អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

កសិករ​នឹង​មាន​សង្ឃឹម​ពី​ទីផ្សារ​កសិផល​របស់​ខ្លួន​ប្រសិន​បើ​មាន​ការ​ប្រកួត​ប្រជែង​បែប​តម្លៃ​បែប​ទីផ្សារ​សេរី

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភាព​ផ្តាច់​មុខ​នៅ​ក្នុង​ការ​ទិញ​កសិផល​ពី​ប្រជាកសិករ​ខ្មែរ​ ត្រូវ​បាន​ស្តី​បន្ទោស​ដោយ​ប្រមុខ​រដ្ឋាភិបាល​ថា​អាច​មាន​ការ​ឃុបឃិត​គ្នា​រវាង​ឈ្មួញ​កណ្តាល​និង​អាជ្ញាធរ​មូលដ្ឋាន​ ដែល​ទង្វើ​នេះ​ត្រូវ​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ខេត្ត​ដោះស្រាយ​និង​បញ្ឈប់​សកម្មភាព​ទាំង​នេះ។​ ជា​ការ​កត់​សម្គាល់​ការ​ដែល​ឈ្មួញ​ប្រើប្រាស់​យុទ្ធសាស្ត្រ​ផ្សេង​ៗ​ដើម្បី​ក្រឡុក​តម្លៃ​ទីផ្សារ​កសិផល​បាន​កើត​មាន​ជា​យូរ​មក​ហើយ​ ហើយ​ទើប​តែ​ពេល​នេះ​ដែល​ក្រសួង​កសិកម្ម​មាន​វិធាន​ការ​ ហើយ​ប្រមុខ​រដ្ឋាភិបាល​បាន​ជម្រុញ​បន្ថែម​ទៀត​កាល​ពី​ម្សិល​មិញ។

ដំនាំរបស់កសិករកម្ពុជា
ដំនាំរបស់កសិករកម្ពុជា © ណាវិន
ផ្សាយពាណិជ្ជកម្ម

ភាព​ផ្តាច់​មុខ​ទាក់​ទង​ទៅ​នឹង​ការ​ទិញ​កសិផល​របស់​ឈ្មួញ​ខិលខូច​មួយ​ចំនួន​ នៅ​ក្នុង​ប្រទេស​កម្ពុជា​មិនមែន​ជា​រឿង​ថ្មី​នោះ​ទេ។ ​នៅ​តាម​ខេត្ត​និង​ជន​បទ​នានា​ ភាព​ផ្តាច់​មុខ​នេះ​តែង​កើត​មាន​ឡើង​ ដោយ​ឈ្មួញ​កណ្តាល​ ដែល​អាជ្ញាធរ​មូលដ្ឋាន​បិទផ្នែក​បិទ​ត្រចៀក​ ឬ​ក៏​សាច់ញាតិ​អាជ្ញាធរ​ខ្លះ​ដើរ​តួនាទី​ជា​ឈ្មួញ​កណ្តាល​ ដែល​ជា​អ្នក​ប្រព្រឹត្តិ​ដោយ​ផ្ទាល់។

ការ​ដែល​បើក​ឱកាស​ឲ្យ​ឈ្មួញ​កណ្តាល​ដែល​ទទួល​ទិញ​កសិផល​ពី​ប្រជាពលរដ្ឋ​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ស្រេច​តែ​អំពើ​ចិត្ត​ ទើប​តែ​កំរើក​ឡើង​ខ្លាំង​នៅ​ពេល​នេះ​ ហើយ​កាល​ពី​ថ្ងៃ​ទី​៣​ឧសភា​ថ្មី​ៗ​នេះ​ ក្រសួង​កសិកម្ម​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ទាក់​ទង​ទៅ​នឹង​ការ​លក់​កសិផល​ពី​ប្រជាពលរដ្ឋ។

ក្រសួង​កសិកម្ម​បាន​បញ្ជាក់​ថា​ស្ថាប័ន​សមី​នេះ​បាន​ទទួល​ព័ត៌មាន​ថា ​មាន​ឈ្មួញ​ខិលខូច​រៀប​ចំ​វិធាន​ការ​មិន​ស្រប​ច្បាប់​ និង​ខុស​ក្រឹត្យក្រម​ទីផ្សារ​សេរី​ ធ្វើ​ឲ្យ​ប្រជាជន​បាត់​ឱកាស​ក្នុង​ការ​លក់​កសិផល​នានា ​ជា​ពិសេស​ស្រូវ​តាម​តម្លៃ​ទីផ្សារ​ពិត​ប្រាកដ​ ហើយ​ត្រូវ​ឲ្យ​លក់​តាម​តម្លៃ​ថោក​ដែល​ឈ្មួញ​ទាំង​នោះ​បាន​កំណត់។

បន្ថែម​ពី​លើ​នេះ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៤​ឧសភា​ បាន​ថ្លែង​ លើក​ឡើង​ពី​បញ្ហា​ទីផ្សារ​កសិផល​ផង​ដែរ។ ​លោក​នាយក​រដ្ឋមន្ត្រី​ មាន​ប្រសាសន៍​ពី​ភាព​ផ្តាច់​មុខ​របស់​ឈ្មួញ​ដែល​មាន​ការ​ឃុបឃិត​ជាមួយ​នឹង​អាជ្ញាធរ​ក្នុង​ការ​ទិញ​ស្រូវ​ពី​ប្រជាពលរដ្ឋ​នៅ​តំបន់​ផលិត​ស្រូវ​ ដែល​ធ្វើ​ឲ្យ​តម្លៃ​ទីផ្សារ​ស្រូវ​ មិន​អាច​អនុវត្ត​ទៅ​តាម​គោលការណ៍​សេដ្ឋកិច្ច​ទីផ្សារ​សេរី។

ករណី​នេះ​អ្នក​ដែល​តាម​ដាន​ដំណើរ​វិវត្ត​លើ​វិស័យ​កសិកម្ម​ មិន​មាន​ការ​ភា្ញក់​ផ្អើល​ទេ​ ព្រោះ​    ទង្វើ​បែប​នេះ​ បាន​កើត​ឡើង​ចាប់​តាំង​ពី​ប្រទេស​កម្ពុជា​បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​នាំ​ចេញ​អង្ករ​ឲ្យ​បាន​១លាន​តោន​ក្នុង​មួយ​ឆ្នាំ។

អ្វី​ដែល​ជា​ការ​កត់​សម្គាល់​នោះ​គឺ​បញ្ហា​ទទួល​ទិញ​កសិផល​ផ្តាច់​មុខ​នោះ​គឺ​កើត​ឡើង​ជា​ពិសេស​នៅ​តាម​ខេត្ត​ដែល​ជាប់​ព្រុំដែន​ប្រទេស​ជិត​ខាង។​ជា​ទូទៅ​រូបភាព​ដែល​ឈ្មួញ​កណ្តាល​ចំណាំ​អនុវត្ត​ហើយ​ដែល​មាន​ការ​ពាក់ព័ន្ធ​ពី​អាជ្ញាធរ​មូលដ្ឋាន​នោះ​គឺ​ ការ​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​តម្លៃ​ទិញ​ពី​ឈ្មួញ​ដទៃ​ ដែល​ប្រាសចាក​នឹង​គោលការណ៍​សេដ្ឋកិច្ច​ទីផ្សារ​សេរី។

មួយ​វិញ​ទៀត​ការ​ទម្លាក់​តម្លៃ​កសិផល​ដែល​កសិករ​ជួប​ប្រទះ​ជា​ញឹក​ញាប់​ គឺ​ដោយ​លើក​ឡើង​ថា ​ទិន្នផល​ច្រើន​ សំបូរ​ហូរហៀរ​ ឬ​ក៏​គ្មាន​អ្នក​ទិញ​បន្ត​ ជា​ដើម​ ដែល​លេស​នេះ​ត្រូវ​គេ​ប្រើ​សម្រាប់​ធ្វើ​បាប​កសិករ​ ធ្វើ​ឲ្យ​កសិករ​ធ្វើ​ស្រែ​ក្នុង​មួយ​រដូវ​មិន​បាន​សល់​អ្វី​ទាំងអស់​ ផ្ទុយ​ទៅ​វិញ​មាន​តែ​ជំពាក់​បំណុល​គេ។

ក្រៅ​ពី​នេះ​កសិករ​នៅ​មាន​ជម្រើស​បង្ក​បង្កើន​ផល​មួយ​ទៀត​គឺ​ឈ្មួញ​បាន​ឲ្យ​ប្រជា​កសិករ​ខ្ចី​បុល​ដើម្បី​បាន​ដើម​ក្នុង​ការ​ដាំដុះ​និង​ទិញ​សម្ភារៈ​ ជី​ ឬ ​ថ្មាំ​គីមី​ជា​ដើម។ ​លុះ​ដល់​ពេល​បាន​ផល​កសិករ​ត្រូវ​លក់​ឲ្យ​ម្ចាស់​បំណុល​តែ​ម្នាក់​គត់​ មិន​មាន​សិទ្ធិ​លក់​ឲ្យ​អ្នក​ដទៃ​ឡើយ។ ​រូបភាព​នេះ​ ឃើញ​ថា​កសិករ​ក៏​មាន​ការ​ខាត​បង់​ដែរ​ ដោយសារ​ស្រូវ​ដែល​លក់​ឲ្យ​ឈ្មួញ​ម្ចាស់​បំណុល​​បាន​តម្លៃ​ត្រឹម​ ១​ពាន់​រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​គីឡូក្រាម​ ក៏​ប៉ុន្តែ​បើ​លក់​ឲ្យ​អ្នក​ក្រៅ​យ៉ាង​ហោច​ណាស់​ ក៏​បាន​មួយ​គីឡូ​ក្រាម​តម្លៃ​១២០០​រៀល​ដែរ។ ​នេះ​គ្រាន់​ជា​ឧទាហរណ៍​មួយ​ជាក់​ស្តែង​ ដែល​បាន​កើត​មាន​ឡើង​នៅ​តំបន់​ផលិត​ស្រូវ​ប៉ុណ្ណោះ។ ​លើស​ពី​នេះ​បញ្ហា​គុណភាព​ក៏​ជា​ការ​បង្អាប់​មួយ​ពី​ឈ្មួញ​ ជម្រុញ​ឲ្យ​មាន​ការ​ទំលាក់​ថ្ងៃ​ផង​ដែរ។

ដូច្នេះ​ប្រតិកម្ម​ខ្លាំង​ៗ​របស់​ប្រមុខ​រដ្ឋាភិបាល​នា​ពេល​នេះ​វា​មិន​ទាន់​ហួស​ពេល​ទេ​ ដោយសារ​កម្ពុជា​ត្រូវ​ការ​ហូប​បាយ​ និង​នាំ​ចេញ​អង្ករ​ ហើយ​កសិករ​នៅ​តែ​បន្ត​ការ​ដាំដុះ​ដំណាំ​ស្រូវ។​ចង់​មិន​ចង់​ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី​ ប្រាកដ​ជា​មាន​ឥទ្ធិពល​គ្រប​ដណ្តប់​លើ​អាជ្ញាធរ​មូលដ្ឋាន​ និង​ជួយ​ឲ្យ​ប្រជាជន​មាន​ទំនុក​ចិត្ត​ក្នុង​ការ​បង្ក​បង្កើន​ផល​របស់​ខ្លួន ​ហើយ​ជា​ផ្នែក​មួយ​ជួយ​ទប់​ស្កាត់​ការ​ចំណាក​ស្រុក​ផង​ដែរ។

ក៏​ប៉ុន្តែ​ទាំង​អស់​នេះ​វា​ទាមទារ​នូវ​ការ​តាំង​ចិត្ត​និង​ឆន្ទៈ​ពិតប្រាកដ​មួយ ​របស់​អាជ្ញាធរ​មូលដ្ឋាន​និង​តាម​បណ្តា​ខេត្ត​ក្នុង​ការ​គោរព​ការ​ណែនាំ​នេះ។​បើ​ពុំ​នោះ​ទេ​ស្ថាន​ការណ៍​នឹង​មិន​អាច​ផ្លាស់​ ប្តូរ​បាន​ទេ ​ហើយ​ឈ្មួញ​ដែល​ខិលខូច​និង​អាជ្ញាធរ​ដែល​ឃុបឃិត​ នៅ​តែ​ឆ្លៀត​ឱកាស​បាន​ 
ដដែល។

ពិតមែន​ហើយ​ ការ​លុប​បំបាត់​ឈ្មួញ​កណ្តាល​ដែល​ផ្តាច់​មុខ​ វា​ជា​រឿង​មួយ​ដែល​ត្រូវ​អបអរ​សាទរ​ ក៏​ប៉ុន្តែ​ទន្ទឹម​នឹង​នេះ​រដ្ឋាភិបាល​ក៏​ត្រូវ​ជម្រុញ​ដោះស្រាយ​ទីផ្សារ​បន្ថែម​ទៀត​ ឲ្យ​ប្រជា​កសិករ​​ក្នុង​ការ​លក់​ផលិត​ផល​ដែល​ផលិត​បាន។

ដំណាល​គ្នា​នេះ​គួរ​មាន​យន្តការ​កាត់​បន្ថយ​ឬ​ទប់ស្កាត់​ការ​នាំ​ចូល​កសិផល​ពី​បរទេស​ដែល​ ប៉ះពាល់​ដល់​ការ​ផលិត​របស់​កសិករ​ខ្មែរ។​បន្ថែម​ពី​លើ​នេះ ​ក៏​គួរ​តែ​ជួយ​ដល់​កសិករ​ខ្មែរ​ក្នុង​ការ​ប្រើប្រាស់​បច្ចេក​វិទ្យា​កសិកម្ម​ទំនើប​ ព្រម​ទាំង​ដោះស្រាយ​បញ្ហា​ធារាសាស្ត្រ​ផង​ដែរ​ ដែល​នេះ​ដើម្បី​ទប់ទល់​នឹង​អាកាសធាតុ​ដែល​ប្រែប្រួល​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ