អានតួអត្ថបទ
កម្ពុជា-សង្គម

​កុន​ខ្មែរ​មួយ ​ត្រូវ​បាន​ជ្រើស​រើស​ទៅ​ប្រកួត​យក​ពាន​រង្វាន់​អន្តរ​ជាតិ​អូស្ការ​

ភាពយន្ត​ប្រទេស​កម្ពុជា​មួយ ដែល​មាន​ចំណង​ជើង​ថា «តន្ត្រីជីវិត» ដឹក​នាំ​ដោយ លោកស្រី ខេលី សូ និង លោក សុខ វិសាល ត្រូវ​បាន​គណៈ​កម្មាធិការ​អូស្ការ​ប្រចាំ​កម្ពុជា (COSC) ជ្រើស​រើស​ដើម្បី​យក​ទៅ​ប្រកួត​បន្ត​សម្រាប់​ពាន​រង្វាន់​ភាព​យន្ត​ជា​លក្ខណៈ​អន្តរជាតិ​អូស្ការ​លើក​ទី៩២ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ឆ្នាំ​២០២០​ខាង​មុខ​នេះ​។ នេះ​បើ​តាម​ការ​ប្រកាស​របស់​គណៈ​កម្មាធិការ​អូស្ការ​ប្រចាំ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​។ 

ខ្សែភាពយន្ត «តន្ត្រីជីវិត» ត្រូវបានជ្រើសរើសយកទៅប្រកួតយកពានរង្វាន់អូស្ការនៅឆ្នាំ២០២០ខាងមុខ
ខ្សែភាពយន្ត «តន្ត្រីជីវិត» ត្រូវបានជ្រើសរើសយកទៅប្រកួតយកពានរង្វាន់អូស្ការនៅឆ្នាំ២០២០ខាងមុខ @COSC
ផ្សាយពាណិជ្ជកម្ម

លោក​ស្រី Mariam Arthur ប្រធាន​គណៈ​កម្មាធិការ​អូស្ការ​ខេម​បូឌា បាន​ឲ្យ​ដឹង​ថា ឆ្នាំ​នេះ​មាន​ខ្សែ​ភាព​យន្ត​កម្ពុជា​ចំនួន​២ ដែល​តម្រូវ​ឲ្យ​សមាជិក​គណៈ​កម្មាធិការ​ធ្វើ​ការ​បោះ​ឆ្នោត​។ ភាព​យន្ត​ទាំង​២រឿង​នោះ គឺ​មាន​ដូច​ជា ខ្សែ​ភាព​យន្ត​ចំណង​ជើង​ថា «បោកចំបាប់» និង ខ្សែ​ភាព​យន្ត «តន្ត្រីជីវិត»​។

លោក​ស្រី​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ដំណើរ​ការ​នៃ​ការ​បោះ​ឆ្នោត​គឺ​មាន​ចំនួន ២ជុំ។ ដោយ​ជុំទី១ គឺ​ជា​ការ​បោះ​ឆ្នោត​ទៅ​លើ Yes ឬ No ដើម្បី​បញ្ជាក់​ថា តើ​ខ្សែ​ភាព​យន្ត​នោះ​មាន​សភាព​ល្អ​សម្រាប់​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ដែរ​ទេ​។ ឯ​ជុំទី២​នោះ គឺ​ជា​ការ​វាយ​តម្លៃ​ដាក់​ពិន្ទុ ដោយ​ផ្អែក​ទៅ​លើ សាច់​រឿង ការ​ដឹក​នាំ ការ​សម្ដែង បច្ចេក​ទេស​ប្លង់​ថត បច្ចេក​ទេស​សំឡេង ភ្លេង និង​ប្រធាន​បទ​ជា​សកល​។

លោក​ស្រី ឌី សាវ៉េត ដែល​ជា​សមាជិក​មួយ​រូប ក្នុង​ចំណោម​សមាជិក​គណៈ​កម្មាធិការ​បោះឆ្នោត​ផ្សេងៗ​ទៀត​បាន​មើល​ឃើញ​ថា ចំពោះ​ការ​បោះ​ឆ្នោត​ទៅ​លើ​ភាព​យន្ត​ទាំង​២​នេះ លោក​ស្រី​បាន​ផ្ដល់​តម្លៃ​ទៅ​លើ​ផ្នែក​ដូច​ជា ផ្នែក​សាច់​រឿង តួ​សម្ដែង និង​បច្ចេក​ទេស​ប្លង់​ថត​។ លោក​ស្រី ឌី សាវ៉េត បន្ថែម​ឲ្យ​ដឹង​ទៀត​ថា ការ​សរសេរ​សាច់​រឿង​នោះ​ល្អ ​បញ្ជាក់​អំពី​ភាព​មាន​គំនិត ហើយ​បើ​តួ​សម្ដែង​គឺ​មើល​ថា ការ​សម្តែង​របស់​តួ​នោះ ចំ​សាច់​រឿង​បាន​ល្អ ឬ មធ្យម​។ ឯ​បច្ចេក​ទេស​ប្លង់​ថត​វិញ គឺ​មើល​ថា​តើ​ប្លង់​ថត​នោះ​យក​លំនាំ​ត្រឹម​ត្រូវ​តាម​ឈុត​ឆាក​ដែរ​ឬ​អត់​។

គួរ​ឲ្យ​ដឹង​ដែរ​ថា ក្រោយ​ពេល​ត្រូវ​បាន​ជ្រើស​រើស ខ្សែ​ភាព​យន្ត «តន្ត្រីជីវិត» នេះ នឹង​ត្រូវ​បញ្ជូន​បន្ត​ទៅ The Academy ដើម្បី​ពិចារ​ណា​លើ ប្រភេទ​ពាន​រង្វាន់​លក្ខណៈ​អន្តរ​ជាតិ របស់​ពាន​រង្វាន់​អូស្ការ​។ ទោះ​យ៉ាង​ណា​ក្ដី ខ្សែ​ភាព​យន្ត​មួយ​នេះ នឹង​ត្រូវ​នៅ​រង់​ចាំ​មើល​ទៀត​ថា វា​នឹង​ត្រូវ​បាន​ជ្រើស​រើស​ជា បេក្ខភាព​ចុង​ក្រោយ​សម្រាប់​ដណ្ដើម​យក​ពាន​រង្វាន់​អូស្ការ​ដែរ​ឬ​ទេ​។

សូម​បញ្ជាក់​ថា ពិធី​ប្រគល់​ពាន​រង្វាន់​អូស្ការ គឺ​មាន​រៀប​ចំ​ឡើង​ជា​រៀង​រាល់​ឆ្នាំ នៅ​ហូលីវូដ សហ​រដ្ឋ​អាមេរិក ហើយ​ពិធី​ប្រគល់​ពាន​រង្វាន់​នេះ គឺ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ ទី៩ ខែកុម្ភៈ ឆ្នាំ​២០២០​ខាង​មុខ​៕

អត្ថបទ​ដោយ៖ ងួន វឌ្ឍនៈ​បណ្ឌិត

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ