ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/09 12h00 GMT
កម្ពុជា

តើ​៦៨​អាសនៈ ​អាច​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​បង្កើត​រដ្ឋាភិបាល​តែ​ម្នាក់ឯង​បាន​ដែរ​ឬ​ទេ?

media  
លោក​នាយករដ្ឋមន្ដ្រី​ហ៊ុន សែន និង​លោក​សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង (រូបថតឯកសារ) REUTERS/Khem Sovannara

បើ​សិន​ជា​គេ​ផ្អែក​តាម​លទ្ធផល​បណ្តោះ​អាសន្ន ដែល​ប្រកាស​ដោយ​គ.ជ.ប និង​តាម​ការ​ប្រកាស​អះអាង​របស់​គណបក្ស​កាន់អំណាច គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​អាសនៈ ៦៨​ក្នុង​រដ្ឋសភា​អាណត្តិ​ទី៥​នេះ។ ចំណែក​គណបក្ស​សង្រ្គោះជាតិ​វិញ ទទួលបាន ៥៥​អាសនៈ។ បើ​តាម​លទ្ធផល​ដែល​ផ្តល់​ឲ្យ​ដោយ​អង្គការ​ខុមហ្វ្រែល គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន ៦៧​អាសនៈ ចំណែក​គណបក្ស​សង្រ្គោះជាតិ​បាន ៥៦អាសនៈ។

បើ​ផ្អែក​លើ​លទ្ធផលនេះ តើ​គណបក្ស​ប្រជាជន​កម្ពុជា​អាច​បង្កើត​រដ្ឋាភិបាល​តែ​ម្នាក់ឯង​បាន​ដែរ​ឬទេ?

នៅ​ក្នុង​ចំណោម​អាសនៈ​សរុប នៅ​ក្នុង​រដ្ឋសភា ដែល​មាន ១២៣ គេ​ត្រូវ​ការ យ៉ាងតិច ៦២​អាសនៈ ដើម្បី​បាន​សំឡេង​ភាគច្រើន​ដាច់ខាត ៥០ភាគរយបូក១ និង​យ៉ាងតិច ៨២​អាសនៈ ដើម្បី​បាន​សំឡេង​ភាគច្រើន​២ភាគ៣។

ដូច្នេះ ប្រសិនបើ​លទ្ធផល​ផ្លូវការ និង​ស្ថាពរ គណបក្ស​ប្រជាជន​កម្ពុជា​ពិត​ជា​ទទួល​បាន​ ៦៨​អាសនៈ ក្នុង​រដ្ឋសភា​ពិតមែន មានន័យថា គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​សំឡេង​ភាគច្រើន​ដាច់ខាត ៥០ភាគរយ​បូក១​ (បើទោះបីជា​ត្រឹមតែ ៦៧អាសនៈ ដូច​ជា​ការ​ប៉ាន់ស្មាន​របស់​អង្គការ​ខុមហ្វ្រែល ក៏​ជា​សំឡេង​ភាគច្រើន​ដាច់ខាត ៥០ភាគរយ​បូក១​ដែរ) តែ​មិនបាន​រហូតដល់​សំឡេង​ភាគច្រើន ២ភាគ៣​នោះទេ។
 
ក៏ប៉ុន្តែ បើទោះបី​ជា​មាន​ត្រឹមតែ ៦៧ ឬ ៦៨​អាសនៈ ក៏​​គណបក្ស​ប្រជាជន​កម្ពុជា​អាច​បង្កើត​រដ្ឋាភិបាល​តែ​ម្នាក់ឯង​បាន​ដែរ ដោយ​មិន​ចាំបាច់​ត្រូវការ​គណបក្ស​ដៃគូ ដើម្បី​បង្កើត​រដ្ឋាភិបាល​ចម្រុះ​នោះទេ ពីព្រោះ​ថា ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រង់​មាត្រា ៩០ កំណត់ថា ការ​បង្កើត​រដ្ឋាភិបាល​ត្រូវ​ឆ្លងកាត់​ការ​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​ពី​សំណាក់​រដ្ឋសភា​ ដោយ​សំឡេង​ភាគច្រើន​ដាច់ខាត (៥០ភាគរយ​បូក១)។
 
ម្យ៉ាងទៀត នៅ​ក្រោយ​ពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បង្កើត​រដ្ឋាភិបាល​ និង​ទទួលបាន​នូវ​ការ​ផ្តល់​សេចក្តីទុកចិត្ត​ពី​រដ្ឋសភា​រួចហើយ រដ្ឋាភិបាល​នេះ​អាច​ធ្វើ​ការ​តែងតាំង ឬ​ដកតំណែង​សមាជិក​រដ្ឋាភិបាល ឬ​មន្រ្តី​រដ្ឋបាល​ស៊ីវិល ឬ​យោធា ឬ​មន្រ្តី​ផ្សេងទៀត ដែល​ត្រូវ​ធ្វើ​តាម​រយៈ​អនុក្រឹត្យ ឬ​ព្រះរាជក្រឹត្យ ហើយ​ដែល​ជា​​បុព្វសិទ្ធិ​របស់​អំណាច​នីតិប្រតិបត្តិ។
 
តាមរយៈ​សំឡេង​ភាគច្រើន​ដាច់ខាត ៥០ភាគរយ បូក១​នេះ សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​អាច​អនុម័ត​ច្បាប់​មួយ​ចំនួន​ធំ​ (ដូចជា​ច្បាប់ ​ស្តីពី​ការ​គ្រប់គ្រង​ថវិកា​ជាតិ​ ជាដើម) ព្រមទាំង​​អាច​អនុម័ត​បទបញ្ជា​ផ្ទៃក្នុង​រដ្ឋសភា តែងតាំង​ប្រធាន និង​អនុប្រធាន​រដ្ឋសភា ព្រមទាំង​សមាជិក​គណៈកម្មការ​សភា។ មាត្រា ៨២ នៃ​រដ្ឋធម្មនុញ្ញ កំណត់​ថា ការ​អនុម័ត​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា ការ​តែងតាំង​ប្រធាន អនុប្រធាន និង​សមាជិក​គណៈកម្មការ​សភា ត្រូវ​ធ្វើឡើង​ដោយ​សំឡេង​ភាគច្រើន​ដាច់ខាត។
 
ផ្ទុយទៅវិញ មាន​ការ​អនុម័ត​មួយចំនួន​ ដែល​គណបក្ស​ប្រជាជន​កម្ពុជា​​មិន​អាច​ធ្វើ​តែ​ម្នាក់ឯង ដូច​ពី​ពេល​កន្លងមក​បានទៀតទេ ជាពិសេស ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដែល​ទាមទារ​ឲ្យ​មាន​សំឡេង​ភាគច្រើន ២ភាគ៣។ ដើម្បី​អាច​ទទួលបាន​សំឡេង​ភាគច្រើន​២ភាគ៣ ក្នុងការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវការ​យ៉ាងតិច ១៤សំឡេង​បន្ថែម ពីលើ​ ៦៨​អាសនៈ​ ដែល​ខ្លួន​មាន​ស្រាប់ (ឬ ១៥សំឡេង ប្រសិនបើ​យក​តាម​ការ​ប៉ាន់ស្មាន​របស់​អង្គការ​ខុមហ្វ្រែល)។
 
ចំណុច​សំខាន់​មួយទៀត ដែល​គណបក្ស​ប្រជាជន​កម្ពុជា​មិន​អាច​អនុម័ត​តែម្នាក់ឯង​ដូចពីមុន​ គឺ​ការ​ដក​អភ័យឯកសិទ្ធិ​សមាជិក​សភា ពីព្រោះ​ថា តាម​មាត្រា ៨០​ នៃរដ្ឋធម្មនុញ្ញ ការ​ដកអភ័យឯកសិទ្ធិសភា​ត្រូវ​ធ្វើឡើង ដោយ​សំឡេង​ ២ភាគ៣​នៃ​សមាជិក​រដ្ឋសភា​ទាំងមូល៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ