ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 23/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/05 12h00 GMT
កម្ពុជា

ក្រសួង​ការពារជាតិ​កម្ពុជា ទទួល​ឧទ្ធម្ភាគចក្រ​១២​ជា​ផ្លូវ​ការ​ពី​ប្រទេស​ចិន​

media  
ចិន​​ប្រគល់​ឧទ្ធម្ភាគចក្រ ​ចំនួន​១២​គ្រឿង ដល់​ក្រសួង​ការពារជាតិ​កម្ពុជា។ @RFI

ចិន​បាន​ប្រគល់​ឧទ្ធម្ភាគចក្រ​សង្គ្រោះ​ចំនួន​១២​គ្រឿង​ដល់​រដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃ​ចន្ទ​នេះ ក្រោម​គម្រោង​កម្ចី​​មួយ​ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​កាល​ពី​ឆ្នាំ​២០១១។ ពិធី​ទទួល​ និង​ប្រគល់​ត្រូវបាន​ធ្វើ​ឡើង​នៅ​ព្រលាន​យន្តហោះ​យោធា​ រវាង​លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង​លោកស្រី​ ប៉ូ ជៀន​គួ ឯកអគ្គ​រដ្ឋទូត​ចិន​ប្រចាំ​ប្រទេស​កម្ពុជា។

ក្រោយ​ពី​បាន​ត្រួត​ពិនិត្យ​ការ​ហោះហើរ និង​បច្ចេកទេស​រួចហើយនោះ នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ ពិធី​ទទួល​ និង​ប្រគល់​ឧទ្ធម្ភាគចក្រ​ចំនួន​១២​គ្រឿង ត្រូវបាន​រៀបចំធ្វើ​ឡើង​រវាង​ឯកអគ្គរដ្ឋ​ទូត​ចិន តំណាង​រដ្ឋាភិបាល​ចិន និង​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​តំណាង​រដ្ឋាភិបាល​កម្ពុជា។

មិនមែនជា​ប្រភេទ​ប្រយុទ្ធ​នោះ​ឡើយ ប៉ុន្តែ​ជា​ឧទ្ធម្ភាគចក្រ​ប្រភេទ​សង្គ្រោះ​។ ឧទ្ធម្ភាគចក្រ​ដែល​រដ្ឋាភិបាល​ចិន​បាន​ប្រគល់​មកអោយ​កម្ពុជា​ នៅ​មូលដ្ឋាន​ទ័ព​អាកាស​ពោធិ៍ចិនតុង​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ គឺ​ជា​​គម្រោង​កម្ចី​​របស់​កម្ពុជា ដែល​ត្រូវបាន​ចុះ​ហត្ថលេខា​កាលពី​ខែ​សីហា​ឆ្នាំ​២០១១​កន្លងទៅ។ គម្រោង​កម្ចី​ដែល​មាន​តម្លៃ​១៩៥​លាន​ដុល្លារ។

លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​បាន​ថ្លែង​ថា ​ពិធី​ប្រគល់ និង​ទទួល​ឧទ្ធាម្ភាគចក្រ​នោះ​គឺ​ជា​សមិទ្ធិផល​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ទៀត ដែល​រដ្ឋាភិបាល​ចិន​បាន​ផ្តល់​មក​អោយ​កម្ពុជា ដើម្បី​ពង្រឹង​សមត្ថភាព​កងយោធា​របស់​ខ្លួនក្នុង​ការងារ​ការពារ​បូរណភាព​ទឹកដី ការ​ជួយ​សង្គ្រោះ​ក្នុង​គ្រោះ​មហន្តរាយ​នានា​ជាដើម។ លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​ខ្មែរ​ក៏​បាន​កត់សម្គាល់អំពី​ចំណង​មិត្តភាព​ដែល​កាន់តែ​រឹង​មាំ​រវាង​រដ្ឋាភិបាល​ទាំងពីរ កម្ពុជា-ចិន​ផងដែរ។

គួរ​រម្លឹក​ផងដែរ​ថា សហប្រតិបត្តិការ​ទ្វេភាគី​កម្ពុជា​ចិន ក្នុង​វិស័យ​យោធា កំពុង​តែ​ចាក់ឬស​កាន់តែ​ជ្រៅ​ ក្នុង​ចំណោម​វិស័យ​ជាច្រើន ដែល​ចិន​បាន​ជួយ។ កាល​ពី​ឆ្នាំ​២០១០ គ្រាន់តែ​សហរដ្ឋអាមេរិក​បាន​ប្រកាស​ព្យួរ​ជំនួយយោធា​ដល់​កម្ពុជា​ភា្លម រដ្ឋាភិបាល​​ចិន​ក៏​បាន​ប្រកាស​ផ្តល់​រថយន្តដឹកជញ្ជូន​ផ្នែក​យោធា​ជាង​២០០គ្រឿង​ភា្លម​ដែរ។

ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​ចិន និង​កម្ពុជា​បាន​ឈាន​ដល់​កម្រិត​កិច្ច​សហប្រតិបត្តិការជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុយជ្រោយ ដែល​រដ្ឋាភិបាល​ទាំង​ពីរ​បាន​ផ្តល់​តម្លៃ​យ៉ាង​ខ្លាំង។ ប្រសិន​​បើ​មាន​ការ​អត្ថាធិប្បាយថា ចិន​កំពុង​បាន​បន្ត​ចាប់យក​កម្ពុជា​​ជា​ទីតាំ​ងភូមិសាស្ត្រ​នយោបាយ​ក្នុង​តំបន់ ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​របស់​សហរដ្ឋ​អាមេរិកនោះ ប្រមុ​ខរដ្ឋាភិបាល​កម្ពុជា​ធ្លាប់​បាន​ពន្យល់​យ៉ាង​សាមញ្ញ​ដែរ​ហើយ ថា​ជំនួយ​របស់​ចិន​ជា​ជំនួយ​ដែល​មិន​ភ្ជាប់​លក្ខខណ្ឌ​ចំពោះ​កម្ពុជា​ឡើយ។ ចិន​ដែល​បាន​សាងសង់​ផ្លូវ ស្ពាន​វែង​ជាងគេ​នៅ​កម្ពុជា។

កាលពី​ខែ​មេសា​ក្នុង​ឆ្នាំ​២០១៣​នេះ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ទៅ​ប្រទេសចិន កម្ពុជា​បាន​ទទួល​ជំនួយ​ជា​កម្ចី​ជាង​៥០០​លាន​ដុល្លារ​ពី​ប្រទេ​ស​ចិន​ដើម្បី​ប្រើប្រាស់​ក្នុង​ការ​កសាង​ប្រព័ន្ធ​ផ្លូវ​ថ្នល់ និង​ប្រព័ន្ធ​ប្រឡាយ​ទឹក​នៅកម្ពុជា៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ