អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ក្រោយ​លទ្ធផល​ឆ្នោត​សភា សហភាពអឺរ៉ុប អាច​នឹង​ប្តូរ​ទិសដៅ​នយោបាយ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រមុខ​ដឹកនាំ​ប្រទេស​ជា​សមាជិក​ទាំង​២៨​របស់​សហភាព​អឺរ៉ុប ហាក់​បាន​ទទួល​មេរៀន​ដ៏​ជូរចត់​មួយ ពី​ការ​បោះឆ្នោត​សភា ថ្ងៃ​ទី ២៥​ឧសភា។ ការ​បោះឆ្នោត​ដែល​ក្រុម​អ្នក​ប្រឆាំង​នឹង​អឺរ៉ូ ព្រម​ទាំង​ក្រុម​ជាតិ​និយមជ្រុល​​ប្រឆាំង​នឹង​អឺរ៉ុប​ បាន​ទទួល​សំឡេង​គាំទ្រ​​មាន​មុខ​មាន​មាត់ និង​អាសនៈ​នៅ​ក្នុង​សភា​អឺរ៉ុប​ នាំ​មុខដាច់​ ក្នុង​ករណី​ប្រទេស​បារាំង។ លោក​ប្រធានាធិបតី​បារាំង ហ្វ្រង់ស័រ​ ហូឡង់ យល់​ថា​ជ័យ​ជំនះ របស់​បក្ស​ស្តាំ​ជ្រុល​​និយម​ រណសិរ្ស​ជាតិ ក្នុង​សម័យ​បោះឆ្នោត​សភា​អឺរ៉ុប​នេះ មិន​មែន​ត្រឹម​តែ​បរាជ័យ​របស់​រដ្ឋាភិបាល​បារាំង​ទេ តែ​ជា​​បញ្ហា​របស់​អឺរ៉ុប​ និង​ទាមទារ​ឱ្យ​អឺរ៉ុប​ប្តូរ​ផ្លាស់។

ទង់ជាតិ​​ប្រទេស​ជា​សមាជិក នៅមុខ​សភា​អឺរ៉ុប នាទីក្រុង​Strasbourg​ ប្រទេស​បារាំង
ទង់ជាតិ​​ប្រទេស​ជា​សមាជិក នៅមុខ​សភា​អឺរ៉ុប នាទីក្រុង​Strasbourg​ ប្រទេស​បារាំង REUTERS/Vincent Kessler
ផ្សាយពាណិជ្ជកម្ម

ក្រោយ​មហន្តរាយ ដល់​វេលា​ដែល​ត្រូវ​ពន្យល់​បំភ្លឺ ! ប្រមុខ​រដ្ឋ​ ប្រមុខ​រដ្ឋាភិបាល​ប្រទេស​ជា​សមាជិក​អឺរ៉ុប​មួយ​ចំនួន បាន​ធ្វើ​ដំណើរ​ទៅ​ជួប​ប្រជុំ​នៅ​រដ្ឋធានី​អឺរ៉ុប ទាំង​​អារម្មណ៍​មួរហ្មង ! កំណើន​​សំឡេងក្រុម​អ្នក​ប្រឆាំង​នឹង​អឺរ៉ុប ក្នុង​សភា គឺ​ដូច​ព្រនង់​យក​វាយ​សំពង​ថ្នាក់​ដឹកនាំ​អឺរ៉ុប​ដូច្នេះ។ ការពិភាក្សា​ពិគ្រោះ​បាន​ធ្វើ​ឡើង​យ៉ាង​ឆ្វែង​ឆ្វាត់ មុន​ជំនួប​បើក។

 

ជា​ការពិត​ណាស់​ដែល​ថា​ម្នាក់​ មាន​ទស្សនៈ​ផ្សេងគ្នា និង​បក​ស្រាយ​ខុស​គ្នា​ ចំពោះ​លទ្ធផល​ឆ្នោត​ថ្ងៃ​២៥​ឧសភា ដែល​បណ្តា​ជន​អឺរ៉ុប​បាន​បញ្ចេញ​តាម​រយៈ​សន្លឹក​ឆ្នោត។ សម្រាប់​លោក​ប្រធានាធិបតី​បារាំង ការ​ស្ទុះ​ឡើង​ខ្លាំង​ និង​ជោគជ័យ​របស់​គណបក្ស​រណសិរ្ស​ជាតិ ស្តាំ​និយម​ជ្រុល ម៉ារីន ឡឺប៉ែន ក៏​មក​ពី​បណ្តា​ជន​បារាំង​ចង់​ច្រាន​ចោល​នយោបាយ​រឹត​ត្បិត​របស់​អឺរ៉ុប។ “អឺរ៉ុប​ត្រូវ​តែ​ទទួល​ដឹង​ឮ​នូវ​អ្វី​ដែល​កើត​ឡើង​នៅ​ប្រទេស​បារាំង !” “ព្រោះ​មិន​មែន​​ជា​បញ្ហា​របស់​បារាំង​ម្នាក់​ឯង​​ទេ​ តែ​ក៏​​​ជា​បញ្ហា​របស់​អឺរ៉ុប​ដែរ” !​  នេះ​ជា​ប្រសាសន៍​របស់​លោក​ហូឡង់ នៅ​ពេល​អញ្ជើញ​ដល់​ក្រុង​ព្រុចសែល​ភ្លាម ក្នុង​អត្ថន័យ​បន្ទោស​អឺរ៉ុប ដែល​មិន​ចេះ​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ត្រូវ​ការ ទៅ​នឹង​ការ​រង់ចាំ​របស់​ប្រជាពលរដ្ឋ។ “ត្រូវ​ប្តូរ​ផ្លាស់អឺរ៉ុប​” ! បើ​ចង់​ឃើញ​ការ​បោះឆ្នោត​លើក​ក្រោយ មាន​លទ្ធផល​ប្រឆាំង​អឺរ៉ុប​ដូច​អ្វី​ដែល​​បារាំងបាន​ជួប​នៅ​​លើក​នេះ។

បារាំង​ជា​រដ្ឋ​ស្ថាបនិក​មួយ​របស់​សហភាព​អឺរ៉ុប ជា​ប្រជាជាតិ​ដ៏​ដំ​សំខាន់​មួយ​មិន​អាច​ខ្វះ​បាន​ ក្នុង​ជួយ​ជំរុញ​អឺរ៉ុប​ឱ្យ​ដើរ​ទៅ​មុខ។ ក្នុង​ន័យ​នេះ​លោក​ហ្វ្រង់ស័រ ហូឡង់ បាន​​បញ្ជាក់​អំពី​ឆន្ទៈ​ តម្រង់​ទិស​អឺរ៉ុប ឡើយ ជាមួយ​នឹង​កម្លាំង​ខ្លាំង​ជាង​មុន ពោល​គឺ​ធ្វើ​ឱ្យ​អឺរ៉ុប​មាន​កំណើន​​សេដ្ឋកិច្ច មាន​ ​ការងារ និង​អន្តរកាល​ថាមពល។

អង់គ្លេស​គាំទ្រ​បារាំង តែ​អាល្លឺម៉ង់មិន​យល់​ស្រប​

បារាំង​និង​អង់គ្លេស​ ប្រកាន់​យក​​បន្ទាត់​នយោបាយ​អឺរ៉ុប តែ​មួយ​ ជា​ការ​កម្រ​បំផុតមែន ប៉ុន្តែអាច​ទៅ​រួច ! នាយករដ្ឋមន្ត្រី​ អង់គ្លេស ដេវីត កាមឺរោន បាន​ប្រកាស​ទាមទារ​ដូចគ្នា ឱ្យ​អឺរ៉ុប​ធ្វើ​កំណែទម្រង់ !  ព្រោះ​ពេល​នេះ « អឺរ៉ុប​រីក​ធំ​ជ្រុល អឺរ៉ុប​ផ្តាច់​ការ​ជ្រុល អឺរ៉ុប​ជ្រៀតជ្រែក​ជ្រុល »។ មិន​ខុស​ពី​ប្រធានាធិបតី​បារាំង លោក​នាយករដ្ឋមន្ត្រី​អង់គ្លេស​ គ្មាន​ជម្រើស​អ្វី​ ក្រៅ​ពី​ខំ​ត្រដរ​ការ​ពារ​​នយោបាយ​ តាម​រយៈ​ការ​បង្ខំ​អឺរ៉ុប​ឱ្យ​ធ្វើ​ការ​ប្តូរ​ផ្លាស់នោះ​ទេ។ អង់គ្លេស​បាន​ជួប​ក្តី អាម៉ាស​យ៉ាង​ខ្លាំង​ មិន​ចាញ់​បារាំង​ឡើយ ព្រោះ​ គណបក្ស​ប្រឆាំង​អឺរ៉ុប Ukip ដែល​ធ្លាប់​ទាមទារ​ឱ្យ​អង់គ្លេស​ដក​ខ្លួន​ចេញ​ពី​សហភាព​អឺរ៉ុប  បាន​នាំ​មុខ​នៅ​ក្នុង​ការ​បោះឆ្នោត​សភា​អឺរ៉ុប​លើក​នេះ។

« ដល់វេលា​ដែល​ត្រូវ​ប្តូរ​ផ្លាស់​នយោបាយ​អឺរ៉ុប​ហើយ » ! នេះ​ជា​សំឡេង​ របស់ឮ​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​អ៊ីតាលី Matteo Renzi។ ​បាន​ទទួល​សំឡេង​គាំទ្រ​​ យ៉ាង​ត្រចះ​ត្រចង់​ ផ្ទុយ​ពី​បារាំង​​និង​អង់គ្លេស អ្នក​ឆ្វេង​កណ្តាល​និយមរូប​នេះ ក៏​ស្នើ​សុំ​ឱ្យ​អឺរ៉ុប​ផ្តល់​ចម្លើយ​លឿនៗ​ដែរ។ សម្រាប់​លោក អឺរ៉ុប​ត្រូ​វ​ចាត់​ចែង​ដោះស្រាយ​​ឱ្យ​បាន​ឆាប់ ការ​តែង​តាំង​ថ្នាក់​ដឹកនាំស្ថាប័ន​ និង​កំណត់​កាល​បរិច្ឆេទ​បញ្ចេញ​សកម្មភាព​ ផ្តល់​សន្ទុះ​សេដ្ឋកិច្ច ការងារ និង​ចំណាត់​ការ​ទប់​ទល់​នឹង​ចរន្ត​អន្តោប្រវេសន៍។

ប៉ុន្តែ​អ្នក​ដែល​មាន​តួនាទី​ សំខាន់​និង​ស្នូល​បំផុត គឺ​លោកស្រី ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់។ លោកស្រី មែរកិល​ មិន​យល់​ស្រប​ នឹង​គំនិត​ចង់​កែប្រែ​អឺរ៉ុប​ឡើយ ! សម្រាប់​លោកស្រី​​ ដែល​មាន​ជោគជ័យ​ក្នុង​សភា​អឺរ៉ុប គេ​ត្រូវ​តែ​អូសទាញ​ទឹកចិត្ត​ពល​រដ្ឋ​ម្ចាស់​ឆ្នោត ដែល​ងាក​ទៅ​គាំទ្រ​​ក្រុម​ជ្រុល​និយម​មក​វិញ តាម​រយៈ​ការ​ជំរុញ​នយោបាយ​ប្រកួត​ប្រជែង កំណើន​សេដ្ឋកិច្ច ការងារ ​ទៅ​នោះ​នឹង​អាច​បន្សាប​សេចក្តី​ក្រេចក្រោធ​ប្រឆាំង​អឺរ៉ុប​បាន​ហើយ។

កិច្ចការ​ដែល​លំបាកបំផុតរបស់​សមាជិក​ទាំង​២៨​​ប្រទេស មិន​មែន​ការ​សរសេរ​គម្រោង​ កំណត់​ទិសដៅ​ ផែន​ទី​ចង្អុល​ផ្លូវ​ដឹកនាំ​អឺរ៉ុប ឱ្យ​ប្តូរ​ផ្លាស់​នយោបាយ ឬ​ប្តូរផ្លាស់​អាទិភាព​ ៖ នយោបាយ​សេដ្ឋកិច្ច​ ថាមពល និង​អន្តោប្រវេសន៍​ទេ តែ​ជម្រើស​​អនាគត​ប្រមុខដឹកនាំ​គណៈកម្មការ​អឺរ៉ុប មាន​លក្ខណៈ​ផុយស្រួយ​ខ្លាំង​បំផុត ពេល​នេះ។ ​បើ​តាម​ការ​បូក​ដក​របស់​សភា​អឺរ៉ុប ប្រមុខ​ដឹកនាំ​អភិរក្ស​ Jean Claude Junkersជាតិ​លុចសំបួរ ជា​អ្នក​ឈ្នះ និង​ចង់​ឱ្យ​សមាជិក​ទាំង​២៨​ប្រទេស​ តែង​តាំង​ឱ្យ​បាន​ជា​ប្រធាន​គណៈកម្មការ​អឺរ៉ុប​ តែ​នាយក​រដ្ឋមន្ត្រី​អង់គ្លេស និង​ហុងគ្រី ព្រម​ទាំង​សកម្ម​ជន​ផ្ទាល់​បក្ស​ខ្លះ​ មិន​គាំទ្រ។ ក្នុង​ខណៈដែល​អឺរ៉ុប​កំពុង​វិល​វល់​ស្វែង​រក​ប្រមុខ​ដឹកនាំ ប្រមុខ​បក្ស​ប្រឆាំង​អឺរ៉ុប បារាំង លោកស្រី​ម៉ារីន ឡឺប៉ែន និង​បក្សប្រឆាំង​អង់គ្លេស​ កំពុង​សំរុក​ប្រមូល​ផ្តុំ​សំឡេង​ ចង​សម្ព័ន្ធភាព​ ដើម្បី​ឈាន​ទៅ​បង្កើត​ជា​ក្រុម​ប្រឆាំង​រឹង​មាំ​មួយ​នៅ​សភា​អឺរ៉ុប៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ