អានតួអត្ថបទ
កម្ពុជា

ជន​អំពាវនាវ​ធ្វើ​រដ្ឋ​ប្រហារ​អះអាង​ថា ​ខ្លួន​ជា​អតីត​ទាហាន​ប្រចាំ​នៅ​តំប​ន់​ប្រាសាទ​ព្រះវិហារ​

ជនសង្ស័យ​ដែល​អំពាវនាវ​ឲ្យ​មាន​ការ​ធ្វើ​រដ្ឋប្រហារ​ផ្តួល​រំ​លំ​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន​ ​នៅព្រឹក​នេះ​បាន​ចេញ​វីដីអូ​ខ្លីប​​មួយទៀត​ដោយ​អះអាង​ខ្លួនឯង​ថា​ឈ្មោះ​សោម ​សុវណ្ណារ៉ា ​ជា​អតីត​ទាហាន​ប្រចាំ​នៅក្នុង​ខេត្ត​ព្រះវិហារ​។ ​យ៉ាងណាក៏ដោយ​ អ្នកនាំ​ពាក្យ​ក្រសួង​ការពារជាតិ ​នៅតែ​បញ្ជាក់ថា ​ជនសង្ស័យ​ម្នាក់នេះ​មិនមាន​ឈ្មោះ​នៅក្នុ​ង​បញ្ជី​កងទ័ព​នោះ​ឡើយ​។

ជនសង្ស័យ​ដែល​អំពាវនាវ​ឲ្យ​មាន​ការ​ធ្វើ​រដ្ឋប្រហារ​
ជនសង្ស័យ​ដែល​អំពាវនាវ​ឲ្យ​មាន​ការ​ធ្វើ​រដ្ឋប្រហារ​
ផ្សាយពាណិជ្ជកម្ម

ការប្រកាស​ឲ្យ​ដឹង​ពី​អត្តសញ្ញាណ​ខ្លួនឯង​របស់​ជន​សង្ស័យ​នេះ ​បាន​ធ្វើឡើង​នៅក្នុង​វីឌីអូខ្លីប​រយៈពេល​ជិត៦នាទី​ដែល​បាន​បង្ហោះ​នៅលើ​ទំព័រហ្វេសប៊ុក​មួយ​សរសេរ​ឈ្មោះ​​ជា​ភាសា​អង់គ្លេស​ថា ​Som Vichea ​។ ​តាមរយៈ​វីឌីអូខ្លីប​នោះ ​ជនសង្ស័យ​បាន​អះអាង​ថា ​គាត់​គឺជា​អតីត​ទាហាន​ប្រចាំ​កង​ពល​អន្តរាគមន៍​លេខ៣ ​ខេត្តព្រះវិហារ​កាន់​ខាង​ការិយាល័យ​វិស្វកម្​ម ជំនាញ​កុំព្យូទ័រ​។ ​ជនសង្ស័យរូបនេះ​ដែល​ស្លៀកពាក់​អាវធំ​ជាមួយ​ក្រវ៉ាត់ក​យ៉ាង​សមសួន ​បាន​បញ្ជាក់​ទៀត​ថា ​គេ​ក៏​ជា​អ្នកគ្រប់គ្រង​លើ​បណ្តា​ឯកសារ​ទាហាន​ផ្សេងៗ​ផងដែរ​។​ មិន​តែ​ប៉ុណ្ណោះ ​គាត់​ថែម​ទាំង​បង្ហាញ​ប័ណ្ណ​សម្គាល់​ខ្លួន​ជាទាហាន​ដែល​មាន​ឈ្មោះ​ថា ​សោម ​សុវណ្ណារ៉ា ​ពលទាហាន ​កាន់​អត្តលេខ ​203985​ទៀត​ផង​។
 

ជនសង្ស័យរូបនេះ​ ក៏​បាន​លើកឡើង​ផងដែ​រ​ថា​ គាត់​មិនមែន​ជា​ទាហាន​ក្លែងក្លាយ​ដូចការ​ចោទប្រកាន់​របស់​ប្រព័ន្ធផ្សព្វផ្សាយ​ក្នុងស្រុក​មួយចំនួន​ហើយ​ក៏មិនមែន​ជា​មនុស្ស​របស់​គណបក្ស​ប្រជាជនកម្ពុជា​ដូច​ការចោទប្រកាន់​របស់​គណបក្ស​ប្រឆាំង​នោះ​ដែរ​។ ​យ៉ា​ង​ណា​មិញ ​គាត់​បញ្ជាក់ថា ​គាត់ ​គឺជា​សមាជិក​ម្នាក់​នៃ​រណសិរ្ស​រំដោះជាតិ​ដែល​ដឹកនាំ​ដោយ​លោក​សម សេរី​។​
 

ទោះបី​ជនសង្ស័យ​បង្ហាញ​អត្តសញ្ញាណ​ខ្លួនឯង​ប៉ុណ្ណឹង​ហើយ​ក៏​ដោយ​ ក៏ប៉ុន្តែ​លោក​ឧត្តម​សេនីយ៍​ស្រី ឌឹក​ នាយរង​សេនាធិការ​ចម្រុះ ​និង​ជា​មេបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ៣​ ប្រចាំ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ​បាន​បដិសេដ​ខ្លី​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​ថា​ ជន​សង្ស័យ​ម្នាក់នេះ​មិនមែន​ជា​កងទ័ព​នោះទេ​។ ដូចគ្នាដែរ​ លោកឈុំ សុជាតិ​ អ្នកនាំ​ពាក្យ​ក្រសួង​ការពារជាតិ ​នៅតែ​បញ្ជាក់ថា​ លោកម្នាក់នោះ ​មិនមាន​ឈ្មោះ​នៅក្នុង​បញ្ជី​កងទ័​ព​នោះ​ឡើយ​។ ​លោក​បាន​បន្ថែមថា ​ជនសង្ស័យ​​ដែល​ធ្លាប់​ស្លៀកពាក់​ឯកសណ្ឋាន​កងទ័ព ​និង​អះអាង​ថា ​ជា​​កងទ័ព​នៅពេលនេះ ​គឺ​ដើម្បី​បង្ខូច​កិត្តិយស​កងទ័ព​តែប៉ុណ្ណោះ​។ ​
 

សូមបញ្ជាក់ថា ​ចាប់តាំង​ពីថ្ងៃ​ទី​១៩​កក្កដា​មក​ ក្រសួង​ការពារជាតិកម្ពុជា​ បាន​ប្រកាស​បើក​ការ​ស៊ើបអង្កេត​ និង​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យរូបនេះដែ​ល​ដំបូង​ឡើយ​ហៅខ្លួនឯង​ថា​វ៉េប៉េ៩ ​(VP9)​ បន្ទាប់ពី​គាត់​បាន​អំពាវនាវ​តាមរយៈ​វីដេអូឃ្លីប​មួយ​នៅលើ​បណ្តាញ​សង្គមហ្វេសបុក​ (Facebook) ​ឲ្យ​កងកម្លាំង​ប្រដាប់អាវុធ ​និង​ស្ថាប័នរដ្ឋ​ទាំងអស់​ ត្រៀម​ខ្លួន​ចូលរួម​ធ្វើ​រដ្ឋប្រហារ​យោធា​នៅ​ពេលខាងមុខ​ ដើម្បី​ទម្លាក់​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន ​និង​គណបក្ស​ប្រជាជនកម្ពុជា​។
 

ដល់ពេលនេះ ​ក្រសួង​ការពារជាតិ​នៅតែ​បដិសេដ​មិនព្រម​បង្ហាញ​ព័ត៌មាន​លម្អិត​ និង​ដំណើរ​ការ​ស៊ើបអង្កេត​លើ​ជនសង្ស័យឡើយ ​ដោយហេតុថា​ វា​គឺជា​រឿង​សំងាត់​ដែល​មិនទាន់​អាច​បង្ហាញ​ជា​សាធារណៈ​បាន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ