលៀប ក្រសួង​ត្រូវការ​ពេលវេលា​ខ្លះ​ដើម្បី​ដោះស្រាយ ព្រោះ​វា​មាន​ចំនុច​មួយចំនួន​ដែលជា​វិវាទ​រវាង​ក្រុមហ៊ុន​និង ប្រជាពលរដ្ឋ។ចំនែក ជម្លោះដីធ្លី​នៅ​ភូមិ​ខ្នងក្រពើលិច​និង​ខ្នងក្រពើកើត ក្រសួង​កំពុងតែ​ជម្រុញ​ពន្លឿន​ការ​ដោះស្រាយ ។

រីឯ​ជម្លោះដីធ្លី​របស់​សហគមន៍​ជនជាតិ​គួយ នៅ​ឃុំប្រមេរ ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ លោក រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​កន្លងមក​មិនមាន​ការស្នើសុំ​ចុះបញ្ជី​ដី​នោះទេ។ ដូច្នេះ​ដើម្បី​ដោះស្រាយ លោក​សូម​អំពាវនាវ​អោយ​ក្រុម​សហគមន៍​ជនជាតិ លើក​សំណូមពរ​និង ដាក់សំនើរ​សុំ​ចុះបញ្ជី​ដីធ្លី ដែលជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន និង ដី​ដែលជា​កម្មសិទ្ធិសហគមន៍។ ក្រៅពីនេះ លោក​រដ្ឋមន្ត្រី អោយដឹងថា សកម្មភាព​របស់​ក្រុមហ៊ុន ត្រូវបាន​សម្រេច​អោយ​ផ្អាក​រហូត​ទាល់តែ ការដោះស្រាយ​បាន​បិទ​បញ្ចប់។

សូមបញ្ជាក់ថា​គណៈកម្មការ​ទី១នៃ​រដ្ឋសភា បាន កោះហៅ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ អោយ​ឆ្លើយបំភ្លឺ​ទាក់ទង​នឹង​ទំនាស់​ដីធ្លី​ជាច្រើន​ករណី ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ក្រសួង ក្រោយពី​គណៈកម្មការ​នេះ បានទទួល​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ​ដែលមាន​ទំនាស់​ដីធ្លី និង បាន​ចុះទៅ​ដល់ទី​កន្លែង​ជួប​ជាមួយ​ប្រជាពលរដ្ឋ ហើយ​ពិនិត្យ​ឃើញ​ថា មាន​ភាពមិនប្រក្រតី​ជាច្រើន​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច ក្នុងការ​អនុវត្ត​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល។ ក្នុងនោះ​ក្រៅពី​ករណី​ដីធ្លី​ទាំង៣កន្លែង​ដែល​បាន​លើក​ឡើង​ខាងលើ​ក៏​រួមមាន ជម្លោះដីធ្លី​នៅ ខេត្តក្រចេះ​និង ខេត្តកោះកុង ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ