អានតួអត្ថបទ
កម្ពុជា-សង្គម

​សមាគម​អ្នក​ចិញ្ចឹម​សត្វ​៖ ការ​នាំ​ជ្រូក​ចូល​ពី​វៀត​ណាម​បន្ត​កើត​មាន​ក្នុង​រូប​ភាព​តូច​

ទោះ​បីជា​មាន​ការ​ហាមឃាត់​ការ​នាំ​ចូល​ជ្រូក​ពី​វៀត​ណាម​ក្តី តែ​ការ​ដឹក​ជ្រូក​ដោយ​ម៉ូតូ​ពី​វៀតណាម​មក​កម្ពុជា​ដោយ​ខុស​ច្បាប់​នៅ​តែ​កើត​មាន​។ នេះ​បើ​តាម​ការ​អះអាង​របស់​ប្រធាន​សមាគម​អ្នក​ចិញ្ចឹម​សត្វ​កម្ពុជា។ ការ​នាំ​ជ្រូក​ពី​វៀតណាម​ដោយ​ខុស​ច្បាប់​នេះ បន្ត​កើត​ឡើង ខណៈ​ចិន​វិញ ​បាន​ហាម​ឃាត់​មិន​ឲ្យ​មាន​ការ​នាំ​ជ្រូក​ពី​កម្ពុជា ជុំវិញ​ករណី​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក​។ 

ការចិញ្ចឹម​ជ្រូក​ (រូបភាពតំណាង)
ការចិញ្ចឹម​ជ្រូក​ (រូបភាពតំណាង) ©ម៉េងហួរ/RFI
ផ្សាយពាណិជ្ជកម្ម

ប្រធាន​សមាគម​អ្នក​ចិញ្ចឹម​សត្វ​កម្ពុជា លោក ស្រ៊ុន ពៅ បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នាថ្ងៃ​ទី២ ខែ​ឧសភា​នេះ​ថា​ការ​នាំ​ចូល​ជ្រូក​ពី​វៀតណាម​ត្រូវ​បាន​បិទ​ជា​ស្ថាពរ​ហើយ ប៉ុន្តែ​នៅ​តែ​មាន​ជន​ខិលខូច​មួយ​ចំនួន​តូច​ដឹក​ជ្រូក​តាម​ច្រក​របៀង​ចូល​មក​ទឹក​ដី​កម្ពុជា​។ លោក​អះអាង​ថា​សមាជិក​របស់​សមាគម​អ្នក​ចិញ្ចឹម​សត្វ​បាន​រាយ​ការណ៍​ពី​ករណី ដែល​ថា​មាន​ការ​ដឹក​ជ្រូក​ខុស​ច្បាប់​ពី​វៀតណាម​ចូល​មក​កម្ពុជា​។

កាល​ពី​ចុង​ខែ​កុម្ភៈ ក្រសួង​កសិកម្ម​បាន​ដាក់​ចេញ​វិធាន​ការ​បន្ទាន់​ចំនួន​៧ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​ឆ្លង​រាល​ដាល​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​។ វិធានការ​ទាំង​​នោះ រួម​មានៈ ការទប់ស្កាត់​ការ​នាំ​ចូល​ជ្រូក​រស់ និង​ផលិត​ផល​ជ្រូក​គ្រប់​ប្រភេទ ដែល​ខុស​ច្បាប់​នៅ​តាម​ច្រក​ព្រំដែន។

លោក ស្រ៊ុន ពៅ លើក​ឡើង​ថា​ក្រសួង​បាន​រឹត​បន្តឹង​ខ្លាំង​ចំពោះ​ការ​នាំ​ជ្រូក​ពី​ក្រៅ​ប្រទេស​មែន ប៉ុន្តែ​មិន​មាន​វិធាន​ការ​ដាក់​ពន្ធធនាគារ​ ចំពោះ​អ្នក​ប្រព្រឹត្ត​ឡើយ​។ លោក​យល់​ថា​ក្រសួង​អាច​អនុវត្ត​វិធាន​ការ​ហាម​ឃាត់​នេះ​បាន​តាម​ច្រក​ព្រំដែន​ដែល​មាន​គយ និង​ប៉ូលីស ប៉ុន្តែ​ពិបាក​ក្នុង​ការ​ហាមឃាត់​ជន​ខិលខូច ដែល​ដឹក​ជ្រូក​ដោយ​ម៉ូតូ​តាម​ច្រក​របៀង​។

ប៉ុន្តែ លោក តាន់ ផាន់ណារ៉ា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ ​និង​ផលិតកម្ម​សត្វ​បាន​អះអាង​ថា​បច្ចុប្បន្ន​នេះ​កម្ពុជា​មិន​បាន​នាំចូល​ជ្រូក​មក​ពី​វៀតណាម​ទៀត​ទេ។​

ទោះ​បីជា​អាជ្ញាធរ​បាន​ធ្វើ​ការ​រឹត​បន្តឹង​ការ​នាំ​ជ្រូក​ពី​វៀតណាម​ចូល​មក​ក្នុង​ទឹកដី​កម្ពុជា​ក្តី ប៉ុន្តែ​ករណី​ជំងឺ​ប៉េស្តជ្រូក​អាហ្វ្រិក នៅ​តែ​ផ្ទុះ​ឡើង​នៅ​កម្ពុជា​ក្នុង​ខេត្ត​រតនគិរី។ បន្ទាប់​ពី​ករណី​នេះ​កើត​ឡើង​ចិន បាន​ប្រកាស​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​នាំជ្រូក​ពី​ប្រទេស​កម្ពុជា​ចូល​ក្នុង​ប្រទេស​ចិន​ឡើង​។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​សារ​ព័ត៌មាន Reuters កាល​ពី​ចុង​ខែ​មេសា។

សូម​ជម្រាប​ជូន​ថា ករណី​ប៉េស្ត​ជ្រូក​អាហ្វ្រិក បាន​ផ្ទុះឡើង​ជា​លើក​ដំបូង​នៅ​កម្ពុជា ក្នុង​ខេត្ត​រតនគិរី ស្រុក​អូរ​ជុំ និង​ស្រុក​អូរ​យ៉ាដាវ កាល​ពីដើម​ខែមេសា​កន្លង​ទៅ។​ បើ​តាម​លោក តាន់ ផាន់ណារ៉ា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ រហូត​មក​ដល់​ពេល​នេះ មិន​មាន​ករណី​នេះ​ផ្ទុះ​ឡើង​បន្ត​ទៅ​ស្រុក ឬ​ខេត្ត​ផ្សេង​ទៀត​ទេ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ